ការប្រកាស​ស្ថានភាព​គ្រាអាសន្ន​របស់​ត្រាំ​កំពុង​ប្រឈម​បណ្តឹង​ពី​គ្រប់ទិសទី​

455
ចែករម្លែក
  • 6
    Shares

​ការប្រកាស​ស្ថានភាព​គ្រាអាសន្ន​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​កុម្ភៈ​ដើម្បី​កសាង​ជញ្ជាំង​ព្រំដែន​ភ្លាមៗ​បាន​ទាក់ទាញ​ការ​ប្រឈម​ផ្នែក​ច្បាប់ ដែល​អាចឈាន​ទៅដល់​ការធ្វើ​តេស្ត​តុល្យភាព​អំណាច​យ៉ាង​ងាយ​រវាង​សេត​វិមាន​និង​សភា​។​

​ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​និយាយថា​វា​ជា​រឿង​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ប្រធានាធិបតី​ក្នុងការ​ប្រើ​អំណាច​គ្រាអាសន្ន​របស់គាត់​ដើម្បី​យកឈ្នះ​ទៅលើ​ការបដិសេធ​របស់​សភា​ក្នុង​ការផ្តល់​មូលនិធិ​ដល់​បំណងប្រាថ្នា​របស់គាត់ ដែល​ក្នុងករណីនេះ​គឺ​របង​នៅតាម​ព្រំដែន​អាមេរិក – ម៉ិចស៊ិក​ដើម្បី​រារាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​

​ពួកគេ​ក៏បាន​ចោទ​ជា​មន្ទិល​ផងដែរ​អំពី​ការ​ចាត់ជា​ប្រភេទ​នៃ​បញ្ហា​អន្តោប្រវេសន៍​របស់លោក​ត្រាំ​ជា​ស្ថានភាព​គ្រាអាសន្ន​ថ្នាក់ជាតិ​និង​ការចំណាយ​មូលនិធិ​យោធា​របស់គាត់​សម្រាប់​គម្រោង​មិនមែន​យោធា​។​

​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការប្រកាស​នេះ រដ្ឋបាល​ត្រាំ​ត្រូវ​ប្រឈម​នឹង​ការស៊ើបអង្កេត​ដោយ​គណៈកម្មាធិការ​តុលាការ​របស់​សភា​និង​បណ្តឹង​នានា​ពីរ​ដ្ឋ​ញូវយ៉ក រដ្ឋ​កាលីហ្វ័រ​ញ៉ា​និង​សហជីព​សេរី​ស៊ីវិល​អាមេរិក​។​

​អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា​លោក​ហ្គា​វីន ញូ​វ​សាំ បាន​និយាយថា “​ប្រធានាធិបតី​ត្រាំ​កំពុង​បង្កើត​វិបត្តិ​និង​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ថ្នាក់ជាតិ​ដើម្បី​ដណ្តើម​អំណាច​និង​បង្ក្រាប​លើ​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ​។ កាលីហ្វ័រ​ញ៉ា​នឹង​ជួប​លោក​ឯង​នៅ​តុលាការ​”​។​

​លោក​ត្រាំ​បាន​និយាយថា លោក​រំពឹងថា​នឹងមាន​ការតស៊ូ​ផ្លូវច្បាប់​និង​ព្យាករណ៍​ថា​លោក​នឹង​ឈ្នះ​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា “​យើង​នឹងមាន​ស្ថានភាព​គ្រាអាសន្ន​ថ្នាក់ជាតិ ហើយ​បន្ទាប់មក​យើង​នឹង​ត្រូវគេ​ប្តឹង​។ បន្ទាប់មក​យើង​នឹង​ចូល​ទៅដល់​ក្នុង​តុលាការ​កំពូល​ហើយ​សង្ឃឹម​ថា​យើង​នឹង​ទទួលបាន​យុត្តិធម៌ ហើយ​យើង​នឹង​ឈ្នះ​នៅក្នុង​តុលាការ​កំពូល​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ