នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស តែងតែមានការប្រកួតប្រជែងគ្នារវាងគណបក្សនយោបាយ ដែលមានអត្ថិភាពនៅក្នុងសង្គម ដើម្បីដណ្តើមយកអំណាច ពីប្រជាពលរដ្ឋតាមរយៈការសម្តែងឆន្ទៈ ក្នុងការបោះឆ្នោតដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ការប្រកួតប្រជែងគឺប្រព្រឹត្តទៅតាមរយៈកម្មវិធី នយោបាយរបស់គណបក្សនិមួយៗ ក្នុងការដឹកនាំ គ្រប់គ្រងប្រទេស នៅពេលគណបក្សណាមួយឈ្នះឆ្នោត ។
ដូច្នេះការប្រកួតប្រជែងគ្នា ខាងនយោបាយ មិនមែនមានន័យថាទាស់គ្នា ប្ញប្រឆាំងគ្នាចាត់ទុកគ្នា ជាខ្មាំង សត្រូវនោះទេ ។ គោលការណ៏ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ គឺល្អត្រឹមត្រូវណាស់ ។ ក៏ប៉ុន្តែកន្លងទៅ ការដែលមានបញ្ហានោះ អាស្រ័យមកពីអ្នកនយោបាយ អនុវត្តមិនបានត្រឹមត្រូវ តាមគោលការណ៏លទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ ដោយប្រព្រឹត្តខុសឆ្គងជាអត្តនោម័តខ្លួនឯង រំលោភច្បាប់ រំលោភគោលការណ៏លទ្ធិប្រជាធិបតេយ្យ ដើម្បីមហិច្ឆតាអំណាច ហើយថាខ្លួនឯងជាអ្នក ប្រជាធិបតេយ្យបន្លំភ្នែកមហាជន ប្រជាជនទៅវិញ ។
ដូច្នេះ ដើម្បីធានានិរន្តរភាព នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ទាមទារអ្នកនយោបាយ គណបក្សនយោបាយ ត្រូវតែគោរពនិងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត គោលការណ៏បទបញ្ជារ នីតិវិធី និងក្រមសីលធ៌មរបស់គ ជ ប កំណត់។ គណបក្សនយោបាយ ត្រូវខិតខំកសាងស្នាដៃគុណសម្បត្តិរបស់ខ្លួន សម្រាប់បង្ហាញប្រជាពលរដ្ឋឲ្យមើលឃើញ និងគាំទ្រខ្លួនទៅជាការស្រេចហើយ ។ ផ្ទុយទៅវិញ ត្រូវជៀសវាង អនុវត្តវប្បធម៌លាបពណ៌ ការនិយាយមួលបង្កាច់ បង្ខូចកេរ្ត៏ ការឃោសនាបំប៉ោងបន្លំប្រជាពលរដ្ឋ និងប្រព្រឹត្ត រំលោភច្បាប់ នោះនឹងមិនមានបញ្ហាដល់ខ្លួនឡើយ ។
បើប្រតិបត្តិតាមប្រការខាងលើនេះ នោះលទ្ធិប្រជាធិបតេយ្យនឹងនៅតែស្រស់បំព្រង ហើយ ការប្រកួត ប្រជែងនយោបាយ នៅកម្ពុជា នឹងនៅតែមានលក្ខណៈល្អប្រសើរជានិច្ចនិរន្ត៍តទៅជាមិនខាន ស្របតាមគោល ការណ៏បើកទូលាយប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ដោយព្រមគ្នា ៕ ដោយៈសុខ ឥសាន