ការប្រកួតប្រជែង​មនុស្ស​យន្ត​​អាស៊ាន ២០១៨ ក្រុម​យុវ​សិស្ស​កម្ពុជា​ទទួលបាន​ជ័យលាភី​ជា​ម្ចាស់​ពានរង្វាន់​លេខ​១

1173
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្រុម​យុវ​សិស្ស​កម្ពុជា​ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសារ​មនុស្ស​យន្ត​តំបន់​អាស៊ាន “2018 ASEAN Regional Robotics Competition” ហើយ​ទទួលបាន​ជ័យលាភី​ជា​ម្ចាស់​ពានរង្វាន់​លេខ​១ ក្នុងចំណោម​៤​ប្រទេស បាន​និវត្ត​មកដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃទី​១ ខែឧសភា​នេះ ។​

​ក្រុម​យុវ​សិស្ស​កម្ពុជា​ដែល​ដណ្តើមបាន​ជ័យលាភី​លេខ​១​ជូន​ជាតិ​នេះ ត្រូវបាន​លោក​ច័ន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យា​ស្ត្រ ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​ក្រុម​យុវ​សិស្ស​រាប់សិប​នាក់​បាន​ទៅ​ទទួល​ស្វាគមន៍​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយនឹង​បាច់ផ្កា​កិត្តិយស​។​

​ក្រុម​សិស្សានុសិស្ស មកពី​វិទ្យាល័យ​ទួល​ទំពូង ដែល ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន ឆ្នាំ​២០១៨ (​ក្រុម​STEM Cambodia )នេះ​មាន​គ្នា​៣​នាក់។ ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ​តេង ទិ​ត្យ​វិទូ ។ ការប្រកួត​នេះ ទទួលបាន​ពិន្ទុ ២៥៧ ច្រើនជាង​ក្រុម​ផ្សេងៗ​ទៀត ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់ សម្រាប់​ការប្រកួត​ប្រភេទ Scout Class ដោយ​ការបង្កើត​មនុស្ស​យន្ត​ក្នុង​ទឹក។​នេះ​ជា​លើកទី​មួយ​ហើយ ដែល​តំណាង​សិស្សានុសិស្ស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​។​
​ ​ក្នុងឱកាស​នោះ​លោក ច័ន្ទ រ័ត្ន  មានប្រសាសន៍​ថា ក្នុងនាម​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​ពិតជា​រីករាយ​យ៉ាងខ្លាំង ចំពោះ​យុវ​សិស្ស​កម្ពុជា​យើង​ដែល​ដណ្តើមបាន​ជ័យលាភី​នេះ ។​

ការប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន “2018 ASEAN Regional Robotics Competition” ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២១ ដល់ ២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កន្លងមកនេះ គឺមាន​យុវ​សិស្ស​មកពី​៤​ប្រទេស ក្នុងនោះ​រួមមាន ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រទេស​កម្ពុជា ហើយ​ក្នុងចំណោម​៤​ប្រទេស​នេះ​មានតែ​កម្ពុជា​ទេ ដែលជា​ប្រទេស​មិនទាន់​រីកចំរើន​ខ្លាំង​ដូច​គេ ប៉ុន្តែ​បែរជា​ប្រទេស​យើង​ដណ្តើមបាន​ជ័យលាភី​ដ៏​មាន​កិត្តិយស​នេះ។

​លោក​ច័ន្ទ រ័ត្ន បញ្ជាក់​បន្ថែមថា ការប្រលង​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស កន្លងមកនេះ​យុវ​សិស្ស​របស់​យើង​បាន​ប្រកួតប្រជែង​ជាមួយ​បរទេស​ជាច្រើន​វិញ្ញាសា​រហើយ​ដែរ តែ​សម្រាប់​ការប្រកួត​ការប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន “2018 ASEAN Regional Robotics Competition”​នេះ វា​ជាការ​ប្រកួត​ជា​លើក​ទី​១ ហើយ​វា​ក៏​ជាការ​ប្រកួត​ដែល​កម្ពុជា​ទទួលបាន​ជ័យលាភី​លេខ​១​តែម្តង ។ លោក​ថា វា​ពិតជា​អស្ចារ្យ សម្រាប់​ក្រុម​យុវ​សិស្ស​របស់​យើង ដោយ​ក្រុម​របស់គាត់​មាន​គ្នា​៣​នាក់ បាន​បង្កើតជា​តុក្កតា​យន្ត​មួយ ហើយ​ពួកគាត់​បាន​បញ្ជា​អោយ​តុក្កតា​យន្ត​មួយ​នេះ អាច​រើស​សម្រាម​ចេញពី​បាត​ទឹកសមុទ្រ​បាន ។ ជាងនេះទៅទៀត​ក្រុម​យុវ​សិស្ស​ទាំង​៣​ក៏​នូវបាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​មនុស្ស​យន្ត ដោយ​ទាញយក​រូបមន្ត​គណិតវិទ្យា​មក​ធ្វើជា​អំ​ណះ​សំណាង​។​

​គួររំឭកថា យុវ​សិស្ស​ជ័យលាភី គឺជា​ម្ចាស់​ពានរង្វាន់​លេខ​១​ថ្នាក់ជាតិ បានរៀបចំ​ឡើង​លើក​ទី​១ នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​លើក​ទី​៤ កាលពី​ខែមីនា​កន្លងទៅ ។​យុវ​សិស្ស​​តេង ទិ​ត្យ​វិទូ  អាយុ​១៧​ឆ្នាំ ។ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ទួល​ទំពូង និង​មាន​លំនៅ​ក្នុង​សង្កាត់ បឹងត្របែក ខណ្ឌចំការមន​រាជធានីភ្នំពេញ៕​