ការប្រកួត​កីឡា​នៅ​អ៊ីតាលី​និង​អ៊ីរ៉ង់​ត្រូវ​ផ្អាក​ដោយសារ​វីរុស​

98
ចែករម្លែក

​ការប្រកួត​បាល់ទាត់​Serie A ចំនួន​បី​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ នៅ​តំបន់​ឡុ​ម​បាឌី​និង​វេ​ណេ​តូ​របស់​អ៊ីតាលី​ខាងជើង ត្រូវ​បាន​ពន្យារ​ពេល​ក្រោយ​ការ​​ស្លាប់​មនុស្ស​២​នាក់​ដោយ​កូរ៉ូណា​វីរុស​។​

​ក្រោម​បញ្ជា​ពី​រដ្ឋាភិបាល ការប្រកួត​លី​ក​អ៊ីតាលី​រួម​មាន​ក្លឹប Inter Milan v Sampdoria, Atalanta v Sassuolo និង Hellas Verona v Cagliari​ត្រូវ​ផ្អាក ។​

​សូមបញ្ជាក់​ថា ទីប្រជុំជន​ជាច្រើន​នៅ​អ៊ីតាលី​ខាងជើង​ត្រូវបាន​រឹតត្បិត​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​មនុស្ស​២​នាក់​ដែល​ឆ្លង​កូរ៉ូណា​វីរុស​COVID-19​បាន​​ស្លាប់​និង​ផ្ទុះ​ការឆ្លង​នៅ​តំបន់​ខាងជើង​ប្រទេស​។​អាជ្ញាធរ​នៅ​តំបន់​ឡុ​ម​បាឌី​និង​វេ​ណេ​តូ​បាន​បិទ​សាលារៀន ហាង​ទំនិញ​និង​ភោជ្ជ​នី​យដ្ឋា​ន ព្រមទាំង​លុប​ចោល​​ការប្រកួត​កីឡា​និង​ពិធី​សាសនា​Masses​។​

​នៅ​ឡុ​មបា​ដី មន្ត្រី​សុខាភិបាល​បាន​អះអាង​ថា​មាន​មនុស្ស​ឆ្លង​៥៨​នាក់ និង​១២​នាក់​ទៀត​ឆ្លង​នៅ វេ​ណេ​តូ​។​

​ក្នុងពេល​ជាមួយគ្នា ចៅហ្វាយក្រុង​មី​ឡ​ង់ ដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម​របស់​អ៊ីតាលី និង​ជា​ទីក្រុង​នៃ​តំបន់​ឡុ​មបា​ឌី បញ្ជា​អោយ​បិទ​ការិយាល័យ​សាធារណៈ​។​

​នៅ​អ៊ីរ៉ង់ ការប្រកួត​កីឡា​ទាំងអស់​ត្រូវបាន​ផ្អាក​១០​ថ្ងៃ​ដោយសារតែ​ការផ្ទុះ​វីរុស​COVID-19​។​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់​IRNA​បាន​រាយការណ៍​កាលពី​​ថ្ងៃ​សៅ​រ៍ថា ចាប់ពី​ថ្ងៃ​២៤​កុម្ភៈ សកម្មភាព​និង​ព្រឹត្តិការ​កីឡា​ទាំងអស់ រួម​ទាំង​ការប្រកួត​កីឡាបាល់ទាត់ នឹង​ត្រូវ​បញ្ឈប់​១០​ថ្ងៃ​។​

​សូមបញ្ជាក់​ថា​ចាប់តាំងពី​ថ្ងៃ​ពុធ​មក​ជា​ថ្ងៃ​ដែល​អ៊ីរ៉ង់​ប្រកាស​ការ​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ដំបូង COVID-19​បាន​ចម្លង​មនុស្ស​២៩​នាក់​នៅ​អ៊ីរ៉ង់ ក្នុងនោះ​៦​នាក់​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​

ទីក្រុង​នៅ​អ៊ីតាលី​ខាងជើង​ស្ងាត់​គ្មាន​សកម្មភាព​មនុស្ស បន្ទាប់​ពី​ការ​ស្លាប់​មនុស្ស​ទី​២​កាលពី​ថ្ងៃ​សៅរ៍​ដោយ​COVID-19