ការប្រកួត​កីឡា​វូ​ស៊ូ​ប្រកួត​ជើងឯក​ជាតិ​បញ្ចប់​ទាំង​ជម្លោះ​

128

(​ភ្នំពេញ​)៖ ការប្រកួត​កីឡា​វូ​ស៊ូ​ជើងឯក​ជាតិ​ឆ្នាំ​២០១៧ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ មករា​នោះ បានបញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​៥​ធ្នូ​។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ​ដល់​ជ័យលាភី​។​

​សម្រាប់​សហព័ន្ធ​មួយ​នេះ កំពុង​តែមាន​ជម្លោះផ្ទៃក្នុង​យ៉ាង​ក្ដៅគគុក តាំងពី​មុនពេល​ប្រកួត ពេល​កំពុង​ប្រកួត​រឿងរ៉ាវ​កើតមាន​មិនចេះចប់​។ ជម្លោះ​ក្នុង​សហព័ន្ធ​នេះ បានធ្វើ​ឲ្យ​ពួកគេ​តឹងសរសៃក​ដាក់គ្នា​រៀងរាល់​ពេល​។​

​លោក ហ៊ុន សាមុត ដែលជា​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ដែលជា​អ្នកទទួលបន្ទុក​រៀបចំ​ការប្រកួត​នេះ បាន​កាត់ក្ដី​ឲ្យ​មន្ត្រី​បច្ចេកទេស​ពាក់អាវ​ពណ៌​ក្រហម ដើម្បី​កុំ​ឲ្យ​ប្រៀប​លើ​គ្នា​។​

​គួរ​បញ្ជាក់ថា សហព័ន្ធ​នេះ បានធ្វើ​មហាសន្និបាត​ម្ដង​ហើយ តែដោយសារ​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​មាន​សណ្ឋាន​ជា​គ្រួសារនិយម​នោះ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក មិន​ទទួលស្គាល់​នោះ​។ ទាំង​អាជ្ញាធរ​កីឡា ទាំង​អង្គការ​សង្គម​កីឡា​ទាមទារ​ឲ្យ​សហព័ន្ធ​នេះ ធ្វើ​មហាសន្និបាត​ឡើងវិញ​ជាបន្ទាន់​។​

​ស្ថិតក្នុង​ស្ថានភាព​គ្មាន​មេ​គ្មាន​កើយ​បែបនេះ ទើប​អគ្គ​នាយ​កីឡា​សម្រេច​ឲ្យ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ជា​អ្នករៀបចំ​ឲ្យ​មានការ​ប្រកួត​ជើងឯក​ជាតិ​នេះ​ឡើង​។​

​ការប្រកួត​នេះ មាន​ក្លិប​ចំនួន​១២​ចូលរួម ដែលមាន​កីឡាករ​-​កីឡាការិនី​ចំនួន​២៨០​នាក់ និង​ប្រកួត​លើ​២៥​វិញ្ញាសា​។ វូ​ស៊ូ (Wushu) មាន ២​ប្រភេទ គឺ​ប្រភេទ​ប្រយុទ្ធ ហៅថា​វូ​ស៊ូ​សាន់​ស៊ូ (Wushu-Sanshu) ដែលមាន​៨​ប្រភេទ​ទម្ងន់ គឺ​បុរស​មាន​៥​ប្រភេទ​ទម្ងន់ និង​នារី ៣​ប្រភេទ​ទម្ងន់​។ វូ​ស៊ូ​សំដែង​ហៅថា​វូ​ស៊ូ​តាវ​លូ (Wushu Taolu) ដែលមាន​១៧​វិញ្ញាសា​។​

​ក្រសួងមហាផ្ទៃ​ដណ្ដើមបាន​មេដាយមាស​ច្រើនជាងគេ គឺ​ក្នុងចំណោម​២៥​វិញ្ញាសា ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយមាស ១០​គ្រឿង ក្លិប​បាក់​ទូក​បាន​មេដាយមាស ៥​គ្រឿង ក្លិប​ទួន​ហ្វា​បាន​មេដាយមាស​៣​គ្រឿង ក្លិប​មានជ័យ​មេដាយមាស ៣​គ្រឿង ក្លិប​អូឡាំពិក​មេដាយមាស​២​គ្រឿង ក្លិប​មុខ​វាំង​មេដាយមាស ១​គ្រឿង និង​ក្លិប​សំរោង​អណ្ដែត​មេដាយមាស ១​គ្រឿង​៕L ដោយ​៖ រ៉ូ​ហ្សា​