ការប្រកួត​វីដេអូ​ខ្នាត​ខ្លី​និង​ចំណេះដឹង​លើ​ការប្រើប្រាស់​បណ្ណាល័យ​ឌីជីថល​ផ្តល់ឱកាស​និស្សិត​បញ្ចេញ​ទេពកោសល្យ​

98
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ប្រារព្ធ​ទិវា​ប្រើប្រាស់​ភាសា​បារាំង​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៥០​ការិយាល័យ​នៃ​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​ប្រចាំ​នៅ​កម្ពុជា​បានរៀបចំ​ការប្រកួត​វីដេអូ​ខ្នាត​ខ្លី​។​ជាមួយ​ការប្រកួត​ចំណេះ​លើ​ការប្រើប្រាស់​បណ្ណាល័យ​ឌីជីថល​សំរាប់​និស្សិត​ដែល​ចេះ​ភាសា​បារាំង​កំពុង​សិក្សា​នៅតាម​បណ្តា​សាកលវិទ្យាល័យ​ទាំងឡាយ​ជា​សមាជិក​របស់ AUF ។​

​ការប្រកួត​វីដេអូ​ខ្នាត​ខ្លី​លើ​ប្រធានបទ​៖​តើ​ហ្វ្រ​ង់​កូ​ហ្វូ​នី​មានន័យ​យ៉ាងដូចម្តេច​សម្រាប់​ប្អូន​?​បានផ្តល់​ឱកាស​ដល់​ប្អូនៗ​និស្សិត​បញ្ចេញមតិ​ស្តីអំពី​ទស្សនៈ​របស់ខ្លួន​ចំពោះ​ការប្រើប្រាស់​ភាសា​បារាំង​សព្វថ្ងៃ​នា​ឳ​កាស​ប្រារព្វ​ពិធី​លើក​ទី​៥០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​និយម​ភាសា​បារាំង (OIF)​។​

យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​បានឱ្យដឹងថា​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​នេះ​និស្សិត​ត្រូវបង្កើត​វីដេអូ​ដោយ​ថត​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទដៃ ឬ​តា​ប្លេ​ត ជា​ភាសា​បារាំង​ក្នុង​រយៈពេល​០១​នាទី និង​មិន​ត្រូវធ្វើ​ការកាត់ត​ជាពិសេស​អ្វី​ឡើយ​។

បន្ទាប់មក​និស្សិត​ត្រូវ​ផ្សព្វផ្សាយ​វីដេអូ​របស់ខ្លួន​លើ​គេហទំព័រ​នៃ​ការប្រកួត​វីដេអូ​ខ្នាត​ខ្លី​ដែល​បង្កើតឡើង​ដោយ​AUF​។​និស្សិត​ចំនួន​៤២​នាក់​បាន​ចុះឈ្មោះ​ប្រកួត​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា​រួមមាន​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​ក្នុងចំណោម​អ្នក​ចុះឈ្មោះ​ប្រកួត​ទាំងអស់​មានតែ​៣១​នាក់​ប៉ុណ្ណោះ​ដែល​បាន​ថត​និង​ផ្សព្វផ្សាយ​វីដេអូ​របស់ខ្លួន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​គណៈមេប្រយោគ​របស់​AUF​បានជ្រើសរើស​វីដេអូ​ឆ្នើម​ចំនួន​១៣​ដោយ​ឈរលើ​មូលដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​រួមមាន​លក្ខណៈ​ដើម​។​ការឆ្នៃប្រឌិត​ការគោរព​ប្រធានបទ​និង​ភាពត្រឹមត្រូវ​នៃ​ខ្លឹមសារ​គុណភាព​រូបភាព​និង​សំឡេង​និង​ភាព​ទាក់ទាញ​តាម​ចំនួន​អ្នកទស្សនា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​និស្សិត​សុខ​ហ៊ាង​មាន​និង​ណុង​ម៉ូ​នី​កា​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទទួលបាន​ជ័យលាភី​ទី​១​និង​លេខ​ទី​២​។​រីឯ​និស្សិត​វុ​ឌ្ឍី​ណា​រី​កា​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ទទួល​ចំណាត់ថ្នាក​លេខ​៣​។ ចំណែកឯ​និស្សិត​១០​នាក់​ផ្សេងទៀត​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី AUF​។​

​ចំណែកឯ​ការប្រកួត​ចំណេះដឹង​លើ​ការប្រើប្រាស់​បណ្ណាល័យ​ឌីជីថល​ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​និស្សិត​ទាំងឡាយ​ឱ្យ​ចេះ​ស្រាវជ្រាវ​ព័ត៌មាន​និង​ទិន្នន័យ​លើ​គេហទំព័រ​BNEUFhttps://bneuf.auf.org ដែលជា​ប្រភេទ​បណ្ណាល័យ​ឌីជីថល​បង្កើត​ឡើយ​ង​ដោយ​AUF​។​ជំរុញ​ឱ្យ​ចេះ​ប្រើប្រាស់​ឧ​បករ​ណ៏​ឌីជីថល​ប្រកបដោយ​នវានុវត្តន៍​មួយ​នេះ​។​និស្សិត​ចំនួន​២៣​នាក់​ដែល​បាន​ចុះឈ្មោះ​ប្រកួត​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​វិទ្យាស្ថាន​ជាតិ​អប់រំ​។

​គួរ​បញ្ជាក់ថា​៖​យោងតាម​វិធានការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុងការ​បង្ការ​ចំពោះ​ការឆ្លង​វីរុស COVID19​បេក្ខជន​ទាំងអស់​ត្រូវធ្វើ​ការប្រកួត​ពី​ចម្ងាយ​តាមរយៈ​មធ្យោបាយ​របស់​ខ្លួន​នៅ​គេហដ្ឋាន​។​ការប្រកួត​នេះ​ប្រព្រឹត្តិ​ទៅលើ​គេហទំព័រ​ដែល​បង្កើតឡើង​សំរាប់​ការប្រកួត​នេះ​ក្នុង​រយៈពេល​៣០​នាទី ដោយ​ឆ្លើយ​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​ឯកសារ​លើ​បណ្ណាល័យ​ឌីជីថល​(BNEUF)​របស់ AUF​។​

គណៈកម្មការ​មេ​ប្រយោគ​របស់​AUF​បានជ្រើសរើស​បេក្ខជន​ឆ្នើម​ចំនួន​៣​រូប​ដោយ​ឈរលើ​ចំនួន​ចម្លើយ​ត្រឹមត្រូវ​និង​រយៈពេល​សរុប​នៃ​ចម្លើយ​ទាំងអស់​។​និស្សិត​ដែល​ទទួលបាន​ជ័យលាភី​ទាំង​៣​រូប​សុទ្ធតែជា​និស្សិត​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​៖ ហាស ច័ន្ទ លក្ខិណា ជ័យលាភី​ទី​១ អួ​ង មុនី​រាសី ជ័យលាភី​ទី​២ និង ហេង សុវណ្ណ​សក្តិ​សិទ្ធ ជ័យលាភី​ទី​៣​។​

​សូមបញ្ជាក់ថា​ក្នុងចំណោម​និស្សិត​២៣​នាក់​ដែល​បាន​ចុះឈ្មោះ​មានតែ​និស្សិត​១៦​នាក់​ប៉ុណ្ណោះ​ដែល​បាន​ប្រកួត​ពិតប្រាកដ​ពី​ចម្ងាយ​ដោយសារ​កង្វះ​មធ្យោបាយ​និង​កង្វះ​ឬ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ខ្សោយ​នៅតាម​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​មេរោគ​COVID19​រាល់​ការជួបជុំ​ទាំងឡាយ​ដែល​បាន​គ្រោងទុក​សំរាប់​ការ​ប្រារព្វ​ពី​ធី​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​កម្ពុជា​ត្រូវបាន​លុបចោល​។​ប៉ុន្តែ​ស្ថាប័ន​ខ្លះ​បានរៀបចំ​ពី​បុណ្យ​នេះ​តាមរបៀប​របស់ខ្លួន​ពី​ចម្ងាយ​។​

​ការប្រកួត​សំណួរ​ស្តីពី​ការស្រាវជ្រាវ​លើ​បណ្ណាល័យ​ឌីជីថល​ធ្វើ​តែមួយ​ថ្ងៃ​ទេ​គឺ​នៅ​ថ្ងៃទី​១៨​មីនា​។ ប៉ុន្តែ​ការប្រកួត​វី​ដែ​អូ ចាប់ពី​ថ្ងៃ​២៤​កុម្ភៈ​រហូតដល់​ថ្ងៃ​១៥​មីនាឆ្នាំ​២០២០​ហើយ​ចេញ​លទ្ធផល​នៅ​ថ្ងៃទី​១៨ មីនា​៕S/​