ការប្រណាំង​ដ៏​អស្ចារ្យ​បំផុត​! កំពូល​រថយន្ត កំពូល​ម៉ូតូ រថយន្ត​F1 យន្តហោះ​ឯកជន និង យន្តហោះ​ចម្បាំង បបួលគ្នា​បើក​ប្រណាំង ដឹងថា​មួយណា​ឈ្នះ​ទេ​?

1400

​កំពូល​រថយន្ត​ទំនើបៗ​ចំនួន ៣ គ្រឿង កំពូល​ម៉ូតូ​១​គ្រឿង រថយន្ដ Formula 1 ១​គ្រឿង យន្ដហោះ​ឯកជន​១​គ្រឿង និង​យន្តហោះ​ចម្បាំង​១​គ្រឿង បាន​បបួលគ្នា​បើក​ប្រណាំង​តទល់​គ្នា​នៅក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិជ្ជា​មួយ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កញ្ញា​។​

​អ្នកបើកបរ​៥​នាក់​បាន​ជិះ​ប្រណាំង​គ្នា​នៅលើ​ផ្លូវ​រត់​ប្រវែង ៤០០ ម៉ែត្រ ខណៈដែល​យន្ដហោះ​ចម្បាំង​និង​យន្តហោះ​ឯកជន​បាន​ហោះ​នៅក្បែរ​ពួកគេ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

​ការប្រណាំង​ដ៏​មហិមា​នេះ​បានធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​អាកាសចរណ៍​និង​អវកាស​ដែល​កំពុង​ប្រារព្ធ​ឡើង​នៅ​ព្រលានយន្តហោះ​នេះ​មុនពេល​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ខែតុលា​។​

​យានយន្ត​ទាំងនោះ​រួមមាន​ម៉ូតូ​ម៉ាក Kawasaki H2R រថយន្ត Tesla P100DL រថយន្ត Aston Martin New Vantage និង រថយន្ត Lotus Evora GT 430 ហើយ​រថយន្ត​ទាំង​៣​បាន​ទៅ​ដល់ទី​ផ្តាច់ព្រ័ត្រ​ប្រកៀក​ប្រកិត​គ្នា​បំផុត​។​

​ទោះបីជា​អ្នកបើករថយន្ត​ប្រណាំង Red Bull Formula 1 ប៉ិនប្រសព្វ​ខាង​ប្រណាំង​អាជីព​ដូច​រូបគាត់​ក៏ដោយ ក៏ប៉ុន្តែ​កំពូល​ជើងឯក​ប្រណាំង​ម៉ូតូ​ពិភពលោក លោក កេ​ណាន់ សូ​ហ្វូ​គ្លូ (Kenan Sofuoglu) មកពី​តួ​ក​គី​បាន​ជិះ​ម៉ូតូ Kawasaki H2R របស់គាត់​យកឈ្នះ​ក្នុងការ​ប្រណាំង​ដ៏​អស្ចារ្យ​មួយ​នេះ​។​

​រថយន្ត​ប្រណាំង Red Bull Formula 1 ដែល​បើកបរ​ដោយ​កីឡាករ​ប្រណាំង​រថយន្ត Formula 1 របស់​ចក្រភព​អង់គ្លេស​លោក ជែក ដេ​ន​នី (Jake Dennis) បាន​ឈរ​នៅ​លេខ ២​។​

​យន្តហោះ​ចម្បាំង​ប្រភេទ F-16 របស់​តួ​ក​គី​ជាប់​លេខ​៣​។ រថយន្ត Tesla P100DL ដែល​បើកបរ​ដោយ​នាង អេ​ម​ម៉ា គីមី​ឡាយ​ណេ​ន (Emma Kimilainen) បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​។​

​លោក យ៉ា​ជី​ស អេ​វ​ស៊ី បាន​បើករថយន្ត Aston Martin New Vantage ហើយ​លោក​ថូ​ប្រាក់ រ៉ា​ស​ហ្គា​ទី​អូ​គ្លូ បាន​ប្រណាំង​ក្នុង​រថយន្ត Lotus Evora GT 430៕ ដោយ៖ កញ្ញាដាលីស

លោក កេ​ណាន់ សូ​ហ្វូ​គ្លូ មកពី​តួ​ក​គី​បាន​ជិះ​ម៉ូតូ Kawasaki H2R របស់គាត់​យកឈ្នះ​ក្នុងការ​ប្រណាំង​ដ៏​អស្ចារ្យ​មួយ​នេះ