ការប្រណាំង​ទូក​.​ង នៅ​ខេត្តសៀមរាប​ក្នុងឆ្នាំនេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​៣១​ទូក​

1241
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​គណៈ​កម្ម​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លេខាធិការដ្ឋាន នៃ​គណៈកម្មការ​រៀបចំ​បុណ្យអុំទូក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទូក​ដែល​បាន​សុំ​ដាក់ពាក្យ​ចូលមក​ប្រកួត​មាន​ចំនួន​៣១​ទូក ដែល​ក្នុង​១​ទូក មាន​ចំណុះ ២២​នាក់ ក្នុងនោះ​មាន​ទូក​ស្រី ០៥​ទូក ព្រមទាំង​មាន​ប្រទីប មកពី​បណ្តា​មន្ទីរ អង្គភាព និង ក្រុមហ៊ុន​ផងដែរ សម្រាប់​ការប្រណាំង​ទូក​.​ង ដែលមាន​រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ និង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅតាម​ដងស្ទឹង​សៀមរាប ។​

លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​នេះ គឺធ្វើឡើង​ដើម្បី​រំលឹក និង គោរព​ដល់​វីរភាព​នៃ​បុព្វបុរស​ទាហានជើងទឹក​ជំនាន់​ដើម ដែល​បាន​ពលី​ជិវិត​ក្នុងការ​ធ្វើសឹក​សង្គ្រាម​តាមផ្លូវ​ទឹក ក្នុងការ​កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន ហើយ​ទទួលបាន​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង​។​

​លោក​បាន​បន្តថា ដូច្នេះ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង ក្រៅ​ខេត្ត ព្រមទាំង​ភ្ញៀវ​ទេសចរណ៍ បាន​ទស្សនា​កម្សាន្ត​សប្បាយ​នោះ សូម​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការយកចិត្តទុកដាក់​ទៅលើ​ការងារ​សន្តិសុខ , សណ្តាប់ធ្នាប់​សាធារណៈ , ការសម្អាត​អនាម័យ និង​បរិស្ថាន ដោយ​សហការ​ធ្វើការ​ប្រមូល​សំរាម​ឱ្យបាន​ស្អាត ជាពិសេស​ត្រូវ​ត្រួត​ពិនិត្យមើល​ឲ្យ​បាន​ហ្មត់ចត់​នូវ​ប្រ​ព័​ន្ឋ​ភ្លើង​បំភ្លឺ​សាធារណៈ ។​

លោក​បាន​បន្តទៀតថា ក្នុង​គោលដៅ​លើកស្ទួយ​វប្បធម៌ ទំនៀប​ទម្លាប់ និង​ប្រពៃណីជាតិ​នោះ សូម​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដើម្បី​ឲ្យ​ពួកគេ​ចង់​ចូលមក​ទស្សនា​កម្សាន្ត នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​យើង ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ រមណី​ដ្ឋា​ន​ធម្មជាតិ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ព្រោះថា ខេត្តសៀមរាប​យើង​នេះ បាន​ក្លាយជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍ នៅលើ​ពិភពលោក ព្រមទាំង​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ដោយសារតែ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បានទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជាការ​បញ្ជាក់ថា ពិភពលោក នៅតែ​សាទរ​ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ ៕