ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ឆ្នាំ​២០១៩ ​រកឃើញ​ម្ចាស់ជ័យលាភី​

464
ចែករម្លែក
លោករាជទូតជប៉ុនប្រចាំកម្ពុជាជាមួយជ័យលាភីលេខ១និងបេក្ខជប្រកួតប្រជែង(រូបស្ថានទូត)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​លើក​ទី​១០​សម្រាប់​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​នៅ​ប្រទេស​កម្ពុជា ​ដែល​បាន​ប្រព្រឹត្តិ​ធ្វើ​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩​ នៅ​CJCC​ក្នុង​ពិធីបុណ្យ​តា​ណា​បា​តា​ឆ្នាំ​២០១៩​នោះបាន​រកឃើញ​ហើយ​ម្ចាស់​ជ័យលា​ភី​ចំនួន​បួនរូប​ក្នុង​វ​ចំណោម​បេក្ខជន​ចំនួន​ចំ​នួ​១៤​រូប​មកពី​គ្រឹះស្ថានសិក្សា ឬ​សាកលវិទ្យាល័យ​ចំនួន​ប្រាំបី ។នេះបើយោង​តាមសេចក្តីប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី១៥ខែកក្កដា។


​បេក្ខជន​ទទួលបាន​ជ័យលាភី​លេខ​១​ដល់​លេខ​៣​និង​ជ័យលាភី​រង្វាន់​ពិសេស​ពី​គណៈមេប្រយោគ​សម្រាប់​ឆ្នាំនេះ​មាន​ចំនួន​បួនរូប​។​ក្នុងនោះ​១.​កញ្ញា​ហាន​ សោ​ភ័​ណ្ឌ​មរកត​ មកពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​ទទួលបាន​ជ័យលាភី​លេខ​១​។​២.​កញ្ញា សោម នី​សោភា កញ្ញា ឡេង ថា​រី និង​កញ្ញា ជួង ស​ម្ប​តិ្ត​សាន់​ឌី មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន ទទួលបាន​ជ័យលាភី​លេខ​២​។​ ៣. កុមារី ម៉ម គ្រីស្ទី​ន​ណា មកពី​សាលា​ភាសា​ជប៉ុន​ហ៊ី​ហ្វឹ​ម៉ី ទទួលបាន​ជ័យលាភី​លេខ​៣​និង​ទី​៤. កញ្ញា ហាន ស្រី​នេ​ត មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន ទទួលបាន​ជ័យលាភី​រង្វាន់​ពិសេស​ពី​គណៈមេប្រយោគ​។​


​បេក្ខជន​ជ័យលាភី​លេខ​១​ពី​ការប្រកួត​ទទួលបាន​នូវពាន​កុលាលភាជន៍ ពាន​គ្រី​ស្តាល់ វិញ្ញាបនបត្រ កុំព្យូទ័រ​យួរដៃ​មួយគ្រឿង និង​កាបូប​យួរដៃ​មួយ​។ បេក្ខជន​ជ័យលាភី​លេខ​២ ទទួលបាន​នូវ​វិញ្ញាបនបត្រ ថេប​ប្លេ​ត​(Tablet) មួយគ្រឿង និង​កាបូប​យួរដៃ​មួយ​។ បេក្ខជន​ជ័យលាភី​លេខ​៣ ទទួលបាន​នូវ​វិញ្ញាបនបត្រ ថេប​ប្លេ​ត​មួយគ្រឿង និង​កាបូប​យួរដៃ​មួយ​។ ចំណែក​បេក្ខជន​ជ័យលាភី​រង្វាន់​ពិសេស​ពី​គណៈមេប្រយោគ ទទួលបាន​នូវ វិញ្ញាបនបត្រ Speaker Wireless​មួយគ្រឿង និង​តុក្កតា​មួយ​។


​គួរបញ្ជាក់​ថា ​នៅ​ឆ្នាំ​២០១៩​នេះ​ ស្ថានទូត​ជប៉ុន ​រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) បានរៀបចំ​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​លើក​ទី​១០ សម្រាប់​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៤​ខែកក្កដា​នៅ​CJCC​ក្នុង​ពិធីបុណ្យ​តា​ណា​បា​តា​ឆ្នាំ​២០១៩​។​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត​សិក្សា​ភាសា​ជប៉ុន​រីករាយ​ក្នុងការ​សិក្សា​ភាសា តាមរយៈ​ការ​ច្រៀង​ចម្រៀង​ជប៉ុន​។​តាមរយៈ​កម្មវិធី​នេះ​ស្ថានទូត​ជប៉ុន​រំពឹងថា​ការយល់ដឹង​ពី​ប្រទេស​ជប៉ុន និង​វប្បធម៌​ជប៉ុន​ក្នុងចំណោម​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​គឺ​ត្រូវបាន​ជំរុញ​បន្ថែមទៀត​។


​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់ ត្រូវបាន​ធ្វើឡើង​ជាការ​ប្រកួត​រវាង​សាលា និង​សាលា ហើយ​មាន​បេក្ខជន​ចំនួន​១៤​រូប ឬ​ក្រុម មកពី​គ្រឹះស្ថានសិក្សា ឬ​សាកលវិទ្យាល័យ​ចំនួន​៨ បាន​ចូលរួម​ប្រឡងប្រជែងដណ្តើមយក​ជ័យលាភី​ជូន​សាលា​រៀងៗ​ខ្លួន ៕​សរន/Ha