ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ធ្វើឡើង ពីរ​ថ្ងៃ គឺ​ថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ​២០១៨

1203
ចែករម្លែក
ទិដ្ឋភាព​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ឆ្នាំ​កន្លងទៅ (​រូបភាព​ឯកសារ​)​

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹង​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា នឹង​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៧-២០១៨ នេះ​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ​ពោល គឺ​ចាប់ពី​ថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ​២០១៨​។​

​បើតាម លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បានឱ្យដឹង​នា​កន្លងមក​ថា ការប្រឡង​បាក់​ឌុប​នា​ឆ្នាំនេះ នៅតែមាន​វិធានការ​រឹង​រឹង​ដូច​ឆ្នាំមុន​ដដែល​។ ក្រៅពីនេះ ក៏​នៅតែមាន​ការចូលរួម​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ទប់ស្កាត់​រាល់​ការប្រព្រឹត្តិ​អំពើពុករលួយ​ដូច​ប៉ុន្មាន​ឆ្នាំកន្លងមក​ផងដែរ​។​
​ជាមួយ​ការប្រឡង​មាន​សភាព​តឹងរឹង​លោក​រដ្ឋមន្ត្រី ក៏បាន​ធ្វើការ​ដាស់តឿន​ដល់​បេក្ខជន​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ​ទើប​អាច​ប្រឡង​ជាប់​។​

ទិដ្ឋភាព​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ឆ្នាំ​កន្លងទៅ (​រូបភាព​ឯកសារ​)​

គួរ​បញ្ជាក់ថា បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៧​កន្លងមក មាន​ចំនួន​៦៣.៦៦៨​នាក់ ត្រូវជា​៦៣.៨៤​ភាគរយ នៃ​បេក្ខជន​វត្តមាន​៩៩.៧២៨​នាក់​។ ដោយឡែក​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦ បេក្ខជន​ដែល​ប្រឡង​ជាប់​មាន​ចំនួន​៥៥.៧៥៣​នាក់ ត្រូវ​ជាជាង ៦២​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​ជិត​៩​ម៉ឺន​នាក់​( ៨៩.៦៦១​នាក់​)​។​ ​ក្នុង​ឆ្នាំ​ដដែល​នេះ បេក្ខជន​ដែល​ប្រឡង​ជាប់ និទ្ទេស A មាន​ចំនួន ៤២៤​នាក់​, និទ្ទេស B មាន​២ ៤៦៤​នាក់​, និទ្ទេស​C មាន​ចំនួន​៥០០០​នាក់​, និទ្ទេស​D ៩១២៣​នាក់ និង​និទ្ទេស E មាន​៤៦ ៦៥៧​នាក់​៕