ការប្រើ​Android​របស់​Huawei ត្រូវ​កំហិត​ដោយ​Google

975
ចែករម្លែក

​ក្រុមហ៊ុន​Google បាន​រារាំង​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ធំ​បំផុត​ទី​២​របស់​ពិភពលោក​គឺ​Huawei​ពី​ការធ្វើ​បច្ចុប្បន្នភាព​(update)​ទៅកាន់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​នេះ​​ជាការ​វាយ​សំពង​មួយ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​នេះ​។​

​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​BBC ស្មា​ត​ហ្វូន​ស៊េរី​ថ្មីៗ​របស់​Huawei ត្រូវ​បាត់បង់​apps​ខ្លះ​របស់​Google ។​

​ចំណាត់ការ​នេះ​កើតឡើង​ក្រោយ​ពី​រដ្ឋការ​លោក​ត្រាំ បាន​បន្ថែម​ក្រុមហ៊ុន​Huawei​ទៅក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​បណ្តា​ក្រុមហ៊ុន​អាមេរិក​មិន​អាច​រកស៊ី​ជាមួយ បើ​មិន​មាន​សិទ្ធិ​អនុ​​ញ្ញាត​ណាមួយ​ទេ​។​

​ក្រុមហ៊ុន​Google​បាន​និយាយថា ខ្លួន​ធ្វើ​តាម​បញ្ជា​និង​ការពិនិត្យ​សើរើ​មើល​ឡើង​វិញ​អំពី​ការជាប់​ពាក់ព័ន្ធ​។​

Huawei​មិនទាន់​ប្រតិកម្ម​យ៉ាងណាទេ តែ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ឧសភា ស្ថាបនិក​និង​ជា​នាយក​ក្រុមហ៊ុន​Huawei Technologies​លោក រេ​ន ហ្សេ​ង​ហ្វេ បាន​និយាយថា កំណើន​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​អាច​យឺត តែ​«​តិចតួច​»​ទេ ដោយសារតែ​ការ​កំហិត​របស់​អាមេរិក​។​

​អ្នក​កំពុង​ប្រើ​ស្មា​ត​ហ្វូន​របស់​Huawei នឹង​អាច update បណ្តា​apps និង​ឆ្លងកាត់​security fix ព្រមទាំង update Google Play services​។​តែ​នៅពេល​Google​ចាប់ផ្តើម​Android​ជំនាន់​ថ្មី​បន្ទាប់​នៅ​ឆ្នាំនេះ វា​ទំនងជា​មិន​អាច​មាន​នៅក្នុង​ឧបករណ៍​របស់ Huawei​ទេ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​BBC​។​ឧបករណ៍​Huawei​នាពេល​​អនាគត​ក៏​អាច​លែងមាន​apps ដូចជា YouTube និង Maps​ផងដែរ​។​

Ben Wood​មក​ពី​ក្រុមហ៊ុន​ទីប្រឹក្សា​យោបល់​CCS Insight បាន​និយាយថា ចំណាត់ការ​របស់ Google នឹង​មាន​ផលប៉ះពាល់​ធំ​សំរាប់​ធុរកិច្ច​អ្នក​ប្រើប្រាស់​របស់​Huawei​។​

​តើ​Huawei​អាច​ដោះស្រាយ​យ៉ាងណា​?

​កាលពី​សប្តាហ៍​មុន រដ្ឋការ​ត្រាំ​បាន​បន្ថែម​Huawei​ទៅក្នុង​បញ្ជី​ហាមប្រាម​មិនអោយ​ក្រុមហ៊ុន​អាមេរិក​រកស៊ី​ជាមួយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក​។​

​ក្នុង​ប្រតិកម្ម​លើកដំបូង​របស់​លោក​ចាប់តាំងពី​ក្រុមហ៊ុន​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក​រេ​ន ហ្សេ​ហ្វេ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​កាល​​ពី​ថ្ងៃ​សៅ​រ៍ថា «​យើង​បាន​ត្រៀម​រួចរាល់​ហើយ​សំរាប់​ករណីនេះ​»​។​

​លោក​បាន​និយាយថា ក្រុមហ៊ុន​ដែល​ទិញ​ផ្នែក​ផ្សំ​ប្រមាណ​៦៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នឹង​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​ផ្សំ​ដោយ​ខ្លួនឯង​។​

Huawei បាន​និយាយថា ការងារ​របស់​ខ្លួន​មិន​បង្ក​ការ​គំរាម​ណាមួយ​និង​ថា ខ្លួន​ឯករាជ្យ​ពី​រដ្ឋាភិបាល​ចិន

​សូមបញ្ជាក់​ថា Huawei ប្រឈម​ពហិកា​កាន់តែ​ច្រើន​ឡើង​ពី​បណ្តា​ប្រទេស​លោកខាងលិច​ក្រោម​ការជំរុញ​របស់​អាមេរិក អំពី​ហានិភ័យ​សន្តិសុខ​ចារកម្ម​បង្កឡើង​ពី​ឧបករណ៍​​ប្រើ​ក្នុង​បណ្តាញ​ចល័ត​5G​របស់​ក្រុមហ៊ុន​ចិន​នេះ​។​ទោះជា​យ៉ាងណា ទាំង​ក្រុមហ៊ុន​និង​រដ្ឋ​ចិន​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដាច់អហង្ការ​។​

Huawei បាន​និយាយថា ការងារ​របស់​ខ្លួន​មិន​បង្ក​ការ​គំរាម​ណាមួយ​និង​ថា ខ្លួន​ឯករាជ្យ​ពី​រដ្ឋាភិបាល​ចិន តែ​ប្រទេស​មួយចំនួន​រារាំង​មិនអោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​​គេ​ប្រើ​ផលិតផល​Huawei​ក្នុង​បណ្តាញ​ចល័ត​5G ។​

​ទៅ​អនាគត​វែងឆ្ងាយ បញ្ហា​ដូច្នេះ​វា​អាច​នាំអោយ​អ្នកលក់​ស្មា​ត​ហ្វូន​គិត​អំពី​ជំរើស​ផ្សេង​ក្រៅពី​ប្រព័ន្ធ​ប្រតិបត្តិការ​Google​។​ពាក់ព័ន្ធ​បញ្ហា​Huawei ក្រុមហ៊ុន​ទំនងជា​បាន​ត្រៀម​​ខ្លួន​កាត់ផ្តាច់​ពី​ចំណេះវិជ្ជា​អាមេរិក​។​ស្មា​ត​ហ្វូន​របស់​វា​ដំណើរការដោយ​processor​ផ្ទាល់​របស់​ខ្លួន និង​មុននេះ​ក្នុង​ឆ្នាំ​២០១៩ មន្ត្រី​របស់​ក្រុមហ៊ុន​បាន​ប្រាប់​កាសែត​អាល្លឺម៉ង់​មួយ​​ថា «​យើង​បាន​ត្រៀម​ខ្លួន​សំរាប់​ប្រព័ន្ធ​ផ្ទាល់​របស់​យើង ក្នុង​ផែនការ​B»​។​

​ទោះជា​យ៉ាង​ដូច្នេះ​ក្តី ចំណាត់ការ​របស់​អាមេរិក​បច្ចុប្បន្ន​អាច​បំផ្លាញ​មហិច្ឆតា​របស់​មហា​ក្រុមហ៊ុន​ចិន​មួយ​នេះ​ក្នុងការ​វ៉ា​ដាច់​ក្រុមហ៊ុន​Samsung​របស់​កូរ៉េ​ខាងត្បូង​ក្នុងនាម​ជា​ប្រ៊ែន​ស្មាត​ហ្វូន​លក់ដាច់​បំផុត​នៅលើក​លោក​នៅ​ឆ្នាំ​២០២០៕​ដោយ​៖​វាសនា​