ការផលិត​ស្រូវពូជ​ឲ្យ​បានល្អ ដោយ​យក​គ្រាប់ស្រូវ​ទៅ​បកសំបក​

199

១. ការ​សាប​
– ជ្រើសរើស​យកតែ​គ្រាប់ស្រូវ​ដែល​ពេញ និង​ថ្លោស​ល្អ រួច​យកទៅ​បក​យក​សំបក​ចេញ​

– យកតែ​គ្រាប់​អង្ករ​ដែល​ពេញ​ល្អ គ្មាន​ស្នាម​បាក់ ឬ​ប្រេះស្រាំ និង​គ្មាន​ស្នាម​អុត​នៅលើ​គ្រាប់​បាន​ចំនួន ២៥០​គ្រាប់
– យក​គ្រាប់​ដែល​បានជ្រើសរើស​នោះ​ទៅ​ពង្រាយ​លើ​ឡាំង ដែល​បានរៀបចំ​រួចជាស្រេច​មាន​បណ្ដោយ ៦​តឹក​- និង​ទទឹង ៦ តឹក​ជំរៅ ១​តឹក ដែលមាន​ដាក់​ជីកំប៉ុស​សុទ្ធ​ក្នុងនោះ
– ស្រោច​ទឹក បន្តិច ដើម្បី​ពង្រាប​គ្រាប់​ឲ្យ​លិច​ចូលក្នុង​ដី​រួច​រោយ​ដីខ្សាច់​ពីលើ​បន្តិច ដើម្បី​លប់​គ្រាប់​អង្ករ​កុំ​ឲ្យ​សត្វ ល្អិត​ពាំ​
– ស្រោច​ទឹក​មួយថ្ងៃ​ម្ដង រហូត​ដល់ពេល​ដកយក​ទៅ​ស្ទូង ។​

២. ការ​ស្ទូង​
​ពូជ​ដែល​ប្រើ​ខាងលើ​មាន​ឈ្មោះថា នាង​ម្លិះ ជា​ប្រភេទ​ពូជស្រូវ ស្រាល ។ គេ​បាន​សាកល្បង​នៅលើ​ដី​ចំនួន ១៦​ម៉ែត្រការ៉េ ។ សំណាប​អាយុ ១៥​ថ្ងៃ គេ​ដក​យកមក​ស្ទូង​ដោយ​ជ្រើសរើស​យកតែ​ដើម​ថ្លោសៗ (​ក្នុងចំណោម ២៥០ ដើម គេ​អាច​ជ្រើសរើស​យកតែ​ដើម​ថ្លោស​បានតែ ១៥០​ដើម ប៉ុណ្ណោះ សម្រាប់​ស្ទូង​) ។ ស្ទូង​ដោយ​ចាប់ ១ ដើម និង​ទុកចន្លោះ​គុម្ព ៣​តឹក ស្ទូង​រាក់ៗ និង​ទុក​ឲ្យ​មានទឹក តិចៗ ។ ប្រើ​ជីលា​មក​គោ ៦៥ គីឡូក្រាម ស្លឹក អង្គារ​ដី​ចិញ្ច្រាំ​លាយ​ជាមួយនឹង​ទន្ទ្រានខែត្រ​ចំនួន ៦ គីឡូក្រាម ដើម្បី​ទ្រាប់​បាត​មុន​ស្ទូង ។​

៣. ការថែទាំ​
​ក្រោយពី​ស្ទូង​រួច គេ​មិន​រក្សាទុក​ទឹក​ច្រើន​នៅក្នុង​ស្រែ​ទេ គឺ​គ្រាន់តែ​ឲ្យ​សើមៗ​ប៉ុណ្ណោះ ។ ត្រូវ​ធ្វើការ​បោចស្មៅ ចំនួន ២​ដង ដោយ​ប្រើ​ឧបករណ៍​ដែល​គំរោង​របស់​អង្គការ​សេ​ដាក បានផ្ដល់​ឲ្យ និង​បំប៉ន​ជីលា​មក​គោ​ស្រស់​ក្នុង ស្រែ​ដែលមាន​ចំនួន​ប្រហែល ២ អំ​រែក ។​

៤. ការប្រមូល​ផល​
​ក្រោយពី​ស្ទូង​ហើយ​រយៈពេល ៣​ខែ គេ​អាច​ចាប់ផ្ដើម​ប្រមូល​ផល ។ ពេលនោះ​សង្កេតឃើញថា​:
– ចំនួន​ដើម​ច្រើន​បំផុត ៣៦ ដើម​ក្នុង​មួយ​គុម្ព មធ្យម ២៨ និង​តិច​បំផុត ២០ ដើម ក្នុង​មួយ​គុម្ព​
– ចំនួន​កួរ​ច្រើន​បំផុត ៣៦ កួរ ក្នុង​មួយ​គុម្ព មធ្យម ២៨ និង តិច​បំផុត ២០​កួរ ក្នុង​មួយ​គុម្ព​
– បរិមាណ​ផល សរុប ១៥ គីឡូក្រាម លើ​ផ្ទៃដី ១៦ ម៉ែត្រការ៉េ បើ​គិ​ជា​ហិកតា លើ​ផ្ទៃដី ១ ហិកតា គេ​អាច​ទទួល បាន​ផល ៩៣៧៥ គីឡូក្រាម (៩.៣៧ តោន​ក្នុង ១​ហិកតា​) ។​

៥. ចំណាប់អារម្មណ៍​របស់​កសិករ​
​ក្រោយពី​បាន អនុវត្តន៍​ហើយ មាន​ចំណាប់អារម្មណ៍​ថា ការធ្វើ​ស្រូវ​ដោយ​បកសំបក​នេះ​គឺ ទទួលបាន​ផល​ល្អ ហើយ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មានការ​ថែទាំ និង​ចំណាយពេល​ច្រើន​ទៅលើ​ការជ្រើសរើស​ពូជ ហើយ​ចំពោះ​ការធ្វើ ស្រូវ​បក​គ្រាប់​នេះ គឺ​ក្នុង​គោលបំណង​ចង់បាន ពូជ​សុទ្ធ​ល្អ និង​ទិន្នផល​ខ្ពស់​សម្រាប់​ដាំ​លើ​ក្រោយ​ទៀត ។ រីឯ​ការ ធ្វើ​ស្រូវ​សម្រាប់​ហូប ឬ​សំរាប់​លក់ គេ​មិនបាន​បកសំបក​គ្រាប់​ចេញ​ទេ តែ​ធ្វើការ​ជ្រើសរើស​ធម្មតា​តាម បច្ចេកទេស​តែប៉ុណ្ណោះ ។​


​កំណត់សំគាល់​បន្ថែម​:
​ដើម្បី​ឲ្យ​ដឹងថា ពូជស្រូវ​ដែល​ផលិត​បាន​មានគុណ​ភាពល្អ​យ៉ាងណា ទាមទារ​ឲ្យ​មានការ​ពិសោធន៍​ប្រៀបធៀប ជាមួយ​ពូជស្រូវ​ដែល​ផលិត​តាមរបៀប​ធម្មតា (​ដោយ​មិន​មានបក​គ្រាប់​) ៕ ប្រភព​: អ៊ាង សុផល្លែត