ការផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ជា​អាទិភាព​ថ្មី​!

268
ចែករម្លែក

រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ទំហំ ៨០MW និង​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ពីរ​កន្លែង ដោយ​ស្ថិតនៅ​ពោធិ៍សាត់​មួយកន្លែង ៦០MW និង​នៅ​កំពង់ឆ្នាំង​មួយកន្លែង ៦០MW ព្រមទាំង​បន្ថែម​អានុភាព ២០ MW លើ​គម្រោង​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ ៦០MW នៅ​ខេត្តកំពង់ស្ពឺ​។ អគ្គិសនី​សរុប ២២០ មេ​ហ្គា​វ៉ា​ត់​នេះ ត្រូវ​ផលិត អគ្គិសនី ដើម្បី​លក់​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ។​

គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​លើ​វា​រី​អគ្គិសនី​និង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នាពេលនេះ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​អគ្គិសនី នៅ​កម្ពុជា​។ វិស័យ​អគ្គិសនី នៅ​កម្ពុជា ដែល​សព្វថ្ងៃ កំពុង​ខ្វះខាត​ថាមពល​អគ្គិសនី ប្រមាណ ៤០០ មេ​ហ្គា​វ៉ា​ត់​។​

​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​មួយ មាន​អានុភាព ៨០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង​ខេត្តពោធិ៍សាត់ នឹងត្រូវ​វិនិយោគ ក្រោមរូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) ដោយ​ត្រូវ​ចំណាយ​ទុនវិនិយោគ ២៣១,១០ លាន​ដុល្លារ​អាម៉េរិក សម្រាប់​រយៈពេល​សម្បទា​ន ៣៩​ឆ្នាំ​។

​ដោយឡែក​ការបន្ថែម​អានុភាព ២០ មេ​ហ្គា​វ៉ា​ត់ លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ឯកជន មួយទៀត ដែល​ទទួលបាន​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន លើ​ការ ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ត្មាត​ពង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ សរុប​ចំនួន ៨០​មេ​ហ្គា​វ៉ា​ត់​។
​នេះ​ក៏​ដើម្បី​ឆ្លើយតប​នឹង​សភាពការណ៍​បច្ចុប្បន្ន​ដែល​ប្រទេស​កម្ពុជា​កំពុងមាន​ការខ្វះខាត​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​។ ការបន្ថែម​អានុភាព ២០​មេ​ហ្គា​វ៉ា​ត់​នេះ​ក៏​ជា​កាលានុវត្តភាព​ថ្មី នៃ​ការផ្ដល់​ប្រភព​បន្ថែម ដែលមាន​ថ្លៃ​ទាប និង​អាច​ដាក់ឱ្យ​ដំណើរការបាន​ឆាប់រហ័ស​។​ ​

​ក្រៅពីនោះ​ក៏​នៅមាន​គម្រោង​បង្កើត​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់​និង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែល​ផ្តល់​អានុភាព ៦០ មេ​ហ្គា​វ៉ា​ត់ ផងដែរ​។

​គម្រោង​វា​រី​អគ្គិសនី​ថ្មី នៅ​ខេត្តពោធិ៍សាត់ ព្រមទាំង​ការបង្កើត​ស្ថានីយ​អគ្គិសនី ដើរ​ដោយ ពន្លឺព្រះអាទិត្យ សរុប​ផ្តល់​អាយុ​ភាព​បន្ថែម​ដល់​ទៅ​ចំនួន ២២០ មេ​ហ្គា​វ៉ា​ត់​នេះ នឹង​ផ្ដល់ អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​កម្ពុជា ជាអាទិ៍​កម្ពុជា នឹង​ទទួលបាន​អគ្គិសនី​ពី ប្រភព​ថាមពល​កកើត​ឡើងវិញ ដែលមាន​អានុភាព​ធំ​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង ឥន្ធនៈ ដែលមាន​តម្លៃ​ខ្ពស់​បន្ថែម​បរិមាណ​ផលិតកម្ម​អគ្គិសនី​ដែល​ធានាបាន​នូវ​សន្តិសុខ ថាមពល ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី មានគុណ​ភាព និង​មានតម្លៃ​សមរម្យ​ពិសេស​ជួយ បំពេញ​នូវ​កង្វះខាត​អគ្គិសនី ក្នុង​រដូវប្រាំង​។

​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ទន្ទឹមនឹង​ការឯកភាព​ឱ្យមាន​ការសាងសង់​វា​រី​អគ្គិសនី និង​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន ក្រើនរំលឹក​ឱ្យមាន​ការយកចិត្តទុកដាក់​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ទាំង​ដី​លំនៅដ្ឋាន និង​ទាំង​ដី​កសិកម្ម ឲ្យ​បាន​ត្រឹមត្រូវ​។​

​ក្រៅពីនោះ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមេសា​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​ការបារម្ភ​ពី​ការ គ្រប់គ្រង​ព្រៃឈើ នៅក្នុង​អាង និង​ក្រៅពី​អាង នៃ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ដែល អាច​បំផ្លាញ​ធនធានធម្មជាតិ​។ ប៉ុន្តែ​ជា​ចម្លើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក ឡើង​ថា មានតែ​គម្រោង​នៅ​សេ​សាន​ប៉ុណ្ណោះ ដែលមាន​បញ្ហា​នេះ គឺជា​បញ្ហា​គ្រប់ គ្រង​តែប៉ុណ្ណោះ​ដែល​សម្តេច​ទទួលបាន​ប​ទ​ពិសោធន៍​ពី​គម្រោង​នៅ​សេ​សាន​។ ដូចនេះ សម្តេច​បាន​ក្រើនរំលឹក​ចំពោះ​កិច្ច​គ្រប់គ្រង​ព្រៃឈើ​ឱ្យទទួល​បាន​ប្រសិទ្ធភាព និង ចំណូល​របស់​រដ្ឋ​ចំពោះ​ការកាប់​ឈើ​នេះ​។

​ដោយសារតែ​រាជរដ្ឋាភិបាល ទើបតែ​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លើ​គម្រោង សាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ទើប​ប្រមុខ រាជរដ្ឋាភិបាល បានប្រកាស​ឈប់​ជួល​នាវា​ផលិត​ថាមពល​អគ្គិសនី​របស់​តួ​ក​គី​ហើយ ដោយសារតែ​ការមិន​ត្រូវ​គ្នា លើ​លក្ខខណ្ឌ​មួយចំនួន និង​មិន​មក​ទាន់សភាពការណ៍​។

​ក៏ប៉ុន្តែ នៅពេលនេះ កម្ពុជា​ទទួលបាន​ការ​បង្កើន​ការផ្គត់ផ្គង់​បន្ថែម​ថាមពល​ពី​ប្រទេស ជិតខាង ក្នុងនោះ ៥៥ មេ​ហ្គា​វ៉ា​ត់ ពី​ប្រទេស​ថៃ សម្រាប់​ការផ្គត់ផ្គង់​បន្ថែម​ព្រមទាំង​ការ ស្រូបយក​ថាមពល​អគ្គិ​ស​នី​ពី​ប្រទេស​ឡាវ និង​វៀតណាម​ផងដែរ​។ ក្រៅពីនោះ​ការដាក់ ឲ្យ​ដំណើរការ​នូវ​ស្ថានីយ​អគ្គិសនី ប្រើ​ដោយ​ថាមពលព្រះអាទិត្យ ២០​មេ​ហ្គា​វ៉ា​ត់​នៅ តំបន់​ត្មាត​ពង ជិត​ភ្នំ​ប្រសិទ្ធិ បញ្ចូលមក​បណ្តាញ​អគ្គិសនី​ជាតិ ព្រមទាំង​ឲ្យ​សណ្ឋាគារ និង​រោងចក្រ​ធំៗ ជួយ​បញ្ចេញ​ម៉ាស៊ីនភ្លើង​របស់ខ្លួន ដើម្បី​បន្ថយ​ការប្រើប្រាស់​។​

​លើសពីនេះ​ទៀត រាជរដ្ឋាភិបាល ក៏​នឹង​យក​ថវិកា​ចំណាយ​លើ​ការជួល​នាវា​ផលិត​ថា​ម ពល​អគ្គិសនី ពី​ក្រុមហ៊ុន​នៅ​ប្រទេស​តួ​ក​គី​ដែលមាន​តម្លៃ​ថ្លៃ​នោះមក​ទិញ​ម៉ាស៊ីនភ្លើង សម្រាប់​ដាក់​នៅ​ភ្នំពេញ សម្រាប់​រយៈពេល​វែងឆ្ងាយ ដែល​ទាំងនេះ ក្លាយទៅជា​ផល ប្រយោជន៍​ច្រើន និង​វែងឆ្ងាយ​។

​គម្រោង​វិនិយោគ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ របស់​ក្រុមហ៊ុន​ឯកជន នៅ​ត្មាត​ពង ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជិត​ភ្នំ​ប្រសិទ្ធិ នៅពេលនេះ ត្រូវបាន​អគ្គិសនី​កម្ពុជា ប្រកាសថា បានផ្តល់​ថាមពល​អគ្គិសនី ២០ មេ​ហ្កា​វ៉ា​ត់ នៃ​ស្ថានីយ​ផលិត​អគ្គិសនី ៦០ មេ​ហ្កា​វ៉ា​ត់ បាន​បញ្ចេញ​ថាមពល​មក​ភ្នំពេញ​ហើយ ខណៈដែល ១៤០​មេ​ហ្កា​វ៉ា​ត់​ថ្មី​បន្ថែម ត្រូវបាន​សម្តេច ហ៊ុន សែន និង​គណៈរដ្ឋមន្ត្រី​អនុម័ត ឲ្យ​វិនិយោគ​បន្ត​។

​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់ថា នៅ​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង ៦០​មេ​ហ្កា​វ៉ា​ត់ បច្ចុប្បន្ន ប្រើ​ផ្ទាំង​កញ្ចក់ ៣២០ វ៉ា​ត់ ចំនួន ២១១៦៨០ ផ្ទាំង ដោយ​ប្រើ បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​។ ថាមពល​ស្អាត​នេះ​ជា​អាទិភាព​បន្ថែម​របស់​រាជ រដ្ឋាភិបាល​។​

​កន្លងមក គ្រាន់តែ​លឺ​ពី​គម្រោង​វា​រី​អគ្គិសនី អ្នក​បរិស្ថាន និង​សកម្មជន​ព្រៃឈើ ចាប់ផ្តើម​បារម្ភ​ពី​ការកាប់​ឈើ នៅ​តំបន់​ធ្វើ​វា​រី​អគ្គិសនី​នោះ​។ ពោលគឺ​មិន​ត្រឹមតែ​កាប់ ឈើ នៅក្នុង​អាង​វា​រី​អគ្គិសនី​ប៉ុណ្ណោះ​ទេ តែ​ឈ្មួញ​ខិលខូច ដោយ​ត្រូវរ៉ូវ​នឹង​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​ផង គឺ​រៀបចំ​កាប់​ឈើ​ទាំង​នៅក្រៅ​អាង​សម្រាប់ធ្វើ​វា​រី​អគ្គិសនី ហើយ​ដឹក​ចូល​តំបន់​វា​រី​អគ្គិសនី ដើម្បី​ដឹកឈើ​លក់​យ៉ាង​ស្របច្បាប់​។ ករណី​កាប់ ឈើ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល ទទួលស្គាល់ ថា​កើត​មាននៅ​វា​រី​អគ្គិសនី សេ​សាន ក្នុង​ខេត្តស្ទឹងត្រែង​។​

​នៅ​លើក​នេះ ក្នុង​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ត្រូវបាន​សម្តេច​តេ​ជោ ប្រកាស រួចហើយ​ថា សម្តេច​បាន​ក្រើនរំលឹក​ចំពោះ​កិច្ច​គ្រប់គ្រង​ព្រៃឈើ ឱ្យទទួល​បាន ប្រសិទ្ធភាព និង​ចំណូល​របស់​រដ្ឋ ចំពោះ​ការកាប់​ឈើ​នេះ​។

​ជាងនេះទៅទៀត ក្រៅពី​វា​រី​អគ្គិសនី ដែល​អាច​នឹង​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​នៅ​រដូវប្រាំង ដូច​នៅពេលនេះ ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​អគ្គិសនី​កម្ពុជា ក៏បាន​ចាត់ទុកជា អាទិភាព​បន្ថែមទៀត លើ​ការផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដោយ​ការប្រើ​ផ្ទាំង​កញ្ចក់ ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដែល​គេ​ហៅថា ថាមពល​ស្អាត​។ សូ​ឡា ឬ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មិន​ប៉ះពាល់ ទាំង​បរិស្ថាន និង​មិន​ប៉ះពាល់​ទាំង​ព្រៃឈើ ហើយ​អាច​ផលិត​ចេញ​ជា​ថាមពល​អគ្គិសនី បាន​ដូចគ្នា​។ នេះ​ជា​ជម្រើស​ថ្មី សម្រាប់​អ្នកវិនិយោគ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។ ពេលនោះ ក្តីបារម្ភ​របស់​អ្នក​បរិស្ថាន សកម្មជន​ព្រៃឈើ ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន ដែល​តែងតែ​ថា គម្រោង​វា​រី​អគ្គិសនី គឺជា​គម្រោង​កាប់​ឈើ​ស្របច្បាប់​ក៏​លែងមាន​តទៅ ទៀត​ដែរ​៕ ដោយ​:​ម៉េង​ឆៃ​