ការផ្ទុះ​ដ៏​ធំ​មួយ​បណ្តាលអោយ​ស្លាប់​មនុស្ស​២​នាក់ និង​របួស​៧០​នាក់​លើ​ដងផ្លូវ​នៃ​ប្រទេស​អ៊ីតាលី​

619
ចែករម្លែក

​ការផ្ទុះ​មួយ​នៅលើ​ស្ពាន​អាកាស​អ៊ីតាលី​មួយ បណ្តាលអោយ​ស្លាប់​មនុស្ស​២​នាក់ និង​របួស​រាប់សិប​នាក់ បន្ទាប់ពី​រថយន្ត​ដឹក​ហ្គាស​មួយ​បាន​ផ្ទុះ​និង​បណ្តាលអោយ​រលំ​​បាក់​ផ្លូវ​មួយផ្នែក​។​

​ឧបទ្ទវហេតុ​សម្លាប់​ម​នុស្ស​នេះ​បាន​កើតឡើង​នៅ​ក្រុង ប័​រ​ហ្គោ ប៉ា​ហ្គី​ណា​ឡេ ។​

​រូបភាព​ពី​កន្លែងកើតហេតុ​បង្ហាញ​ដុំ​ភ្លើង​ដ៏​ធំ​មួយ​ផុស​ចូលទៅក្នុង​មេឃ​ខណៈ​កំសួល​ផ្សែង​ពណ៌​ខ្មៅ​អាច​អោយគេ​មើលឃើញ​ពី​ចម្ងាយ​រាប់គីឡូម៉ែត្រ​។​

​ការសង្ស័យ​អំពី​ការវាយប្រហារ​ភេរវកម្ម​ត្រូវបាន​ប៉ូលិស​មូលដ្ឋាន​ច្រានចោល​ភ្លាម ដោយសារ​ពួកគេ​ចេញមក​អះអាងថា​វា​ជាការ​ផ្ទុះ​រថយន្ត​ដឹក​ហ្គាស​មួយ​ក្រោយ​មានការ​​បុក​ទង្គិច​។​

​មនុស្ស​ដល់​ទៅ​៧០​នាក់​បាន​រងរបួស​ពី​ការផ្ទុះ​នេះ ដោយ​មួយចំនួន​រង​ការ​រលាក​ខ្លាំង​។​ជនរងគ្រោះ​ជាច្រើន​បាន​ត្រូវ​អំបែង​កញ្ចក់​បង្អួច​រប​ស់​អាគារ​ក្បែរៗ​នោះ​ខ្ទាត​ត្រូវ​។​

​ពួក​អ្នករស់នៅ​តំបន់​នោះបាន​រាយការណ៍​ថា ផ្ទះ​របស់គេ​រង្គើ​នៅពេល​រថយន្ត​ផ្ទុះ​នៅ​ម៉ោង​ប្រមាណ​១២:៥០​រសៀល​។​

​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីតាលី​ANSA​បាន​រាយការណ៍​អំពី​ការផ្ទុះ​ថា​បង្កឡើង​ដោយ​រថយន្ត​ដឹក​ហ្គាស ដែល​ផ្ទុះ​ដោយ​ការប៉ះទង្គិច​។​កម្លាំង​ផ្ទុះ​បណ្តាលអោយ​ស្ពាន​អាកាស​​មួយផ្នែក​បាក់​។​រថយន្ត​មួយចំនួន​នៅ​កន្លែង​ចត​រថយន្ត​ក៏បាន​ឆេះ​៕​ដោយ​៖​វាសនា

ការផ្ទុះ​បណ្តាលអោយ​អណ្តាតភ្លើង​ផុស​ឡើងលើ​និង​ផ្សែងហុយ​ដែល​អាច​អោយគេ​មើលឃើញ​ពី​ចម្ងាយ​រាប់គីឡូម៉ែត្រ​