ការផ្សះផ្សា​តាមរយៈ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​និស្សិត​កម្ពុជា​នៅក្នុង​ទឹកដី​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​

1141

ដោយ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ការសួរនាំ ការចែករំលែក និង​ការសិក្សា​ស្វែងយល់​រឿងរ៉ាវ​ពី​អតីតកាល គឺជា​ជំហាន​មួយ​ជួយ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ផ្នត់គំនិត ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​សម្រាប់​ប្រទេស​ក្រោយ​ជម្លោះ​។ ទោះបីជា​សង្គ្រាម​ដ៏​ឃោរឃៅ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ផុតរលត់​អស់​រយៈពេល​ប្រហែល​៤០​ឆ្នាំ​កន្លងទៅ​យ៉ាងណាក៏ដោយ ក៏​ការ​ស្អប់ខ្ពើម គំនុំ​គំ​គួ​ន និង​ភាពមិន​ទុកចិត្ត​គ្នា​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត ហើយ​ស្រមោល​អន្ធការ​ទាំងអស់​នៅតែ​បន្ត​លងបន្លាច​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន និង​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។

​នៅ​រវាង​ឆ្នាំ​១៩៧៥​ដល់ ១៩៧៩ ប្រទេស​កម្ពុជា បាន​ធ្លាក់ចូល​ក្នុង​របប​ដ៏​ឃោរឃៅ​មួយ​ដែល​យើង​ហៅថា​របប​ខ្មែរក្រហម ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ ប៉ុល ពត​។ ប៉ុល ពត គឺជា​មេដឹកនាំ​ម្នាក់ ដែល​បាន​ដឹកនាំ​ប្រទេស​ឈានទៅរក​ភាព​វិនាស​អន្តរាយ បង្ក​ឲ្យ​មានការ​កាប់សម្លាប់​ប្រជាជន​របស់​ខ្លួនឯង​អស់​ប្រហែល​២​លាន​នាក់​ក្នុង​រយៈពេល​ត្រឹមតែ​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។

ក្រុមនិស្សិតស្ម័គ្រចិត្តស្តាប់មគ

អន្លង់វែង គឺជា​ស្រុក​មួយ​ស្ថិតនៅក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា តាម​បណ្តោយ​ជួរ​ភ្នំ​ដងរែក ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ ហើយ​គឺជា​តំបន់​កាន់កាប់​ចុងក្រោយបង្អស់​របស់​ខ្មែរក្រហម មាន​បន្សល់ទុក​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន​បន្ទាប់ពី​សង្គ្រាម​។ ភាពស្ងប់ស្ងាត់ ភាពស្រស់ស្អាត​នៃ​ធម្មជាតិ រួមជាមួយ​ភាព​រីកចម្រើន​នៃ​ការអភិវឌ្ឍន៍​របស់​តំបន់​អន្លង់វែង​នាពេល​បច្ចុប្បន្ន បានធ្វើ​ឲ្យ​យើង​ស្ទើរតែ​មិន​ជឿថា​តំបន់​អន្លង់វែង ធ្លាប់ជា​ទីកន្លែង​ដែលមាន​រឿងរ៉ាវ​ជាច្រើន​បានកើត​ឡើង​ពី​អតីតកាល​។

​និស្សិត​ចំនួន​២០ នាក់ ដែល​កំពុង​សិក្សា​ផ្នែក​នីតិសាស្ត្រ​និង​រដ្ឋបាល​សាធារណៈ ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បានធ្វើ​ដំណើរ​ទស្ស​កិច្ច​សិក្សា​ទៅកាន់​ស្រុក​អន្លង់វែង ចាប់ពី​ថ្ងៃទី​១៦ កក្កដា ២០១៨ ដល់​១៩ កក្កដា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នាពេល​ថ្មីៗ​នេះ ក្នុង​គោលបំណង សិក្សា​ស្វែងយល់​ពី​រឿងរ៉ាវ​អតីតកាល ដែល​បាន​កើតឡើង​ក្នុងស្រុក​អន្លង់វែង​តាមរយៈ​ទីតាំង​ប្រវត្តិសាស្ត្រ និង​ប្រជាជន​នៅក្នុង​តំបន់​អន្លង់វែង ដើម្បី​អាចនឹងទទួល​បាន​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ និង​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​នាពេល​អនាគត​។ ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​អន្លង់វែង​នេះ បានធ្វើ​ឲ្យ​និស្សិត​ភាគច្រើន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​តំបន់​អន្លង់វែង និង​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់ខ្លួន​ទៅលើ​ប្រជាជន ក៏​ដូច​តំបន់​អន្លង់វែង​។ ក្នុងចំណោម​នោះ ក៏មាន​និស្សិត​មួយចំនួន​តូច​នៅតែមាន​ការយល់ឃើញ​ពី​ភាពអវិជ្ជមាន​មួយចំនួន​ចំពោះ​តំបន់​អន្លង់វែង ដោយសារតែ​តំបន់​នេះ បាន​បន្សល់ទុក​នូវ​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​ជាច្រើន ដែល​និស្សិត​ខ្លះ​មិនអាច​ទទួលយកបាន​។ ខាងក្រោម​នេះ ជាការ​ចែករំលែក​នូវ​ចំណាប់​អា​ម្មណ៍ និង​ការយល់ឃើញ​ចំពោះ​តំបន់​អន្លង់វែង​របស់​ក្រុមនិស្សិត​ទាំងអស់ ៖

​វី ថា​នី ៖ “​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ និង​សោកសង្រេង​ចំពោះ​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង ដែល​បានទទួល​រងគ្រោះ និង​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ខ្មែរក្រហម​អស់យ៉ាង​ច្រើន​។ នៅក្នុង​រយៈពេល​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា ខ្ញុំ​បាន​ទទួលបាន​បទពិសោធ​ន៍ និង​ចំណេះដឹង​ប្រវត្តិសាស្ត្រ​ជាច្រើន រួមទាំង​ការយល់ដឹង​ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​អន្លង់វែង​។ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​បន្តិច នៅពេល​ចុះ​ជួប​សម្ភាសន៍​ជាមួយ​ពូ​មីង​រស់នៅ​អន្លង់វែង ខណៈ​ពួកគាត់​មាន​អារម្មណ៍​ភ័យខ្លាច នៅពេល​ឃើញ​វត្តមាន​របស់​យើង​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ខ្ញុំ​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ជាច្រើន អម​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៃ​ទឹកដី​អន្លង់វែង បានធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់ប្ដូរ ទស្សនៈ​របស់ខ្ញុំ​ពីមុន​ចំពោះ​ប្រជាជន​រស់នៅ​អន្លង់វែង រួមទាំង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដែរ​”​។​

​ឃ​ន បុរី​រតនៈ​៖ ខាងក្រោម​នេះ ជា​មតិ​របស់ខ្ញុំ​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុក​អន្លង់វែង​៖
​នឹក​កាល​គ្រា​នៅ​អន្លង់វែង ខ្ញុំ​គ្មាន​ចំបែង​ក្នុង​ឱ​រ៉ា រៀនសូត្រ​ចេះដឹង​បាន​ប្រាជ្ញា ឯ​ម្ហូបអាហារ​ក៏​គ្រប់គ្រាន់​។ សាមគ្គី​សាម​គ្គា​ជា​ជោគជ័យ ពួកយើង​ឃ្មាតឃ្មី​ខំ​រួសរាន់ គ្រប់ៗ​រូបភាព​ថត​ចំណាំ ទុក​ផ្ដាំ​ញាតិមិត្ត​ទៅ​ថ្ងៃក្រោយ​។ អន្លង់វែង​ជាទី​ឋាន​ល្អ​ពិត ដិតដាម​ដក់​ជាប់ចិត្ត​ខ្ញុំ​ហើយ នៅក្នុង​ជាតិ​នេះ​បាន​ស្គា​ល់ហើយ អន្លង់វែង​អើយ​ចាំ​ខ្ញុំ​ផង​។ អន្លង់វែង​ប្រវត្តិ​ជូរចត់​ពិត មិនបាន​ប្រឌិត​នាំ​សៅហ្មង ខ្ញុំ​បាន​សាកសួរ​ទៅ​អ្នកផង រៀមច្បង​ក៏បាន​ជួយ​ណែនាំ​។ រៀន​បានដឹង​ពី​អន្លង់វែង ការពិត​ជាក់ស្ដែង​គឺ​ស៊ាំ​ញាំ អ្នក​អន្លង់វែង​ស៊ូទ្រាំ ទម្រាំ​បាន​ផុតពី​សង្គ្រាម​។ អន្លង់វែង​អើយ​ខ្ញុំ​នឹក​អ្នក វាយោ​ត្រជាក់​ដល់​ស​សៃ​ឈាម អន្លង់វែង​ដក់​ជាប់​បេះដូង​រៀម សង្ឃឹមថា​បាន​ទៅ​ម្ដងទៀត​”​។

​ស៊ីម គីម​ហាវ ៖ “​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ផង សប្បាយចិត្ត​ផង នៅពេលដែល​ខ្ញុំ​បាន​ចូលរួម​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អន្លង់វែង ព្រោះ​ខ្ញុំ​បាន​មើលឃើញ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៅ​អម​តាម​ដងផ្លូវ​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏មាន​អារម្មណ៍​ភ័យ​តិចតួច​ដែរ នៅពេលដែល​ខ្ញុំ​ធ្វើការ​សម្ភាសន៍​ជាមួយ​ប្រជាជន​ដែល​រស់នៅ​ក្នុងស្រុក​អន្លង់វែង ព្រោះ​ខ្ញុំ​មិន​ធ្លាប់ធ្វើ​ការសម្ភាសន៍​ពីមុនមក​ទេ​”​។

​តុ​ប ច័ន្ទ​រតនា ៖ ”​បន្ទាប់ពី​ខ្ញុំ​បាន​ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ស្រុក​អន្លង់វែង​រួចមក ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់ ទោះបីជា​ខ្ញុំ​ហត់​បន្តិច​ក៏ដោយ​។ ខ្ញុំ​សូម​អរគុណ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​បាន​បង្កើត​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ឡើង​។ ខ្ញុំ​បានទទួល​នូវ​បទពិសោធន៍​យ៉ាងច្រើន ដែល​ខ្ញុំ​មិន​ធ្លាប់មាន​ពីមុនមក​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​មគ្គុទេសក៍ ដែល​បានធ្វើ​បទ​បង្ហាញ​ពី​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទាំង​១៤​កន្លែង​ឲ្យ​ខ្ញុំ​បានដឹង និង​បាន​ស្គាល់​កាន់តែច្បាស់​ពី​កន្លែង​ទាំងអស់នោះ​”​។​

​ស្រ៊ឺ ពេញចិត្ត ៖ “​ខ្ញុំ​បានទទួល​ការសិក្សា​ស្វែងយល់​ជាច្រើន​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​ស្រុក​អន្លង់វែង និង​ការស្វែងរក​ការពិត ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង​ពីមុនមក​។ ប្រជាជន​ដែល​រស់នៅ​ក្នុងស្រុក​អន្លង់វែង បាន​ស្វាគមន៍​ដល់​ក្រុម​របស់ខ្ញុំ​យ៉ាង​កក់ក្ដៅ ដោយ​ស្នាមញញឹម ភាព​រួសរាយ​រាក់ទាក់ ហើយ​ថែមទាំង​បានផ្ដល់​បទ​សម្ភាស៍​ដល់​ក្រុម​ខ្ញុំ​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់គាត់​ក្នុង​របប​ខ្មែរក្រហម ។ លើសពីនេះ ខ្ញុំ​ក៏បាន​ទទួល​បទពិសោធ​ន៍​ជាច្រើន ដូចជា វី​ធី​សាស្ត្រ​នៃ​ការទំនាក់ទំនង​ជាមួយ​អ្នកភូមិ ការរៀន​ថត​វី​ឌី​អូ ការចូលរួម​ដាំ​ដើមឈើ​នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ហើយ​ថែមទាំង​បាន​ស្គាល់​តំបន់​ប្រវត្តិសាស្ដ្រ​ទាំង​១៤​កន្លែង នៅក្នុង​ស្រុក​អន្លង់វែង ដែល​បាន​បន្សល់ទុក​ពី​របប​ខ្មែរក្រហម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្ញុំ​បានទទួល​ចំណេះដឹង​បន្ថែម​អំពី​ការដឹកនាំ​របស់​មេដឹកនាំ​ខ្មែរក្រហម​ដូចជា ប៉ុល ពត តា​ម៉ុក ខៀវ សំផន សុន សេន ដែល​ខ្ញុំ​មិន​ធ្លាប់​បានដឹង​ច្បាស់​ពីមុនមក ។ ចំណែកឯ ការធ្វើដំណើរ ការហូបចុក និង​ការ​ស្នាក់នៅ​វិញ គឺ​ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ព្រោះ​ខ្ញុំ​បានទទួល​ការយកចិត្តទុកដាក់​ពី​លោកនាយក​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង​គឺ​បង លី សុខ​ឃាង និង ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​សន្ដិភាព​អន្លង់វែង ។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់ បង ស៊ា​ង ចិន្តា ជា​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ទូរ​សព្ទ​សួរសុខទុក្ខ និង​យកចិត្ត​ទុក​យ៉ាងខ្លាំង​មកលើ​រូបខ្ញុំ​ក៏ដូចជា​មិត្តភក្តិ​របស់ខ្ញុំ​ដែរ​”​។

​រ៉េត ម៉េង​ហៃ ៖ “​សម្រាប់​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្ស​ជាខ្លាំង​ដែល​បាន​ចូលរួម​ជាមួយ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ម​ជ្ឈ​ណ្ឌ​ល​សន្តិភាព​អន្លង់វែង​”​។

​ព្រំ គិត​ម៉ាន់ ៖ “​ខ្ញុំ​មាន​អារម្មណ៍​ថា ទោះបីជា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុក​អន្លង់វែង ជា​បទពិសោធន៍​នៅក្នុង​សង្គម​លើកដំបូង​របស់ខ្ញុំ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជាការ​ចងចាំ​ជា​រៀងរហូត​របស់ខ្ញុំ​ដែរ​”​។

​មុត ច័ន្ទ​រី​ណា ៖ “​សម្រាប់​ខ្ញុំ​អត់​មាន​បញ្ហា​អ្វី​ទេ​ជាមួយ​ទស្សនកិច្ច​សិក្សា​នេះ ទាំង​ការ​ស្នាក់នៅ ម្ហូបអាហារ គឺ​សុទ្ធតែ​ល្អ​។ អ្នកភូមិ ដែល​រស់នៅ​ក្នុងស្រុក​អន្លង់វែង សុទ្ធតែ​រួសរាយ​និង​សប្បាយចិត្ត នៅពេល​បានឃើញ​ក្រុមនិស្សិត​ទៅ​ទស្សនកិច្ច​ភូមិ​របស់គាត់​។ ចំពោះ​ចំណេះដឹង​វិញ ខ្ញុំ​ទទួលបាន​ជាច្រើន រួមមាន​ប្រវត្តិសាស្ត្រ ដែល​ខ្ញុំ​ពុំ​ធ្លាប់បាន​រៀន និង​ចំណេះដឹង​អំពី​របៀប​នៃ​ការថត ការសរសេរ ក៏ដូចជា​ការបង្កើត​ទំនាក់ទំនង ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ដាំ​កូនឈើ​នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ សរុប​ជារួម ខ្ញុំ​ទទួលបាន​បទពិសោធន៍ ថ្មី​យ៉ាងច្រើន ហើយ​សប្បាយចិត្ត​ណាស់​តាំងពី​ធ្វើដំណើរ​ចេញទៅ​ស្រុក​អន្លង់វែង​រហូត​ត្រឡប់មកផ្ទះ​វិញ​។ ចំពោះ​សុខភាព ខ្ញុំ​មាន​អាការ​ឈឺក្បាល និង​ផ្តាសាយ​បន្តិចបន្តួច ដោយសារតែ​ខ្ញុំ ធ្វើដំណើរ​ហត់ និង​គេង​មិនសូវ​បាន​ច្រើន​ដោយសារតែ​ប្លែក​កន្លែង​។ ម្យ៉ាងទៀត អាកាសធាតុ​នៅ​តំបន់​អន្លង់វែង ត្រជាក់​ណាស់​ហើយ​មាន​ភ្លៀង​ច្រើនជាង​នៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​មិនបាន​គិតថា​កត្តា​ទាំងនេះ​ជា​បញ្ហា​ចោទ​នោះទេ តែ​ផ្ទុយទៅវិញ ខ្ញុំ​គិតថា​បញ្ហា​ទាំងអស់នេះ​គឺជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ខ្ញុំ​”​។​

​សៀ គីម​ចេង​៖ “​បន្ទាប់ពី​ខ្ញុំ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ស្រុក​អន្លង់វែង​រួចមក ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ​ទោះបីជា​ហត់​ក្នុងការ​ធ្វើដំណើរ​បន្តិច​ក៏ដោយ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​សូម​អរគុណ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ដែល​បាន​បង្កើត​នូវ​ទស្សនកិច្ច​នេះ​ឡើង សម្រាប់​ឲ្យ​សិស្ស ក៏ដូចជា​និស្សិត​ជំនាន់​ក្រោយ​ដូច​ក្រុម​របស់ខ្ញុំ​ទទួលបាន​នូវ​បទពិសោធន៍​ជាច្រើន ដែល​ពីមុនមក​ខ្ញុំ​មិន​ធ្លាប់បាន​ចូលរួម​។ លើសពីនេះ ខ្ញុំ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដោយផ្ទាល់ តាមរយៈ​ការចុះ​សម្ភាសន៍​ជាក់ស្តែង​ជាមួយ​ប្រជាជន​នៅតាម​តំបន់​នោះ​។ ការសិក្សា​ពី​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង និង​ការដាំ​ដំណាំ​ដូចជា សណ្តែក និង​ពោត ដែល​ទិដ្ឋភាព​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​បំភ្លេច​មិនបាន​ឡើយ​។ ទោះបីជា​យ៉ាងណា ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ម​គ្គុ​ទ្ទេស​ក៏ ដែល​បានធ្វើ​បទ​បង្ហាញ​ពី​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង​ឲ្យ​ខ្ញុំ​បានដឹង និង​បាន​ស្គាល់​។ អ្វី​ដែលជា​កត្តា​សំខាន់​នោះ គឺ​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មកកាន់​និស្សិត​ទាំងអស់ ហើយ​ខ្ញុំ​សង្ឃឹមថា បើ​មានឱកាស​ក្រោយ​ទៀត​ខ្ញុំ​រីករាយ​ក្នុងការ​សហការ​និង​ចូលរួម​ជាមួយ​ក្រុមការងា​រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទៀត​។

​ជីប ស​ត្ថា​វី ៖ “​បន្ទាប់ពី​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ទៅកាន់​ស្រុក​អន្លង់វែង​រួចមក ខ្ញុំ​ទទួលបាន​ចំណេះដឹង​ជាច្រើន​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ក៏ដូចជា​ស្រុក​អន្លង់វែង​ផ្ទាល់ និង​ទទួលបាន​បទពិសោធន៍​ពី​ការធ្វើដំណើរ​នេះ​យ៉ាងច្រើន​។ ទោះបីជា​ខ្ញុំ​មាន​ជំងឺ​ផ្ដាសាយ​តិចតួច ព្រោះតែ​សុខភាព​របស់ខ្ញុំ​ខ្សោយ ប៉ុន្តែ​ខ្ញុំ​នៅតែ​សប្បាយចិត្ត​ជាមួយនឹង​ការធ្វើដំណើរ​មួយ​នេះ​។ ជា​ចុងក្រោយ​ខ្ញុំ​សូម​អរគុណ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ឱកាស​ដ៏​កម្រ​មួយ​នេះ និង អរគុណ​ជាខ្លាំង​ដល់​បងៗ​ក្រុមការងារ ដែល​មើល​ការខុសត្រូវ និង​មើលថែ​ដល់​ខ្ញុំ​ផ្ទាល់​នៅ​ទីនោះ​បាន​យ៉ាង​ល្អ​”​។

​ទួន រក្សា ៖”​ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​សប្បាយរីករាយ​ណាស់​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង ព្រោះ​ខ្ញុំ​បាន​យល់ដឹង​ច្រើន​ពី​រឿងរ៉ាវ​ទាក់ទង​នឹង​តំបន់​អន្លង់វែង​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​គឺ​ការរស់នៅ​របស់​ប្រជាជន​នៅ​ទីនោះ ព្រោះ​គាត់​បាន​រៀបរាប់​ពី​ជីវប្រវត្តិ​របស់គាត់​ពីមុន​សម័យ​ខ្មែរក្រហម​មកដល់​បច្ចុប្បន្ន​”​។

​សឿន ចាន់​ថេ​ង ៖ “​សម្រាប់​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​សន្តិភាព​អន្លង់វែង ចាប់តាំងពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេល​កន្លងមកនេះ​។ ចំណែកឯ​ការធ្វើដំណើរ ការហូបចុក និង​ការ​ស្នាក់នៅ​គឺ​ល្អ​ខ្លាំងណាស់ ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​នឹកស្មាន​មិន​ដល់ ព្រោះ​មុនពេល​ដែល​ខ្ញុំ​ទៅដល់​ស្រុក​អន្លង់វែង ខ្ញុំ​បាន​គិតថា តើ​ខ្ញុំ​នឹង​អាច​ទៅ​ស្នាក់​នៅផ្ទះ​ដែល​នៅក្នុង​ព្រៃ ហើយ​ជា​កន្លែង​ស្ងាត់​មិនសូវមាន​មនុស្ស​រស់នៅ​ដែរឬទេ​? ប៉ុន្តែ​អ្វីៗ​ខុសពី​ការគិត​ទាំងស្រុង​របស់ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​ដល់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ផ្ដល់ឱកាស​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ជាច្រើន​មកកាន់​ខ្ញុំ​ក៏ដូចជា​ក្រុមនិស្សិត​ទាំងអស់ ហើយក៏​សូម​អរគុណ​ដល់​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​មកលើ​ក្រុមនិស្សិត​ទាំងអស់គ្នា អរគុណ​!”​។​

​ពៅ ដេ​យ​វិ​ន ៖ “​បន្ទាប់ពី​បាន​ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​អស់​រយៈពេល ៤​ថ្ងៃ ៣​យប់​ទៅកាន់​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត និង​រីករាយ​យ៉ាងខ្លាំង ទាំង​ការហូបចុក ទាំង​ការ​ស្នាក់នៅ ការធ្វើដំណើរ​កម្សាន្ត និង​ជាពិសេស​បានទទួល​បាន​ចំណេះដឹង​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ប្រទេស​កម្ពុជា នៅក្នុង​ស្រុក​អន្លង់វែង​។ លើសពីនេះ ខ្ញុំ បានទទួល​បទពិសោធ​ន៍​យ៉ាង​ថ្មីស្រឡាង​មួយ​គឺ ការសម្ភាសន៍​ប្រជាជន​អំពី​ប្រវត្តិ​នៃ​ការឆ្លងកាត់​របប​ខ្មែរក្រហម​របស់គាត់​។ ខ្ញុំ​មាន​អារម្មណ៍​ថា​នឹក​ទីកន្លែង​នោះ​ខ្លាំងណាស់ ទោះបីជា​ខ្ញុំ​បាន​ត្រឡប់មក​ភ្នំពេញ​វិញ​ក៏ដោយ នឹក​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​ការងារ​ជា​ក្រុម ជាមួយ​មិត្ត​រួម​ថ្នាក់ និង​ថែមទាំង​នឹក​ទេសភាព និង​បរិយាកាស​នៅក្នុង​ស្រុក​អន្លង​វែង​ដែរ​”​។

​ខុម គីម​រ៉ា ៖ “​ខ្ញុំ​ចង់​និយាយថា អន្លង់វែង មាន​សម្រស់​ស្រស់ស្អាត ជាមួយ​ប្រវត្តិសាស្ត្រ​ជាច្រើន​”​។

​ស៊ីម រ៉ា ៖ ”​អ​ត្មា​ភាព ពិតជា​មានចិត្ត​រំភើប​រីករាយ​ណាស់ ដែល​បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​សហគមន៍​អន្លង់វែង សូម​អរគុណ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​អាត្មាភាព​ចូលរួម​ដំណើរ​ទស្សនកិច្ច​មួយ​នេះ ដែល​អាត្មាភាព​ទទួលបាន​បទ​ពិសោធន៍ និង​ចំណេះដឹង​ប្រវត្តិសាស្ត្រ​ជាច្រើន​”​។

​រ៉ឹ​ម សុខ​ខេង ៖ ”​ខ្ញុំបាទ ឈ្មោះ រ៉ឹ​ម សុខ​ខេង ចង់បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្ញុំ​ទៅលើ​ដំណើរ​ទស្សនកិច្ច​សិក្សា​សម្រាប់​រយៈពេល​៤​ថ្ងៃ ទៅកាន់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ អន្លង់វែង​គឺជា​ទីកន្លែង​ដែលមាន​សម្រស់​ធម្មជាតិ​ដ៏​ស្អាត ផ្សាភ្ជាប់​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​។ យើង​ពេញ​ចិត្តនឹង​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​គ្រប់ៗ​គ្នា ជាមួយ​ស្នាមញញឹម​។ ខ្ញុំ​បាន​ទៅ​កន្លែង​ជាច្រើន​នៅក្នុង​ស្រុក​ខ្មែរ ប៉ុន្តែ​អន្លង់វែង​បានធ្វើ​ឲ្យ​ខ្ញុំ​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​របស់​យើង និង​ទឹកដី​ទល់ដែន​មួយ​នេះ​ពោរពេញ​ទៅដោយ​សម្រស់​ធម្មជាតិ ដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន​ពី​សកម្មភាព​ដែល​ខ្ញុំ​បានធ្វើ​នៅក្នុង​ស្រុក​អន្លង់វែង​បាន​។ រយៈពេល​៤​ថ្ងៃ ខ្ញុំ​ពេញចិត្ត ក្នុងការ​សិក្សា ការធ្វើការងារ​ជា​ក្រុម ដោយ​ស្នាមញញឹម​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ការធ្វើដំណើរ​ទស្សនកិច្ច​របស់​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង បានធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ពិសេស​ដូចជា កា​ស្វែងយល់​ពី​ទីតាំង​របស់​ប្រវត្តិសាស្ត្រ និង ការរស់នៅ​របស់​ប្រជាជន​មូលដ្ឋាន​” ។

​ទឹម ពន្លឺ ៖ ”​ការចុះ​កម្មសិក្សា​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​វា​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ ហើយ​តាមរយៈ​បទពិសោធន៍​នេះដែរ បាន​ជួយ​ឲ្យ​ខ្ញុំ​កាន់តែ​យល់ច្បាស់​ពី​របប​ខ្មែរក្រហម​ដែល​បាន​កើតឡើង​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩​។ ចំពោះ​ការ​មើលថែ និង​យកចិត្តទុកដាក់​ពី​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ពិតជា​ល្អ​ណាស់ ទាំង​ការហូបចុក និង​ការ​ស្នាក់នៅ ។ ចុងក្រោយ​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការយកចិត្តទុកដាក់​ចំពោះ​ក្រុមនិស្សិត​យើងទាំងអស់គ្នា​”​។

​ឈួន ចំប៉ី ៖ ”​ខ្ញុំបាទ​ឈ្មោះ ឈួន ចំប៉ី​។ ចំពោះ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុក​អន្លង់វែង ខ្ញុំ​មិន​យល់ថា​ជា​កន្លែង​សប្បាយ​បន្ដិច​សោះ បានតែ​នាំ​ភាព​ក្រៀម​គ្រាំ​ខ្លោចផ្សា ស្រណោះ​ឈាមជ័រ​ខ្មែរ ធ្លាប់​រត់លូន ដេក​តែ​ក្នុងព្រៃ​គ្មានអ្វី​បរិភោគ ហូប​បានតែ​ស្លឹកឈើ ដេក​ព្រួយ ដេក​ខ្លាច គ្មាន​ថ្ងៃ​ណា​ភ្លេច លាក់​ឈ្មោះ​លាក់​ប្រវត្តិ​។ ពេល​ក្រុមនិស្សិត​យើង​ធ្វើដំណើរ​ទៅដល់​ជិត​ផ្ទះ​របស់​ប្រជាជន​ដើម្បី​ធ្វើ​សម្ភាសន៍ គាត់​បាន​ជិះ​កង់​ជៀស​ចេញ អ្នកខ្លះ​ថា​ចាំ​មិនបាន មិន​ស្គាល់ និង​មិន​លំបាក​អ្វី​ឡើយ​ក្នុង​របប​ខ្មែរក្រហម​។ ក្រុមនិស្សិត​របស់​យើង​ចង់ដឹង​រឿង​ពិត តែ​បែរជា​និយាយ​រឿង​មិន​ពិត​ឲ្យ​យើង​ស្ដាប់ ដោយ​សង្ស័យថា​យើង​ជា​អ្នកយកការណ៍​នយោបាយ ។ ប្រជាជន​ហាក់បីដូចជា​មិន​ចង់​និយាយប្រាប់​ក្រុមនិស្សិត​របស់​យើង​ឡើយ​។ ខ្ញុំ​ពិតជា​អាសូរ​គាត់​ណាស់​។ តើ​សប្បាយ​ត្រង់ណា​នៅពេល​ឃើញ ១)​កន្លែង​ដុត​ខ្មោច​របស់ ប៉ុល ពត ២)​ទីតាំង​បូជាសព​របស់ សុន សេន និង​គ្រួសារ ៣)​ផ្នូរ​របស់​តា​ម៉ុក ដែល​មិន​ហ៊ាន​សរសេរ​សូម្បីតែ​ឈ្មោះ​។ តើ​ក្រុមនិស្សិត​របស់​យើង​នឹង​អាចជួយ​អ្វី​បាន​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុងស្រុក​អន្លង់វែង​? គិត​ឃើញ​អ្វី​? ទស្សនកិច្ច​សិក្សា​នេះ​ល្អ​ហើយ តែ​ខុសពេល​បន្តិច ហើយក៏​មិនមាន​អ្វី​ធ្វើ​ឲ្យ​អន្លង់វែង​ចាប់ចិត្ត​យើង​ដែរ​។ សម្រាប់​ខ្ញុំ ទោះបីជា​គិត​ឃើញ ក៏​មិន​ប្រាកដថា​ធ្វើបាន​ដែរ​។ ខ្ញុំ​ក៏​មិនអាច​ភ្លេចគុណ​អ្នកគ្រូ សៀវ​ម៉ី និង​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​ចេះ​គិត​ដែរ​។​

​រិ​ន ម៉ា​លីន ៖ “​ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគ្រូ ជា សៀវ​ម៉ី អរគុណ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​បានផ្ដល់​ពេលវេលា​ដ៏​មានតម្លៃ និង​ការ​មើលថែ ការយកចិត្តទុកដាក់​បំផុត​។ បន្ទាប់ពី​ខ្ញុំ​បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ស្រុក​អន្លង់វែង​រួចមក ខ្ញុំ​ពិតជា​ទទួលបាន​បទពិសោធ​ន៍​ជាច្រើន ដែល​ខ្ញុំ​មិន​ធ្លាប់​បានដឹង ស្គាល់ និង​ជួបប្រទះ​ពីមុនមក​។ ខ្ញុំ​សូម​អរគុណ​ដល់​បងៗ​ម​គ្គុ​ទេស​ក៏​អន្លង់វែង ដែល​បានធ្វើ​បទ​បង្ហាញ​ពី​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង​ឲ្យ​ខ្ញុំ​បាន​ស្គាល់ និង​ដឹង​ពី​តំបន់​នីមួយៗ​នៅ​ទីនោះ​។ ជាពិសេស​ទៅទៀត​នោះ ខ្ញុំ​សូម​អរគុណ​ប្រជាជន​នៅ​តំបន់​អន្លង​វែង​ទាំងពីរ​ឃុំ​ដែល​បានផ្ដល់​បទសម្ភាសន៍​ពី​ដំណើរ​ប្រវត្តិ​តស៊ូ​របស់ខ្លួន​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹងបាន​កាន់តែច្បាស់​លាស់​ពី​ប្រវត្តិ​ដ៏​ជូរចត់​នា​សម័យ​នោះ​។ ជា​ចុងក្រោយ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប និង​មាន​មោទនភាព​ទៅលើ​ប្រទេស​កម្ពុជា​នាពេល​ប​ច្ច​ប្បន្ន និង​មានការ​សោកស្ដាយ​ជាខ្លាំង​ទៅលើ​សោកនាដកម្ម​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មិនគួរ​ឲ្យ​កើតឡើង​ទាល់តែសោះ​។ ដូច្នេះ​យើង​គួរ​ចូលរួមចំណែក​ថែរក្សា​ការចងចាំ​នៃ​កេរដំណែល​របស់​ខ្មែរក្រហម និង​ស្ដា​ឡើងវិញ​នូវ​អ្វីដែល​បាន​បាត់បង់​ដើម្បី​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេសមួយ​ដែល​រុងរឿង និង​មាន​វឌ្ឍនភាព​នៅក្នុង​សកលលោក​”​។

​សេន គីម​ឡាង ៖ “​អរគុណ​បង​សម្រាប់​សំណួរ​ដ៏​ល្អ​មួយ​នេះ សម្រាប់​ខ្ញុំ​ផ្ទាល់​ក្រោយពី​បាន​ទៅ​ទស្សនកិច្ច នៅ​តំបន់​អន្លង់វែង​រួចមក បានធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ ជាច្រើន ក្នុង​ការធ្វើ​កិច្ចការងារ​ជា​ក្រុម និង​បាន​យល់ដឹង​ច្រើនជាង​មុន​ទាក់ទង​ទៅនឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួមចំណែក​មួយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នេះ ហើយក៏​សូម​អរគុណ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​បង្កើត​ឲ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា​មួយ​នេះ​ឡើង ដែល​នេះ​ជា​ឱកាស​មួយ​បាន​ជួយ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​។ ខ្ញុំ​សូម​អរគុណ​ក្រុមការងារ​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​”៕

ក្រុមនិស្សិតស្ម័គ្រចិត្តមជ្ឈមណ្ឌ