ការផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត តាមរយៈ​ទស្សនា​ល្ខោននិយាយ​

659
ចែករម្លែក
  • 40
    Shares

​ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​សម្តែង​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៩​នេះ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។

ចំពោះ​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នាពេលនេះ គឺ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​ទទួលបាន​ប្រយោជន៍​ពី​ស្នាដៃ​នេះ តាមរយៈ​ការ​ប្រឈម​ចំពោះ​បញ្ហា​នានា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង​ដែល​បាន​កើតមានឡើង​។ ប្រជាជន​កម្ពុជា​ទទួល​បាន​ឱកាស​ក្នុងការ​លើកឡើង​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន នៅមុន​និង​ក្រោយពេល​នៃ​ការសម្តែង​ល្ខោននិយាយ​។ សកម្មភាព​នេះ​ក៏​ផ្តល់​ជា​ជំនួយ​ដល់​ប្រជាជន​កម្ពុជា ក្នុងការ​ស្វែងរក​វិធីសាស្ត្រ​សម្រាប់​បំពេញ​ដំណើរការ​នៃ​ការផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត ក៏ដូចជា​វិធីសាស្ត្រ​ដទៃទៀត​ក្នុងការ​បន្តដំណើរ​ឆ្ពោះ​ទៅមុខទៀត​។ ខាងក្រោម​នេះ គឺជា​ចំណាប់អារម្មណ៍​របស់​តួ​សម្តែង​ក្នុង​ល្ខោននិយាយ គរុ​សិស្ស និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដោយ​លើកឡើង​ពីអ្វី​ដែល​គាត់​យល់ឃើញ​ពីមុន និង​ក្រោយ​ការសម្តែង និង​ទស្សនា​៖

រូបទី១ សិល្បៈករ ណេន ភារិទ្ធ កំពុងហាត់សមសម្ដែងល្ខោននិយាយ ទម្លាយភាពស្ងៀមស្ងាត់ (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

•​ ​តួ​សម្តែង​
​ណេ​ន ភា​រិ​ទ្ធ អាយុ​២៩​ឆ្នាំ គឺជា​តួ​សម្តែង​ថ្មី ដែល​សម្តែង​ក្នុង​ឈុត​ចំនួន​៧​ក្នុងចំណោម​ឈុត​ទាំង​៨​នៃ​ល្ខោន​ទម្លាយ​ភាព​ស្ងៀមស្ងាត់​ទាក់ទង​នឹង​កម្ម​ពារ និង​ដំណើរការ​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម ដែល​ហៀបនឹង​បញ្ចប់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ ភា​រិ​ទ្ធ បាន​លើកឡើងថា « ខ្ញុំ​គឺជា​តួ​សម្តែង​ថ្មី​ទាក់ទង​នឹង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ហើយក៏​ទើបតែ​សម្តែង​ជា​លើក​ទី​២ នៅ​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ លើកទីមួយ​នៃ​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ខ្ញុំ​ពិតជា​មានការ​លំបាក និង​មានការ​ភិតភ័យ​ខ្លាំងណាស់ ប៉ុន្តែ​ក្នុងនាម​ខ្ញុំ​គឺជា​សិល្បករ​មួយរូប ខ្ញុំ​ត្រូវតែ​ខិតខំ​ព្យាយាម​ស្វែងយល់​អំពី​សាច់​

​រឿង និង​ត្រូវ​ព្យាយាម​យល់​ពី​អ្នកដឹកនាំ​រឿង ថា​តើ​អ្នកដឹកនាំ​ត្រូវការ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច​។ ជា​លទ្ធផល ខ្ញុំ​ក៏​អាច​សម្រេចបាន​ពី​ការសម្តែង​របស់ខ្ញុំ ទោះបី​ជាមាន​កំហុស​ខុសឆ្គង​បន្តិចបន្តួច​ពី​ការសម្តែង​របស់ខ្ញុំ​ក៏ដោយ​។ វា​គឺជា​បទពិសោធន៍​ដំបូង​របស់ខ្ញុំ ដែល​ត្រូវតែ​ធ្វើការ​សិក្សា​ស្វែងយល់​បន្ថែម​ពី​កំហុសឆ្គង​ទាំងនោះ ដើម្បី​យកមក​អភិវឌ្ឍន៍​នៃ​ការសម្តែង​របស់ខ្ញុំ​នៅពេល​ក្រោយៗ​តទៅទៀត​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។
​ភា​រិ​ទ្ធ បាន​បន្ថែមថា «​សម្រាប់​ខ្ញុំ​ដែលជា​ក្មេងជំនាន់ក្រោយ​កើត​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ វា​ពិតជា​ពិបាក​យល់​ខ្លាំងណាស់​អំពី​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ បន្ទាប់ពី​ខ្ញុំ​បាន​ចូលរួម​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នេះ បានធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់តែច្បាស់ និង​ទទួលបាន​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តាមរយៈ​ការសម្តែង​របស់ខ្ញុំ​។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា តាមរយៈ​ការសម្តែង ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នឹង​ជួយ​ឆ្លុះបញ្ចាំង​អំពី​រូបភាព​មួយ​នៃ​របប​ខ្មែរក្រហម ទៅកាន់​សាធារណជន​អ្នកទស្សនា ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​ទទួលបាន​ចំណេះដឹង​ពី​ល្ខោននិយាយ​នេះ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​»​។ ភា​រិ​ទ្ធ បាន​បញ្ជាក់ថា «​ខ្ញុំ​ពិតជា​មាន​មោទកភាព​ខ្លាំងណាស់ ចំពោះ​តួអង្គ​ដែល​ខ្ញុំ​កំពុង​សម្តែង ព្រោះ​តួអង្គ​នេះ ខ្ញុំ​ហាក់បីដូចជា​តំណាង​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ទូទាំងប្រទេស ដែល​ធ្លាប់តែ​បានឮ​ពីរ​បប​ខ្មែរក្រហម​តាមរយៈ​ឪពុកម្តាយ​និយាយប្រាប់ ចាស់ទុំ ឬ​ការសិក្សា​។ ពីព្រោះ​តួអង្គ​នេះ បាន​ឆ្លុះ​បង្ហាញ​ពី​ក្មេងជំនាន់ក្រោយ កំពុងតែ​មានការ​ងឿងឆ្ងល់​ថា «​ហេតុអ្វី​បានជា​របប​ខ្មែរក្រហម​កើតឡើង​» «​តើ​ហេតុអ្វី​បានជា​អ្នក​រស់រានមានជីវិត​នៃ​របប​ខ្មែរក្រហម មិន​ព្រម​និយាយ​ការពិត​ទៅកាន់​ក្មេងៗ​ជំនាន​ន់​ក្រោយ​ឲ្យ​បានដឹង​»​។

•​ ​អ្នកលេង​ភ្លេង​
​អៀង ស​កុ​ណា អាយុ​៣៤​ឆ្នាំ គឺជា​តួអង្គ​លេងភ្លេង បាន​ឲ្យ​ដឹងថា « ខ្ញុំ​បាន​ចូលរួម​សម្តែង​នៅ​អ​ម្រឹ​តា​សិល្បៈ អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកហើយ​។ មុន​ការចូល​សម្តែង
​ខ្ញុំ​ក៏​ធ្លាប់​បានឮ​ពីរ​បប​ខ្មែរក្រហម​តាមរយៈ​ពុក​ម្តាយ​របស់ខ្ញុំ​និយាយប្រាប់ ពី​ហេតុការណ៍​ដែល​ធ្លាប់បាន​កើតឡើង​នៅក្នុង​អំឡុង​ពេលដែល​ខ្មែរក្រហម​កាន់អំណាច​។ ម្តាយ​ខ្ញុំ​បាន បាត់បង់​សាច់ញាតិ​បងប្អូន​អស់​ជាច្រើន​នាក់ រួមទាំង​ឪពុកម្តាយ​របស់គាត់​ផងដែរ​។ នៅពេលនោះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខឹងសម្បារ​ខ្លាំងណាស់ បន្ទាប់ពី​ខ្ញុំ​បានឮ​ដូចនេះ ព្រោះ​ខ្ញុំ​ចង់ឃើញ​មុខ​ជីដូន​ជីតា ជាពិសេស​មីងមា​ឬ​អ៊ំ​ពូ​មីង​របស់ខ្ញុំ​។​

រូបទី២ អៀង សកុណា (កណ្ដាល) កំពុងលេងភ្លេងនៅក្នុងការសម្ដែងល្ខោននិយាយ ទម្លាយភាពស្ងៀមស្ងាត់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ ​ក្រោយមកទៀត ខ្ញុំ​ក៏បាន​ចូលធ្វើការ​នៅក្នុង​អ​ម្រឹ​តា​សិល្បៈ និង​បាន​ចូលរួម​លេងភ្លេង​អំពី​រឿងល្ខោន​និយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នេះ បានធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់តែ​ច្រើនឡើង​នៃ​របប​ខ្មែរក្រហម តាមរយៈ​ការសម្តែង​ល្ខោននិយាយ​របស់​តួអង្គ​នីមួយៗ ដែល​បានបង្ហាញ​ពី​រឿងរ៉ាវ​ពិត​ធ្លាប់បាន​កើតឡើង​។ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ផ្សះផ្សា​ជម្លោះ​រវាង​កម្មាភិបាល​ខ្មែរក្រហម និង​ជនរងគ្រោះ​។ ខ្ញុំ​ក៏​សង្ឃឹម​ផងដែរ​ថា ល្ខោននិយាយ​នេះ គឺជា​ផ្នែក​មួយ​ជួយ​ដល់​ក្មេងជំនាន់ក្រោយ ក្នុងការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដើម្បី​ជៀសវាង​កុំ​ឲ្យ​កើតមានឡើង​ប្រវត្តិសាស្ត្រ​ដ៏​សាហាវយង់ឃ្នង​បែបនេះ​សារជាថ្មី​។ ស​កុ​ណា បាន​បញ្ជាក់ថា «​ពីមុនមក​ខ្ញុំ​ក៏​ធ្លាប់មាន​ផ្នត់គំនិត​ស្អប់ខ្ពើម​ខ្មែរក្រហម​ដែរ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​បាន​ចូលរួម​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ជាច្រើនលើក​ច្រើនសា​រក​ន្ល​ង​មក បានធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​របស់ខ្ញុំ ដោយ​ខ្ញុំ​យល់ឃើញថា ការ​គុំ​គួ​ន និង​ការ​ចងគំនុំ គឺ​វា​គ្មាន​លទ្ធផល​ល្អ​សម្រាប់​នរណាម្នាក់​ទេ ប៉ុន្តែ​យើង​ក៏​មិនត្រូវ​បំភ្លេចចោល​នូវ​ប្រវត្តិសាស្ត្រ​មួយ​នេះដែរ ផ្ទុយទៅវិញ​គឺ​យើង​ត្រូវធ្វើ​ការសិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ដើម្បី​ចងក្រង​រក្សា​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​សម្រាប់​ក្មេងជំនាន់ក្រោយ​បានដឹង​។ យ៉ាងណាមិញ ក្នុង​បរិបទ​នោះ គ្មាន​ប្រជា​ជនណាម្នាក់​ចង់​ឲ្យ​កើតមាន​ហេតុការណ៍​បែបនេះ​កើតឡើង​ទេ ប៉ុន្តែ​ដោយសារតែ​របប​នយោបាយ និង​បរិបទ​សង្គម បានប្រែក្លាយ​មនុស្ស​ទៅជា​អា​តា្ម​និយម លេង​ស្គាល់​ឪពុកម្តាយ​បងប្អូន លេង​ស្គាល់​បុណ្យ​បាប និង​លេង​ស្គាល់​ញាតិមិត្ត​ជាដើម​។ ខ្ញុំ​ក៏​សង្ឃឹមថា ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នេះ នឹង​ជួយ​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នឹង​ចែករំលែក​អំពី​បទពិសោធ​ន៍​ជីវិត​របស់ខ្លួន​ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​បានដឹង​»​។

•​ ​គរុ​សិស្ស​
​អ៊ូ វ៉ាន់​នី អាយុ​២១​ឆ្នាំ គឺជា​គរុ​សិស្ស​ឆ្នាំ​ទី​១ ជំនា​ន់ទី​២៩ ឯកទេស​ប្រវត្តិ​ភូមិ នៃ​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។ វ៉ាន់​នី បាន​រៀបរាប់ថា «​កាលពីមុន​ខ្ញុំ​ធ្លាប់​បានឮ​របប​ខ្មែរក្រហម​តាមរយៈ​ចាស់ទុំ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​ខ្ញុំ​និយាយប្រាប់​ខ្ញុំ​ថា នៅ​ខែមេសា ឆ្នាំ​១៩៧៥ គឺជា​ពេលវេលា​មួយ​ដែល​ខ្មែរក្រហម​បាន​ដឹកនាំ​ប្រទេស​។ ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ហួសកម្លាំង​ទៅតាម​តម្រូវការ​របស់ខ្លួន ប្រសិនបើ​មាន​ប្រជាជន​មួយណា​គេចវេះ​ពី​ការងារ ឬ​ប្រឆាំងនឹង​ខ្មែរក្រហម​ដែល​ដាក់​បញ្ជា​មក ប្រជាជន​នោះ​នឹង​ត្រូវបាន​ខ្មែរក្រហម​យកទៅ​រៀនសូត្រ ឬ​ធ្វើ​ទារុណកម្ម​ជាដើម​។ មិនតែប៉ុណ្ណោះ វាន់​នី ក៏​ធ្លាប់បាន​យល់ដឹង​នៃ​របប​ខ្មែរក្រហម​តាមរយៈ​ការសិក្សា​របស់ខ្លួន​កាលពី​រៀន​នៅ​វិទ្យាល័យ​ផងដែរ​។ វ៉ាន់​នី បាន​បញ្ជាក់ថា «​ខ្ញុំ​ធ្លាប់បាន​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ឆ្នាំ​១៩៧៥-១៩៧៩) និង​ធ្លាប់​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ម្តងម្កាល​ដែរ​។ ដូច្នេះ បានធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ពីរ​បប​ខ្មែរក្រហម​តិចតួច​ដែរ​។​

រូបទី៣ គរុសិស្សភូមិភាគខេត្តតាកែវ កំពុងទស្សនាល្ខោននិយាយាទម្លាយភាពស្ងៀមស្ងាត់ (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ព្រោះ​បាន​ចូលរួម​ទស្សនា «​ល្ខោននិយាយ ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅថ្ងៃនេះ​។ ល្ខោននិយាយ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​នៃ​របប​ខ្មែរក្រហម​តាមរយៈ​ការសម្តែង​។ ពីមួយ​ឈុត​ទៅមួយ​ឈុត គឺ​បាន​ឆ្លុះ​បង្ហាញ​ពី​រឿងរ៉ាវ​ពិត​របស់​ប្រជាជន​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម ដែល​មើលទៅ​គួរ​ឲ្យ​សង្វេគ​យ៉ាង​ពន់ពេក​។ ខ្ញុំ​សង្ឃឹមថា ការសម្តែង​ល្ខោននិយាយ​នេះ នឹង​ជួយ​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដែល​ធ្លាប់បាន​កើតឡើង ហើយ​ត្រូវធ្វើ​ការសិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ សម្រាប់​ខ្ញុំ នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការ​ទស្សនា​ល្ខោននិយាយ​នេះ ទៅ​ចែករំលែក​ដល់​សិស្ស​របស់ខ្ញុំ ក៏ដូចជា​មិត្តភក្តិ​បងប្អូន​អ្នកភូមិ​របស់ខ្ញុំ​ផងដែរ​។ ខ្ញុំ​សូម​សំណូមពរ ឲ្យ​មានការ​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នេះ ប្រព្រឹត្តទៅ​ឆ្នាំ​បន្ទាប់ៗ​នៅក្នុង​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ តទៅទៀត​។​

•​ ​ជនរងគ្រោះ និង​បទពិសោធន៍​ជីវិត​ដែល​ធ្លាប់​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​
​ខ្ញុំបាទ ឈ្មោះ ផង់ ពិន អាយុ​៦៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​គូរ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ កាលពី​សង្គមចាស់ ខ្ញុំ​រៀន​បាន​ថ្នាក់​ទី​៧ នៅ​សាលាបឋមសិក្សា​វត្ត​លាយ​បូរ​។ ខ្ញុំ​រៀន​បាន​៥​ឆ្នាំ ក៏មាន​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ ចេញពី​តំណែង ដោយ​សេនាប្រមុខ លន់ នល់ ក្នុង​ឆ្នាំ​១៩៧០​។ ឆ្នាំ​១៩៧១ ខ្ញុំ​មាន​វ័យ​១៦​ឆ្នាំ ក៏បាន​សម្រេចចិត្ត​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​លាយ​បូរ ក្នុង​គោលបំណង​គេចវេះ​ពី​ការបង្ខិតបង្ខំ​ធ្វើជា​យោធា​។ ខ្ញុំ​បាន​គង់នៅ​វត្ត​លាយ​បូរ អស់​រយៈពេល​មួយ​ព្រះវស្សា ទើប​ខ្ញុំ​បាន​បន្តទៅ​គង់នៅ​វត្ត​ស្វាយដង្គំ ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ការរត់​ភៀសខ្លួន​នេះ គឺ​ដោយសារតែ​មានការ​វាយប្រហា​រ​ពី​សំណាក់​កងទ័ព​ខ្មែរក្រហម និង​ទាហាន លន់ នល់ កាន់តែខ្លាំង​ឡើង នៅក្បែរ​វត្ត​ដែល​ខ្ញុំ​ស្នាក់អាស្រ័យ​ចាស់​។ ក្រោយមក ខ្ញុំ​ក៏បាន​រៀន​ភាសា​
​បាលី​នៅ​វត្ត​កោះ ប៉ុន្តែ​ត្រូវ​ត្រឡប់មក​ស្នាក់អាស្រ័យ​នៅ​វត្ត​ស្វាយដង្គំ​វិញ​។ ជា​រៀងរាល់ថ្ងៃ ខ្ញុំ​តែងតែ​ធ្វើដំណើរ​ដោយ​ថ្មើរជើង ឆ្ពោះទៅ​វត្ត​កោះ​ដើម្បី​រៀន​ភាសាបាលី រហូតដល់​ខ្មែរក្រហម​វាយ​បែក​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥​។​

​បន្ទាប់ពី​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ ដោយ​ភូត​កុហកថា «​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ គឺ​ត្រូវ​ចាក​ចេញពី​ទីក្រុង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​»​។ ពេលនោះ ខ្ញុំ​ក៏បាន​ចាកចេញ​ដូច​នូវ​អ្វីដែល​ខ្មែរក្រហម​បាន​ប្រាប់ ប៉ុន្តែ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ទេ​។ មួយ​សប្តាហ៍​ក្រោយមក សភាពការណ៍​នៅ​ទីក្រុង​ភ្នំពេញ​ហាក់​មើលទៅ​មិន​ដូច​នូវ​អ្វីដែល​ខ្មែរក្រហម​បានលើកឡើង​ឡើយ​។ ដូច្នេះ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ចាក​ចេញទៅ​ស្រុកកំណើត ស្ថិតក្នុង​ខេត្តតាកែវ ទាំង​ខ្លួន​ពាក់​ស្បង់​ជីវរ​។ បន្ទាប់ពី​ខ្ញុំ​បាន​មកដល់​ស្រុក​កណើត បែរជា​គ្មាន​សាច់ញាតិ​បងប្អូន​របស់ខ្ញុំ​រស់នៅ​ទីនោះ​ឡើយ ខ្ញុំ​ក៏បាន​ព្យាយាម​ស្វែងរក​បងប្អូន​តាមរយៈ​ការសាកសួរ​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​គ្នា រហូតដល់​ខ្ញុំ​បាន​ស្វែងរក​សាច់ញាតិ​ឃើញ​នៅ​ភូមិ​ត្បែង​ទទឹង ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បន្ទាប់ពី​ខ្ញុំ​បាន​ជួប​បងប្អូន​រួចហើយ ស្រាប់តែ​បងប្អូន​របស់ខ្ញុំ​បាន​អញ្ជើញ​អាចារ្យ​មក​ផ្សឹក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើជា​ប្រជាជន​ធម្មតា​វិញ​។ កន្លះ​ខែក្រោយ​មក ខ្មែរក្រហម​បានចាប់ផ្តើម​រៀបចំ​ភូមិ​ឃុំ​សារ​ឡើងវិញ ព្រមទាំង​បាន​បញ្ជូន​ខ្ញុំ ក៏ដូចជា​អ្នកភូមិ​ផ្សេងទៀត ឲ្យ​ចូលមក​រស់នៅ​ក្នុងភូមិ​ត្រពាំង​គូរ ដែលជា​ស្រុកកំណើត​របស់ខ្ញុំ​។ ក្រោយមក ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ ឲ្យ​ទៅ​ដឹក​អំបិល​នៅ​សេះស ស្ថិតនៅក្នុង​ខេត្ត​កែប ដែលមាន​សមាជិក​ក្រុម​៥​នាក់ ដោយ​ប្រើ​រយៈពេល​មួយ​សប្តាហ៍​ក្នុងការ​ធ្វើដំណើរ​ទៅមក​។ រហូតដល់​ដើមឆ្នាំ​១៩៧៦ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ចូលក្នុង​កង​យុទ្ធជន ដែលមាន​សមាជិក​ចំនួន​៥០០​នាក់​។ កាលនោះ ខ្ញុំ​ក៏ដូចជា​ប្រជាជន​ស្ទើរតែ​ទូទាំង​ខេត្តតាកែវ ដែល​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ជីក​ប្រឡាយ​ត្រាំកក់ ដែលមាន​មាត់​លើ​៣០​ម៉ែត្រ ជម្រៅ​បី​ម៉ែត្រ​ទៅ​បី​ម៉ែត្រ​កន្លះ​។ ការងារ​ជីក​ប្រឡាយ​នេះ ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ព្រោះ​វា​ជា​រដូវប្រាំង ធ្វើ​ឲ្យ​ដី​រឹង​ប្រេះ​ក្រហែង​ពិបាក​ក្នុង​ការកាប់​គាស់​ជាដើម​។ មិនតែប៉ុណ្ណោះ ខ្ញុំ​មិនដែល​ទទួលបាន​របប​អាហារ​ហូប​គ្រាន់​ម្តងណា​ឡើយ​។ ទោះបីជា​មានការ​លំបាក​យ៉ាងនេះ​ក្តី ខ្ញុំ និង​ប្រជាជន​ដទៃទៀត​មិន​ហ៊ាន​ប្រកែក​តវ៉ា​ជាមួយ​ខ្មែរក្រហម​ដែរ ព្រោះ​ខ្ញុំ​យល់ថា ការតវ៉ា​នេះ​ច្បាស់​ជា​មិនមាន​លទ្ធផល​ល្អ​សម្រាប់​ខ្ញុំ​ទេ​។​

រូបទី៤ លោកពូ ផង់ ពិន កំពុងរៀបរាប់ពីបទពិសោធន៍ជីវិត ដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម
(រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​រហូតដល់​ឆ្នាំ​១៩៧៧ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​នៅ​ក្រុម​ដាំ​ដំណាំ និង​បន្លែ ដែលមាន​សមាជិក​ក្រុម​បួន​ទៅ​ប្រាំ​នាក់​។ កាលនោះ ខ្ញុំ​បាន​ដាំ​ដំណាំ និង​បន្លែ​ជាច្រើន​ប្រភេទ រួមមាន​៖ ត្រប់ ននោង ប៉េងប៉ោះ ដ​ឡូង​មី ដំឡូងជ្វា ជាដើម​។ នៅពេលដែល​ខ្ញុំ​ឃ្លាន​ម្តងៗ ខ្ញុំ​តែងតែ​លួច​ត្រប់ និង​ននោង យកមក​ហូប​ជា​ញឹកញាប់​។ ផ្ទុយទៅវិញ ប្រសិនបើ​ខ្មែរក្រហម​តាម​ទាន់ ខ្ញុំ​ក៏​មិនអាច​គេចផុត​ពី​សេចក្តីស្លាប់​ដែរ ពី​ព្រោះតែ​ការស្រេកឃ្លាន​បានធ្វើ​ឲ្យ​ខ្ញុំ​លេង​នឹកគិត​ដល់​ពី​សេចក្តីស្លាប់​ទៀតហើយ​។ មាន​គ្រាមួយ ខ្មែរក្រហម​បាន​ចែក​ខោអាវ​ឲ្យ​ប្រជាជន​ម្នាក់​មួយ​កំ​ផ្លេ​រៗ ដែលជា​ចំណែក​ទទួលបាន​ក្នុង​មួយឆ្នាំៗ​។ ពេលនោះ ខ្មែរក្រហម​បាន​ធ្វេសប្រហែស​ភ្លេច​កត់​ឈ្មោះ​អ្នក​ដែល​ទទួលបាន​ខោអាវ បណ្តាល ឲ្យ​ខោអាវ​បាត់អស់​មួយ​កំ​ផ្លេ​រ​។ ស្រាប់តែ​ពេលនោះ ខ្មែរក្រហម​បាន​ចោទប្រកាន់​ខ្ញុំ​ថា គឺជា​អ្នក​លួច​ខោអាវ​នោះ ហើយ​ខ្ញុំ​ក៏​មិនបាន​ប្រកែក​តវ៉ា​ជាមួយ​ខ្មែរក្រហម​ឡើយ ព្រោះ​ខ្ញុំ​គិតថា វា​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​តវ៉ា​ទេ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ខ្ញុំ​ក៏ត្រូវ​បាន​សេនាជន​មកដល់​កន្លែងធ្វើការ ហើយ​បម្រុង​នឹង​ចាប់ខ្លួន​ខ្ញុំ​យកទៅ ប៉ុន្តែ​ជា​កុសល​ខ្មែរក្រហម​ដែល​កត់​ឈ្មោះ​បាន​នឹកឃើញ​វិញ​ថា ខោអាវ​ដែល​បាត់​នោះ គឺ​គាត់​បាន​យកទៅ​ឲ្យ​ប្រជាជន​ផ្សេងទៀត​។ ដោយសារតែ​ការធ្វេសប្រហែស​របស់​ខ្មែរក្រហម ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​គ្មាន​ជីវិត​រស់​រហូតមកដល់​សព្វថ្ងៃនេះ​។ ខ្ញុំ​បានធ្វើការ​ដំណាំ និង​បន្លែ រហូតដល់​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​មិនបាន​ទៅ​រស់នៅ​ឆ្ងាយ​ពី​ស្រុកកំណើត​ដែរ ព្រោះ​សព្វថ្ងៃនេះ ខ្ញុំ​មាន​ទីលំនៅ​រស់នៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​។

​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ខ្ញុំ​បានឮ​ដំណឹង​ថា មានការ​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងាត់​» ដែលជា​សាច់រឿង​ល្ខោន​ដែល​បាន​ដកស្រង់​ចេញពី​រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម តាមរយៈ​ការស្រាវជ្រាវ និង​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ត្រេកអ​រណាស់ ព្រោះ​ខ្ញុំ​ចង់ដឹងថា តើ​ការសម្តែង​នេះ​វា​បាន​ឆ្លុះបញ្ចាំង​អ្វីខ្លះ​ពីរ​បប​ខ្មែរក្រហម និង​បាន​ជួយ​អ្វីខ្លះ​ដល់​ក្មេងជំនាន់ក្រោយ​។ បន្ទាប់ពី​ខ្ញុំ​បាន​ទស្សនា​រួចហើយ ខ្ញុំ​គិតថា ល្ខោននិយាយ​នេះ គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ក្មេងជំនាន់ក្រោយ ព្រោះ​វា​បាន​ឆ្លុះ​បង្ហាញ​ពី​រូបភាព​មួយ​នៃ​របប​ខ្មែរក្រហម​តាមរយៈ​ស្តែង​ចេញពី​រឿង​ពិត​នៃ​របប​នោះ​។ ទោះជា​យ៉ាងណាក៏ដោយ ការចូលរួម​ទស្សនា ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នេះ គឺ​វា​មាន​អារម្មណ៍​ខុសប្លែក​ពីអ្វី​ដែល​ខ្ញុំ​ធ្លាប់បាន​មើល​ខ្សែភាពយន្ត​ដែល​ខ្មែរក្រហម​ធ្លាប់បាន​ចាក់​បញ្ចាំង​នៅ​អំឡុង​ពេលដែល​ខ្លួន​កាន់អំណាច​។ កាលនោះ ខ្មែរក្រហម​បាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា «​យុទ្ធ​មិត្ត​សាយ​» និង «​វីរភាព​របស់​តា​ចាយ​»​។ ខ្សែភាពយន្ត​ទាំងពីរ​នេះ គឺ​វា​គ្រាន់តែ​ជា​ខ្សែ​ភាព​ដែល​ជួយ​ដល់​គោលនយោបាយ​ខ្មែរក្រហម​តែប៉ុណ្ណោះ​។ ទោះបីជា​ខ្ញុំ​មិន​ចង់​មើល ក៏​ខ្ញុំ​មិនអាច​គេចវេះ​បានដែរ ព្រោះ​វា​គឺជា​ការចាត់​តាំងរបស់​អង្គការ​។ ប៉ុន្តែ ការចូលរួម​ទស្សនា ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នេះ គឺជា​ការចូលរួម និង​ទទួលស្គាល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដែល​ធ្លាប់បាន​កើតឡើង​៕

រូបទី៥ សាលាឃុំរការក្នុង (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)