ការផ្អាក​សមយុទ្ធ​រប​ស់​អាមេរិក អាចធ្វើឱ្យ​ចុះខ្សោយ​ផ្នែក​ការពារ​នៅ​កូរ៉េ​

842
ចែករម្លែក

​ការសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ក្នុង​ការផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​ដ៏​សំខាន់​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​អាចធ្វើឱ្យ​ការការពារ​សម្ព័ន្ធមិត្ត​ចុះខ្សោយ អាស្រ័យ​លើ​ទំហំ​រយៈពេល​និង​វិសាលភាព​នៃ​ការផ្អាក​នេះ​។ ប៉ុន្តែ​សក្តានុពល​សម្រាប់​ការខូចខាត​ខាង​ការទូត​ហាក់ដូច​ជាធំ​ជាង​មុន​ខ្លាំង​។​

​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង​និង​ជប៉ុន​បានបង្ហាញ​សាមគ្គី​ភាពជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មិថុនា​ជុំវិញ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​របស់លោក​ត្រាំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។ ប៉ុន្តែ​ក្រុមអ្នកវិភាគ​និង​អតីតមន្ត្រី​ដែលមាន​បទពិសោធន៍​ក្នុង​គោលនយោបាយ​អាមេរិក – អាស៊ី ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​ត្រាំ​មិនបាន​ជូនដំណឹង​ទៅ​សម្ព័ន្ធមិត្ត​អាស៊ី ឬ សូម្បី​មន្ទីរ​បញ្ច​កោណ មុនពេល​ផ្អាក​សមយុទ្ធ​យោធា​។​

​លោក ឆាក់ ហា​ហ្គែ​ល អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៅក្នុង​រដ្ឋបាល​លោក​អូ​បា​ម៉ា​បាន​និយាយថា “​សមយុទ្ធ​ទាំងនោះ​គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​វា​ជា​ខែល​ការពារ​។ លោក​បាន​ស្វាគមន៍​ចំពោះ​ឆន្ទៈ​របស់លោក​ត្រាំ​ក្នុងការ​ពិភាក្សា​ជាមួយ​លោក​គីម ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា លោក​ប្រធានាធិបតី​បាន​មើលស្រាល​អំពី​ផលវិបាក​ដែល​លោក​បាន​ណែនាំ​សម្រាប់​មន្ទីរ​បញ្ច​កោណ ដោយ​ផ្អាក​សមយុទ្ធ​យោធា​។​

​លោក​បាន​និយាយថា “​លោក​មិនអាច​បិទ​បើក​វា ដូច​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​បានទេ​” ។​

​សមយុទ្ធ​ក្នុង​មន្ទិលសង្ស័យ​នោះបាន​ប្រព្រឹត្ត​ទៅជា​ទម្លាប់ ដែល​ជាក់ស្តែង​ហាក់​មិន​រង​ឥទ្ធិពល​ពី​ការសម្រេចចិត្ត​ផ្អាក​របស់លោក​ត្រាំ​ទេ​។ ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ត្រូវបានធ្វើ​ដើម្បី​ធានាថា​យុទ្ធវិធី​ថ្មីៗ​និង​ផែនការ​នានា​អាចអនុវត្ត​បាន​ដោយ​រលូន ហើយ​ដូច្នេះ​ទើប​កងកម្លាំង​អាមេរិក​និង​កូរ៉េខាងត្បូង​មាន​កម្លាំង​ស្របគ្នា​។ សមយុទ្ធ​ក៏​ជា​មធ្យោបាយ​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ផងដែរ ដែលជា​ផ្នែក​មួយ​នៃ​ចិត្តសាស្ត្រ​នៃ​ការទប់ស្កាត់​ការវាយប្រហារ​របស់​ស​ត្រូវ​។​

​សហរដ្ឋអាមេរិក​បាន​ដាក់ពង្រាយ​កងទ័ព​ប្រយុទ្ធ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ចាប់តាំងពី​សង្គ្រាម​កូរ៉េ​បានបញ្ចប់​នៅ​ឆ្នាំ ១៩៥៣ ជាមួយ​បទ​ឈប់​បាញ់ តែ​គ្មាន​សន្ធិសញ្ញា​សន្តិភាព​ទេ​។ កងកម្លាំង​អាមេរិក​ជាង ២៨.០០០ នាក់ គឺ​សម្រាប់​ធ្វើជា​កងទ័ព​អន្តរាគមន៍​ប្រឆាំងនឹង​ការឈ្លានពាន​ពី​កូរ៉េខាងជើង​។ សមយុទ្ធ​ដ៏​ធំ​បន្ទាប់​ជាមួយ​កូរ៉េខាងត្បូង​ត្រូវបាន​គេ​ស្គាល់​ថា Ulchi Freedom Guardian​។ សមយុទ្ធ​បែបនេះ​កាលពី​ឆ្នាំមុន​ត្រូវបាន​ធ្វើឡើង​រយៈពេល ១១ ថ្ងៃ នៅក្នុង​ខែសីហា​និង​មាន​កងទ័ព​ចូលរួម​ប្រហែល ១៧.៥០០ នាក់​៕  ដោយ៖ កញ្ញាដាលីស

យោធា​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​កាលពីពេល​ថ្មីៗ​នេះ
#