ការពង្រីក​កំណាត់​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី ពី​ចោមចៅ​ដល់​ផ្លូវ​២០១១​បាន​៦០​ភាគរយ​គ្រោង​រួចរាល់​ក្នុង​ខែ​កក្ដ​ដា​ខាងមុខ

862
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​កំណាត់​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ ចាប់ពី​ភ្លើងស្តុប​ផ្លូវ​លេខ​២០១១ ដល់​រង្វង់​មូល​ចោមចៅ ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​គ្រោង​រួចរាល់​នៅ​ខែ​កក្ដ​ដា​ខាងមុខ​ដើម្បី​រំដោះ​ទឹក​និង​រំដោះ​ការ​កក​ចរាចរ ចេញ ចូល​រាជធានី​ជា​ផ្លូវ​ដែល​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើចរាចរ​ចេញ ចូល​រាជធានី​ធានី​ភ្នំពេញ ។​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​និង​ដោយ​កំណាត់​ផ្លូវ​នេះ​តែង​កកស្ទះ​ចរាចរ​ជាប្រចាំ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច ធ្វើការ​ពង្រីក​ផ្លូវ​នេះ​ដែលមាន​ទំហំ​ស្ទើរ​ទ្វេដង រួម​នឹង​ការដាក់​ព័ន្ធ​លូ​ខ្នាត​ធំ ដើម្បី​រំដោះ​ទឹក​ពី​តំបន់​នេះ​ផងដែរ​។​
​ពាក់ព័ន្ធ​ការងារ​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​ឧសភា​នេះ​ថា​៖ កំណាត់​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ ចាប់ពី​ភ្លើងស្តុប​ផ្លូវ​លេខ​២០១១ ដល់​រង្វង់​មូល​ចោមចៅ ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ បានចាប់ផ្តើម​បើក​ការដ្ឋាន​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ពង្រីក​ផ្លូវ​មួយ​ខ្សែ​នេះ​ពី​ទំហំ​ទទឹង​ពី​១៦​ម៉ែត្រ ទៅ​២៨​ម៉ែត្រ ជាមួយនឹង​ការដាក់​ព័ន្ធ​លូ​ទំហំ​មុខកាត់​មួយ​ម៉ែត្រ​កន្លះ​ថែមទៀត​ដើម្បី​សម្រួល​ចរាចរ​ផង​និង​រំដោះ​ទឹក​ចេញពី​តំបន់​នេះ​ផង​។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​៖ កំណាត់​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ​មួយ​ខ្សែ​នេះ ជា​កំណាត់​ផ្លូវ​មួយ​ដែល​តែងតែ​ទទួលរង​ការកកស្ទះ​ចរាចរ​ជាប្រចាំ ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញ ចូល​រាជធានី​ភ្នំពេញ ។ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​នេះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល បានសម្រេច​ឱ្យធ្វើ​ការពង្រីក​រហូតដល់​ស្ទើរតែ​ទ្វេដង រួម​នឹង​ការដាក់​ព័ន្ធ​លូ​ខ្នាត​ធំ ដើម្បី​រំដោះ​ទឹក​ពី​តំបន់​នេះ​ផងដែរ​។​
​លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា​៖ ការដ្ឋាន​ដាក់លូ​និង​ពង្រីក​ផ្លូវ​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ​នេះ គិត​មកដល់​ថ្ងៃ​២៥ ឧសភា ឆ្នាំ​២០១៨​នេះ ជាល​ទ្ឋ​ផល​បានសម្រេច​ប្រមាណ​៦០​ភាគរយ ហើយ ហើយ​ជា​គម្រោង​ការដ្ឋាន​នេះ​នឹង​បញ្ចប់​នៅក្នុង​ខែ កក្កដា ២០១៨​ខាងមុខនេះ ពោលគឺ​មុនពេល​នៃ​ការបើក​ការដ្ឋាន​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ដំណើរការ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ថា​៖​ដោយសារតែ បច្ចុប្បន្ននេះ​ស្ថានភាព​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​មានការ​កកស្ទះ​ចរាចរណ៍​ច្រើន ហើយ​ម្យ៉ាងទៀត​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវ​សហព័ន្ធរុស្ស៊ី ចេញ ចូល​រាជធានី​ភ្នំពេញ ក៏មាន​ការកកស្ទះ​ច្រើន​ដែរ ៕