ការពន្យារពេល​ប្រកាស​សាលក្រម​រឿងក្ដី​លោក ថោង សារ៉ាត់​មាន​រយៈពេល​១០០​ថ្ងៃ​ហើយ

900
ចែករម្លែក

(​ភ្នំពេញ)​៖ ​រឿងក្តី​លោក ថោង សារ៉ាត់ អ្នកមាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​បច្ចុប្បន្នកំពុង​ស​ម្រាក​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី និង ក្រុម​អង្គរក្ស ពាក់ព័ន្ធ​ការបាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ រហូតមកទល់​ពេលនេះ ពុំទាន់​មាន​លទ្ធផល​អ្វី​នៅឡើយ​ទេ ។

​លោក តុ​ប ឈុន​ហេង ប្រធាន​ក្រុម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​អមដោយ​លោក​ម៉េង តូ​នី​និង​លោក​ហេង កេស​រោ​ជា​ចៅក្រម​ប្រឹក្សា បាន​ពន្យារពេល​ប្រកាស​សាលក្រម​រឿងក្ដី​នេះ រយៈពេល​១០០​ថ្ងៃ​ហើយ គិត​ចាប់ពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ពុំទាន់​កំណត់​កាលបរិច្ឆេទ​ប្រកាស​សាលក្រម​ទេ បន្ទាប់ពី​បញ្ចប់​សវនាការ​អង្គសេចក្តី​រួចមក ។​

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​៩​ខែសីហា​ថា ការមិន​ទាន់​ប្រកាស​សាលក្រម​នេះ​មិន​ខុសច្បាប់​ទេ ព្រោះ​ជា​រឿង​ព្រហ្មទណ្ឌ​មាន​ភាពចាំបាច់ និង​ស្មុគស្មាញ​ច្រើន ទើប​មានការ​ពន្យា​ដើម្បី​ទុកពេល​ពិចារណា​សិន​។​

​លោក គា អ៊ា​វ មេធាវី​ការពារ​ជនជាប់ចោទ ថ្លែងថា ក្រឡាបញ្ជី​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​សាលក្រម​នេះ​ត្រូវ​លើក​ពេល​ប្រកាស​សាលក្រម ហើយនឹង​ជូនដំណឹង​ពេល​ក្រោយ ។ លោក​មេធាវី មិន​ច្បាស់​អំពី​មូលហេតុ​នៃ​ការលើក​ពេល​ប្រកាស​សាលក្រម​នេះ​ទេ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​មេធាវី ហុង គឹម​សួន ប្រធាន​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ថ្លែងថា ការសម្រេច​ពន្យារពេល​ប្រកាស​សាលក្រម​នេះ គឺ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​គូភាគី ហើយ​បានបង្ហាញ​អំពី​ការមិន​យកចិត្តទុកដាក់​របស់​តុលាការ ។​

​លោក​មេធាវី បន្តថា ” កាលណា​តុលាការ​សម្រេច គូភាគី​មាន​ពេលវេលា​សម្រាប់​ប្តឹង​បន្តទៀត ឬ ទទួលយក​ការសម្រេច​នេះ តែបើ​ទុកចោល​ចឹ​ង គឺ វា​ប៉ះពាល់​សិទ្ធិ​គូភាគី​ហើយ ” ។​

​ដោយឡែក លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់ថា ជាគោលការណ៍​ច្បាប់​គឺ​មិន​កំណត់​រយៈពេល​នៃ​ការប្រកាស​សាលក្រម​នេះ​ទេ គឺ​វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​កម្មវិធី ចំនួន​សំណុំរឿង និង​កាលវិភាគ​របស់​តុលាការ តែ​ទោះជា​អញ្ចឹង​ក៏ដោយ ដើម្បី​ធានា​ដល់​សិទ្ធិ​និង​ផលប្រយោជន៍​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ តុលាការ​ត្រូវ​ប្រឹងប្រែង​បន្ត​នីតិវិធី​ទាំងនេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ទោះបី​ច្បាប់​មិនបាន​កំណត់​រយៈពេល​ក៏ដោយ​។​

​រឿងក្ដី​នេះ ស្ទើរ​ក្លាយជា​មន្ទិលសង្ស័យ​គ្រប់​មជ្ឈដ្ឋាន​ទៅហើយ នៅពេល​សាលក្រម​រឿងក្ដី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែលមាន​លោក ថោង សារ៉ាត់ សេដ្ឋី​ស្តុកស្តម្ភ​នៅ​កម្ពុជា ជា​មេខ្លោង ពន្យារពេល​ជាង​៣​ខែ​ហើយ ពុំទាន់​សម្រេច ។​

​អ្នកច្បាប់​មួយរូប​ផ្សេងទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា រឿងក្តី​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ ដែល​ពន្យារពេល​ប្រកាស​សាលក្រម គឺ មិនមាន​កំណត់​ក្នុង​ច្បាប់​នោះទេ តែ​អាច​បង្កប់​នូវ​ភាពមិនប្រក្រតី​តែប៉ុណ្ណោះ ។

​ប្រភពព័ត៌មាន បញ្ជាក់ថា ការពន្យារពេល​ដ៏​យូរ​នេះ គឺ​ទុកពេល​ឲ្យ​អ្នក​រត់ការ​ទៅសុំ​អន្តរាគមន៍​ពី​ថ្នាក់លើ​ដើម្បី​ជួយ​បន្ធូរ​បន្ថយទោស​ឬ​លើកលែងទោស​ឲ្យ​លោក​ថោង សារ៉ាត់​និង​គូកន​។​

​លោក ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។ រីឯ​ក្រុម​អង្គរក្ស ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​និង​បទ​ឃាតកម្ម​គិតទុក​ជាមុន​ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​ដែរ ។​

​ហេតុការណ៍​បាញ់សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​នេះ កើតឡើង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន​៕L ដោយ​៖ ​ស​រិ​ទ្ធ​