ការពារ​មឆ្ឆជា​តិ​ត្រូវ​លុបបំបាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​

181
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​ប្រារព្វ​ទិវា​មឆ្ឆជា​តិ​១​កក្កដា​ឆ្នាំ​២០១៩​ដោយបាន​ដាក់ចេញ​វិធានការ​តឹងរឹង​បំផុត​ដល់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​លុបបំបាត់​ចំពោះ​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​ខុសច្បាប់​នានា​ឱ្យមាន​ប្រសិទ្ធិភាព​។​

ទីតាំង​ប្រារព្វ​ទិវា​មឆ្ឆជា​តិ​ស្ថិតនៅ​ស្រះ​ជម្រក​ត្រី​សហគមន៍​ទំនប់​៩៥​ក្នុងភូមិ​ទំនប់​សង្កាត់​ប៉ាល​ហាល​ក្រុង​-​ខេត្តព្រះវិហារ​។​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មានការ​ចូលរួម​ពី​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រមទាំង​ប្រធាន​មន្ទីរ​អង្គភាព​មន្ត្រី​រាជា​ការ​កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ជាច្រើន​។​

​អភិបាលខេត្ត​ព្រះវិហារ​លោក​ប្រាក់​សុវណ្ណ​បាន​បញ្ជាក់ថា​នៅ​ថ្ងៃទី​១​ខែកក្កដា​គឺជា​ថ្ងៃ​បិទ​នេសាទ​ទូទាំងប្រទេស​ដើម្បីឱ្យ​មេត្រី​បាន​ពង​កូន​បន្ត​ពូជ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។​ដោយហេតុ​នេះហើយ​ទើប​យើង​សម្រេច​ជ្រើស​រើសយក​ថ្ងៃទី​១​ខែកក្កដា​ជា​រៀងរាល់ឆ្នាំ​។​ដើម្បី​ប្រារព្វ​ពិធី​ដូច​មានចែង​ក្នុង​មាត្រា​១៧​នៃ​ច្បាប់​ស្តីពី​ជលផល ហើយ​ចាត់​ទុកដូចជា​ការប្រកាស​បិទ នេសាទ​ទូទាំងប្រទេស​តែម្តង​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ណែ​នាំឱ្យ​មន្ទីរ​កសិកម្ម​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​វិស័យ​ជលផល​ឱ្យមាន​ចីរភាព​ដោយ​ត្រូវ​ចាត់វិធានការ​បាន​តឹងរឹង​បំផុត​បន្ថែមទៀត​។​ចំពោះ​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា​ការប្រើ​ឧបករណ៍​ឆក់​និង​ឧបករណ៍​ស្បៃ​មុង​ជាដើម​។​

លោក​បាន​បន្តថា​«​ត្រូវ​ពង្រឹង​និង​ជម្រុញ​ឡើងវិញ​ចំពោះ​ស្រះ​ជម្រក​ត្រី​សហគមន៍​ដែល​បាន​បង្កើត​ហើយ​និង​បន្ត​បង្កើត​ថ្មី​បន្ថែមទៀត​ឱ្យបាន​ច្រើន​ដល់​មូលដ្ឋាន​ភូមិ​ឃុំ​ទូទាំង​ខេត្ត​ដែលជា​វិធីសាស្ត្រ​ធ្វើឱ្យ​សំបូរ​ត្រី​ឡើងវិញ​។​មន្ទីរ​កសិកម្ម​ត្រូវ​អប់រំ​និង​ផ្តល់​សេវា​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ​យើង​ឱ្យ​ខិតខំ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​។​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​គ្រប់គ្រង​កន្លែង​អភិរក្ស​ជលផល​ឱ្យបាន​ល្អប្រសើរ​និង​បន្ត​ការបង្ក្រាប​បទល្មើស​ជល​ផល​តទៅទៀត​។​

​ដោយឡែក​លោក​ពឹង​ទ្រី​ដា​បានលើកឡើង​ថា​នេះ​ជា​លើក​ទី​១៣​ហើយ​ដែល​ទិវា​មច្ឆជាតិ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សារភ្ជាប់​នូវ​មនោសញ្ចេតនា​ជាមួយ​ប្រជាពលរដ្ឋ​។​ជាពិសេស​បងប្អូន​ប្រជា​នេសាទ​និង​បំផុស​ចលនា​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​ធនធាន​ជលផល​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ក៏បាន​បញ្ជាក់ទៀតថា​ខណ្ឌ​ជលផល​បាន​ខិតខំ​អន​វត្ត​ន៍​ការលុបបំបាត់​បទល្មើស​ជលផល​។​ពិសេស​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដូចជា​ឆក់​និង​ស្បៃ​មុង​ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ជីវិត​វា​រី​ជាតិ​គ្រប់​ប្រភេទ​។​ការលើកកម្ពស់​វារីវប្បកម្ម​តាមរយៈ​ការ​បំផុស​ចលនា​លែង​កូន​ត្រី​ក្នុង​ដែនទឹក​ធម្មជាតិ​អភិរក្ស​ជម្រក​ត្រី​មេ​ពូជ​និង​ការពារ​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ​៕S/​