ការពិនិត្យ​បញ្ជី​ឈ្មោះ​-​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​

196
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​តាមរយៈ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត​ប្រចាំឆ្នាំ ដែល​ដំណើរការ​នេះ​ត្រូវ​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់បោះឆ្នោត និង​ដើម្បីឱ្យ​បញ្ជី​បោះឆ្នោត​មានគុណ​ភាព ដែល​ធានាបាន​នូវ ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​បច្ចុប្បន្នភាព​។ បន្ទាប់ពី​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​៤ នៃ​ការអនុវត្ត​ការងារ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្ហាត់ និង​មន្ត្រី គ​.​ជ​.​ប ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការ គ​.​ជ​.​ប​។​

លោក​សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប (រូប៖ មុនីរ័ត្ន)

​លោក​សោម សូ​រី​ដា បាន​បន្ថែមថា វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​រំលឹក និង​ផ្តល់ជូន​បន្ថែម​នូវ​ការយល់ដឹង​ឱ្យ​កាន់តែ​ច្បាស់លាស់ អំពី​នីតិវិធី​នៃ​ការអនុវត្ត​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ពិសេស​គឺ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ គោលការណ៍​សំខាន់ៗ​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​អនុវត្ត​ការងារ​មួយចំនួន នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​ដោយ​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន និង​មន្ត្រី​ជំនាញ​របស់ គ​.​ជ​.​ប ដែល ផ្តោត​សំខាន់​លើ​ប្រធានបទ ដូចខាងក្រោម​៖

  • បទ​ប្បញ្ញត្តិ​ទូទៅ​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​
  • តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់ លធ​.​ខ​ប ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​
  • ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​
  • នីតិវិធី​នៃ​ការស្នើសុំ និង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត និង​លិខិតបញ្ជាក់​ទីលំនៅ​
  • ការប្រើប្រាស់​កម្មវិធី និង​នីតិវិធី​អនុវត្ត​ការចុះឈ្មោះ​បោះឆ្នោត និង​ការបញ្ជូន​ទិន្នន័យ​អ្នក​សុំ​ចុះឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ​
  • នីតិវិធី​នៃ​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​។​
    ​វគ្គ​បណ្តុះបណ្តាល​នេះ ប្រព្រឹត្តទៅ​រយៈពេល ៥ ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ដល់ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០ ២ ០ ដោយមាន​អ្នកចូលរួម​ជា​គ្រូបង្ហាត់ និង​មន្ត្រី គ​.​ជ​.​ប សរុប​ចំនួន ៨០​នាក់​។​

​សូម​ជម្រាបជូន​ថា គ​.​ជ​.​ប ក៏​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូចគ្នានេះ សម្រាប់​មន្ត្រី លធ​.​ខ​ប តំណាង​គណបក្សនយោបាយ និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ​ផងដែរ​៕ ល​