ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា

789
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យ​បាន​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅតាម​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​។​

​គ​.​ជ​.​ប បាន​បន្តថា ក្នុងឱកាស​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨​នេះ គ​.​ជ​.​ប សូម​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ អញ្ជើញ​ទៅពិនិត្យ​មើល​ឈ្មោះ​របស់ខ្លួន​ដែល​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ ដើម្បីឱ្យ​ប្រាកដថា​ខ្លួន​ពិតជា​មានឈ្មោះ និង​ទិន្នន័យ​ត្រឹមត្រូវ​នៅក្នុង​បញ្ជី​បោះឆ្នោត ។ ក្នុងករណី​ឈ្មោះ ឬ​ទិន្នន័យ​របស់​បងប្អូន​ពុំ​ត្រឹមត្រូវ បងប្អូន​ត្រូវ​ស្នើសុំ​ទៅ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធ្វើការ​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ឯកសារ​សំអាង​ច្បាស់លាស់​។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ គឺ​អ្នក​ដែល​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០០១ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី សូម​អញ្ជើញ​បងប្អូន​ទៅ​ចុះឈ្មោះ​បោះឆ្នោត តាម​កម្មវិធី​របស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ដែល​បងប្អូន​កំពុង​រស់នៅ​។

​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ សមាគម និង​អង្គការ មិនមែន​រដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​នានា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តាជួយ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​សេចក្តីអំពាវនាវ​នេះ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​យល់​ជ្រួតជ្រាប​អំពី​សារសំខាន់​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​ជួយ​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ខ្មែរ គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​នានា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នឹងចូលរួម​សហការ​តាម​ការអំពាវនាវ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គោរព​តាមច្បាប់​ជា​ធរមាន ដើម្បីឱ្យ​ដំណើរការ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ធានាបាន​នូវ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​៕