ការព្យាបាល​ឱ្យ​លិង្គ​ស​កំពុង​ពេញនិយម តែ​ធ្វើឱ្យ​គ្រូ​ពេទ្យវះកាត់​ព្រួយបារម្ភ​

150

​បណ្តា​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​បាន​លើក​ទង់​ពណ៌​ក្រហម​ប្រកាសអាសន្ន​នៅ​សប្តាហ៍​នេះ​ទាក់ទិន​ការព្យាបាល​ឱ្យ​ស្បែក​លិង្គ​ប្រែ​ទៅ​​ជា​ពណ៌​ស​នៅ​ប្រទេស​ថៃ ដោយ​និយាយថា ការធ្វើ​បែបនេះ​មិនមាន​អត្ថប្រយោជន៍​អ្វី​ទេ ហើយ​ថែមទាំង​មាន​ហានិភ័យ​ច្រើន​ទៀតផង​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ដោយ​តម្រូវឱ្យ​បាញ់​កាំរ​ស្មើ​ឡាស៊ែរ អាស៊ីត ឬ​សារ​ធាតុគីមី​ការពេញនិយម​ឆ្កួតៗ​ចុងក្រោយ​លើ​ការកែ​សម្ផស្ស​​ប្រដាប់បន្តពូជ​នេះ​អាចធ្វើឱ្យ​បុរសៗ​រលាក​ស្បែក មាន​ស្លាកស្នាម ស្បែក​តឹង ហើយ​មួយ​រយៈពេល​ក្រោយមក លិង្គ​នឹង​កាន់តែ​ខ្មៅ​ឬ​មាន​​ស្នាម​ជាំ​។​

​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស មី​លី​នី​ឡូ ប្រាម​ប៊ី​ល​ឡា (Milinilo Brambilla)​ដែលជា​អ្នកឯកទេស​ខាង​វះកាត់​ប្រដាប់បន្តពូជ​បាន​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFP ថា “​ខ្ញុំ​គិតថា មិនគួរ​ធ្វើ​លើ​អ្នកជំងឺ​ដែល​មិន​ត្រូវការ​វា​ទេ​។ ​សារធាតុ​ភាគច្រើន​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើឱ្យ​ស គឺ​សុទ្ធ​តែមាន​ផលប៉ះពាល់​ខ្លាំង​។ ការធ្វើឱ្យ​ស​គឺជា​រឿង​មួយ​ដែល​ខ្ញុំ​ប្រុងប្រយ័ត្ន​បំផុត​”​។

​កាលពី​ដើមខែ​នេះ គ្លីនិក​មួយ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ និយាយថា ក្នុង​រយៈពេល​មួយខែ មាន​បុរស​១០០ នាក់​បាន​ប្រើ​សេវាកម្ម​​ព្យាបាល​ឱ្យ​លិង្គ​ស​ក្នុង​រយៈពេល​ត្រឹមតែ​៦ ខែ​បន្ទាប់ពី​ខ្លួន​ចាប់ផ្តើម​ផ្តល់​សេវា​ព្យាបាល​នេះ​។

​គ្លីនិក​នេះ​បានគិត​ថ្លៃ​ប្រហែល ៦៥០ ដុល្លារ​សម្រាប់​ការបាញ់​កាំរស្មីឡាស៊ែរ​ចំនួន ៥ លើក​។

​យោងតាម​ស្ថិតិ​សកល ដែល​ផលិត​ដោយ​វេទិកា​អន្តរជាតិ​ស្តីពី​ការវះកាត់​កែ​សម្ផស្ស​ដែលមាន​ឈ្មោះថា International Society of Aesthetic Plastic Surgery (ISAPS) បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៦ ប្រទេស​ថៃ បាន​ជាប់​ចំណាត់ថ្នាក់​លេខ ២១ ក្នុង​ពិភពលោក​សម្រាប់​ចំនួន​អ្នកធ្វើ​ការវះកាត់​កែ​សម្ផស្ស​៕ ដោយ​៖​ខុម​/sn