ការមិនជឿ​ទុកចិត្ត​លើ​អាម៉េរិក​ជំរុញ​ឱ្យ​តួ​ក​គី​ទិញ​ខែល​ការពារ​អាកាស​របស់​រុស្ស៊ី

557
ចែករម្លែក

​មន្ត្រី​តួ​ក​គី​បីនាក់​បាន​និយាយថា តួ​ក​គី​បាន​ខ្នះខ្នែង​លើ​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី​ក្នុងការ​ផ្គើន​ទៅនឹង​ការ​គំរាម​ដាក់ទណ្ឌកម្ម​ពី​សហរដ្ឋ​អាម៉េរិក ដោយសារតែ​ការជឿទុកចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ខូច​ខ្ទេចខ្ទាំ​អស់​ទៅហើយ​។​

​មន្ត្រី​ទាំងបី​នោះបាន​និយាយថា រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​សន្និដ្ឋានថា វ៉ាស៊ីនតោន​កំពុង​ធ្វើ​សកម្មភាព​ដូច​មារ​សត្រូវ​ជាជាង​សម្ព័ន្ធមិត្ត ហើយ​លោក​ប្រធានាធិបតី​រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន បានសម្រេច​ចិត្ត​ឈរ​ក្នុង​គោលជំហរ​ខ្លួនឯង​យ៉ាងរឹងមាំ​។ តាម​ទស្សនៈ​របស់លោក​អឺ​ដូ​ហ្គា​ន មាន​ការមិន​ពេញចិត្ត​ជាច្រើន​។​

​មន្ទីរ​បញ្ច​កោណ​បាន​បំពាក់អាវុធ​ដល់​កងកម្លាំង​ឃឺ​ដ​នៅ​ស៊ី​រី ដែល​តួ​ក​គី​ចាត់ទុកថា​ជាការ​គំរាមកំហែង​ចំពោះ​បូរណភាព​ទឹកដី​របស់ខ្លួន​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​ធ្វើ​បត្យាប័ន​បុព្វ​ជិត​ជនជាតិ​តួ​ក​គី​ម្នាក់ ដែល​ក្រុង​អង់កា​រ៉ា​បន្ទោ​សថាបាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​។​

​សេដ្ឋកិច្ច​តួ​ក​គី​បាន​ធ្លាក់ចុះ​ដោយសារ​ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិក​លើ​អ៊ីរ៉ង់ ដែល​ជំរុញ​ឱ្យ​តម្លៃ​ថាមពល​ឡើងថ្លៃ​។ សហរដ្ឋ​អាម៉េរិក​សព្វថ្ងៃ​កំពុង​គាំទ្រ​គូប្រជែង​របស់​តួ​ក​គី​នៅក្នុង​ជម្លោះ​ឧស្ម័ន​ធម្មជាតិ​ជាមួយ​ស៊ី​ប​និង​ក្នុង​ជម្លោះ​នៅ​តំបន់​ផ្សេងទៀត​។​

​ក្រុមមន្ត្រី​តួ​ក​គី​បាន​និយាយថា តួ​ក​គី​ជឿជាក់ថា​អាម៉េរិក​មិនអាច​ជំនួស​ប្រទេស​ខ្លួន​ជាមួយ​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ណាមួយ​ផ្សេងទៀត​បានទេ ប្រសិនបើ​តួ​ក​គីប​ន្ត​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​។ មន្ត្រី​ទាំងបី​មានការ​យល់ដឹង​ដោយផ្ទាល់​អំពី​ការគិត​និង​ផែនការ​ជុំវិញ​បញ្ហា​សន្តិសុខ​និង​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​រសើប​។​

​ប៉ុន្តែ​ទោះយ៉ាងណា ទស្សនៈ​របស់​សហរដ្ឋ​អាម៉េរិក​គឺ​ផ្ទុយគ្នា​ស្រឡះ​។​

​ខណៈដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​សរសើរ​លោក​អឺ​ដូ​ហ្គា​ន​ជា​មេដឹកនាំ​ខ្លាំងក្លា​និង​ជា​សម្ព័ន្ធមិត្ត​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម អាម៉េរិក​បាន​និយាយថា​ខ្លួន​ត្រូវតែ​កាត់ផ្តាច់​តួ​ក​គី​ចេញពី​ការទិញ​និង​ជួយ​កសាង​យន្តហោះ​ចម្បាំង F-35 ប្រសិនបើ​តួ​ក​គី​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​របស់​រុស្ស៊ី ដែល​គេ​បង្កើតឡើង​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​ប្រភេទ​នេះ​។​

​រដ្ឋបាល​ត្រាំ​កំពុង​ថ្លឹងថ្លែង​នូវ​កញ្ចប់​ទណ្ឌកម្ម​ចំនួន​បី រួមមាន​កញ្ចប់​ទណ្ឌកម្ម​មួយ ដែល​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​តួ​ក​គី​ដែល​កំពុងមាន​បញ្ហា​ស្រាប់ ជាមួយ​ការពិន័យ​ប្រហែលជា​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កក្កដា​។ នេះ​បើ​យោងតាម​មនុស្ស​ដែល​ដឹង​ពី​បញ្ហា​នេះ​។​

​រដ្ឋបាល​ត្រាំ​ក៏​ដូច​ក្រុម​របស់លោក​អូ​បា​ម៉ា​ដែរ និយាយថា ច្បាប់​របស់​សហរដ្ឋ​អាម៉េរិក​នឹងមិន​អនុញ្ញាតឱ្យ​ខ្លួន​ធ្វើ​បត្យាប័ន​លោក​ហ្វេ​ទូ​ឡា ហ្គូ​ឡិន (Fethullah Gulen) ដែលជា​អតីត​មិត្ត​ប្រែជា​សត្រូវ​របស់លោក​អឺ​ដូ​ហ្គា​ន ដែល​កំពុង​និរទេស​ខ្លួន លុះត្រាតែ​តួ​ក​គី​អាច​ផ្តល់​ភស្តុតាង​រឹងមាំ​ថា​គាត់​នៅ​ពីក្រោយ​ការធ្វើ​រដ្ឋប្រហារ​ដោយ​ពួក​សាវ័ក​របស់គាត់​។ ហើយ​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា​ខ្លួន​ជំពាក់​គុណ​ការការពារ​របស់​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​នៅ​ស៊ី​រី​ពី​ការ​គំរាម​វាយប្រហារ​ពី​តួ​ក​គី បន្ទាប់ពី​នោះមក ពួកគេ​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​។​

​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​និង​តួ​ក​គី​មិនអាច​ត្រូវរ៉ូវ​គ្នា​បានទេ​នោះ ចំណងទាក់ទង​អាច​នឹងត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​អារម្មណ៍​ប្រឆាំង​អាម៉េរិក​និង​តួ​ក​គី​បាន​ផ្ទុះឡើង​នៅ​ភាគី​ទាំងសងខាង​។ សហរដ្ឋ​អាម៉េរិក​នឹង​ប្រឈម​បាត់បង់​ដៃគូ​ដ៏​សំខាន់​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​ងាយ​ប្រែប្រួល ហើយ​តួ​ក​គី​វិញ​នឹង​ប្រឈម​បាត់បង់​សម្ព័ន្ធមិត្ត​លោកខាងលិច​ដ៏​ខ្លាំង​បំផុត​របស់ខ្លួន​និង​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ខែល​ការពារ​អាកាស S-400 របស់​រុស្ស៊ី​បង្ហាញ​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី​២៩​មេសា ២០១៩