ការយល់ឃើញ​របស់​អ្នកទស្សនា​ទៅលើ​គ្រូពេទ្យ​នៅក្នុង​របប​ខ្មែរក្រហម ​ក្នុង​ឈុត​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»

488
ចែករម្លែក

​ដោយ ៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទ​ស្សាវ​ដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ប្រជាជន​កម្ពុជា​នៅ​រស់រានមានជីវិត​ប្រមាណ​ជា​៥​លាន​នាក់​ប៉ុណ្ណោះ​។ មាន​រឿងរ៉ាវ​ជាច្រើន​បាន​ដក់​ជាប់​នៅក្នុង​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម ហើយ​រឿងរ៉ាវ​ទាំងនេះ​ត្រូវបាន​ចងចាំ​រហូតមកដល់​ស​ព្វ​។ ល្ខោននិយាយ​«​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​ការសម្ដែង​ដែល​បាន​ដកស្រង់​ចេញពី​សាច់រឿង​ពិត​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លង់កាត់​ភាព​សោក​ស្រេង​ពី​អតីតកាល​។​
​ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​រឿង​នៅក្នុង​ឈុត​មួយ​នៃ​ល្ខោននិយាយ​«​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ៖
«​ខ្ញុំ​ឈ្មោះ ស៊ីណា នៅក្នុង​ឆ្នាំ​១៩៧៦ មាន​អាយុ​១០​ឆ្នាំ គេ​យក​ឪពុក​របស់ខ្ញុំ​ទៅ​មន្ទីរពេទ្យ គាត់​មាន​ជំងឺ​ហើម​ដោយសារតែ​អត់​មាន​អាហារ​ហូប​។ ឪពុក​របស់ខ្ញុំ​ស្រែក​រក​ឲ្យ​គេ​ជួយ​«​ខ្ញុំ​ចុកពោះ​ខ្លាំងណាស់​»​ពេទ្យ​បាន​យក​ថ្នាំ​មួយ​ក្ដាប់​ពណ៌​ខ្មៅ​ចេញមក​។ ម៉ែ​ក៏​យក​ថ្នាំ​នោះមក​ឲ្យ​ពុក ប៉ុន្តែ​ថ្នាំ​នោះ​មិន​បានធ្វើ​ឲ្យ​ពុក​បាត់​ឈឺ​នោះទេ​។ ពុក​ថ្ងូរ ឈឺ​។ ពេទ្យ​ក៏​ចេញ​មកហើយ​ស្រែក​សម្លុត​ឲ្យ​ពុក​។ ម៉េច​ក៏​ស្រែក​ខ្លាំងៗ​ម្ល៉េស​អ្ហាស​! ចង់​ងាប់​អ្ហាស​! ពេទ្យ​ក៏​ដើរចេញ​ទៅយក​សឺ​រ៉ាំ​ង​មកចាក់​ចូលក្នុង​សាច់​ពុក ពុក​បាត់មាត់ឈឹង​»​។​
​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ក្មេងស្រី​ដែល​បាន​បាត់បង់​ឪពុក​លែង​ចង់​និយាយស្ដី​ហើយ​ប្រសិនបើ​នាង​បាន​ជួប​គ្រូពេទ្យ​ដែល​ធ្វើ​ឲ្យ​ឪពុក​របស់​នាង​បាត់បង់​អាយុជីវិត​ម្ដងទៀត​នាង​ប្រាកដជា​មិន​លើកលែងទោស​ឲ្យ​នោះទេ​។​
​គ្រួ​ពេទ្យ​នោះ​ឈ្មោះ សុ​វណ្ណា គឺជា​អតីត​គ្រូពេទ្យ​នៅក្នុង​របប​ខ្មែរក្រហម​។ សុ​វណ្ណា​តែងតែមាន​ភាព​ខ្មាស់អៀន​ចំពោះ​រឿងរ៉ាវ​ដែល​ខ្លួន​បានធ្វើ​។​«​កាលពី​ឆ្នាំ​១៩៧៦ ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ​។ ខ្ញុំ​បាន​ចូល​បម្រើ​ដល់​បដិវត្តន៍​។ ខ្ញុំ​មើលថែ​អ្នកជំងឺ​។ ខ្ញុំ​មាន​មោទកភាព​ខ្លាំងណាស់​។ បន្តិចក្រោយមក​ខ្ញុំ​បានដឹងថា​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ទាំងអស់​ព្រោះ​មន្ទីរពេទ្យ​នោះ​មិន​បានធ្វើ​អ្វីដែល​មន្ទីរពេទ្យ​គួរ​ធ្វើ​នោះទេ​។ យើង​ធ្វើការ​នៅទីនេះ​គ្រាន់តែ​បើកភ្នែក​ចាំមើល​មនុស្ស​ស្លាប់​តែប៉ុណ្ណោះ​។ យើង​គ្មានអ្វី​ផ្ដល់​ឲ្យ​អ្នកជំងឺ​នោះទេ​សូម្បីតែ​ថ្នាំសង្កូវ​»​។​ក្រោយ​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​បាន​ជួប​ក្មេងស្រី​ដែល​ខ្ញុំ​បាន​ព្យាបាល​ធ្វើ​ឲ្យ​ឪពុក​នាង​ស្លាប់​។ ខ្ញុំ​បាន​សុំ​នាង​លើកលែងទោស​ប៉ុន្តែ​នាង​មិនបាន​លើកលែងទោស​ឲ្យ​ខ្ញុំ​ឡើយ​។​
​គំនុំ​មិន​ត្រូវបាន​លើកលែងទោស​។ ប៉ុន្តែ​ប្រសិន​ភាគី​ទាំងពីរ​បាន​បើក​បេះដូង​និង​គិត​អំពី​ស្ថានភាព​របស់​ភាគី​ម្ខាង​ទៀត​នោះ​ការលើកលែងទោស​អាច​នឹង​ត្រូវបាន​យកមក​ពិចារណា​។ មានមតិ​របស់​អ្នកទស្សនា​ល្ខោននិយាយ​ទម្លាយ​ភាព «​ស្ងៀមស្ងាត់​» បានលើកឡើង​ប្រសិនបើ​ពួកគេ​គឺជា​ស៊ីណា​៖
​ជុំ ស្រី​ម៉ុ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ​គឺជា​គរុ​សិស្ស​ឯកទេស អង់គ្លេស​-​ខ្មែរ មាន​ទីកន្លែង​កំណើត​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ស្រី​ម៉ុ​ច​គិតថា ប្រសិនបើ​ខ្ញុំ​គឺជា​ស៊ីណា ខ្ញុំ​អាចមាន​ឱកាស​បាន​ជួប​អ្នក​គ្រូពេទ្យ​ម្ដងទៀត ខ្ញុំ​នឹង​សួរ​ហេតុផល តើ​បាន​ចាក់​ថ្នាំ​អ្វី​ជូន​ពុក​ខ្ញុំ​។ ប្រសិនបើ​គាត់​និយាយ​មក​មាន​ហេតុផល​ឬ​មិនមាន​ហេតុផល​ត្រឹមត្រូវ​ខ្ញុំ​អាច​លើកលែងទោស​ឲ្យ​គាត់​។​ខ្ញុំ​អាច​លើកលែងទោស​ឲ្យ​គាត់​ព្រោះ​ក្នុង​របប​ខ្មែរក្រហម​មិនមាន​សម្ភារ និង​ថ្នាំសង្កូវ​គ្រប់គ្រាន់​។ របប​អាហារ​និង​ថ្នាំពេទ្យ​តិចតួច ធ្វើ​ឲ្យ​គ្រូពេទ្យ​ពិបាក​ក្នុងការ​ព្យាបាល​និង​ប្រើប្រាស់​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​។ គ្រូពេទ្យ​ដែល​ទទួលបាន​ការអប់រំ​តិច​តូច ធ្វើ​ឲ្យ​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​មាន​កម្រិត​ទាប ដែល​នាំ​ឲ្យ​មិនមាន​ភាព​អត់ធ្មត់​ចំពោះ​អ្នកជំងឺ​។ ម្យ៉ាងវិញទៀត​ស្ថានភាព​ប្រទេស​នៅពេលនោះ​គ្រូពេទ្យ​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់​គឺ​ស្ថិតនៅក្រោម​បញ្ជា​របស់​ថ្នាក់លើ​។ ខ្មែរក្រហម​បាន​ឆ្លងកាត់​របប​ដ៏​ជូរចត់​នេះ​ដូចគ្នា ហើយ​គាត់​ត្រូវ​ត្រឡប់មក​រស់នៅ​ក្នុងពេល​បច្ចុប្បន្ន​ដូច្នេះ​យើង​ជា​ជនជាតិខ្មែរ​គួរតែ​ស្រឡាញ់គ្នា​។ ជីវិត​របស់​មនុស្ស​មិនមាន​អាច​ស្ថិតស្ថេរ​បានទេ​។ ខ្ញុំ​គឺជា​គ្រូបង្រៀន​ដូច្នេះ​ទោះបីជា​ខ្ញុំ​ខឹង​យ៉ាងណាក៏ដោយ​ក្ដី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​សិស្ស​នៅតែមាន និង​មិនដែល​មានចិត្ត​គុំកួន​ចំពោះ​សិស្ស​ឡើយ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែលមាន​មើលល្ខោន​និយាយ​«​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​ព្រោះ​កូន​ខ្មែរ​គួរតែ​យល់ដឹង និង​ចងចាំ​សោកនាដកម្ម​ដ៏​អាក្រក់​និង​ការពារ​កុំ​ឲ្យ​របប​នេះ​កើតឡើង​ម្ដងទៀត​។ ខ្ញុំ​បាន​យល់ដឹង​ពី​តថភាព​នៅពេលនោះ​ប្រជាជន​គ្មាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់​។​ខ្ញុំ​មើលឃើញ​ពី​ភាព​ខុសប្លែកគ្នា​កាលពី​របប​ពីមុន​និង​របប​បច្ចុប្បន្ន​។ ល្ខោន​នេះ​បាន​អប់រំ​ឲ្យ​មនុស្ស​ត្រូវ​ចេះ​សាមគ្គី ចេះ​ស្រឡាញ់គ្នា និង​មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ត្រូវ​ហ៊ាន​ប្រឈម​ជាមួយ​បញ្ហា​។​
​រស់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ គឺជា​គរុ​សិស្ស​ឯកទេស​ប្រវត្តិវិទ្យា​-​ភូមិវិទ្យា​មាន​ស្រុកកំណើត នៅ​ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ប្រសិនបើ​ខ្ញុំ​គឺជា ស៊ីណា ខ្ញុំ​នឹង​លើកលែងទោស​ឲ្យ​គ្រូពេទ្យ​នោះ ព្រោះ​អ្នកគ្រូ​ពេទ្យ​ទទួលបាន​នូវ​ការអប់រំ​តិចតួច​ហើយ​វិស័យ​សុខាភិបាល​ក៏មាន​ភាព​ខ្សត់ខ្សោយ​ដែរ ដែល​មានតែ​ថ្នាំ​អាច​ជ៍​ទន្សាយ​សម្រាប់​ព្យាបាល​ជំងឺ​គ្រប់មុខ​។ ស៊ីណា គ្រាន់តែ​ធ្វើតាម​បញ្ជា​របស់​ថ្នាក់លើ​តែប៉ុណ្ណោះ​។​គ្រូពេទ្យ​នៅ​សម័យ​នោះបាន​ប្រើពាក្យ​សម្ដី​មិន​គួរសម​ចំពោះ​អ្នកជំងឺ​ដែល​ខុសពី​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ហើយ​តាមរយៈ​រឿងនេះ ក៏​អាចធ្វើ​ការប្រៀបធៀប​ចំពោះ​គ្រូពេទ្យ​បច្ចុប្បន្ន​មួយចំនួន​ដែល​ទទួលបាន​ការអប់រំ​ប្រសើ​ជាង​គ្រូពេទ្យ​នៅ​សម័យ​ខ្មែរក្រហម​ដែរ​។​«​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​បានធ្វើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​បែកបាក់​គ្នា​នៅក្នុង​សង្គម​។​
​ថៃ គឹមហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ គឺជា​គរុ​សិស្ស​ប្រវត្តិវិទ្យា​-​ភូមិវិទ្យា មាន​ទីកន្លែង​កំណើត​នៅ​ឃុំ​សូរ្យ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ គឹមហុង បាន​រៀបរាប់ថា ខ្ញុំ​មិនដែល​បាន​ទស្សនា​ល្ខោននិយាយ​ដែលមាន​ចំណងជើង​ថា «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​ពីមុន​នោះទេ​។ នៅក្នុង​ឈុត​ទី​២​នៃ​រឿងនេះ​បានបង្ហាញ​ឲ្យ​ខ្ញុំ​បានដឹង​អំពី​ភាពខ្វះខាត​នៃ​វិស័យ​សុខា​ល​ភិ​បាល​ក្នុង​របប​ខ្មែរក្រហម​។ គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ដោយ​ខ្វះ​វិជ្ជាជីវៈ និង​គ្មាន​សីលធម៌​ចំពោះ​អ្នកជំងឺ​។ ប្រសិនបើ​ខ្ញុំ​គឺជា​តួអង្គ​ដែល​ឪពុក​ត្រូវបាន​គ្រូពេទ្យ​ព្យាបាល​ឲ្យ​ស្លាប់​ខ្ញុំ​នឹង​លើកលែងទោស​ឲ្យ​គ្រូពេទ្យ​នោះ ព្រោះ​រឿង​ទាំងអស់នេះ​ជា​រឿងរ៉ាវ​អតីតកាល​។ ប្រសិនបើ​ខ្ញុំ​ទៅ​សម្លាប់​គ្រូពេទ្យ​នោះ​ឪពុក​របស់ខ្ញុំ​ក៏​មិនអាច​ត្រឡប់មកវិញ​ដែរ​»​។ គ្រូពេទ្យ​នោះ​គឺ​ស្ថិតនៅក្រោម​ការគាប់សង្កត់​របស់​អង្គការ​។​
​ហុង ចន្ទ្រា អាយុ ៥៤​ឆ្នាំមាន​ស្រុកកំណើត​នៅ​ឃុំ​វត្ត​គរ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចន្ទ្រា​បានលើកឡើង​ថា ខ្ញុំ​បាន​មើ​ល្ខោន «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ខ្ញុំ​បាន​នឹក​ដល់​ឪពុក​ខ្ញុំ​ដែល​ធ្វើជា​ទាហាន​។ ឪពុក​របស់ខ្ញុំ​បាន​លាក់​ប្រវត្តិរូប​មិន​ឲ្យ​ខ្មែរក្រហម​ដឹង​ឡើយ​។ ឪពុក​របស់ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​សមរភូមិ​នៅ​ភូមិ​ក្បាលដំរី​។ ក្រោយមក​នៅពេលដែល​គាត់​ឈឺ​ឪ​ពុ​របស់ខ្ញុំ​ក៏ត្រូវ​បាន​ខ្មែរក្រហម​បញ្ជូន​មកវិញ​។ ឪពុក​របស់ខ្ញុំ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ឪពុក​របស់ខ្ញុំ​មាន​ជំងឺ​ហើម ហើយ​ខ្ញុំ​បាន​ទៅ​មើល​គាត់​នៅ​មន្ទីរពេទ្យ​។ ខ្ញុំ​ចង់​មើលថែទាំ​ឪពុក​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនអាច​ធ្វើបាន​នោះទេ​ព្រោះ​អង្គ​ការមិន​អនុញ្ញាត​។ ឪពុក​របស់ខ្ញុំ​ហើម ហើយ​សាច់​របស់គាត់​ពណ៌​ឡើង​ខៀវ​។ ឪពុក​របស់ខ្ញុំ​ប្រហែល​មិនមាន​អាហារ​ហូប​។ ឪពុក​របស់ខ្ញុំ​ឃ្លាន​ពោត​ស្ងោរ​។ ខ្ញុំ​ក៏បាន​ទៅ​លួច​ពោត​នៅក្នុង​ចម្ការ​ដើម្បី​ស្ងោរ​ឲ្យ​ពុក​ហូប​។ ខ្ញុំ​បាន​ទៅដល់​ចម្ការពោត​ខ្ញុំ មិនឃើញ​មនុស្ស​សូម្បីតែ​ម្នាក់​។ បន្ទាប់ពី​ខ្ញុំ​បាន​កាច់​ពោត​បាន​ចំនួន​ពីរ​ទៅ​បី​ផ្លែ​ស្រាប់តែ​ឈ្លប​មក​ភ្ជង់​ខ្ញុំ​។ ឈ្លប​នោះបាន​នាំ​ខ្ញុំ​ទៅ​ជួប​ប្រធាន​របស់គេ​ហើយ​បាន​សួរនាំ​ខ្ញុំ​។ ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​ត្រង់​ថា ឪពុក​របស់ខ្ញុំ​ឈឺ​ហើយ​គាត់​ឃ្លាន​ពោត​។ សំណាងល្អ​ប្រធាន​កងឈ្លប​បាន​ដោះលែង​ខ្ញុំ​។ ដោយសារ​ឪពុក​របស់ខ្ញុំ​នៅសល់​មាស​ខ្លះ​ដូច្នេះ​គាត់​ក៏​លួច​យក​មាស​ទៅ​ដូរ​យក​ថ្នាំ​ជាមួយ​គ្រូពេទ្យ​។ ឪពុក​របស់ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ​។ ប្រសិនបើ​ឪពុក​របស់ខ្ញុំ​ស្ថិតនៅក្នុង​ស្ថានភាព​ដូចជា​តួ​អង្ក​ឪពុក​របស់ ស៊ីណា ខ្ញុំ​មិន​ខឹង​នឹង​គ្រូពេទ្យ​នោះទេ​ព្រោះ​គ្រូពេទ្យ​នោះ​ទទួលបញ្ជា​ពី​ថ្នាក់លើ​។ ប្រសិនបើ​គ្រូពេទ្យ​នោះ​មិន​ធ្វើតាម​បញ្ជា​របស់​ថ្នាក់លើ​ទេ គ្រូពេទ្យ​នោះ​ប្រាកដជា​ត្រូវបាន​យកទៅ​សម្លាប់​ជាមិនខាន​។
​បន្ទាប់ពី​ការសម្តែង «​រឿង​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​សាធារណជន​ក៏បាន​បង្ហាញ​អំពី​គំនិត តម្លៃ​អប់រំ​របស់​ល្ខោន​នេះ​ជាមួយ​សាច់រឿង​ផ្ទាល់ខ្លួន​ដែល​បាន​ជំរុញ​ឲ្យ​មនុស្ស​ទាំងអស់​រស់នៅក្នុង​សង្គម​ដោយ​សុខសន្តិភាព រំសាយ​នូវ​កំហឹង ឈប់​មាន​គំនុំ​គ្នា​ចំពោះ​រឿងរ៉ាវ​អតីតកាល និង​ត្រូវ​ចេះ​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​៕SRN