ការយល់ដឹង​ទៅលើ​ពាក្យ​ថា ធី​វ៉េ​ត ពី​សិស្សានុសិស្ស​នៅមានកម្រិត​

1599
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: តាម​ការកត់សម្គាល់ និង​ការសាកសួរ​ជាច្រើន​នាក់​របស់​សិស្សានុសិស្ស មកពី​បណ្តា​វិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ​ទៅលើ​ពាក្យ​ថា ធី​វ៉េ​ត (TVET) ជាការ​ឆ្លើយតប​ហាក់​នៅមានកម្រិត​នៅឡើយ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​ជំរុញ​ឲ្យ​ប្រសើរឡើង​នូវ​ធី​វ៉េ​ត​នេះ​។​

​សូមបញ្ជាក់ថា ពាក្យ ធី​វ៉េ​ត គឺ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឬ​ហៅថា​ជំនាញ ( សំណង់ អគ្គិសនី និង​មេកានិច​…) ដែល​តួនាទី​ដ៏​សំខាន់​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឲ្យ​មានចំណេះដឹង សមត្ថភាព ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ ដែលជា​កត្តា​កំណត់​ក្នុងការ​លើកកម្ពស់​ផលិតភាព ភាព​ប្រកួតប្រជែង និង​ការទាក់ទាញ​វិនិយោគ សំដៅ​បន្ត​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ បង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ ទទួលបាន​ប្រាក់ចំណូល​ប្រសើរឡើង និង​រស់នៅក្នុង​ភាពសុខដុមរមនា​។​

ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​១៥ ខែមិថុនា​រៀងរាល់ឆ្នាំ​ជា​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (National TVET Day) ដើម្បី​លើកកម្ពស់ ធី​វ៉េ​ត និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិ​ស្សា​នុ សិស្ស យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន​ឲ្យ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ ធី​វ៉េ​ត ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នៅក្នុង​និង​ក្រៅប្រទេស​។​

​តាម​ការសម្ភាសន៍​ផ្ទាល់ រវាង​អ្នកយក​ព័ត​មាន​រស្មី​កម្ពុជា និង​ក្រុម​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​ផ្សេងៗ​គ្នា រួមមាន​៖ មកពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​វត្ត​កោះ និង​វិទ្យាល័យ​សន្ធរម៉ុក​។​ល​។ បានលើកឡើង​ស្រដៀង​គ្នា​ថា ពួកគេ​ពិត​មិន​ស្គាល់​ពាក្យ ធី​វ៉េ​ត ជា​អ្វី​នោះទេ​? ប៉ុន្តែ​ពួកគេ​សុទ្ធតែ មាន​ក្តី​ស្រ​ម៉ៃ​ផ្សេងៗ​គ្នា​ក្រោយ​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុ​តយ​ភូមិ (​ថ្នាក់​ទី​១២)​ថា នឹង​បន្ត​យក​ជំនាញ​ផ្នែក វិស្វករ ព័ត​មាន​វិទ្យា និង​ផ្នែក​ច្បាប់​ជាដើម​។​

​ដោយឡែក សិស្ស​ថ្នាក់​ទី​១០ មកពី​វិទ្យាល័យ​ហ៊ុន សែន បុរី​១០០​ខ្នង ឈ្មោះ តាំង គឹម​ស៊ុ​ង បាន ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ចូលរួម​ទស្សនា​និង​ស្តាប់​បទ​បង្ហាញ​នានា​ទាក់ទង​នឹង ធី​វ៉េ​ត គឺ​ទទួលបាន​ការយល់ដឹង​ច្រើន និង​ជា​មុខវិជ្ជា​មួយ​ដែល​យើង​អាច​ចាប់យក​វិទ្យាស្ថាន​ណាមួយ ដែល​អាច​គិតថា​ផ្តល់​ជំនាញ ពិតប្រាកដ​និង​ច្បាស់លាស់​ទៅ​ថ្ងៃ​អនាគត និង​បាន​សំណូមពរ​បន្ថែម​ទៅដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ថា បើ អាច​សូម​បង្កើត​កម្មវិធី​ឲ្យ​បាន​ច្រើន​ទាក់ទង​ការអប់រំ ក៏ដូចជា​ផ្តល់នូវ​បទពិសោធន៍​ដល់​យុវជន​ជំនាន់​ក្រោយៗ​ផងដែរ​។​

​លោក ថង សាម៉ុន មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អ្នករៀបចំ​ពិធី​ទិវា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ លើក​ទី​១ ឆ្នាំ​២០១៨ បាន​លើកឡើងថា ជំនាញ​នៃ​ការសិក្សា​សុទ្ធតែ សំខាន់​ដូចគ្នា​លើ​គ្រប់​មុខវិជ្ជា ប៉ុន្តែ​បច្ចុប្បន្ន​ទីផ្សារការងារ​កំពុង​ត្រូវការ​ការងារ​ជំនាញ​បច្ចេកទេស​ច្រើនជាង​ការងារ​ទូទៅ ដូច្នេះហើយ​កាលណា​សិស្ស​និស្សិត​គួរ​រៀន​ជំនាញ​ណាមួយ​ដែល​ទីផ្សារ​ត្រូវការ ចៀសវាង ទៅ​រៀន​ជំនាញ​ផ្សេង​ដែល​ទីផ្សារការងារ​តូចចង្អៀត ដែល​នាំ​ឲ្យ​ខាត​ទាំង​ពេលវេលា និង​ថវិកា​ផ្សេងៗ​ទៀត​។​

​លោក​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​ទីផ្សារការងារ​ខាង​វិស័យ ធី​វ៉េ​ត មាន​មិន​ក្រោម​០២​ម៉ឺន​នាក់​នោះទេ ខណៈដែល​ជំនាញ​ផ្សេងៗ​មាន​ដូចគ្នា ប៉ុន្តែ​ទាប​ជាង​ទីផ្សារ​ជំនាញ​មួយ​នេះ ដោយ​សារភាព​រីកចម្រើន នៃ​វិស័យសេដ្ឋកិច្ច​ក្នុងស្រុក​មាន​កំណើន​ឋេ​រ​។ ដោយឡែក ពាក់ព័ន្ធ​នឹង​ទិវា​ជាតិ​ខាងលើនេះ លោក បានបញ្ជាក់ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ហៅថា​ការរៀន​ជំនាញ​បច្ចេកទេស មានដូចជា​៖ ជំនាញ​អគ្គិសនី សំណង់ មេកានិច ម៉ាស៊ីនត្រជាក់ និង​វិស្វករ​ជាដើម ជូន​ទៅដល់​សាធារណជន អាណាព្យាបាល សិស្សានុសិស្ស ក៏​ដូ​ជា​ដៃ​អភិវឌ្ឍន៍​ផ្សេងៗ និង​ក្រុមហ៊ុន​ឯកជន​ទៅ​ឲ្យ​គាត់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​នូវ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​។​

​ទន្ទឹមនេះ លោក ថង សាម៉ុន ក៏បាន​អំពាវនាវ​ដល់​សាធារណជន ក៏ដូចជា​អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​ងាក​មក​គិត​លើ​ការរៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ព្រោះ​ជា​ជំនាញ​មួយ​ដែល​ទីផ្សារការងារ​កំពុងតែ​ត្រូវការ​ខ្ពស់ ស្រប​ពេលដែល​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច្នេះ​គឺ​ត្រូវការ​អ្នកបច្ចេកទេស​ជាច្រើន​ក្នុង​ការជួយ​គាំទ្រ​ដល់​ការវិនិយោគ ក៏ដូចជា​វិស័យ​ឧស្សាហកម្ម​ដែលមាន​ស្រាប់ ឬក៏​វិស័យ​ឧស្សាហកម្ម​ដែល​កើតឡើង​ខាងមុខ​៕ ល​

#