ការយល់ដឹង​យុវជន​ពី​ខ្មែរក្រហម​អាច​បញ្ចៀស​របប​ប្រល័យ​ពូជ​សាស ការពារ​សន្តិភាព​

641
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង បាន​លើកឡើងថា ប្រទេស​កម្ពុ​ជាមាន​ច្រើន​ទៅដោយ​យុវជន ដូច្នេះ​យុវជន​គឺជា​មនុស្ស​សំខាន់​ខ្លាំងណាស់​ក្នុងការ​ថែរក្សា​ការពារ​សន្តិភាព និង ទប់ស្កាត់​កុំឱ្យ​សោកនាដកម្ម​ប្រល័យពូជសាសន៍​កើតឡើង​ក្នុងសង្គម​ជាតិខ្មែរ​ម្តងទៀត ។ ប៉ុន្តែ​ដែល​អាចធ្វើ​បែប​នោះ​ទៅបាន យុវជន​ចាំបាច់​ត្រូវ​ដឹង​អំ​ព​ប្ញ​សគល់ ដើមចម នៃ របប​កម្ពុជា ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ពុំ​នោះទេ គេ​មិនដឹង​ការពារ​បែបណា ហើយក៏​ថែមទាំង​អាច​បង្ករ​ឱ្យមាន​កំហុសឆ្គង ពោលគឺ​អាច​ដើរ​ជាន់​លើ​ដាន​ចាស់​ទៀតផង  ។

​លោក ឆាយ វិសុទ្ធ ថ្លែង​យ៉ាង​ដូច្នេះ នាឱកាស​បើក​សិក្ខាសាលា​ស្តីពី យុវជន និង ការកសាង​សន្តិភាព ដែល​រៀបចំ​ដោយសារ​មន្ទីរ​ទួលស្លែង និង មូលនិធិ ខុនរ៉ាដ់ ប្រចាំ​កម្ពុជា នៅឯ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ចាប់ពី​ថ្ងៃទី ២៧ ខែ សីហា ដល់​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​កញ្ញា ហេង លឹម​ហ៊ាង តំណាង​មូលនិធិ ខោ​ន​រ៉ា​ដ់ អា​ឌឺ​ណាវ​អ៊ែរ ប្រចាំ​កម្ពុជា បាន​គាំទ្រ​នឹង​ការលើកឡើង​របស់លោក ឆាយ វិសុទ្ធ ហើយ​ថា សិក្ខាសាលា​ដែលមាន​រយៈ ៧ ថ្ងៃនេះ នឹង​ផ្តល់ឱ្យ​យុវជន​នូវ​ការយល់ដឹង​អំពី​អតីតកាល ពោលគឺ​ប្ញ​សគល់ និង បរិបទ​នានា​ដែល​បាន​បណ្តាលឱ្យមាន​របប​ខ្មែរក្រហម ពេល​ខ្មែរ​ក្រហ​មា​កាន់អំណាច និង មូលហេតុ​ផ្សេងៗ​ទៀត​ដែលនាំឱ្យ​ខ្មែរក្រហម​ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ កាប់សម្លាប់​ឥត​ត្រា​ប្រណី និង វិធី​ដោះស្រាយ​បញ្ហា​នានា​តាមបែប​សន្តិវិធី ដើម្បី​យុវជន​រៀន​ពី​អតីតកាល យកមក​រៀបចំ​ផ្លូវ​ទៅ​អនាគត​កុំឱ្យ​មាន​អំពើ​ប្រល័យពូជសាសន៍ ឬ សោកនាដកម្ម​កើតឡើង​ចំពោះ​ប្រទេសជាតិ​ម្តងទៀត ។​

​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ដែល​ដើមឡើយ គឺជា​សាលារៀន ត្រូវបាន​ហៅ​នៅក្នុង​របប​ខ្មែរក្រហម​ថា មន្ទីរ ស ២១ ដែល​អ្នកខ្លះ​ហៅថា គុក​ទួលស្លែង ហើយ​មន្ទីរ ស​២១ គឺជា​មន្ទីរឃុំឃាំង​ដ៏​សំខាន់ ១ ក្នុងចំណោម​កន្លែង​ឃុំឃាំង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ផ្សេងទៀត​របស់​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ដូចជា​មណ្ឌល​ប្រល័យពូជសាសន៍​បឹង​ជើងឯក និង អំ​លាំង​ជាដើម ។​

​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម បាន​កាន់អំណាច​នៅ​កម្ពុជា ចាប់​ព​ឆ្នាំ​ខែ មេសា ឆ្នាំ ១៩៧៥ ដល់​ខែ មករា ឆ្នាំ​១៩៧៩ បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្ទេ​ខ្ទាំ​ដល់​ប្ញ​សគល់​លើ​គ្រប់​វិស័យ ហើយ​មនុស្ស​ប្រមាណ​ជា​ជិត ២ លាន​នាក់​បាន​ស្លាប់​យ៉ាង​អយុត្តិធម៌ ខណៈ​អ្នក​ដែល​នៅ​រស់រានមានជីវិត​ពី​របប​នោះ គឺ​រស់នៅ​ជាមួយនឹង​ការឈឺចាប់ និង បាក់ស្បាត បន្សល់ទុក​នូវ​មរតក​អវិជ្ជមាន​ក្នុងសង្គម​យ៉ាង​អនេកបរិយាយ​រហូតមក​សព្វថ្ងៃ ៕ Kh