ការយល់​ខុស​របស់ សារុន បានធ្វើ​ឲ្យ​គាត់​ធ្លាក់ខ្លួន​ជា​ពេជ្ឈឃាត

409
ចែករម្លែក
  • 39
    Shares

ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ឈុត​ទី​៤ ក្នុងចំណោម​ឈុត​ទាំង​៨ នៃ​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​ឈុត​មួយ​បាន​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​របស់​និស្សិត​ម្នាក់ ដែល​ធ្លាប់​ស្រមៃ​ចង់បាន​ពិភពលោក​មួយ​ដែល​ប្រសើរ​ជាង​មុន​។ តួអង្គ​សំខាន់​ក្នុង​ឈុត​នេះ គឺ​ឈ្មោះ សារុន​។ គាត់​បាន​យល់​ខុស​ចំពោះ​របប​ខ្មែរក្រហម​ថា នឹង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សុខសន្តិភាព និង​ល្អ​ប្រ​ ​សើរ​ជាង​មុន​។ ប៉ុន្តែ​នៅ​ទីបំផុត​រាល់​អ្វីៗ​ទាំងអស់​មិន​ដូច​ការគិត​របស់គាត់​ឡើយ ហើយ​បែរជា​ប្រែក្លាយ​រូបគាត់​ទៅជា​ពេជ្ឈឃាដ និង​អាចធ្វើ​អ្វីៗ​ទៅតាម​តែ​អង្គការ​បដិវត្តន៍​បញ្ជា​តែប៉ុណ្ណោះ​។
កាលពី​តូច សារុន គឺជា​សិស្ស​ល្អ​ម្នាក់​នៅឯ​សាលារៀន​ក្នុងភូមិ​។ ឪពុក​មា្ត​យ​របស់​សារុន ពិត​ជាមាន​មោទកភាព​ចំពោះ​គាត់​ខ្លាំងណាស់​។ ឪពុក សារុន តែងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ឲ្យ សារុន អាច​ទៅ​រៀនសូត្រ​បន្ត​ក្នុង​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ភ្នំពេញ​។ ឪពុក​មា្ត​យ​របស់ សារុន តែង​ស្រមៃ​ថា សារុន នឹង​អាច​ក្លាយជា​សាស្ត្រាចារ្យ​ម្នាក់​។ កាលណោះ គឺជា​ជំនាន់ លន់ នល់ ហើយ​ស្ថានភាព​មិនល្អ​ទាល់តែសោះ​។ នៅក្នុង​ប្រទេស​មាន​ភាព​វឹកវរ​សម្បើម​ណាស់​។ និស្សិត​ដូច សារុន គឺជា​អ្នក​ដែលមាន​ការស្រមើស្រមៃ​វែងឆ្ងាយ ដោយសារ​គាត់​ចង់បាន​សង្គម​មួយ និង​ពិភពលោក​មួយ​ដែល​ល្អ​ជាង​នេះ​។ សារុន និង​ក្រុមនិស្សិត​ក៏បាន​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​ប្រឆាំង​រដ្ឋាភិបាល លន់ នល់ ហើយ​និស្សិត​ជាច្រើន​នាក់ ក៏​ត្រូវបាន​កងកម្លាំង​របស់ លន់ នល់ ចាប់ខ្លួន រួមទាំង សារុន ដែរ​។ នៅក្នុង​គុក ឆ្មាំ​បានធ្វើ​ទារុណកម្ម សារុន យ៉ាងខ្លាំង ដោយ​វាយ​ធ្វើបាប ថែមទាំង​ឆក់​ខ្សែភ្លើង សារុន ទៀតផង​។ ប៉ុន្តែ​ការដែល​ធ្វើបែបនេះ បានធ្វើ​ឲ្យ សារុន ស្អប់​របប លន់ នល់ កាន់តែខ្លាំង​ឡើង​។​


​ ​បន្ទាប់ពី​កងកម្លាំង​ក្នុង​របប លន់ នល់ បាន​ដោះលែង សារុន សារុន ក៏បាន​រត់​ចូល​ក្នុងព្រៃ គឺ​ពេលនោះ​ហើយ​ដែល​គាត់​បាន​ជួប​ជាមួយ​ក្រុមខ្មែរក្រហម​។ ខ្មែរក្រហម​ធ្វើការ​ប្រយុទ្ធ​ដើម្បី​ទទួលបាន​នូវ​សង្គម​មួយ​ដែល​ល្អប្រសើរ​ជាង​នេះ គឺ​ប្រទេសមួយ​ដែល​ពោរពេញ​ទៅដោយ​សេរីភាព គ្មាន​អំពើពុករលួយ ហើយ​គ្រប់គ្នា​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​។ សារុន គឺ​ពិតជា​មានការ​ជឿជាក់​ដូចនេះ​មែន​។ ដូច្នេះ សារុន ក៏​ចង់​ចូលរួម​ជាមួយ​គេឯង​ដទៃទៀត ដោយ សារុន យល់ឃើញថា គាត់​មិនអាច​បង្ហាញ​ឲ្យ​ខ្មែរក្រហម​ដឹងថា គាត់​គឺជា​អ្នក​ដែល​រៀនសូត្រ​បាន​ខ្ពស់​នោះទេ​។ ពេលនោះ សារុន ក៏​ខំប្រឹង​ធ្វើការ​ដើម្បី​ឲ្យ​ដៃ​ឡើង​គ្រើម និង​ហាលថ្ងៃ​ដើម្បី​ឲ្យ​សម្បុរ​ខ្មៅ​ដូច​អ្នកស្រែ​ចម្ការ​។ សារុន ខំ​ដាក់ខ្លួន​ធ្វើការ​ឲ្យ​បានល្អ ប៉ុន្តែ​នៅ​ទីបញ្ចប់​គាត់​ធ្វើ​អ្វីៗ​តាមតែ​អង្គការ​ចង់បាន​។ សារុន ពួន​នៅក្រោម​ផ្ទះ​ប្រជាជន​ដើម្បី​លួច​ស្តាប់​ប្រជាជន​និយាយ​គ្នា និង​បាន​ចាប់​ប្រជាជន​ដែល​និយាយ​អាក្រក់​ពី​អង្គការ​។ សារុន បានធ្វើ​រឿង​អាក្រក់ និង​សាហាវ​ជាច្រើន ហើយ​គាត់​លែង​គិត​ដូច​មនុស្ស​ទៀតហើយ​។ សារុន ប្រៀបដូចជា​សត្វ​ឆ្កែ​មួយ​ក្បាល គឺ​ចាំតែ​មើលមុខ​ចៅហ្វាយនាយ និង​បក់កន្ទុយ​ដោយ​ខ្លាច​ចៅហ្វាយ​វាយ​តែប៉ុណ្ណោះ​។​


​ ​បន្ទាប់ពី​បដិវត្តន៍​ចប់ សារុន បាន​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ ហើយ​នាពេល​ឥឡូវនេះ​គាត់​រស់នៅ​ដោយ​ខ្លួនឯង និង​មាន​តួនាទី​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ដែល​គាត់​ធ្លា​ប់រៀន​កាលពីមុន​។ សារុន បានឮ​ប្រជាជន​និយាយថា​ខ្មែរក្រហម​បានសម្លាប់​ឪពុក​របស់គាត់ នៅពេលដែល​ឪពុក​របស់គាត់​កំពុងធ្វើការ​នៅ​វាលស្រែ​។ ឪពុក​ដ៏​ស្លូតបូត​របស់ សារុន ដែល​ធ្លាប់តែ​ស្រមៃ​ថា សារុន នឹង​ក្លាយទៅជា​សាស្ត្រាចារ្យ​ម្នាក់ ប៉ុន្តែ​ខ្មែរក្រហម​បាន​វាយ​គាត់​រហូតដល់​ស្លាប់ ដោយសារតែ​គាត់​ខ្សោយ​ពេក​គ្មាន​កម្លាំង​ធ្វើការ​ងារ​ឲ្យ​អង្គការ​។ ជួនកាល សារុន ខឹង ហើយ​ជួនកាល​ក៏​ក្រៀមក្រំ ខួរក្បាល​របស់គាត់​ពោរពេញ​ទៅដោយ​ភាព​រញ៉េរញ៉ៃ​។​
​ ​សារុន មិន​យល់ថា​តើ​ប្រទេស​ទាំងមូល​ត្រូវបាន​បោក​បញ្ឆោត​យ៉ាងដូច​មេ្ត​ច​? តើ​គាត់​ត្រូវបាន​ខ្មែរក្រហម​បោក​បញ្ឆោត​ដែរ​ឬ​យ៉ាងណា​? ត្រូវ​ហើយ សារុន បាន​បន្ទោស​ខ្មែរក្រហម​ចំពោះ​ការដែល​នាំ​ឲ្យ​គាត់​ដើរ​ផ្លូវខុស ប៉ុន្តែ​វា​ក៏​ជា​កម្ម​របស់គាត់​ដែរ​។ ដូច្នេះ សារុន មិនអាច​ធ្វើ​អ្វី​បានឡើយ​ក្រៅពី​បន្ទោស​ខ្លួនឯង​។ សារុន បាន​ដើរទៅ​ផ្សារ ហើយ​បានឃើញ​ម្តាយ​របស់គាត់ ប៉ុន្តែ​ម្តាយ​របស់គាត់​មិនមាន​ការ​រាក់ទាក់​មកកាន់​គាត់​ឡើយ​។ ម្តាយ​របស់គាត់​បែរជា​ឈ្ងោក​មុខ​ចុះ ហើយ​ដើរ​ចេញទៅ​។ សារុន ចង់​ប្រាប់​ម្តាយ​របស់គាត់​ថា គាត់​ត្រូវការ​ម្តាយ​ខ្លាំងណាស់ ប៉ុន្តែ​ម្តាយ​របស់គាត់​បែរជា​ខ្មាស់​គេ​ដែល​មានកូន​ជា​ពេជ្ឈឃាដ​ទៅវិញ​។ ទោះជា​យ៉ាងនេះ​ក្តី ម្តាយ​របស់ សារុន ក៏មាន​មោទកភាព​ចំពោះ សារុន ខ្លាំង​ណាស់ដែរ ព្រោះ​គាត់​បាន​ធ្វើជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់ ព្រមទាំង​មិនដែល​វាយ​ក្មេងៗ ហើយ​តែងតែ​អត់ធ្មត់​ពន្យល់​ក្មេងៗ​ជានិច្ច​។ សារុន ពិតជា​ចង់​ឲ្យ​ម្តាយ​របស់គាត់​អត់​ទោស​ឲ្យ​គាត់​ខ្លាំងណាស់ ប៉ុន្តែ​ម្តាយ​របស់គាត់​ពិបាក​នឹង​លើកលែងទោស​ឲ្យ​គាត់​។​
​ ​តើ សារុន មាន​កំហុស​ដែរឬទេ​ចំពោះ​ការយល់​ខុស និង​បាន​ប្រព្រឹត្ត​កំហុស​នៅ​អំឡុងពេល​របប​ខ្មែរក្រហម​?
​ ​ខាងក្រោម​នេះ គឺជា​កិច្ចពិភាក្សា​រវាង​គរុ​សិស្ស​មួយក្រុម​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម និង​ការចែករំលែក​បទពិសោធ​ន៍​របស់​អតីត​យោធា​ខ្មែរក្រហម ដែល​ធ្លាប់​ទទួលរង​មនោគមន៍វិជ្ជា​ខ្មែរក្រហម ៖
​គរុ​សិស្ស​
​ ​គៀត ណា​លី អាយុ ២១​ឆ្នាំ ឯកទេស​ជីវវិទ្យា​-​ផែនដី ឆ្នាំ​ទី​១ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា «​តួអង្គ សារុន មិនមែនជា​មនុស្ស​អាក្រក់​ឡើយ ព្រោះ​ការចូល​រួមជាមួយ​អង្គ​ការ​បដិវត្តន៍ ដោយសារតែ​គាត់​យល់ច្រឡំ​ថា ខ្មែរក្រហម​នឹង​ជួយ​រំដោះ​ប្រទេសជាតិ​ឲ្យ​ល្អប្រសើរ​ជាង​មុន ប៉ុន្តែ​វា​ផ្ទុយ​ពី​ការគិត​របស់ គាត់​ទាំងអស់​។ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​គាត់​សម្លាប់​ប្រជាជន​ខ្មែរ​គ្នាឯង នាពេលនោះ​គាត់​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​កំហុស​របស់គាត់​»​។ ណា​លី បាន​បញ្ជាក់ថា «​រាល់​កំហុស​ទាំងនោះ គឺ​ដោយសារតែ សារុន មានការ​រំពឹងទុក​ថា ប្រសិនបើ​គាត់​ចូល​ជាមួយ​ខ្មែរក្រហម គឺ​គាត់​នឹង​បាន​ជួយ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​ស្ថានភាព​វឹកវរ ប៉ុន្តែ​បែរជា​ខ្មែរក្រហម​បាន​ដើរ​នូវ​គោលនយោបាយ​ខុសពី​ការគិត​របស់គាត់​ទៅវិញ​។​បន្ទាប់ពី​បដិវត្តន៍​ចប់ សារុន បាន​ផ្លាស់ប្តូរ​ពី​ពេជ្ឈឃាដ មកជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់ ព្រមទាំង​មិនដែល​វាយ​ធ្វើបាប ឬ​និយាយ​មិនល្អ​ទៅកាន់​សិស្ស​មួយណា​ឡើយ​។ ទាំងនេះ បាន បញ្ជាក់​ឲ្យ​ឃើញថា សារុន មិនមែនជា​មនុស្ស​សាហាវព្រៃផ្សៃ​នោះទេ ដោយសារតែ​បរិបទ​សង្គម និង​ការចាញ់បោក​នយោបាយរ​បស់​ខ្មែរក្រហម​បានធ្វើ​ឲ្យ​គាត់​ក្លាយជា​មនុស្ស​ផ្សេងទៀត​»​។​

​រិ​ទ្ធ ភារ​ក្ស អាយុ​១៩​ឆ្នាំ ឯកទេស​ជីវវិទ្យា​-​ផែនដី ឆ្នាំ​ទី​១ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម បាន​រៀបរាប់ថា «​ប្រសិនបើ​ខ្ញុំ​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នេះ ខ្ញុំ​ក៏​សម្រេចចិត្ត​ធ្វើ​ដូច​តួអង្គ សារុន ដែរ ព្រោះ​នៅពេលដែល សារុន រត់​ចូល​ព្រៃ​គាត់​ក៏បាន​ជួប​ខ្មែរក្រហម ហើយ​ខ្មែរក្រហម​បាន​ប្រាប់ថា នឹង​ជួយ​រំដោះប្រទេស​ជាតិ​ឲ្យ​មានការ​រីកចម្រើន និង​ធ្វើ​ឲ្យ​ប្រជាជនមាន​ការហូបចុក​គ្រប់គ្រាន់​។ យ៉ាងណាមិញ បរិបទ​សង្គម និង​នយោបាយ​ក៏បាន​បង្ខំ​ឲ្យ សារុន ត្រូវតែ​សម្រេចចិត្ត​ធ្វើបែបនេះ​»​។ ភារ​ក្ស បាន​ឲ្យ​ដឹងថា « សារុន គឺ​មិនមាន​កំហុស​នោះទេ ដោយសារតែ​គាត់​ចង់​ជួយ​ប្រទេសជាតិ និង​ចង់​ប្រែក្លាយ​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព​ពេញលេញ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ សារុន ក៏បាន​ក្លាយជា​គ្រូបង្រៀន​ដ៏​ល្អ​មា្ន​ក់ ហើយ​គាត់​ក៏​មិនដែល​វាយ​ធ្វើបាប​សិស្ស​របស់គាត់​ម្តងណា​ឡើយ​។ ខ្ញុំ​គិតថា សារុន គឺជា​បុគ្គល​គំរូ​ដ៏​ល្អ​ម្នាក់​ដែល​បាន​យកចំណេះ​ដឹង​ដែល​ខ្លួន​មាន យកទៅ​ចែករំលែក​ជាមួយ​សិស្ស​របស់គាត់ ហើយ​ជា​ផ្នែក​មួយ​ដែល​គាត់​បាន​ជួយ​សង្គមជាតិ​តាមរយៈ​ការបង្រៀន​។ ខ្ញុំ​ជឿជាក់ថា សារុន ក៏​មិនមែនជា​មនុស្ស​សាហាវព្រៃផ្សៃ​ដែរ ព្រោះ​អត្តចរិត​របស់គាត់​គឺ​ស្តែងចេញ​តាមរយៈ​ការបង្រៀន​សិស្ស ដោយ​គាត់​មិនដែល​វាយ​ឬ​ធ្វើបាប ជាពិសេស​គាត់​តែងតែ​អត់ធ្មត់​ចំពោះ​សិស្ស​របស់គាត់​ជានិច្ច​។​
​វូ វ៉ាន់​សុខ​ហេង អាយុ​១៨​ឆ្នាំ ឯកទេស​ភាសា​ខ្មែរ ឆ្នាំ​ទី​១ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា «​ដោយសារ​ប្រទេស​មាន​ស្ថានភាព​វឹកវរ និង​មានការ​ផ្សព្វផ្សាយ​ពី​ការរំដោះ​ប្រទេស​ឲ្យ​រួច​ផុតពី​ស្ថានភាព​ទាំងនេះ ដូច្នេះ​វា​គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ សារុន ចង់​ចូលរួម​ជាមួយ​អង្គការ​បដិវត្តន៍​។ ស្រប​ពេលដែល សារុន កំពុង​ត្រូវការ​ជំនួយ​ដើម្បី​រំដោះ​ប្រទេសជាតិ ជាពិសេស កំពុង​តែមាន​កំហឹង​ក្នុង​ចិត្ត​ជាមួយ​របប លន់ នល់ ដែល​បាន​ធ្វើបាប​គាត់​នៅ​អំឡុង​ពេលដែល​គាត់​ជាប់គុក​»​។ វ៉ាន់​សុខ​ហេង បាន​បញ្ជាក់ថា «​ខ្ញុំ​គិតថា រឿងរ៉ាវ​ទាំងអស់នេះ​មិនមែនជា​កំហុស​របស់ សារុន ទេ ព្រោះ​ដោយសារតែ​សភាពការណ៍ និង​កត្តានយោបាយ​បាន​ជំរុញ​ឲ្យ​គាត់​ធ្វើបែបនេះ​។ ប្រសិនបើ​ខ្ញុំ គឺជា​តួអង្គ សារុន ខ្ញុំ​ក៏​ប្រព្រឹត្ត​នូវ​សកម្មភាព​ដូច សារុន ដែរ ព្រោះ​យើង​គ្មាន​ជម្រើស​នោះទេ ប្រសិនបើ​មិន​ស្តាប់​បញ្ជា​របស់​អង្គការ​បដិវត្តន៍ យើង​ក៏​មិនអាច​គេចផុត​ពី​សេចក្តីស្លាប់​ដែរ​។
​ ​វ៉ាន់​សុខ​ហេង បាន​បន្តថា «​បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ សារុន បាន​ក្លាយជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់ មិនដែល​វាយ​ធ្វើបាប​ក្មេងៗ ព្រមទាំង​មិនដែល​ប្រើប្រាស់​នូវ​ពាក្យសម្តី​គ្រោតគ្រាត​ទៅកាន់​កូនសិស្ស​របស់គាត់​ឡើយ​។ ទាំងនេះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញថា សារុន គឺជា​មនុស្ស​ដែលមាន​ចិត្ត​មេត្តាធម៌ និង​ចេះ​យោគយល់​ទៅកាន់​អ្នកដទៃ ប៉ុន្តែ​ដោយសារតែ​បរិបទ​នយោបាយ និង​មនោគមន៍វិជ្ជា​ខ្មែរក្រហម​បានប្រែក្លាយ​រូបគាត់​ទៅជា​ពេជ្ឈឃាដ និង​ហ៊ាន​ធ្វើ​អ្វីៗ​ដើម្បី​អង្គការ​។ វ៉ាន់​សុខ​ហេង បាន​បន្ថែមថា «​ប្រសិនបើ​ខ្ញុំ​គឺជា​ម្តាយ​របស់ សារុន ខ្ញុំ​នឹង​លើកលែងទោស​ឲ្យ សារុន ព្រោះ សារុន បាន​ភ្ញាក់រ​ឮ​ក​ពី​កំហុស​របស់គាត់ និង​បាន​ធ្វើអំពើ​ល្អ​។ ម្យ៉ាងទៀត រាល់​ការសម្លាប់​ប្រជាជន​ទាំងនេះ គឺ​ដោយសារតែ​គាត់​ជ្រុលខ្លួន​ហួសពេល​ទៅហើយ ដូច្នេះ​មិនអាច​គេចវេះ​បង្គាប់បញ្ជា​របស់​អង្គការ​បដិវត្តន៍​បានឡើយ​។
​ជនរងគ្រោះ​នៃ​មនោគមន៍វិជ្ជា​របស់​ខ្មែរក្រហម​
​ ​ខ្ញុំបាទ​ឈ្មោះ សុខ សា​ខន អាយុ​៥៧​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ កាល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើជា​យោធា មាន​មូលដ្ឋាន​ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ដោយ​ខ្ញុំ​មិនអាច​ប្រកែក​តវ៉ា​ឬ​គេចវេះ​បានឡើយ​។ ក្រោយមក ខ្មែរក្រហម​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ហ្វឹកហាត់ និង​រៀនសូត្រ​ពី​យុទ្ធសាស្ត្រ​យោធា​នៅ​សមរភូមិ​ក្រែក ស្ថិតក្នុង​ខេត្តកំពង់ចាម ភូមិភាគ​បូព៌ា​។ កាលនោះ ខ្ញុំ​បាន​រៀន​ពី​ការប្រើប្រាស់​កាំភ្លើង ក្រាប​លូន បាញ់បោះ​ទៅតាម​អង្គការ​ចាត់តាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្មែរក្រហម​ក៏បាន​ង្រៀ​ន​ខ្ញុំ​ពី​មនោគមន៍វិជ្ជា​ថា «​សម្រាប់​កងទ័ព​ខ្មែរក្រហម​ម្នាក់ គឺ​ត្រូវតែ​សម្លាប់​កងទ័ព​វៀតណាម​ឲ្យ​បាន​៣០​នាក់​។ ប្រសិនបើ​កងទ័ព​វៀតណាម​ចាប់បាន​កងទ័ព​ខ្មែរក្រហម​ណា​ម្នាក់ គឺ​កងទ័ព​នោះ​ត្រូវតែ​សម្លាប់ខ្លួន​ដើម្បី​ជៀសវាង​កុំ​ឲ្យ​បែកការណ៍​»​។ ខ្ញុំ​ជឿជាក់ និង​ហ៊ាន​ធ្វើ​សកម្មភាព​បែបនេះ​មែន សូម្បីតែ​លះបង់​ជីវិត​ដើម្បី​អង្គការ​ក៏​ខ្ញុំ​ហ៊ាន​ធ្វើ​ដែរ​។ នាពេលនោះ ខ្ញុំ​បាន​វាយ​តទល់​ជាមួយ​កងទ័ព​វៀតណាម​ជា​ញឹកញាប់ និង​តែង​នឹក​ស្រមៃ​ក្នុង​ចិត្ត​ថា ប្រសិនបើ​កងទ័ព​វៀតណាម​ចាប់​ខ្ញុំ​បាន ខ្ញុំ​នឹង​សម្លាប់ខ្លួន​ព្រោះ​វា​គឺជា​បញ្ជា​របស់​អង្គការ​។ ប្រសិនបើ​មិន​ធ្វើ​ដូច្នេះ​ទេ ខ្មែរក្រហម​នឹងធ្វើ​ទារុណកម្ម​សួរចម្លើយ ដូចជា ដក​ក្រចកដៃ ដក​ក្រចកជើង ជាដើម​។ ខ្ញុំ​បានធ្វើ​សកម្មភាព​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​វៀតណាម រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​។​ ​
​ ​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​ក៏​វិល​ត្រឡប់មក​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ចាម និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​។ មួយឆ្នាំ​ក្រោយមក ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​ក្នុង​របប​រដ្ឋ​កម្ពុជា ដោយមាន​គោលបំណង​ចង់​ផ្តួលរំលំ​កងកម្លាំង​ខ្មែរក្រហម​ដែល​នៅ​សេសសល់​។ ខ្ញុំ​បាន​ចូល​បម្រើកងទ័ព​រដ្ឋ​កម្ពុជា​ប្រហែល​បួន​ឆ្នាំ ក្រោយមក​ខ្ញុំ​ក៏​សម្រេចចិត្ត​ឈប់ ព្រោះ​ខ្ញុំ​យល់ថា «​ខ្មែរ​សម្លាប់​ខ្មែរ​»​។ តម​កទៀត ខ្ញុំ​ក៏​ត្រឡប់មក​រស់នៅ​ភូមិកំណើត​វិញ និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​មកទល់​សព្វ​ថ្ងៃនេះ​៕សរន