ការរស់រាន​របស់​ស​ហ​ភាព​អឺរ៉ុប​កំពុងស្ថិត​ក្រោម​ការ​គំរាម ខណៈដែល​លោកស្រី​មឺ​គែល​កំពុង​ឃ្លីងឃ្លោង​

356

​នៅពេល​លោកស្រី អ៊ែន​ជែ​ឡា មឺ​គែល ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ G-20 នៅ​ទីក្រុង​ហាំ​បឺ​ក​កាលពី​ខែកក្កដា​ឆ្នាំមុន លោកស្រី​ជា​មេដឹកនាំ​ដែលមាន​បទពិសោធន៍​ច្រើនជាងគេ​នៅ​លោកខាងលិច​នៅក្នុង​បន្ទប់​ប្រជុំ​។ អធិការបតី​អាល្លឺម៉ង់​រូបនេះ​បាន​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ ២០០៥ នៅពេលដែល​លោក​អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ទើបតែ​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​បានតែ​១​ឆ្នាំ ហើយ​លោក ដូ​ណា​ល់ ត្រាំ នៅ​ជា​តារា​កម្មវិធី​ទូរទស្សន៍ និង​ជា​សេដ្ឋី​អចលនទ្រព្យ​នៅឡើយ​។​

​មេដឹកនាំ G-20 តែមួយគត់​ដែល​បាន​កាន់តំណែង​យូរ​ជាង​លោកស្រី​បណ្ឌិត មឺ​គែល គឺ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​របស់​រុស្ស៊ី ហើយ​កំណត់ត្រា​របស់​មេដឹកនាំ​ទាំងពីរ​នេះ​ខុសគ្នា​មេឃ​និង​ដី​។​

​ក្រោម​ការដឹកនាំ​របស់​លោកពូ​ទីន រុស្ស៊ី​បាន​បាត់បង់​មិត្តភក្តិ ធ្លាក់​ចូលក្នុង​សង្គ្រាម និង​រង​ទណ្ឌកម្មសេដ្ឋកិច្ច​។ ប៉ុន្តែ​នៅក្នុង​សម័យ​ដឹកនាំ​របស់លោក​ស្រី​មឺ​គែល ប្រទេស​អាល្លឺម៉ង់​បាន​រីកចម្រើន​យ៉ាងខ្លាំង​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​ឥទ្ធិពល​នយោបាយ​។ អំពី​បញ្ហាសំខាន់ៗ​ជាច្រើន​ដូចជា រុស្ស៊ី ជនភៀសខ្លួន និង​ប្រាក់​អឺរ៉ូ អាល្លឺម៉ង់​បានក្លាយ​ទៅជា “​ប្រជាជាតិ​ដែល​មិនអាច​ខ្វះ​បាន​” របស់​អឺរ៉ុប ជាមួយ​ការសម្រេចចិត្ត​ត្រូវបាន​ធ្វើឡើង​ដោយ​ការិយាល័យ​អធិការបតី​នៅក្នុង​ទីក្រុង​បែរ​ឡាំង ដែលជា​ការសំខាន់​បំផុត​ចំពោះ​ព្រឹ​ត្ដិ​ការណ៍​នានា​ដែល​បានកើត​ឡើង​។​

​ដូច្នេះ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នៅ​ប្រទេស​អាល្លឺម៉ង់​គឺមាន​ផលប៉ះពាល់​ជាស​កល​។ ប្រសិនបើ​ចុងបញ្ចប់​នៃ​យុគសម័យ​ដឹកនាំ​របស់លោក​ស្រី​មឺ​គែ​នឹង​មកដល់​មែន​នោះ អឺរ៉ុប​នឹង​ស្ថិតនៅក្នុង​ស្ថានភាព​ថ្មី​និង​ប្រកបដោយ​គ្រោះថ្នាក់​។​

​ក្រុម​អ្នកមាន​សុទិដ្ឋិនិយម​របស់​សហ​ភាព​អឺរ៉ុប​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​និង​ប៉ារីស​សង្ឃឹមថា មេដឹកនាំ​ថ្មី​របស់​អាល្លឺម៉ង់​អាច​បញ្ចូល​នូវ​ថាមពល​មួយចំនួន​ទៅក្នុង​គម្រោង​របស់​អឺរ៉ុប​ដោយ​បោះបង់ចោល​វិធីសាស្ត្រ​ប្រុងប្រយ័ត្ន​ខ្លាំង ដែល​លោកស្រី​មឺ​គែល​បានបង្ហាញ​លើ​ប្រាក់​អឺរ៉ូ​។​

​ប៉ុន្តែ​ការពិត​គឺថា រឿង​ផ្ទុយ​ទំនងជា​នឹង​កើតឡើង​។ នយោបាយ​បច្ចុប្បន្ន​ក្នុង​អាល្លឺម៉ង់​បាន​បង្ហាញថា​អធិការបតី​ថ្មី​នៅ​ទីក្រុង​បែរ​ឡាំង​ហាក់ដូចជា​មិនសូវ​ជា​ហ៊ាន​ប្រថុយប្រថាន​ខ្លាំង​ដូច​លោកស្រី​បណ្ឌិត​មឺ​គែល បានធ្វើ​សម្រាប់​អឺរ៉ុប​នោះទេ​។​

​អ្នក​នាំឱ្យ​ខូច​ការចរចា​រដ្ឋាភិបាល​ចម្រុះ​នាពេល​បច្ចុប្បន្ន​គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​គំនិត​ចក្ខុវិស័យ​សម្រាប់​ការធ្វើសមាហរណកម្ម​សារពើពន្ធ​អឺរ៉ុប​កាន់តែ​ស៊ីជម្រៅ​។​

​ដោយសារ​ហេតុផល​នេះ ការដួលរលំ​នៃ​ការចរចា​រដ្ឋាភិបាលចម្រុះ​នៅ​បែរ​ឡាំង​គឺជា​ដំណឹង​អាក្រក់​សម្រាប់​លោក​ម៉ា​ក្រុង​។ នៅក្នុង​សុន្ទរកថា​នាពេល​ថ្មីៗ​នេះ​ស្តីពី​អឺរ៉ុប​នៅ​សាកលវិទ្យាល័យ Sorbonne ប្រធានាធិបតី​បារាំង​រូបនេះ​បានដាក់​ចេញ​នូវ​គំនិត​មហិច្ឆតា​ជាច្រើន​សម្រាប់​សហភាព​អឺរ៉ុប រួមទាំង​ការបង្កើត​ក្រសួង​ហិរញ្ញវត្ថុ​អឺរ៉ុប ពន្ធគយ​ទូទាំង​សហភាព​អឺរ៉ុប និង​កងកម្លាំង​យោធា​រួមគ្នា​សម្រាប់​អន្តរាគមន៍​នៅ​ឯនាយសមុទ្រ​។​

​ប៉ុន្តែ​ដើម្បីឱ្យ​គំនិត​ទាំងនេះ​មានឱកាស​អនុម័ត​បាន​នោះ បារាំង​ត្រូវការ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​ប្រទេស​អាល្លឺម៉ង់​។ បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មី​មានន័យថា​ការឆ្លើយតប​នឹងត្រូវ​ពន្យារពេល​ឥត​កំណត់ ហើយ​វា​ទំនងជា​នឹង​អវិជ្ជមាន នៅពេល​ការឆ្លើយតប​នោះមក​ដល់​។​

​អ្នក​អភិរក្សនិយម​ខ្លះ​សង្ឃឹមថា​អាល្លឺម៉ង់​ក្រោយ​ការដឹកនាំ​របស់លោក​ស្រី​មឺ​គែល​អាចមាន​ភាពប្រសើរ​ឡើង​សម្រាប់​ការរួបរួម​អឺរ៉ុប នៅពេល​និយាយ​អំពី​បញ្ហា​រសើប​នៃ​ការដោះស្រាយ​ជាមួយ​ជនភៀសខ្លួន​។ អធិការបតី​រូបនេះ​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ហុង​គ្រី​និង​ប៉ូឡូញ​ដោយសារ​គាត់​បានទទួល​យក​ជន​ភៀសខ្លួន​ជាង​មួយ​លាន​នាក់​ពី​ប្រទេស​ស៊ី​រី​និង​កន្លែង​ផ្សេងទៀត​ដោយ​ឯកតោភាគី ហើយ​បន្ទាប់មក​បាន​ស្វែងរក​កិច្ចព្រមព្រៀង​ចែករំលែក​បន្ទុក​ការលំបាក​ជាមួយ​សមាជិក​ផ្សេងទៀត​នៃ​សហភាព​អឺរ៉ុប​។​

​កិច្ចចរចា​នាពេល​បច្ចុប្បន្ននេះ​បានបង្ហាញ​រួចមកហើយ​ថា​ប្រទេស​អាល្លឺម៉ង់​កំពុងតែ​ឆ្ពោះទៅរក​ទិដ្ឋភាព​តឹងរ៉ឹង​ជាង​មុន​អំពី​សិទ្ធិ​ជនភៀសខ្លួន ដែល​រួមមាន​ទាំង​ការកំណត់​ចំនួន​អ្នកស្វែងរក​សិ​ទិ្ធ​ជ្រកកោន​ដែល​ប្រទេស​នេះ​នឹង​ទទួលយក​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ ក៏ប៉ុន្តែ​ទោះបីជា​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មី​មាន​ភាពជិតស្និទ្ធ​នឹង​អឺរ៉ុប​អំពី​ការធ្វើ​ចំណាកស្រុក​ក៏ដោយ ក៏​វា​មិន​ទំនងជា​នាំទៅរក​ការបង្រួបបង្រួម​សហភាព​អឺរ៉ុប​បាន​នោះដែរ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត Straitstimes

លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល អធិការបតី​អាល្លឺម៉ង់