ការលក់​អាល់​ប៊ុ​ម​ថ្មី Reputation របស់​នាង​ថា​យ​ល័​រ ស្វី​ហ្វ កើនឡើង​ខ្លាំង ប៉ុន្តែ​នៅតែ​មិនទាន់​ស៊ីដាច់​តារាចម្រៀង​ស្រី អា​ឌែ​ល​

230

វេ​ប​សាយ Nielsen Music បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី​១៤ វិច្ឆិកា​ថា អាល់​ប៊ុ​ម​ថ្មី​របស់​តារាចម្រៀង ថា​យ​ល័​រ ស្វី​ហ្វ បាន​លក់ដាច់​ជាង ១ លាន​បន្ទះ ក្នុង​រយៈពេល ៤ ថ្ងៃ​ដំបូង​របស់ខ្លួន ប៉ុន្តែ​តារាចម្រៀង​ប៉ុប​សហរដ្ឋអាមេរិក​រូប​នេះ​មិនអាច​បំបែក​កំណត់ត្រា​របស់​តារាចម្រៀង​ស្រី អា​ឌែ​ល របស់​ចក្រភព​អង់គ្លេស​កាលពី ២ ឆ្នាំមុន​បានទេ​។​

​ការលក់​អាល់​ប៊ុ​ម Reputation របស់​ថា​យ​ល័​រ​នៅ​អាមេរិក​បាន ១,០៥ លាន​បន្ទះ បានកើត​ឡើង ទោះបីជា​តារាចម្រៀង​រូបនេះ​រក្សាទុក​អាល់​ប៊ុ​ម​នេះ​មិនឱ្យ​ផ្សាយ​តាម​សេវាកម្ម​អន​ឡាញ​ក៏ដោយ ហើយ​នេះ​ជាការ​លក់​អាល់​ប៊ុ​ម​ដាច់​បំផុត​ប្រចាំឆ្នាំ ២០១៧ របស់​នាង​ស្វី​ហ្វ​។​

​ប៉ុន្ដែ​តួលេខ​នេះ​នៅ​តិចជាង​ពាក់កណ្តាល​នៃ​ការលក់​អាល់​ប៊ុ​ម “25” ដាច់​ដូច​ព្យុះ​របស់​នាង​អា​ឌែ​ល (Adele) ដែល​លក់បាន ២,៤៣ លាន​បន្ទះ​ក្នុង​រយៈពេល​៤​ថ្ងៃ​ដំបូង​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៥ ហើយ​បាន​បំបែក​កំណត់ត្រា​អាមេរិក​អាយុកាល ១៥ ឆ្នាំ របស់​ក្រុម​ចម្រៀង NSync ក្នុង​ឆ្នាំ ២០០០​។ ពីដំបូង នាង​អា​ឌែ​ល​ក៏បាន​ចាប់ផ្តើម​រក្សាទុក​អាល់​ប៊ុ​ម “25” ពី​ការចាក់ផ្សាយ​តាម​សេវាកម្ម​អន​ឡាញ​ផងដែរ​។​

​នៅ​សប្តាហ៍​នេះ នាង​ស្វី​ហ្វ​បានប្រកាស​កាលបរិច្ឆេទ​ដំបូង​នៃ​ការចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​អាល់​ប៊ុ​ម​ថ្មី​ជុំវិញ​ពិភពលោក ដោយ​ចាប់ផ្តើម​មុនគេ​គឺ​ចេញពី​សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

នាង ថា​យ​ល័​រ ស្វី​ហ្វ