ការលក់ iPhone នៅ​ចិន​ធ្លាក់ចុះ​ខ្លាំង ខណៈ Huawei ក្តោប​ក្តាប់​ទីផ្សារ​ចិន​យ៉ាង​ណែន​ក្នុង​ដៃ​

501
ចែករម្លែក

​ការនាំចេញ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple ទៅ​លក់​នៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ប្រមាណ ២០ ភាគរយ​នៅក្នុង​ត្រីមាស​ចុងក្រោយ​ឆ្នាំ ២០១៨ ដោយ​គូសបញ្ជាក់​ពី​ទំហំ​នៃ​ការថយចុះ​ការលក់​ដ៏​ធំ​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone នៅក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​របស់​ពិភពលោក​ធៀប​នឹង​គូប្រជែង​ក្នុងស្រុក​ដូចជា​ក្រុមហ៊ុន Huawei Technologies​។​

​ក្រុមហ៊ុន​ស្រាវជ្រាវ IDC បានឱ្យដឹង​ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​ថា ទីផ្សារ​ចិន​សរុប​បាន​ធ្លាក់ចុះ ៩,៧ ភាគរយ​នៅ​ត្រីមាស​ទី​បួន ប៉ុន្តែ​ក្រុមហ៊ុន Apple បាន​ធ្លាក់ចុះ​ការលក់​ប្រហែល​ពីរដង​នៃ​ល្បឿន​ធ្លាក់ចុះ​នោះ​។​

IDC បាន​និយាយថា សេដ្ឋកិច្ច​យឺតយ៉ាវ ការអូសបន្លាយ​ពេលវេលា​យូរ​ដើម្បី​ចេញ​ទូរស័ព្ទ​មួយៗ និង​តម្លៃ​ថ្លៃ​កប់​ពពក​របស់ iPhone បានរួម​ចំណែក​ដល់​ការធ្លាក់ចុះ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​នៅក្នុង​ប្រទេស​ចិន​។​

​ក្រុមហ៊ុន IDC បាន​និយាយថា ក្រុមហ៊ុន Xiaomi បាន​ធ្លាក់ចុះ​ការលក់​កាន់តែ​យ៉ាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​កាលពី​ឆ្នាំមុន នៅពេល​ការនាំចេញ​ទូរស័ព្ទ​បាន​ធ្លាក់ចុះ​ជិត ៣៥ ភាគរយ​។​

​ស្មា​ត​ហ្វូ​ន​ល្បីៗ​មកពី​ក្រុមហ៊ុន Apple រហូតដល់​ក្រុមហ៊ុន Samsung Electronics កំពុងតែ​ប្រជែង​គ្នា​ក្នុង​ទីផ្សារ​សកលលោក​ដ៏​ចាល់ បន្ទាប់ពី​មានការ​រីកចម្រើន​ឥតឈប់ឈរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ព្រោះ​កង្វះ​ការច្នៃប្រឌិត​ផ្នែក​ឧស្សាហកម្ម​បានធ្វើឱ្យ​អ្នកប្រើប្រាស់​មិន​ចង់​ប្តូរ​ទូរស័ព្ទ​របស់​ពួកគេ​ញឹកញាប់​ដូច​កាលពីមុន​។​

​ក្រុមហ៊ុន Apple ក៏ត្រូវ​ប្រឈម​នឹង​ការកើនឡើង​របស់​គូប្រជែង​នៅ​ប្រទេស​ចិន​ផងដែរ ដូចជា ក្រុមហ៊ុន Huawei ដែល​កំពុង​កាត់បន្ថយ​ចំណែក​ទីផ្សារ​របស់ខ្លួន​យ៉ាងច្រើន ខណៈដែល​ចិន​ធ្លាប់ជា​ទីផ្សារ​ដ៏​សំខាន់​ដែល​ជំរុញ​ដល់​កំណើន​របស់ខ្លួន​។​

​ហាង​លក់រាយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​កំពូលៗ​របស់​ចិន​បាន​ទម្លាក់​តម្លៃ​ទូរស័ព្ទ iPhone ចុងក្រោយ​ដល់​ទៅ ២០ ភាគរយ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ដែលជា​ចំណាត់ការ​មិនធម្មតា​មួយ​បង្ហាញ​ពី​ការស្រុតចុះ​ចំណង់​ចំណូលចិត្ត​សម្រាប់​ទូរស័ព្ទ​របស់ Apple​។​

​យោងតាម​ក្រុមហ៊ុន IDC បានឱ្យដឹងថា ក្រុមហ៊ុន Huawei បាន​បង្កើន​ការ​នាំមុខ​របស់ខ្លួន បន្ទាប់ពី​ការនាំចេញ​ស្មា​ត​ហ្វូ​ន​បាន​កើនឡើង ២៣,៣ ភាគរយ ពោលគឺ​នាំមុខ​គ្រប់​ទូរស័ព្ទ​ល្បីៗ​ទាំងអស់​។ កំណើន​ការលក់​នេះ​នៅតែ​អាច​កើតឡើង​បាន ទោះបីជា​ក្រុមហ៊ុន​ចិន​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​មិនធម្មតា​ជាច្រើន​នៅ​ប៉ុន្មាន​ខែ​មកនេះ ដែល​ក្នុងនោះ​មេដឹកនាំ​ហិរញ្ញវត្ថុ​របស់ខ្លួន​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ក្លែងបន្លំ​ធនាគារ និង​សហរដ្ឋអាមេរិក​បានគាស់​គីឡូ​សម្ព័ន្ធមិត្ត​គ្រាក់ៗ​របស់ខ្លួន​ដើម្បី​ព្យាយាម​រាំងខ្ទប់​ក្រុមហ៊ុន Huawei មិនឱ្យ​លក់​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ខ្លួន​។​

IDC បាន​និយាយថា ក្រុមហ៊ុន Apple ជាប់​ចំណាត់ថ្នាក់​លេខ ៤ លើ​ការ​នាំចូល​ទូរស័ព្ទ​ទៅក្នុង​ប្រទេស​ចិន​ក្នុងអំឡុង​ត្រីមាស​ទី​បួន ខណៈ Huawei ឈរ​នៅ​លេខ​១ Oppo លេខ​២ និង Vivo លេខ​៣៕ ដោយ៖ កញ្ញាដាលីស

ការលក់ iPhone នៅ​ចិន​ក្នុង​ត្រីមាស​ទី​បួន​ឆ្នាំ​២០១៨ បាន​ធ្លាក់ចុះ ២៣,៣ ភាគរយ