ការលាលែង​តំណែង​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បំពេញចិត្ត​បាតុករ តែ​មិនអាច​បញ្ឈប់​ការតវ៉ា​បាន​

154
ចែករម្លែក

ការអនុម័ត​របស់​ស​ភា​អ៊ីរ៉ាក់​ចំពោះ​ការលាលែង​របស់​នាយក​រដ្ឋមន្ត្រី​អា​ឌែ​ល អាប់​ឌុល​ម៉ា​ឌី បានផ្តល់​ភាព​រីករាយ​ដល់​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ការតវ៉ា​របស់​ពួកគេ​ទេ​។​

​បន្ទាប់ពី​ការធ្វើ​បាតុកម្ម​រយៈពេល​ពីរ​ខែ​នៅ​ទីក្រុង​បា​កដាដ​និង​បណ្តា​ខេត្ត​ភាគខាងត្បូង ការទាមទារ​របស់​ក្រុមបាតុករ​បាន​ពង្រីករ​ហូត​ដល់​ការផ្លាស់ប្តូរ​យ៉ាង​ទូលំទូលាយ​នៃ​ដំណើរការ​នយោបាយ​។​

​លោក អាប់​ឌុល អា​ហ្ស៊ី​ស អាល់​ជូ​បួ​រី សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សាកលវិទ្យាល័យ​អ៊ី​រ៉ា​គី​យ៉ា​ក្នុង​ទីក្រុង​បា​កដាដ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​ថា ការលាលែង​ពី​តំណែង​របស់លោក​អាប់​ឌុល ម៉ា​ឌី បាន​កើតឡើង​បន្ទាប់ពី​បព្វជិត​និកាយ​ស៊ី​អ៊ី​ត អា​យ៉ា​តូ​ឡា អា​លី អាល់​ស៊ី​ស្តា​នី បាន​ដក​ការគាំទ្រ​របស់ខ្លួន នៅពេល​លោក​អំពាវនាវ​ឱ្យ​សភា​ពិចារណា​រដ្ឋាភិបាល​ឡើងវិញ​។​

​លោក​អាល់​ជូ​បួ​រី​និយាយថា “​ការអំពាវនាវ​របស់​លោក​អាល់​ស៊ី​ស្តា​នី ដែល​ស្វាគមន៍​យ៉ាង​ពេញទំហឹង​ពី​បណ្តា​គណបក្សនយោបាយ​ឈានមុខ​ជាច្រើន បាន​ជំរុញ​ឱ្យ​លោក​អាប់​ឌុល​ម៉ា​ឌី​ប្រកាស​ពី​ការលាលែង​របស់លោក មុនពេល​ត្រូវបាន​សភា​បណ្តេញចេញ ហើយក៏​ផ្តល់​ជា​សញ្ញា​ដល់​ក្រុមបាតុករ​ផងដែរ​ថា លោក​ចុះ​ចេញពី​តំណែង​នេះ​គឺ​ដើម្បី​បំពេញ​តាម​ការទាមទារ​របស់​ពួកគេ​”​។​

​លោក​អាល់​ជូ​បួ​រី​បាន​បន្ថែមថា ទោះយ៉ាងណា ការលាលែង​ពី​តំណែង​នេះ​នឹង​ផ្តល់​សន្ទុះ​ដល់​បាតុក​ថា​ជា​សញ្ញា​នៃ​ភាពជោគជ័យ​មួយ ហើយនឹង​ជំរុញ​ឱ្យ​ពួកគេ​បង្កើន​ការទាមទារ​ដើម្បី​រួមបញ្ចូល​ទាំង​ការកាត់ទោស​លើ​ឥស្សរជន​លេចធ្លោ​នៃ​ដំណើរការ​នយោបាយ​បច្ចុប្បន្ន ហើយ​អង្គហេតុ​ថ្មីៗ​បាន​បង្ហាញថា រដ្ឋាភិបាល​នាពេល​អនាគត​ត្រូវតែទទួលស្គាល់​ដោយ​បាតុករ​។​

​យោងតាម​លោក​អាល់​ជូ​បួ​រី​បានឱ្យដឹងថា ក្នុងអំឡុងពេល​លោក​កំពុងកាន់​តំណែង លោក​អាប់​ឌុល​ម៉ា​ឌី​ជារឿយៗ​បាន​ជាប់​នៅ​ចន្លោះ​កណ្តាល​នៃ​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់ ដោយ​មនុស្ស​ភាគច្រើន​ជឿថា រដ្ឋាភិបាល​របស់លោក​និង​មន្ត្រី​សំខាន់ៗ​មាន​ភាពជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។​

​លោក​បាន​និយាយថា “​ក្រុមអ្នកតវ៉ា​បាន​ច្រានចោល​យ៉ាង​ទូលំទូលាយ​នូវ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ​ក្នុងករណី​ជាច្រើន​ទៀត​គឺមាន​ការប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​បា​កដាដ​និង​បណ្តា​ខេត្ត​នានា​នៅ​ភាគខាងត្បូង ដោយមាន​ការស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​អ៊ីរ៉ង់​”​។​

​លោក​អាល់​ជូ​បួ​រី​បាន​បន្ថែមទៀតថា​ដូច្នេះហើយ​ទំនាក់ទំនង​រវាង​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​នឹងរង​ផលប៉ះពាល់​ដោយ​បាតុកម្ម​ពីព្រោះ​អារម្មណ៍​ប្រឆាំងនឹង​អ៊ីរ៉ង់​បាន​កើនឡើង​នាពេល​ថ្មីៗ​នេះ​។​

​លោក​បាន​សន្និដ្ឋានថា “​រដ្ឋាភិបាល​នាពេលខាងមុខ​នឹងត្រូវ​រង​សម្ពាធ​ពី​ក្រុមបាតុករ​ដើម្បី​ចៀសវាង​ការជ្រៀតជ្រែក​ពី​បរទេស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​អ៊ីរ៉ាក់​។ ទោះយ៉ាងណា ឥទ្ធិពល​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​នឹង​នៅតែមាន​លើ​ការបង្កើត​រដ្ឋាភិបាល​ថ្មី ទោះបីជា​ឥទ្ធិពល​របស់​ពួកគេ​ថយចុះ​ក៏ដោយ​”​។​

​ចំណែកឯ​លោកណាត​ហាំ អា​លី ឯណេះ​វិញ ដែលជា​អ្នកជំនាញ​នៃ​វេទិកា​អារ៉ាប់​សម្រាប់​ការស្រាវជ្រាវ​អ៊ីរ៉ង់ បាន​ប្រាប់​ស៊ីន​ហួ​ថា ការលាលែង​ពី​តំណែង​របស់លោក​អាប់​ឌុល​ម៉ា​ឌី អាច​បើកទ្វារ​សម្រាប់​បញ្ហា​កាន់តែ​ធំ ដែល​នឹង​ផ្លាស់ប្តូរ​ដំណើរការ​នយោបាយ​ក្រោយ​ឆ្នាំ ២០០៣ នៅ​អ៊ីរ៉ាក់​។​

​ក្នុងអំឡុង​ឆ្នាំ​ដែល​លោក​អាប់​ឌុល​ម៉ា​ឌី​ចូលកាន់​តំណែង គាត់​ត្រូវបាន​គេ​ស្តីបន្ទោស​ថា​ខិត​ទៅជិត​អ៊ីរ៉ង់ ផ្ទុយ​ពី​កម្មវិធី​រដ្ឋាភិបាល​រប​ស់គា​ត់ ដែល​គាត់​បានប្រកាស​នៅពេល​ឡើងកាន់តំណែង ដោយបាន​និយាយថា គាត់​នឹង​ស្វែងរក​ទំនាក់ទំនង​ប្រកបដោយ​តុល្យភាព​ក្នុង​តំបន់​និង​អន្តរជាតិ​។​

​អា​លី​ជឿថា​ការលាលែង​របស់​អាប់​ឌុល​ម៉ា​ឌី​គឺ​ដូច “​ដាក់​បាល់​ចូល​ទីលាន​របស់​បណ្តា​គណបក្ស​នយោបាយ​ដែល​បានតែងតាំង​គាត់​កាល​ពីមួយ​ឆ្នាំមុន​។ ហើយ​ជាថ្មី​ម្តងទៀត​វា​នឹងមាន​ការចរចា​យ៉ាង​ស្វិតស្វាញ​និង​វែងឆ្ងាយ​ក្នុងចំណោម​គណបក្សនយោបាយ ដែល​អាចធ្វើឱ្យ​រដ្ឋ​ជាប់គាំង និង អាច​រុញ​ប្រទេស​ដែល​រង្គោះរង្គើ​ស្រាប់​នេះ​ឱ្យ​ធ្លាក់​ទៅក្នុង​ភាពវឹកវរ​និង​សង្គ្រាមស៊ីវិល​”​។​

​យោងតាម​លោក​អា​លី ការតវ៉ា​នេះ​ទំនងជា​នឹង​បន្ត​រហូតដល់​សភា​អនុម័ត​ច្បាប់បោះឆ្នោត​ថ្មី​និង​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថ្មី​ដើម្បី​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ ប៉ុន្តែ​វា​នឹង​ចំណាយពេល​យូរ​ដើម្បី​បំពេញ​តាម​វិធានការ​នានា​ស្របតាម​រដ្ឋធម្មនុញ្ញ​។​

​ការលាលែង​របស់លោក​អាប់​ឌុល​ម៉ា​ឌី​បានកើត​ឡើង​ជាង​មួយឆ្នាំ បន្ទាប់ពី​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​កាលពី​ខែតុលា​ឆ្នាំ ២០១៨​។​

​យោងតាម​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ាក់ ក្រុម​បក្ស​ចម្រុះ​ធំ​បំផុត​នៅក្នុង​សភា​គួរតែ​តែងតាំង​បេក្ខជន​សម្រាប់​តំណែង​ទំនេរ​នេះ​ទៅកាន់​ប្រធានាធិបតី បា​រ៉ា​ម សាលី ដែល​នឹង​ប្រគល់​ភារកិច្ច​ដល់​នាយករដ្ឋមន្ត្រី​ថ្មី​ដើម្បី​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​។​

​នាយករដ្ឋមន្ត្រី​តែងតាំង​នោះ​មាន​រយៈពេល ៣០ ថ្ងៃ​ដើម្បី​បង្កើត​គណៈរដ្ឋមន្ត្រី​ហើយ​បង្ហាញ​វា​ទៅ​សភា​ដើម្បី​អនុម័ត​។ សភា​ត្រូវអនុម័ត​រដ្ឋមន្ត្រី​នីមួយៗ​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត​។​

​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បាន​បន្ត​នៅ​រដ្ឋធានី​បា​កដាដ​និង​បណ្តា​ទីក្រុង​ដទៃទៀត​នៅ​កណ្តាល​ប្រទេស​និង​ភាគខាងត្បូង​អ៊ីរ៉ាក់​ចាប់តាំងពី​ដើមខែ​តុលា​ដោយ​ទាមទារ​ឱ្យមាន​ការកែទម្រង់​គ្រប់​ជ្រុងជ្រោយ ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ សេវាកម្ម​សាធារណៈ​ល្អប្រសើរ និង ឱកាស​ការងារ​កាន់តែ​ច្រើន​៕ ដោយ៖កញ្ញាដាលីស

បាតុករ​អ៊ីរ៉ាក់​នៅតែ​បន្ត​បាតុកម្ម ទោះបី​នាយករដ្ឋមន្ត្រី​អាប់​ឌុល​ម៉ា​ឌី លាលែង​ពី​តំណែង