ការលេង “​សន្លឹក​បៀរ​តៃវ៉ាន់​” មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​សហរ​ដ្ឋ​អាមេរិក​

1068
ចែករម្លែក

​សភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី “​ច្បាប់​ធានា​ការពារ​តៃវ៉ាន់​ឆ្នាំ ២០១៩” ដែល​អះអាង​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់ ដោយ​ជំរុញ​ឱ្យ​តៃវ៉ាន់​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ ដោយ​កត់សម្គាល់ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួររៀបចំ “​ការលក់​សម្ភារៈ​ការពា​រ​ជាតិ​ជា​ទៀងទាត់​” ឱ្យទៅ​តៃវ៉ាន់​។ វា​ជាការ​រំលោភបំពាន​គោលនយោបាយ​ចិន​តែមួយ​និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីថ្លែងការណ៍​រួម​រវាង​ចិន​និង​អាមេរិក និង​ទទួលបាន​ការព្រមាន​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រសួងការបរទេស​ចិន​។​

​លោក ហ័ង គុយ​ប៉ាវ អនុប្រធាន​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ​ចេង​ជី​បាន​និយាយ​នៅក្នុង​អត្ថបទ​មួយ​ថា “​ច្បាប់​ស្តីពី​ការធានា​ការពារ​តៃវ៉ាន់​នេះ​មិនអាច​ធានា​នូវ​សុវត្ថិភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​បាន​នោះទេ​” ខណៈ​ច្បាប់​នេះ “​និយាយ​ការពារ​ថា តៃវ៉ាន់​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​លំ​ហាត់​សមយុទ្ធ​យោធា​ដឹកនាំ​ដោយ​អាមេរិក ហើយ​វា​អាចទៅរួច​ហួស​ពី​វិសាលភាព​នៃ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់​ទៀត​”​។ ប្រសិនបើ​ចិនដីគោក​ចាត់ទុក​នេះ​ជា​ជំហាន​មួយ​ឆ្ពោះទៅរក​សម្ព័ន្ធភាព​យោធា​របស់​អាមេរិក វា​អាច​បង្កឱ្យមាន​ការប្រែប្រួល​សំខាន់ៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​លោក​ហ័ង​មិនមែនជា​បុគ្គល​តែ​ម្នាក់​នោះទេ​ដែល​យល់ឃើញ​ដូច្នេះ​។ លោក ស៊ូ ម៉ី​ស៊័​ង អ្នកស្រាវជ្រាវ​រង​នៅ​វិទ្យាស្ថាន​តៃវ៉ាន់​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ហ្វូ​ចៀន បាន​ប្រាប់​ទៅ​កាសែត Global Times ថា ច្បាប់​ការពារ​តៃវ៉ាន់​នេះ​គឺ​ផ្អែកលើ​គោលនយោបាយ “​អាមេរិក​ជា​អាទិភាព​” ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ឧបករណ៍​មួយ​ដើម្បី​លើកកម្ពស់ “​យុទ្ធសាស្ត្រ​ឥណ្ឌា​និង​ប៉ាស៊ីហ្វិក​” របស់ខ្លួន និង​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នៃ “​ការ​រឹតត្បិត​ចិន​ជាមួយ​តៃវ៉ាន់​” ដែល​នឹង​បង្កើន​ភាព​តានតឹង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​របាយការណ៍ China Review នៅ​ហុងកុង​បាន​កត់សម្គាល់ថា គោលដៅ​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក​កំពុង​សង្ឃឹមថា ច្រក​សមុទ្រ​តៃវ៉ាន់​នឹង​ក្លាយជា​សមរភូមិ​ដើម្បី​ផ្លាស់ប្តូរ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​ដោយ​សន្តិវិធី​និង​ពន្យារពេល​ការអភិវឌ្ឍ​និង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​។ ទោះយ៉ាងណា ក្នុងនាម​ជា “​កូនអុក​” យុទ្ធសាស្ត្រ​របស់​សហរ​ដ្ឋ​អាមេរិក ល្គឹកណា​កោះ​តៃវ៉ាន់​បាត់បង់​ស្វ័យភាព​របស់ខ្លួន នោះ​នឹង​គ្មាន​ជម្រើស​អី​ផ្សេងទៀត​នោះឡើយ​។ តៃវ៉ាន់​អាច​ត្រឹមតែ​ធ្វើ​សកម្មភាព​ស្របតាម​បំណងប្រាថ្នា​និង​ផលប្រយោជន៍​របស់​អាមេរិក​ប៉ុណ្ណោះ​។​

ទីក្រុង​តៃប៉ិ​របស់​តៃវ៉ាន់

​របាយការណ៍ China Review និយាយថា “(​មេដឹកនាំ​តៃវ៉ាន់​) លោកស្រី​សៃ អ៊ីង​វិ​ន និង​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​មាន​មោទនភាព​ក្នុងការ​ចូលទៅក្នុង​ទឹកដី​អាមេរិក ចូលក្នុង​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ឥណ្ឌា​-​ប៉ាស៊ីហ្វិក​និង​សង្ឃឹមថានឹង​សម្រេចបាន​នូវ​គោលដៅ​នៃ​ការរួម​ដៃ​ជាមួយ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ចិន ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​នោះបាន​ដាក់ខ្លួន​ពួកគេ​និង​កោះ​តៃវ៉ាន់​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​”​។​

​សហរដ្ឋអាមេរិក​បាន​អនុម័ត​សេចក្ដីសម្រេច​ជាច្រើន​ទាក់ទង​នឹង​កោះ​តៃវ៉ាន់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ លើសពីនេះទៅទៀត កោះ​តៃវ៉ាន់​កំពុង​ត្រៀម​រៀបចំ​ការបោះឆ្នោត​មួយ​នៅ​ឆ្នាំ ២០២០​។ ដោយ​ប្រឈមមុខ​នឹង​ការប្តូរ​គណបក្សនយោបាយ​ផ្សេងទៀត សហរដ្ឋអាមេរិក​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​ការធ្វើអន្តរាគមន៍​នៅ​កោះ​តៃវ៉ាន់ ដោយ​ព្យាយាម​ជះឥទ្ធិពល​លើ​គោលនយោបាយ​របស់​បេក្ខជន​នីមួយៗ​និង​គ្រប់គ្រង​លទ្ធផល​នៃ​ការបោះឆ្នោត​។ សកម្មភាព​នេះ​កាន់តែ​មើលឃើញ​ច្បាស់ ហើយ​បន្ត​វាយលុក​លើ​គោលនយោបាយ “​ចិន​តែមួយ​”​។​

​គ្មាន​មន្ទិល​ទេ​ថា​សហរដ្ឋអាមេរិក​បាន​យក​ទំនាក់ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​ជា​ចំណុច​គន្លឹះ​យុទ្ធសាស្ត្រ​និង​ចង់​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ការលេង “​សន្លឹក​បៀរ​តៃវ៉ាន់​” ។​

​ទោះយ៉ាងណា វា​គឺជា​ល្បែង​គ្រោះថ្នាក់ ហើយ​វា​នឹង​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ខាតបង់​យ៉ាងច្រើន​ក្នុង​ល្បែង​នេះ​។​

​ទីមួយ សហរដ្ឋអាមេរិក​គួរ​ពិចារណា​ពី​ការខាតបង់​នៃ​ការដោះស្រាយ​ជាមួយនឹង​វិបត្តិ​បែបនេះ​។ ពួក​មន្ត្រី​និង​អ្នកប្រាជ្ញ​អាមេរិក​បាន​ព្រមាន​យ៉ាងច្បាស់​ថា វា​មិន​ចំណេញ​ទេ​សម្រាប់​សហរដ្ឋអាមេរិក​ក្នុងការ​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​តៃវ៉ាន់​។ ប្រសិនបើ​មាន​វិបត្តិ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ សហរដ្ឋអាមេរិក​ប្រហែលជា​ត្រូវ “​ជួយ​” កោះ​តៃវ៉ាន់ ដែល​នឹង​នាំទៅរក​សង្គ្រាមត្រជាក់​ថ្មី​មួយ ហើយ​ថែមទាំង​ជម្លោះ​ជាមួយ​ចិនដីគោក​ទៀតផង​។​

​ទោះយ៉ាងណា ប្រសិនបើ​សហរដ្ឋអាមេរិក​អនុញ្ញាតឱ្យ​កោះ​តៃវ៉ាន់​ប្រឈមមុខ​តែឯង វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ភាពជឿជាក់​របស់​សហរ​ដ្ឋ​អាមេរិក​និង​ប៉ះពាល់​ដល់​ការគាំទ្រ​របស់​សម្ព័ន្ធមិត្ត​អាមេរិក​សម្រាប់​សម្ព័ន្ធភាព​នេះ​។ នេះ​បើ​យោងតាម​លោក​ស៊ូ សៀវ​ហ៊ុយ អនុប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​អន្តរជាតិ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរ​ជាតិចិន​និ​យា​ប្រាប់​ទៅ​កាសែត People’s Daily​។​

​ទី​ពីរ ប្រ​វ​ត្ដិ​សាស្ដ្រ​បាន​បង្ហាញថា​កិច្ច​សហប្រតិបត្តិ​ផ្តល់​ប្រយោជន៍​សម្រាប់​ប្រទេស​ចិន​និង​អាមេរិក ខណៈ​ទំនាស់​នឹង​ធ្វើឱ្យប៉ះពាល់​ភាគី​ទាំងពីរ​។ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​គឺជា​ទំនាក់ទំនង​ទ្វេភាគី​ដ៏​សំខាន់បំផុត​មួយ​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ​។ ការថែរក្សា​ស្ថិរភាព​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក​មិន​ត្រឹមតែ​ជា​ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃ​ប្រទេស​ទាំងពីរ​និង​ប្រជាជន​ទាំងពីរ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ជាការ​រំពឹង​ទុកជា​សក​ល​របស់​សហគមន៍​អន្តរជាតិ​ទៀតផង​។ សហរដ្ឋអាមេរិក​មាន​ចេតនា​ប្រណាំងប្រជែង​ជាមួយនឹង​បញ្ហាសំខាន់ៗ​របស់​កោះ​តៃវ៉ាន់ ធ្វើឱ្យ​កាន់​តែមាន​ភាពស្មុគស្មាញ​និង​ភាពមិនច្បាស់លាស់​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក និង​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នៅក្នុង​វិស័យ​សំខាន់ៗ ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកដទៃ​និង​ឈឺចាប់​ទាំង​ខ្លួនឯង​ទៀត​។​

​បញ្ហា​របស់​តៃវ៉ាន់​គឺពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ស្នូល​របស់​ចិន​ហើយ​ទាំង​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​នឹងមិន​អនុញ្ញាតិ​ឱ្យ​ប្រទេស​ផ្សេងទៀត​ចង្អុល​ម្រាមដៃ​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ឡើយ​។ ហេតុ​ដូច្នេះហើយ សហរដ្ឋអាមេរិក​គួរតែបញ្ឈប់​ការធ្វើអន្តរាគមន៍​ក្នុង​កិច្ចការ​ក្នុងស្រុក​របស់​ចិន​និង​គិតតែ​ពី​រឿង​ខ្លួនឯង​ទៅបាន​ហើយ​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​៖ CGTN

#