ការវាយប្រហារ​ដោយ​គ្រាប់បែក​សម្លាប់​មនុស្ស​២​នាក់​នៅ​វិហារ​អ៊ីស្លាម​នៅ​ហ្វីលីពីន​

370
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​វិហារ​អ៊ីស្លាម​មួយ​នៅ​ប្រទេស​ហ្វីលីពីន​ភាគខាងត្បូង​ដែលមាន​បញ្ហា​នេះ​បានសម្លាប់​មនុស្ស​២​នាក់​​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៣០​ខែមករា​គឺ​គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​កា​តូ​លិច​និង​ការបោះឆ្នោត​ដែល​គាំទ្រ​ការដឹកនាំ​ដោយ​ជន​អ៊ីស្លាម​ខ្លួនឯង​។​

​ការ​បំផ្ទុះ​នេះ​បាន​បំផ្លាញ​អគារ​នៃ​វិហារ​អ៊ីស្លាម​នេះ​ខណៈដែល​ក្រុម​ជនរងគ្រោះ​កំពុង​ដេកលក់​នៅ​កោះ​មីន​ដា​ណាវ ដែលមាន​ការបះបោរ និង​ជា​លំនៅដ្ឋាន​របស់​ជនជាតិ​​ភាគតិច​អ៊ីស្លាម​ហ្វីលីពីន​។​

​ក្រណាត់​ប្រឡាក់​ឈាម​និង​កញ្ចក់​ដែល​បាក់បែក គេ​អាច​មើលឃើញ​នៅលើ​ឥដ្ឋ​នៅក្នុង​វិហារ​អ៊ីស្លាម​នេះ ជាទី​ដែល​កងកម្លាំង​សន្ដិសុខ​កំពុងធ្វើការ​ស៊ើបអង្កេត​។​

​ការ​បំផ្ទុះ​នេះ​បាន​កើតឡើង ខណៈដែល​ប្រទេស​ដែល​កាន់សាសនា​កាតូលិក​ភាគច្រើន​នេះ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​​មួយ​ដែល​បានសម្លាប់​មនុស្ស​២១​នាក់​កាលពី​ថ្ងៃអាទិត្យ នៅក្នុង​ការវាយប្រហារ​មួយ​ដែល​ត្រូវបាន​អះអាង​ទ​ទូល​ខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​លោក​Gerry Besana អ្នកនាំពាក្យ​កងទ័ព​ក្នុង​តំបន់ បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់​និង​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​​នៅក្នុង​វាយប្រហារ​នៅ​វិហារ​អ៊ីស្លាម​នេះ នៅ​ទីក្រុង​Zamboanga កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​៕ដោយ៖សុខា/sn