ការវាយប្រហារ​ដោយ​ពួក​ឧទ្ទាម​យេ​ម៉ែន​លើ​អាកាសយានដ្ឋាន​អា​រ៉ា​ប៊ី​សា​អូឌីត ស្លាប់​១ របួស ២១

330
ចែករម្លែក

​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយថា ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​យេ​ម៉ែន​ទៅលើ​អាកាសយានដ្ឋាន​ស៊ីវិល​នៅ​ភាគខាងត្បូង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានសម្លាប់​ជន​ស៊ី​រី​ម្នាក់ និង​បណ្តាលឱ្យ​របួស ២១ នាក់​ផ្សេងទៀត​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មិថុនា​នៅក្នុង​ការកើនឡើង​ការវាយប្រហារ​ជាថ្មី បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅលើ​ទីតាំង​នេះ​។​

​ការវាយប្រហារ​លើ​ព្រលានយន្តហោះ​អា​បា ដែល​ក្រុមចម្រុះ​បាន​និយាយថា​បណ្តាលឱ្យ​ហាង McDonalds ខ្ទេចខ្ទី និង បំផ្លាញ​រថយន្ត ១៨ គ្រឿង បានកើត​ឡើង​ចំពេល​កំពុងមាន​ភាព​តានតឹង​ក្នុង​តំបន់​ជាមួយ​អ៊ីរ៉ង់​។​

​ការកើនឡើង​នៃ​ការវាយប្រហារ​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី (Huthi) ដែលមាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ទៅលើ​ទីក្រុង​នានា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា ដែល​ឧបត្ថម្ភ​ដោយ​អ​.​ស​.​ប សម្រាប់​ទីក្រុង​កំពង់ផែ​សមុទ្រ​ក្រហម ហូ​ដី​ដា (Hodeida) ដែលជា​ច្រក​សំខាន់​សម្រាប់​ដឹក​ជំនួយ​មនុស្ស​ស​ធម៌​សម្រាប់​យេ​ម៉ែន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​

​ក្រុមចម្រុះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​អារ៉ាប់​ប៊ី​សា​អូឌីត​ថា “​ការវាយប្រហារ​ភេរវកម្ម​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ទៅលើ​អាកាសយានដ្ឋាន​អា​បា​…​បានសម្លាប់​អ្នកស្រុក​ស៊ី​រី​ម្នាក់​និង​របួស​ជន​ស៊ីវិល ២១ នាក់​”​។​

​ក្រុមចម្រុះ​បាន​និយាយថា អ្នករងរបួស​គឺ​មកពី​អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប ឥណ្ឌា និង​បង់​ក្លា​ដែ​ស ក្នុងនោះ​ក៏មាន​ស្ត្រី ៣ នាក់​និង​កុមារ ២ នាក់​ផងដែរ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​

​ក្រុមចម្រុះ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ព្រលានយន្តហោះ​ត្រូវបាន​វាយប្រហារ​នោះទេ ប៉ុន្តែ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​មកលើ​អាកាសយានដ្ឋាន​ស៊ីវិល​នៅក្នុង​ខែ​នេះ​ដោយ​ប្រើ​ដ្រូ​ន​និង​មី​ស៊ី​ល​៕ ដោយ៖ កញ្ញាដាលីស

ស្លាប់​១​របួស​២១​ដោយសារ​ការវាយប្រហា​រ​ពី​ពួក​ឧទ្ទាម​ហ៊ូ​ធី​មកលើ​អាកាសយានដ្ឋាន​អា​បា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត