ការវាយប្រហារ​ដោយ​ស៊ី​រី​បណ្តាលឱ្យ​មនុស្ស​ជាង​៨០០.០០០ នាក់​រត់​ភៀសខ្លួន​

84
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​១៣​កុម្ភៈ​ទី​ថា ការវាយប្រហា​របស់​ទា​ហាន​នៃ​របប​គ្រប់គ្រង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី ទៅ​លើ​ទីតាំង​ឧទ្ទាម​​ចុង​ក្រោយ​នៅ​តំបន់​ភាគ​ពាយព្យ​របស់​ប្រទេស​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ជាង ៨០០.០០០ នាក់ រត់​ភៀសខ្លួន​ចេញពី​កន្លែង​រស់នៅ​របស់​ពួកគេ នៅ​ចាប់​តាំង​​ពី​ខែ​ធ្នូ​។​

​ការិយាល័យ​សម្របសម្រួល​ផ្នែក​មនុស្សធម៌​(OCHA)​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា​” ក្នុងចំណោម​ប្រជាជន​ជាង​៨០០.០០០ នាក់​ដែល​បាន​រត់​ភៀស​​ខ្លួន​នៅ​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី​ចាប់ពី​ថ្ងៃទី ១ ខែ​ធ្នូ​ឆ្នាំ ២០១៩ ដល់​ថ្ងៃទី ១២ ខែ​កុម្ភៈ​ឆ្នាំ​២០២០ ប្រហែល​៦០ ភាគរយ​ត្រូវបាន​ប៉ាន់ស្មាន​ថា​ជា​កុមារ​។​

​តំបន់​Idlib ដែល​រួម​ទាំង​ផ្នែក​ខ្លះ​នៃ​ខេត្ត​Aleppo ដែល​នៅ​ជិត​គ្នា​នេះ មាន​ប្រជាជន​រស់នៅ​ប្រមាណ ៣​លាន​នាក់​ដោយ​ពាក់កណ្តាល​នៃ​ពួកគេ បាន​រត់​ភៀសខ្លួន​​ចេញពី​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​នេះ​។​

​វា​បាន​ក្លាយជា​ជម្រក​មួយ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​សម្រាប់​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ឬ​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ពី​ពេល​​មុន​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ប្រទេស​ស៊ី​រី​។

​ប៉ុន្តែ ឥឡូវនេះ តំបន់​Idlib នេះ​កំពុង​រង​ការវាយប្រហារ ហើយ​មិន​មាន​កន្លែង​ណា​ត្រូវ​ចាកចេញ​ទៅ​ទេ​។​

​អ្នកឆ្លើយឆ្លង​សារព័ត៌មាន AFP​នៅ​តំបន់​Idlib​បាន​ឃើញ​មនុស្ស​ជាច្រើន​គ្រួសារ​រត់​ភៀសខ្លួន​តាមរ​យន្ត​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ដែល​ត្រូវបាន​ហែកហួរ​​ដោយ​សង្គ្រាម ចំ​ពេល​រដូវរងារ​ត្រជាក់​ខ្លាំង​។​

​មនុស្ស​ជាច្រើន​កំពុង​ដេក​នៅលើ​រថយន្ត​និង​នៅតាម​ទីវាល ទោះបី​មាន​ព្រិល​ធ្លាក់​និង​សីតុណ្ហភាព​ក្រោម​សូន្យ​ក៏ដោយ ដែលនាំឱ្យ​មាន​ការភ័យព្រួយ​អំពី​វិបត្តិ​​ជំនួយ​មនុស្សធម៌​ខ្លាំង​ឡើង​។​

​ការិយាល័យ​សម្របសម្រួល​ផ្នែក​មនុស្សធម៌​បាន​ប៉ាន់ស្មាន​ថា​មនុស្ស​ប្រមាណ ៨២.០០០ នាក់​កំពុង​ដេក​នៅ​តាម​ទីវាល​។​

​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​បាន​សម្លាប់​មនុស្ស​ជាង ៣៨០.០០០ នាក់​ចាប់​តាំងពី​ជម្លោះ​នេះ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០១១​មក​៕ ប្រែសម្រួល៖សុខា/sn

មនុស្ស​ជាច្រើន​គ្រួសារ​រត់​ភៀសខ្លួន​តាមរ​យន្ត​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ដែល​ត្រូវបាន​ហែកហួរ​ដោយ​សង្គ្រាម ចំ​ពេល​រដូវរងារ​ត្រជាក់​ខ្លាំង​