ការវាយប្រហារ​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ៖ តើនរ​ណាខ្លះ​ប្រើប្រាស់​ដ្រូ​ន​ក្នុង​មជ្ឈិមបូព៌ា​?

1064
ចែករម្លែក
ចិន​ក្លាយជា​អ្នក​នាំចេញ​ដ្រូ​ន​ធំ​បំផុត​ទៅ​មជ្ឈិមបូព៌ា

​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​នាំឱ្យមាន​ការសង្ស័យថា ដ្រូ​ន​បំពាក់អាវុធ​បានជា​ប់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​។​

​ទាំង​សហរដ្ឋ​អាម៉េរិក​និង​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​និយាយថា​នេះ​អាចជា​រឿង​ពិត​។​

​ការប្រើប្រាស់​ដ្រូ​ន​ប្រយុទ្ធ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​គ្មាន​កន្លែង​ណា​ដែលមាន​ការប្រើប្រាស់​ដ្រូ​ន​បែបនេះ​ច្រើនជាង​នៅ​មជ្ឈិមបូព៌ា​នោះឡើយ​។​

​ដូច្នេះ​តើន​រណា​មាន​ដ្រូ​ន​ប្រយុទ្ធ ហើយ​នរណា​បាន​ប្រើ​ពួកវា​ក្នុងការ​ប្រយុទ្ធ​?

  • អាវុធ​ថ្មី​

​ការប្រើប្រាស់​ដ្រូ​ន​ប្រដាប់អាវុធ​លើកដំបូង បានធ្វើ​ឡើង​នៅ​ខែតុលា​ឆ្នាំ ២០០១ នៅ​រាត្រី​ដំបូង​នៃ​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឆាំង​លើ​ក្បួន​របស់​ពួក​តា​លី​បង់​។​

​ដ្រូ​ន​ប្រដាប់អាវុធ​ដំបូង​ឡើយ​គឺមាន​ប្រើ​សម្រាប់តែ​ប្រទេស​ជឿនលឿន​ខាង​បច្ចេកវិជ្ជា​មួយចំនួន​ប៉ុណ្ណោះ ជាមួយ​អ៊ីស្រាអែល​និង​សហរដ្ឋ​អាម៉េរិក​នាំមុខ​ខ្លាំង​ខាង​ដ្រូ​ន​នេះឯង​។​

​មិនយូរប៉ុន្មាន អ្នកផ្តល់​ដ្រូ​ន​ថ្មី​បាន​ចូល​មកដល់ នោះ​គឺ​ប្រទេស​ចិន ដែលមាន​បំណង​លក់​អាវុធ​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។​

​ចិន​បាន​អួត​អំពី​ការចែក​ចាយ​ដ្រូ​ន​យោធា​នៅ​ពាសពេញ​មជ្ឈិមបូព៌ា ដោយ​លក់​អាវុធ​នេះ​ឱ្យទៅ​រដ្ឋាភិបាល​យ៉ាងតិចណាស់​ជិត ១០​។​

​ទីផ្សារ​ដ្រូ​ន​ស៊ីវិល​ក៏​កាន់តែ​ទំនើប ហើយ​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​ច្នៃ​ទៅជា​ដ្រូ​ន​ប្រយុទ្ធ​។​

​ខណៈ​បច្ចេកវិជ្ជា​ដ្រូ​ន​ប្រហែល​មិន​ទំនើប​អស្ចារ្យ​ខ្លាំង ដ្រូ​ន​ដែលមាន​សមត្ថភាព​ខ្ពស់​អាច​ត្រូវបាន​ផលិត​ដោយ​ប្រទេស​ណា​ក៏​បានដែរ ឱ្យតែ​ប្រទេស​នោះ​មាន​មូលដ្ឋាន​ឧស្សាហកម្ម​សម​ហេតុផល ហើយ​អ៊ីរ៉ង់​គឺជា​ករណី​ដ៏​ល្អ​មួយ​។​

​ហើយ​អ៊ីរ៉ង់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្ទេរ​បច្ចេកវិជ្ជា​ដ្រូ​ន​ទំនើប​ទៅ​តួអង្គ​មិនមែនជា​រដ្ឋ​មួយចំនួន ដូចជា​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​នៅក្នុង​ប្រទេស​យេ​ម៉ែន​ជាដើម​។​

  • អ្នកណា​ជា​គូប្រជែង​នឹង​គ្នា​?

​មជ្ឈិមបូព៌ា​គឺជា​ទីតាំង​ស្នូល​នៃ​សង្គ្រាម​ប្រឆាំងនឹង​ភេរវកម្ម​។ តំបន់​នេះ​បាន​ទាក់ទាញ​តួអង្គ​ដែលមាន​បច្ចេកវិជ្ជា​ជឿនលឿន​ដូចជា សហរដ្ឋ​អាម៉េរិក អង់គ្លេស និង​រុស្ស៊ី​។​

​មាន​ប្រទេស​ជា​គូប្រជែង​នឹង​គ្នា​ជាច្រើន​នៅក្នុង​តំបន់​នេះ​។ គូប្រជែង​លេចធ្លោ​ជាងគេ​គឺ​រវាង​អ៊ីស្រាអែល​និង​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​អារ៉ាប់​នៅ​មួយ​ប៉ែក និង​មួយ​ប៉ែក​ទៀត​គឺ​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​និង​ក្រុម​ឧទ្ទាម​ដៃគូ​របស់​អ៊ីរ៉ង់​ដូចជា​ពួក​ហេស​ប៊ូ​ឡា​និង​ពួក​ហ៊ូ​ធី​ស​ជាដើម​។​

  • សហរដ្ឋ​អាម៉េរិក​

​សហរដ្ឋ​អាម៉េរិក​បាន​ប្រើ​ដ្រូ​ន​ប្រដាប់អាវុធ​យ៉ាង​ទូលំទូលាយ​នៅ​មជ្ឈិមបូព៌ា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​សព្វាវុធ​ដូចជា​ដ្រូ​ន Predator និង Reaper ត្រូវបាន​ប្រើ​ប្រឆាំងនឹង​គោលដៅ​នៅក្នុង​ប្រទេស​ស៊ី​រី អ៊ីរ៉ាក់ លី​ប៊ី និង​យេ​ម៉ែន​។​

​ដ្រូ​ន MQ-9 Reaper គឺជា​ដ្រូ​ន​ធំ​ជាង​និង​ធ្ងន់​ជាង​ដ្រូ​ន Predator ដែលមាន​សមត្ថភាព​ផ្ទុក​អាវុធ​បាន​ច្រើន និង​ហោះ​បាន​ឆ្ងាយ​ជាង​។​

​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​យោធា​ជិតស្និទ្ធ​បំផុត​របស់​វ៉ាស៊ីនតោន អង់គ្លេស​បាន​ទិញ​ប្រព័ន្ធ​ដ្រូ​ន Reaper មួយចំនួន​ពី​សហរដ្ឋ​អាម៉េរិក និង​បានធ្វើ​ប្រតិបត្តិការ​ពួកវា​យ៉ាង​ទូលំទូលាយ​ប្រឆាំងនឹង​គោលដៅ​ទាំង​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​។​

  • អ៊ីស្រាអែល​

​ដោយ​ត្រូវបាន​ទទួលស្គាល់​ជា​យូរ​មកហើយ​ថា​ជា​អ្នកត្រួសត្រាយ​មួយ​នៅក្នុង​បច្ចេកវិជ្ជា​ដ្រូ​ន អ៊ីស្រាអែល​គឺជា​អ្នក​នាំចេញ​ដ្រូ​ន​ដ៏​ធំ​មួយ ដែល​កាន់កាប់​ចំណែក​ទីផ្សារ​ពិភពលោក​ប្រហែល ៦០ ភាគរយ​។ នេះ​យោងតាម​ការសិក្សា​ឆ្នាំ​២០១៨​។​

​អ៊ីស្រាអែល​បាន​លក់​ដ្រូ​ន​ឈ្លបយកការណ៍​ឱ្យទៅ​រុស្ស៊ី​ក្នុងចំណោម​ប្រទេស​ដទៃទៀត ហើយ​ថែមទាំង​បាន​បាញ់​ទម្លាក់​ដ្រូ​ន​មួយគ្រឿង​ដែរ នៅពេល​វា​ឆ្លង​ចូល​ទឹកដី​អ៊ីស្រាអែល​ពី​ស៊ី​រី​។​

​អ៊ីស្រាអែល​បាន​ប្រើប្រាស់​កង​ដ្រូ​ន​ផ្សេងៗ​គ្នា​សម្រាប់​ការប្រមូល​ព័ត៌មាន​ស៊ើបការណ៍​និង​បេសកកម្ម​វាយប្រហារ​។​

​ដ្រូ​ន​ប្រដាប់អាវុធ​របស់​អ៊ីស្រាអែល​រួមមាន Heron TP, Hermes 450 និង Hermes 900​។​

​ប៉ុន្តែ​អ៊ីស្រាអែល​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​នាំចេញ​ដ្រូ​ន​ប្រយុទ្ធ​ទាំងនេះ​។​

  • អ៊ីរ៉ង់​

​ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម​និង​ការហាមឃាត់​នាំចេញ​អាវុធ​ក៏ដោយ ក៏​អ៊ីរ៉ង់​នៅតែ​បាន​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​បង្កើត​ដ្រូ​ន​ប្រយុទ្ធ ដែលមាន​លក្ខណៈ​ទំនើប​។​

​ដ្រូ​ន Shahed-129 ត្រូវ​បានដាក់​បង្ហាញ​កាលពី​ឆ្នាំ ២០១២ ហើយ​ត្រូវបាន​ប្រើ​ដើម្បី​វាយប្រហារ​គោលដៅ​អាយ​ស៊ី​ស​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ដ្រូ​ន Mohajer 6 បាន​ស្ថិតក្នុង​ខ្សែសង្វាក់​ផលិតកម្ម​តាំងពី​ឆ្នាំ ២០១៨​។​

​ប៉ុន្តែ​ទិដ្ឋភាព​ផ្សេងទៀត​នៃ​កម្មវិធី​ដ្រូ​ន​របស់​អ៊ីរ៉ង់​គឺ​ឆន្ទៈ​របស់​អ៊ីរ៉ង់​ក្នុង​ការលក់​ឬ​ផ្ទេរ​បច្ចេកវិជ្ជា​របស់ខ្លួន​ឱ្យទៅ​សម្ព័ន្ធមិត្ត​និង​ក្រុម​ឧទ្ទាម​ដៃគូ​របស់ខ្លួន​នៅក្នុង​តំបន់​។​

  • បណ្តា​ប្រទេស​ផ្សេងទៀត​

​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បានដាក់​ពង្រាយ​កង​ដ្រូ​ន​របស់​ចិន Wing Loong 1 ដែល​ត្រូវបាន​ប្រើ​ប្រឆាំងនឹង​គោលដៅ​នៅ​យេ​ម៉ែន​និង​ក្នុង​សង្គ្រាមស៊ីវិល​នៅ​លី​ប៊ី​។​

​អារ៉ាប់​អេ​មី​រ៉ា​ត​គាំទ្រ​ក្រុមប្រឆាំង​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ហា​ហ្វ​ថា​។ ដ្រូ​ន​របស់​តួ​ក​គី​ត្រូវបាន​ប្រើ​នៅក្នុង​ប្រទេស​លី​ប៊ី​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​កិច្ចព្រមព្រៀង​ជាតិ​។​

​ដោយ​មិនអាច​ទិញ​ដ្រូ​ន​អាម៉េរិក​បាន តួ​ក​គី​បាន​ផលិត​ដ្រូ​ន​ដោយ​ខ្លួនឯង ដែល​ប្រើ​ក្នុងការ​វាយប្រហារ​ប្រឆាំងនឹង​គោលដៅ​ឃឺ​ដ​ទាំង​ក្នុង​តួ​ក​គី​និង​នៅ​ស៊ី​រី​។​

​អ៊ីរ៉ាក់ ហ្សកដានី អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​អាល់​ហ្សេ​រី ទាំងអស់គ្នា​សុទ្ធតែ​បាន​ទិញ​ដ្រូ​ន​របស់​ចិន​។​

  • ការប្រើប្រាស់​ដ្រូ​ន​ដោយ​ក្រុម​សកម្មប្រយុទ្ធ​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គឺជា​អ្នកប្រើប្រាស់​ដ្រូ​ន​ច្រើនជាងគេ​បំផុត​ក្នុងចំណោម​តួអង្គ​មិនមែនជា​រដ្ឋ​។ ពួកគេ​ដំណើរការ​ប្រព័ន្ធ​ដ្រូ​ន​មួយចំនួន ដែល​យោងតាម​អង្គការសហប្រជាជាតិ​និង​អ្នកជំនាញ​ផ្សេងទៀត គឺ​ពួកគេ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​បច្ចេកវិជ្ជា​របស់​អ៊ីរ៉ង់​។ ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​ប្រើ​ដ្រូ​ន Qasef-1 ដែល​ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បានកំណត់​អត្តសញ្ញាណ​នោះ គឺមាន​លក្ខណៈ​ដូចគ្នា​បេះបិទ​នឹង​ដ្រូ​ន​របស់​អ៊ីរ៉ង់​។​

​ទាំងនោះ​គឺជា​ដ្រូ​ន​ហៅថា “Kamikaze” ដែល​ហោះ​បំ​បុក​ទៅលើ​គោលដៅ​របស់​វា​។ របាយការណ៍​ជា​ហូរហែ​របស់​អង្គការសហប្រជាជាតិ​បាន​គូសបញ្ជាក់ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​ប្រើប្រាស់​ទំនើប​ខ្លាំង​ជាង​នេះ មាន​ឈ្មោះថា UAV-X ដែល​ជួនកាល​គេ​ហៅ​វា​ថា Samad-2/3 ដែល​គេ​ជឿថា​មាន​ក្បាល​គ្រាប់​ខ្នាតតូច​។​

​ក្រុម​សកម្មប្រយុទ្ធ​មូស្លីម​និកាយ​ស៊ី​អ៊ី​ត​នៅ​លី​បង់ គឺ​ក្រុម​ហេស​ប៊ូ​ឡា​បានធ្វើ​ប្រតិបត្តិការ​ដ្រូ​ន​មួយចំនួន​តូច ដែល​ទំនង​ផ្គត់ផ្គង់​ដោយ​អ៊ីរ៉ង់​។​

​សង្គ្រាម​នៅ​ស៊ី​រី​បាន​មើលឃើញ​ការប្រើប្រាស់​ដ្រូ​ន​ដ៏​ច្រើន​សម្បើម​ជា​លើកដំបូង​នៅក្នុង​ការវាយប្រហារ​ធំ​មួយ​ក្នុង​គោលបំណង​រំខាន​ខែល​ការពារ​អាកាស​។ កងកម្លាំង​ឧទ្ទាម​ជាច្រើន​បាន​បង្វែរ​ទិសដៅ​ដ្រូ​ន​វាយប្រហារ​ទៅលើ​មូលដ្ឋាន​យោធា​រុស្ស៊ី​សំខាន់ៗ​នៅ​ស៊ី​រី​។​

  • តើ​មាន​ផលវិបាក​អ្វីខ្លះ​សម្រាប់​តំបន់​?

​គេ​មិន​ច្បាស់​ទេ​ថា​តើ​បច្ចេកវិជ្ជា​ដ្រូ​ន​ប្រដាប់អាវុធ​បាន​រីក​រាលដាល​ខ្លាំង​កម្រិតណា​។​

​ភាពស្ទាក់ស្ទើរ​របស់​អា​ម៉េ​រិ​ក​ក្នុង​ការលក់​ដ្រូ​ន​បច្ចេកវិជ្ជា​ខ្ពស់​ដល់​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​មិន​មានន័យថា​វា​បាន​លុបចោល​លទ្ធភាព​រំសាយ​ដ្រូ​ន​ប្រដាប់អាវុធ​នោះទេ ពីព្រោះ​ចិន​បាន​បោះជំហាន​ចូល​ទីផ្សារ​ដើម្បី​លក់​ដ្រូ​ន​បច្ចេកវិជ្ជា​ខ្ពស់​របស់ខ្លួន​យ៉ាង​សម្បើម​។

​ការប្រើ​ដ្រូ​ន​ដើម្បី​វាយប្រហារ​គោលដៅ​បាន​ជួយ​បើក​នូវ​ប្រភេទ​ថ្មី​នៃ​សមរភូមិ ដោយ​ធ្វើ​ឱ្យគេ​ពិបាក​ដឹងថា​តើ​វា​ជា​សង្គ្រាម​ឬ​សន្តិភាព​។

​ដ្រូ​ន​បានផ្តល់​នូវ​សក្តានុពល​ក្នុងការ​វាយប្រហារ​គោល​ដៅ​ចំៗ​កន្លែង ដោយ​ពុំ​សូវ​បង្ក​ការខាតបង់​អាយុជីវិត​កងទ័ព​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព ៖ BBC