ការវាយប្រហារ​របស់​អ៊ីស្រាអែល​សម្លាប់​ពួក​សកម្មប្រយុទ្ធ​បន្ថែមទៀត​នៅ​តំបន់​ហ្គា​ហ្សា ខណៈ​គ្រាប់​រ៉ុក្កែត​បន្ត​បាញ់​ចូល​ទឹកដី​អ៊ីស្រាអែល

133
ចែករម្លែក

​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាដ​អ៊ីស្លាម​បន្ថែមទៀត​នៅ​តំបន់​ហ្គា​ហ្សា ខណៈ​ការបាញ់​រ៉ុក្កែត​ឆ្ពោះទៅ​ប្រទេស​អ៊ីស្រាអែល​បានចាប់ផ្តើម​ឡើងវិញ​បន្ទាប់ពី​ការផ្អាក​រយៈពេល​ខ្លី​បានតែ​មួយ​យប់​។​

​ចំនួន​អ្នកស្លាប់​នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​កើន​ឡើងដល់​ចំនួន ២៦ នាក់​ជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន រួមទាំង​ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ម្នាក់ នៅក្នុង​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​។​

​យោធា​បាន​និយាយថា រ៉ុក្កែត​ជាង ៣៦០ គ្រាប់​ត្រូវបាន​បាញ់​ទៅលើ​សហគមន៍​អ៊ីស្រាអែល​ចាប់តាំងពី​អំពើហិង្សា​បាន​ផ្ទុះឡើង បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បានសម្លាប់​មេបញ្ជាការ​ជី​ហាដ​អ៊ីស្លាម​ជាន់ខ្ពស់​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ថា​ជា​មេខ្លោង​នៃ​ការវាយប្រហារ​ថ្មីៗ​នេះ​។​

​ការប្រយុទ្ធ​គ្នា​ចុងក្រោយបង្អស់​នេះ​បានធ្វើ​ជីវិត​រស់នៅ​ភាគច្រើន​ក្នុងប្រទេស​អ៊ីស្រាអែល​ស្ថិតក្នុង​ស្ថានភាព​ស្ងាត់ស្ងៀម​។ សាលារៀន​នៅតែ​បិទទ្វារ​នៅក្នុង​សហគមន៍​អ៊ីស្រាអែល​នៅ​ជិត​ព្រំដែន​ហ្គា​ហ្សា​និង​ការ​រឹតត្បិត​លើ​ការប្រមូល​ផ្តុំគ្នា​នៅ​ទីសាធារណៈ​បាន​បន្ត ខណៈដែល​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ស្រោច​លើ​អ៊ីស្រាអែល​។​

​ការវាយប្រហារ​ទាំងនោះ​បាន​កើតឡើង​បន្ទាប់ពី​ការវាយលុក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​បានសម្លាប់​លោក​បា​ហា​អា អា​ប៊ូ អែល អាត​តា និង​ភរិយា​របស់គាត់ ខណៈ​ពួកគេ​កំពុង​ដេកលក់​។ ការបាញ់​រ៉ុក្កែត​ពី​តំបន់​ហ្គា​ហ្សា​បាន​ហោះ​ដល់​ភាគ​ខាងជើង​ជ្រៅ​ជិត​ដល់ទី​ក្រុង​តែ​ល​អាល់​វីវ ហើយ​មនុស្ស​ពីរ​នាក់​បាន​រងរបួស​ដោយ​អំបែង​គ្រាប់​៕ ដោយ៖ កញ្ញាដាលីស

ខែល​ការពារ​អាកាស Iron Dome របស់​អ៊ីស្រាអែល​បាញ់​កម្ទេច​គ្រាប់​រ៉ុក្កែត​នៅ​ពាក់កណ្តាល​អាកាស ដែល​ហោះ​ចេញពី​តំបន់​ហ្គា​ហ្សា