ការវាយប្រហារ​លើ​តំបន់​ហ្គោ​តា ដែល​ឡោមព័ទ្ធ​នៅ​ភាគ​ខាងកើត​ស៊ី​រី សម្លាប់​មនុស្ស​ជាង​២០០​នាក់​ក្នុង​រយៈពេល​៤​ថ្ងៃ​

142

​រយៈពេល​៤​ថ្ងៃ​នៃ​ការវាយប្រហារ​ខ្លាំង​ដោយ​រដ្ឋាភិបាល​ស៊ី​រី​ទៅលើ​តំបន់​កាប់​កាប់​ដោយ​ក្រុម​ឧទ្ទាម​ដែល​ត្រូវបាន​ឡោមព័ទ្ធ នៅ​ខាងក្រៅ​ទីក្រុង​ដា​ម៉ាស ត្រូវបាន​រាយការណ៍​ថា បានសម្លាប់​ជន​ស៊ីវិល​ជាង​២០០​នាក់​។​

​ក្រុម​ឃ្លាំមើល​និង​សកម្មជន​ក្រុមប្រឆាំង​បាន​និយាយថា​មនុស្ស​យ៉ាងហោចណាស់​៥៤​នាក់ ក្នុងនោះ​មាន​ក្មេង​១៥​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ទូទាំង​តំបន់​ហ្គោ​តា (Ghouta) ភាគ​ខាងកើត​នៃ​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​តំបន់​នេះ ត្រូវបាន​ឡោមព័ទ្ធ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​ស៊ី​រី​បាន​បង្កើន​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​វាយ​ចូល​កាន់កាប់​តំបន់​នេះ​វិញ​។​

​អង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​ជាបន្ទាន់​។​

​ប៉ុន្តែ រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ស៊ី​រី បាន​និយាយថា “​វា​មិនអាច​ទេ​”​។​

​ប្រជាជន​ប្រហែល ៤០០.០០០ នាក់​បាន​ជាប់​នៅក្នុង​តំបន់​ហ្គោ​តា ហើយ​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ ការផ្គត់ផ្គង់​ប្រេង និង ថ្នាំពេទ្យ យ៉ាងធ្ងន់ធ្ងរ​។​

​អ្នកជំងឺ​និង​អ្នករងរបួស​ប្រហែល​៧០០​នាក់ ចាំបាច់​ត្រូវ​ជម្លៀសចេញ​សម្រាប់​ការព្យាបាល ប៉ុន្តែ រដ្ឋាភិបាល​នេះ​មិនបាន​ផ្តល់​លទ្ធភាព​ចេញ​ចូលដល់​អង្គការសហប្រជាជាតិ​សម្រាប់​បញ្ហា​នេះ​ទេ ចាប់តាំងពី​ចុងខែ​វិច្ឆិកា​មក​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​និង​គ្រូពេទ្យ​បាន​ចូលទៅ​តំបន់​នោះ ចាប់តាំងពី​មានការ​ប្រយុទ្ធ​កើនឡើង​ដើម្បី​គ្រប់គ្រង​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​ទ័ព​ឧទ្ទាម នៅក្បែរ​ទីក្រុង​នេះ ។​

​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បាន​និយាយថា យ៉ាងហោចណាស់​ជន​ស៊ីវិល​២២០​នាក់​ត្រូវបាន​សម្លាប់​និង​រាប់រយ​នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​ការវាយប្រហារ​តាម​អាកាស​និង​កាំភ្លើង​ធំ​របស់​រដ្ឋាភិបាល​ស៊ី​រី ចាប់តាំងពី​ថ្ងៃ​ចន្ទ​៕ ដោយ៖ សុខា

ការវាយប្រហារ​រយៈពេល​៤​ថ្ងៃ​ដោយ​រដ្ឋាភិបាល​ស៊ី​រី ចាប់តាំងពី​ថ្ងៃ​ចន្ទ​លើ​តំបន់​ហ្គោ​តា ដែល​ឡោមព័ទ្ធ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ស៊ី​រី​បានសម្លាប់​មនុស្ស​២២០​នាក់