ការវះកាត់​គភ៌​នៅក្នុង​ស្បូន​ដើម្បី​កែតម្រូវ​ឆ្អឹងខ្នង​ពក​កុំឱ្យ​កូន​កើតមក​ខុស​ប្រក្រតី ត្រូវបាន​ថត​ជា​វីដេអូ​បង្ហាញ​ស្តែងៗ​

357
ចែករម្លែក

​វីដេអូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បានបង្ហាញ​ឱ្យឃើញ​នូវ​ឈុត​ក្រោយ​ឆាក​អំពី​របៀប​ដែល​ការវះកាត់​ឈានមុខ​មួយ​ត្រូវបាន​ធ្វើឡើង​នៅលើ​គភ៌ ខណៈ​វា​កំពុង​នៅក្នុង​ស្បូន​នៅឡើយ​។​

​វេជ្ជបណ្ឌិត វ៉ា​អែល អែល បាន់​ណា (Wael El Banna) បាន​ថត​វីដេអូ​នៃ​ការវះកាត់ ដែល​គាត់​បានធ្វើ​ឡើងលើ​គភ៌​ក្នុង​ស្បូន​ដើម្បី​កែតម្រូវ​ឆ្អឹងខ្នង​ពក​មុនពេល​ទារក​ចាប់កំណើត​។​

​វីដេអូ​នេះ​បានបង្ហាញ លោក​វេជ្ជបណ្ឌិត​កំពុង​ទាញ​ស្បូន​ពោរពេញ​ដោយ​ទឹកភ្លោះ​ចេញពី​ពោះ​ម្តាយ ដោយ​បង្ហូរ​ទឹកភ្លោះ​តាមរយៈ​បំពង់​មួយ និង​ធ្វើការ​វះកាត់​ស្មុគស្មាញ​នៅលើ​គភ៌​នៅក្នុង​ស្បូន​។​

​វេជ្ជបណ្ឌិត​បាន់​ណា​មកពី​ប្រទេស​អេ​ហ្ស៊ី​ប​បាន​និយាយថា ការវះកាត់​របស់គាត់​គឺជា​ការវះកាត់​លើកដំបូង​នៃ​ប្រភេទ​ការវះកាត់​របៀបនេះ ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​តំបន់ ហើយ​ម្តាយ​និង​ទារ​កមាន​សុខ​ភាពល្អ​បរិបូរណ៍​ចាប់តាំងពី​ការវះកាត់​កាលពី​ខែវិច្ឆិកា​។​

​លោក​វេជ្ជបណ្ឌិត​បានបង្ហាញ​វីដេអូ​វះកាត់​នេះ​ដល់​វេ​ប​សាយ MailOnline តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ម្ដាយ​ម្នាក់​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​អំពី​សេចក្តី​រីករាយ​របស់​នាង​ក្នុងការ​មានកូន​ដែលមាន​សុខភាព​ល្អ​បន្ទាប់ពី​ការវះកាត់​ដូចគ្នានេះ​។ ទីភ្នាក់ងារ​សុខភាព​ជា​តិ​អង់គ្លេស​ក៏​កំពុង​រៀបចំ​ដើម្បី​ចាប់ផ្តើម​ផ្តល់ជូន​នូវ​ការវះកាត់​របៀបនេះ​នៅ​ចុងឆ្នាំ​នេះដែរ​៕ ដោយ៖ កញ្ញាដាលីស