ការសង្ស័យ​អំពី​ការ​ក្លែងបន្លំ​កំពុង​កើនឡើង​ក្នុងការ​បោះឆ្នោត​ក្រោយ​សម័យ​រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ​

517
ចែករម្លែក
  • 18
    Shares

​ការបោះឆ្នោត​សកល​ជា​លើកដំបូង​របស់​ប្រទេស​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤ ត្រូវបាន​កោតសរសើរ​ដោយ​របប​យោធា​យោធា​កំពុង​កាន់អំណាច​ថា​ជាការ​វិលត្រឡប់​ទៅកាន់​ការគ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​ឡើងវិញ ប៉ុន្តែ​ពីរ​សប្តាហ៍​បន្ទាប់ពី​ការបោះឆ្នោត លទ្ធផល​នៅតែ​មិនទាន់​ច្បាស់លាស់​និង​ការចោទប្រកាន់​អំពី​ការបន្លំ​សន្លឹកឆ្នោត​កំពុង​កើនឡើង​។​

​ចាប់តាំងពី​ការបោះឆ្នោត​ថ្ងៃទី ២៤ មីនា​មក ឥស្សរជន​សំខាន់ៗ​ដែល​ទាក់ទង​ទៅនឹង “​រណសិរ្ស​ប្រជាធិបតេយ្យ​” នៃ​បណ្តា​គណបក្សប្រឆាំង បាន​និយាយថា ពួកគេ​បាន​ទទួលរង​ការគាបសង្កត់​ពី​ប៉ូលិស​និង​យោធា​។​

ចាប់តាំងពី​ការបោះឆ្នោត​ថ្ងៃទី ២៤ មីនា​មក ឥស្សរជន​សំខាន់ៗ​ដែល​ទាក់ទង​ទៅនឹង “​រណសិរ្ស​ប្រជាធិបតេយ្យ​” នៃ​បណ្តា​គណបក្សប្រឆាំង បាន​និយាយថា ពួកគេ​បាន​ទទួលរង​ការគាបសង្កត់​ពី​ប៉ូលិស​និង​យោធា

​គណៈកម្មាធិការ​បោះឆ្នោត​ក៏បាន​បង្ហាញ​ផងដែរ​ថា ខ្លួន​នឹង​ប្រើ​រូបមន្ត​បែងចែក​ស្មុគស្មាញ​មួយ​សម្រាប់ “​អាសនៈ​ផ្អែក​តាម​បញ្ជី​គណបក្ស​” ចំនួន ១៥០ អាសនៈ នៅក្នុង​សភាតំណាងរាស្ត្រ ក្នុង​របៀប​មួយ ដែល​អាចធ្វើឱ្យ​ថយចុះ​ចំនួន​អាសនៈ​របស់​គណបក្សប្រឆាំង​នានា​នៅក្នុង​សភា​ជាន់​ទាប ដែលមាន​អាសនៈ​សរុប ៥០០​។​

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​និយាយថា​ខ្លួន​នឹងមិន​ប្រកាស​សូម្បី​អ្នកឈ្នះ​បណ្តោះអាសន្ន​នៃ “​អាសនៈ​ផ្អែក​តាម​បញ្ជី​គណបក្ស​” ចំនួន ១៥០ អាសនៈ រហូតដល់​ថ្ងៃ ៩ ឧសភា ដោយ​និយាយថា ខ្លួន​ត្រូវការ​ពេលវេលា​ដើម្បី​បញ្ជា​ឱ្យមាន​ការបោះឆ្នោត​បំពេញបន្ថែម​និង​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​ក៏ដូចជា​ការដកហូត​សិទ្ធិ​បេក្ខជន​ដែល​បាន​រំលោភបំពាន​ច្បាប់បោះឆ្នោត​។​

​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយថា​គម្លាត​ពេលវេលា​ដ៏​យូរ​នេះ​នឹង​អនុញ្ញាតឱ្យ​ស្ថាប័ន​ស្មោះស្ម័គ្រ​នឹង​យោធា​ក្លែងបន្លំ​លទ្ធផល​និង​ដកហូត​សិទ្ធិ​របស់​គូប្រជែង​របស់​គណបក្ស​គាំទ្រ​ខាង​យោធា ផា​ឡាំង​ប្រា​ចា​រ៉ាត់ ដែល​កំពុង​ព្យាយាម​រក្សា​មេដឹកនាំ​យោធា​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​នៅក្នុង​អំណាច​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​។​

​គណបក្សប្រឆាំង​ឈានមុខ​គេ គឺ​បក្ស​ភឿ​ថៃ​ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នក​ស្មោះត្រង់​នឹង​លោកនាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​ដែល​យោធា​បណ្ដេញ​ចេញពី​អំណាច​នោះ មើលឃើញ​ការពន្យារពេល​និង​សកម្មភាព​តាមផ្លូវ​ច្បាប់​នានា​ថា​ជាការ​ប៉ុនប៉ង​ដើម្បី​បដិសេធ​អាសនៈ​គ្រប់គ្រាន់​របស់ “​រណសិរ្ស​ប្រជាធិបតេយ្យ​” នៅក្នុង​រដ្ឋសភា ដែល​ត្រូវការ​ចាំបាច់​ដើម្បី​រាំងខ្ទប់​គណបក្ស​ស្និទ្ធ​នឹង​យោធា​ពី​អំណាច​ក្នុង​ការបង្កើត​ច្បាប់​ដែល​គេ​មិន​ពេញចិត្ត​គ្រប់គ្នា​។​

​អគ្គលេខាធិការ​គណបក្ស​ភឿ​ថៃ លោក ភូមិ​ថាំ វី​ចៃ​យ៉ា​ចៃ បាន​និយាយថា “​បន្ទាប់ពី​ការបោះឆ្នោត​…​ប្រជាជន​ភាគច្រើន​មាន​អារម្មណ៍​អស់សង្ឃឹម​និង​មិន​ទុកចិត្ត​ចំពោះ​ដំណើរការ​បោះឆ្នោត​”​។​

​លោក​បាន​និយាយ​ដោយ​ប្រើ​ឈ្មោះ​ផ្លូវការ​របស់​យោធា​ថា “​ប្រជាជន​កំពុងនិយាយ​អំពី​ផ្នែក​មួយ​របស់​គណកម្មកា​របោះ​ឆ្នោត​ក្នុង​ការគាំទ្រ​ដល់​ការពង្រីក​អំណាច​ដោយ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​”​។​

​លោក​ចា​រុង​វីត ភូម​ម៉ា អគ្គលេខាធិការ​នៃ​គណៈកម្មការ​បោះឆ្នោត​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា គណៈកម្មការ​បោះឆ្នោត​មិនបាន​ជួយ​ដល់​គណបក្ស​ដែល​គាំទ្រ​យោធា​នោះទេ​។​

​លោក​ចា​រុង​វីត​បាន​និយាយថា “​គណៈកម្មការ​បោះឆ្នោត​មាន​លក្ខណៈ​អ​ព្យា​ក្រិ​ត្យ​និង​គោរព​តាមច្បាប់​។ យើង​មិនបាន​គាំទ្រ​គណបក្ស​ណាមួយ​ឬ​ជួយ​ដល់​គណបក្ស​ណាមួយ​ទេ​”​។​

​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​បាន​និយាយថា ខ្លួន​មិន​ទទួលបាន​ប្រៀប​ឈ្នះ​ណាមួយ​លើ​គណបក្សប្រឆាំង​នោះទេ​។​

​អ្នកនាំពាក្យ​រង​របស់​បក្ស​លោក​ថា​ណា​កន វ៉ាង​ប៊ុន​កុង​ចា​ណា បាន​និយាយប្រាប់​រ៉​យ​ទ័​រថា “​វា​គឺ​ខុស​ទាំងស្រុង​ដែល​និយាយថា គណៈកម្មការ​បោះឆ្នោត​កំពុង​ជួយ​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​”​។​

  • ការចោទប្រកាន់​ពីបទ​បង្ក​ការបះបោរ

​ទោះយ៉ាងណា ជន​សំខាន់ៗ​របស់​គណបក្សប្រឆាំង​និយាយថា ពួកគេ​កំពុង​ត្រូវបាន​គេ​កំណត់​គោលដៅ​។​

​លោក​ថា​ណា​ថន រឿង​រុងរឿង​គីត មេដឹកនាំ​នៃ​គណបក្ស​អនាគត​ទៅមុខ ដែល​ផ្តោតលើ​យុវជន ដែល​ធ្វើបាន​យ៉ាង​ល្អ​គួរឱ្យភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​នោះ ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​សៅរ៍​ទី ៦ ខែមេសា​ពីបទ​បង្ក​ការបះបោរ​តាម​ពាក្យបណ្តឹង​មួយ​របស់​យោធា តាំងពី​ឆ្នាំ ២០១៥ ដែលជា​ករណី​មួយ​អាច​នឹង​ឃើញ​គណបក្ស​របស់លោក​ត្រូវបាន​រំលាយចោល​។​

​យុទ្ធនាការ​តាម​អ៊ី​ន​ធឺ​ណេ​ត​ក៏បាន​អាចធ្វើឱ្យ​លោក​ថា​ណា​ថន​ក្លាយជា​អ្នកប្រឆាំង​រាជាធិបតេយ្យ​ផងដែរ ដែល​នេះ​ជា​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ប្រទេស​ថៃ កន្លែង​ដែល​រាជាធិបតេយ្យ​ត្រូវតែ​គោរព​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​លោ​កថា​ណាថ​បាន​បដិសេធ​ចំពោះ​ការ​ចោទថា​គាត់​ប្រឆាំងនឹង​រាជាធិបតេយ្យ​និង​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​មកលើ​រូបលោក​។​

​លោក​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា “​វា​ជា​បំណងប្រាថ្នា​របស់​ក្រុម​យោធា​ដើម្បី​បំផុស​ការ​ស្អប់​ការភ័យខ្លាច​និង​ការមិនទុកចិត្ត​ក្នុងចំណោម​ប្រជាជន ដើម្បី​បង្កើតឱ្យមាន​ភាពស្របច្បាប់​សម្រាប់​យោធា​ដើម្បី​កាន់អំណាច​និង​បន្ត​ការដឹកនាំ​ប្រទេស​”​។​

​លោក​វីន​ថៃ ស៊ូ​វ៉ា​រី អ្នកនាំពាក្យ​របស់រប​ប​យោធា​បាន​និយាយថា ការចោទប្រកាន់​ប្រឆាំងនឹង​លោក​ថា​ណា​ថន​មិនមែន​សំដៅ​ទៅលើ​ការធ្វើឱ្យ​ចុះខ្សោយ​គណបក្សប្រឆាំង និង​មិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នយោបាយ​បច្ចុប្បន្ន​នោះទេ​។​

  • ការបោះឆ្នោត​មិន​ប្រក្រតី​

​ច្បាប់​នៃ​ការបោះឆ្នោត​ត្រូវបាន​សរសេរ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​យោធា​ក្នុង​ឆ្នាំ ២០១៧ ដែល​ក្រុម​អ្នក​រិះគន់​បាន​និយាយថា​មានបំណង​ធានា​ការពារ​ឥទ្ធិពល​របស់​យោធា​នៅក្នុង​នយោបាយ​ថៃ​។​

​ក្នុងចំណោម​មាត្រា​ថ្មីៗ​ទាំងនោះ​គឺ​ចែងថា ព្រឹទ្ធសភា ដែលជា​សភា​ជាន់ខ្ពស់​មាន ២៥០ អាសនៈ​ដែល​តែងតាំង​ដោយ​របប​យោធា ត្រូវតែ​អនុម័ត​លើ​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​រួមមួយ​ជាមួយ​រដ្ឋសភា ដែល​កាលពីមុន​មានតែ​សភា​ជាន់​ទាប​ប៉ុណ្ណោះ​ដែល​បោះឆ្នោត​លើ​ការតែងតាំង​នាយករដ្ឋមន្ត្រី​។​

​នោះ​មានន័យថា គណបក្ស​ដែល​គាំទ្រ​ដោយ​យោធា​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ត្រូវការ​អាសនៈ​ត្រឹមតែ ១២៦ អាសនៈ​ប៉ុណ្ណោះ​នៅក្នុង​រដ្ឋសភា​ដើម្បី​លើក​លោក​ប្រា​យុទ្ធ​ធ្វើជា​នាយករដ្ឋមន្ត្រី ខណៈដែល​ក្រុម​គណបក្សប្រឆាំង​ត្រូវការ​អាសនៈ ៣៧៦ សម្រាប់​បេក្ខជន​សក្តានុពល​របស់ខ្លួន​ក្លាយជា​នាយករដ្ឋមន្ត្រី​។​

​ក៏ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃទី ២៤ មីនា “​រណ​សិស្ស​ប្រជាធិបតេយ្យ​” បាន​អះអាង​តាមរយៈ​ការ​គណនា​របស់ខ្លួន​ថា ខ្លួន​នឹង​ទទួលបាន​អាសនៈ​យ៉ាងហោចណាស់ ២៥៥ នៅក្នុង​រដ្ឋសភា គឺ​មិន​គ្រប់គ្រាន់​ឡើយ​ដើម្បី​បង្កើត​រដ្ឋាភិបាល ប៉ុន្តែ​អនុញ្ញាតឱ្យ​ខ្លួន​រារាំង​គណបក្ស​ដែល​គាំទ្រ​ដោយ​យោធា​ពី​ការ​មាន​សេរីភាព​ជ្រុល​ហួសហេតុ​។​

​កាលពី​សបា្ដហ៍​មុន​គណៈកម្មការ​បោះឆ្នោត​បា​ន​បង្ហាញ​រូបមន្ត​ស្មុគស្មាញ​ដើម្បី​គណនា​ការបែងចែក​អាសនៈ​ចំនួន ១៥០ នៃ “​អាសនៈ​ផ្អែក​តាម​ញ្ជី​គណបក្ស​” ហើយនឹង​សរុប​ចំនួន​ទស​ភាគ​ដើម្បី​ផ្តល់​អាសនៈ​ដល់​គណបក្ស​តូចៗ​ចំនួន ១១ បើទោះបីជា​សន្លឹកឆ្នោតរ​បស់​ពួកគេ​ដែល​ប្រជាជន​បាន​បោះ​ឱ្យ មិនបាន​បំពេញ​តាម​កម្រិត​ដែល​បាន​ពណ៌នា​កាលពីមុន​ដើម្បី​ទទួលបាន​មួយ​អាសនៈ​ក៏ដោយ​។​

​អ្នកនាំពាក្យ​បក្ស​ភឿ​ថៃ លោកស្រី ឡា​ដា​វ៉ាន់ វង់​ស្រី​វង់ បាន​និយាយថា “​នេះ​គឺជា​ភាពមិនប្រក្រតី​ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​រាំងខ្ទប់​រណសិរ្ស​ប្រជាធិបតេយ្យ​ពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី​”​។​

​ការពង្រីក​បញ្ជី​គណបក្ស​ឱ្យ​វែង​អាច​នឹង​កាត់បន្ថយ​ចំនួន​អាសនៈ​ពី​អ្នក​ដែល​ទទួលបាន​សំឡេងឆ្នោត​ច្រើន​បំផុត​ពី​ប្រជាជន និង​អាច​កាត់បន្ថយ​អាសនៈ​ពី​គណបក្ស​អនាគត​ទៅមុខ ពី​ប្រហែល ៨៧ មក​នៅត្រឹម ៨០ អាសនៈ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​ការដណ្តើម​បាន​សំឡេង​ភាគច្រើន​នៅក្នុង​រដ្ឋសភា​របស់រ​ណ​សិរ្ស​ប្រជាធិបតេយ្យ​។​

​លោក​យី​ង​ឈី​ប អាត​ចា​ណុន អ្នកគ្រប់គ្រង​គម្រោង​នៅ​អង្គការ​ឃ្លាំមើល​នីតិបញ្ញត្តិ iLaw បាន​និយាយថា “​វា​ជាការ​បោះឆ្នោត​មិន​ប្រក្រតី​តាំងពី​ការចាប់​ផ្តើមដំបូង​។ វា​ជា​ល្បែង​មួយ​ដែល​របប​យោធា​ជា​អ្នកបង្កើត​ច្បាប់​និង​តែងតាំង​អាជ្ញាកណ្តាល ដែល​កំពុង​ធ្វើ​សកម្ម​ភាពមិនប្រក្រតី​ផងដែរ​”​។​

​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​មិនបាន​ទទួល​ប្រៀប​ឈ្នះ​ពី​រដ្ឋធម្មនុញ្ញ​នោះទេ​។​

​លោក​ស៊ុន​ធី​រ៉ាត់ ស៊ុន​ធី​ជី​រ៉ា​វង់ អគ្គលេខាធិការ​បក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​បាន​និយាយថា គណបក្ស​នេះ​នឹង​ចាប់ផ្តើម​ចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​បន្ទាប់ ក្រោយពី​ការរៀបចំ​ពិធី​គ្រងរាជ្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​ពីថ្ងៃ​ទី ៤-៦ ខែឧសភា​។​

  • “​មនុស្ស​អាក្រក់​”

​ការបោះឆ្នោត​នេះ​កើតឡើង​បន្ទាប់ពី​មាន​ចលាចល​អស់​រយៈពេល​ជិត ១៥ ឆ្នាំ ដែល​អំឡុង​ពេលនោះ​ជម្លោះ​រវាង​អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​និង​ក្រុមប្រឆាំង​លោក​ថាក់ស៊ីន បាន​នាំឱ្យមាន​ការតវ៉ា​តាម​ដងផ្លូវ ការប៉ះទង្គិច​ដោយ​ហិង្សា និង​រដ្ឋប្រហារ​យោធា​ចំនួន​ពីរ​។​

​នៅមុន​ថ្ងៃ​បោះឆ្នោត ស្ដេច​មហា វិ​ជ្ជ​រ៉ា​ឡុងកន បានចេញ​ព្រះរាជសារ​ថ្លែងការណ៍​មិនបាន​រំពឹងទុក​មួយ​ដោយ​រំលឹក​ឡើងវិញ​ពី​ព្រះរាជឱង្ការ​របស់​អតីត​បិតា​ទ្រង់​ពី​តម្រូវ​ការដាក់ “​មនុស្ស​ល្អ​” ឱ្យ​កាន់អំណាច និង​ទប់ស្កាត់ “​មនុស្ស​អាក្រក់​…​ពី​ការបង្កើត​ភាពចលាចល​”​។​

​ប្រាំ​មួយថ្ងៃ​ក្រោយមក ព្រះមហាក្សត្រ​បាន​ដកហូត​គោរមងា​រ្យ​ស្តេច​ដែល​បាន​ប្រទាន​ឱ្យ​លោក​ថាក់ស៊ីន ដោយ​លើកឡើង​ពី​ការកាត់ទោស​អំពី​អំពើពុករលួយ​ឆ្នាំ ២០០៨ និង ការរត់​គេចខ្លួន​ចេញពី​ប្រទេស​ដើម្បី​គេច​ពី​ការជាប់គុក​។​

​យោធា​ក៏បាន​ដកហូត​ពានរង្វាន់​សមិទ្ធ​ផល​របស់លោក​ថាក់ស៊ីន​ពី​សាលា​ប៉ូលិស​ផងដែរ និង​បាន​លុបឈ្មោះ​របស់គាត់​ចេញពី​សាល​កិត្តិនាម​របស់​សាលា​ប៉ូលិស​។​

​ជំនួយការ​សាស្ត្រាចារ្យ​លោក​ផា​វីន ចា​ចា​វ៉ាល់​ពុង​ពន់ មកពី​មជ្ឈមណ្ឌល​សិក្សា​អាស៊ីអាគ្នេយ៍​នៃ​សាកលវិទ្យាល័យ​ក្យូ​តូ​បាន​ប្រាប់​រ៉​យ​ទ័​រថា “​ថាក់ស៊ីន​នៅតែ​បន្ត​គំរាមកំហែង​ដល់​អំណាច​របស់​យោធា​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Straitstimes