ការសម្តែង​ល្ខោននិយាយ​រឿង “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នៅ​ខេត្តបាត់ដំបង​

1547
ចែករម្លែក

​ដោយៈសោម ប៊ុនថន/ភ្នំពេញៈ​​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​អង្គការ​អ​ម្រឹ​តា​សិល្បៈ នឹង​រៀបចំ​សម្តែង​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង ចាប់ពី​វេលា​ម៉ោង​៥​រសៀល​តទៅ​។ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត គរុ​សិស្ស គរុ​និស្សិត អ្នកស្រាវជ្រាវ មន្ត្រីរាជការ បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល យាយ តា អ៊ំពូ មីង អាចចូលរួម​ទស្សនា​ល្ខោន​នេះ​ដោយ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ​។

ខេត្តបាត់ដំបង​គឺជា​ខេត្ត​ចុងក្រោយ​នៃ​ការ​ម្តែ​ង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ការសម្តែង​នៅ​ទីក្រុង​ភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង កន្លងមក ដើម្បី​ជាការ​ចែករំលែក​ដល់​ម​នុស្ស​គ្រប់​ជំនាន់​ឲ្យ​ស្វែងយល់​ពីបទ​ពិសោធន៍រ​បស់​អ្នក​រស់រានមានជីវិត​នៅក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវបាន​លាតត្រដាង​ដើម្បី​ការចងចាំ ការផ្សះផ្សា កសាង​សន្តិភាព និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា នាពេល​អនាគត​។​
​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ជា​សាច់​រឿងល្ខោន​ដែល​ដកស្រង់​ចេញពី រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម តាមរយៈ ការ​ស្រា​ជ្រាវ និង សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុជា​។ អ្នក និពន្ធ​ជនជាតិ​ហូ​ឡង់​២​រូប​គឺ អ្នកស្រី អាន់​ម៉ា​រី ព្រី​នស៍ និង​អ្នកស្រី ណាន់ វ៉ាន់ ហួត សហការ​ជាមួយ អ​ម្រឹ​តា​សិល្បៈ ដោយ​មានការ​ជ្រោមជ្រែង​លើ​កិច្ចការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ផលិត​ល្ខោន​នេះ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអនុវត្ត​ដំណើរការ​ផ្សះផ្សា និង​ចាប់ផ្តើម​ស្តា​សង្គម​កម្ពុជា​ដ៏​ខ្ទេចខ្ទាំ​ឡើងវិញ​។ អង្គការ​អ​ម្រឹ​តា​សិល្បៈ នឹង​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»
​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបាន​សម្តែង​នៅតាម​បណ្តា​ភូមិ​ឃុំ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០៨ រហូតមកដល់​ពេលបច្ចុប្បន្ន​។ បើ​គិត​មកដល់​សព្វថ្ងៃ ប្រវត្តិ​នៃ​ការកកើត​ល្ខោននិយាយ​នេះ មាន​អាយុកាល​១០​ឆ្នាំ​គត់​។ នៅក្នុង​ឆ្នាំ​២០១៨ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបានធ្វើ​បច្ចុប្បន្នភាព ដោយ​ដាក់បញ្ចូល​ឈុត​ថ្មី​មួយទៀត ដែល​បន្ថែម​លើ​ខ្លឹមសារ​ចាស់​ទាក់ទង​នឹង​ដំណើរការ​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម ដែល​ហៀបនឹង​បញ្ចប់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​
​ក្នុង​រយៈពេល​១០​ឆ្នាំនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​អ​ម្រឹ​តា​សិល្បៈ ដោយមាន​ការសហការ​យ៉ាង​ល្អ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​កិច្ចការ​ជាច្រើន ហើយ​កិច្ចការ​ទាំងនេះ​បាន​បែង​ចែកជា​៣​ដំណាក់កាល​គឺ ​ដំណាក់កាល​ទី​១ គឺជា​ដំណាក់កាល​នៃ​ការ​តែង​និពន្ធ ដោយបាន​ចាប់ផ្តើម​នៅក្នុង​ខែមករា ឆ្នាំ​២០០៨ នៅពេលដែល​អ្នកនិពន្ធ​និង​អ្នក​ស​សេរ​ទំនុក​ល្ខោន អាណា​ម៉ា​រី ព្រី​នស៍ និង ណាន វ៉ាន់​ហួត បានធ្វើការ​ស្រាវជ្រាវ​អំពី​ដំណើរការ​នៃ​ការផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការអញ្ជើញ​របស់​អង្គការ​អ​ម្រឹ​តា​សិល្បៈ និង​មានការ​សម្របសម្រួល​ក្នុង​ការចុះទៅ​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​ពី​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​
​តាមរយៈ​ការស្រាវជ្រាវ និង​ចុះ​សម្ភាសន៍​ជនរងគ្រោះ និង​ជនដៃដល់ អ្នកនិពន្ធ​និង​អ្នកសរសេរ​ទំនុក​ល្ខោន​បាន​តាក់តែង​នូវ​សាច់រឿង​ចំនួន​៧ រៀបរាប់​អំពី​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពឈឺចាប់ និង​ភាព​មិនចេះ​ទ្រុឌទ្រោម​ក្នុងការ​ប្រឈម​ទៅនឹង​បទពិសោធន៍​នានា​ស្ថិតក្រោម​របប​ខ្មែរក្រហម​។
​បន្ទាប់ពី​ការបញ្ចប់​ការ​តែង​និពន្ធ និង​ហាត់​សម​ការសម្តែង​ជាច្រើន​ម៉ោង ការសម្តែង​ដំបូងបង្អស់ ត្រូវបាន​ធ្វើឡើង​នៅក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០០៩ គឺ​ក្នុង​សប្តាហ៍​តែមួយ​ជាមួយនឹង​ការចាប់ផ្តើម​សវនាការ​ជា​ផ្លូវការ​របស់​សាលាក្តី​ខ្មែរក្រហម​។ បន្ទាប់ពី​បញ្ចប់​ការសម្តែង​លើកដំបូង​នេះ ការសម្តែង​ជា​សាធារណៈ​លើក​ក្រោយៗ​ទៀត គឺ​ត្រូវបាន​បន្តទៅ​កាន់​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​កម្ពុជា​។​
​តាមរយៈ​ការសម្តែង​របស់​តួ​សម្តែង​នៅក្នុង​សាច់រឿង​ទាំង​៧ អារម្មណ៍​សោកស្តាយ ភ័យខ្លាច ទុក្ខព្រួយ ភ័ន្តច្រឡំ និង​ក្តីសង្ឃឹម ត្រូវបាន​បង្ហាញ​នៅ​ចំពោះមុខ​ទស្សនិកជន​ទាំងអស់ ដែល​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការព្យាយាម​របស់​ជនរ​ង​គ្រោះ​នៃ​របប​ខ្មែរក្រហម ប្រឈមមុខ​នឹង​រឿងហេតុ​ទាំងឡាយ​ក្នុង​របប​ខ្មែរក្រហម និង​ឆ្លុះបញ្ចាំង​ពី​ការផ្សះផ្សា​ជាមួយនឹង​អតីតកាល​ដែល​ប្រកបដោយ​បញ្ហា​។​
​នៅក្នុង​ដំណាក់កាល​ទី​១​នេះ ការសម្តែង​ជា​សាធារណៈ​តាម​បណ្តា​ខេត្ត​លើកដំបូង​បង្អស់ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​យ៉ាង​ធំធេង តាមរយៈ​ការចូលរួម​ទស្សនា​ពី​ប្រជាជន សិស្ស គ្រូបង្រៀន និង​ប្រជាជន​នៅក្នុង​សហគមន៍​ចំនួន​ប្រមាណ​៧​ពាន់​នាក់ និង​ការផ្សាភ្ជាប់​ពី​សាច់រឿង​សម្តែង​ទៅនឹង​ប្រវត្តិ​ឆ្លងកាត់​របប​ខ្មែរក្រហម​របស់​អ្នកទស្សនា​។
​គោលបំណង​របស់​យើង គឺ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​ទទួលបាន​ប្រយោជន៍​ពី​ស្នាដៃ​នេះ តាមរយៈ​ការ​ប្រឈម​ចំពោះ​បញ្ហា​នានា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង​ដែល​បាន​កើតមានឡើង តាមរយៈ​មជ្ឈដ្ឋាន​ប្រកបដោយ​សុវត្ថិភាព ភាព​ច្នៃប្រឌិត និង​សេចក្តី​ភ្ញាក់រឭក​។ ប្រជាជន​កម្ពុជា​ទទួល​បាន​ឱកាស​ក្នុងការ​លើកឡើង​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន នៅមុន​និង​ក្រោយពេល​នៃ​ការសម្តែង​ល្ខោន ដែលមាន​ការសម្របសម្រួល​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ សកម្មភាព​នេះ​ក៏​ផ្តល់​ជា​ជំនួយ​ដល់​ប្រជាជន​កម្ពុជា ក្នុងការ​ស្វែងរក​វិធីសាស្ត្រ​សម្រាប់​បំពេញ​ដំណើរការ​នៃ​ការផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត ក៏ដូចជា​វិធីសាស្ត្រ​ដទៃទៀត​ក្នុងការ​បន្តដំណើរ​ឆ្ពោះ​ទៅមុខទៀត​។​
​ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​ដ៏​វិជ្ជមាន​នៅក្នុង​ដំណាក់កាល​ទី​១ ដំណាក់កាល​ទី​២​បានចាប់ផ្តើម​ឡើងជា​មួយ​នឹង​ការរៀបចំ​ការសម្តែង​ជា​សាធារណៈ​នៅក្នុង​ខេត្តកំពត និង​ខេត្តតាកែវ នា​ខែកុម្ភៈ ឆ្នាំ​២០១០​។ ជាថ្មី​ម្តងទៀត ប្រជាជន​កម្ពុជា​រាប់ពាន់​អ្នក​បាន​ចូល​ទស្សនាការ​សម្តែង​នេះ​។ ប្រជាជន​ជាច្រើន​បាន​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​នៅក្រោយ​ការសម្តែង​បានបញ្ចប់ ដោយបាន​រៀបរាប់​ពី​ទុក្ខវេទនា ការជ្រើសរើស​ខុស ឬ​ទង្វើ​មិន​គប្បី​របស់ខ្លួន​នៅក្នុង​អំឡុងពេល​នៃ​របប ប៉ុល ពត ជាដើម​។ ចំណែកឯ​ក្មេងៗ​ជំនាន់​ក្រោយ បានលើកឡើង​ជា​សំណួរ​ផ្សេងៗ​មកកាន់​យើងខ្ញុំ​។

​ការសម្តែង​លើក​នេះ បាន​ប្រព្រឹត្តទៅ​ស្របពេល​ជាមួយនឹង​ការចាប់ផ្តើម​សំណុំរឿង​០០២ ដែល​គឺជា​សវនាការ​លើក​ទី​២​របស់​សាលាក្តី​ខ្មែរក្រហម ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​នៅ​រស់រានមានជីវិត​។ ដោយសារ​សារសំខាន់​នៃ​សំណុំរឿង​០០២ និង​ការយល់ឃើញ​អំពី​តម្រូវការ​ក្នុងការ​បញ្ជ្រាប​ទៅកាន់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​បែកខ្ញែក​គ្នា (​និង​ប្រជាជន​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​) មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានស្នើ​ឲ្យ​អ្នកស្រី អាណា​ម៉ា​រី ព្រី​នស៍ សរសេរ​ជា​ឯកសារ និង​ថត​ល្ខោន​នេះ​ជា​សំឡេង ដើម្បី​ចាក់ផ្សាយ​តាម​វិទ្យុ​។ ការផ្សាយ​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅតាម​វិទ្យុ​ជា​រៀងរាល់ថ្ងៃ បានចាប់ផ្តើម​នៅក្នុង​ខែមេសា ឆ្នាំ​២០១០ និង​បន្ត​រហូតមក​។​
​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ទទួលបាន​ផលប្រយោជន៍ ព្រមទាំង​ចូលរួមចំណែក​ដល់​ភាព​ចំ​បាច់​ដ៏​វិសេសវិសាល​ក្នុងការ​បញ្ចប់​ភាព​ស្ងៀមស្ងាត់ ស្រប​ពេលដែល​ល្ខោន​នេះ​ក្លាយជា​មធ្យោបាយ​ក្នុងការ​លើកឡើង​អំពី​កិច្ចពិភាក្សា​ដើម្បី​ចាប់ផ្តើម​ការផ្សះផ្សា​។ ទោះបីជា​បញ្ហា​ទាក់ទង​នឹង​សាលាក្តី​ខ្មែរក្រហម​ពុំ​ត្រូវបាន​លើកឡើង​នៅក្នុង​ល្ខោន​នេះ​ក្តី ក៏​កម្មវិធី​នៅមុន​ពេល​និង​ក្រោយពេល​សម្តែង មាន​រួមបញ្ចូល​ពី​ការពិភាក្សា​ដោយ​ផ្អែកលើ​ឥទ្ធិពល​នៃ​សាលាក្តី​ខ្មែរក្រហម ដោយបាន​លើកឡើង​អំពី​តួនាទី​របស់​សាលាក្តី​ខ្មែរក្រហម ក្នុងការ​ស្តា​ជំនឿ​ទុកចិត្ត​ចំពោះ​ប្រព័ន្ធ​ច្បាប់​និង​យុត្តិធម៌​។
​ថ្វីបើ​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ពុំមែន​ជាការ​តាក់តែង​និពន្ធ​ដើម្បី​ស្នើសុំ​ការលើកលែងទោស​ក្តី ក៏​ល្ខោន​នេះ​ត្រូវបាន​ដាក់បញ្ចូល​សកម្ម​ភាព​របស់​អ្នក​ដែល​ប្រព្រឹត្ត​ខុសឆ្គង​ទៅក្នុង​បរិបទ​មួយ និង​បង្ហាញ​អំពី​ដំណើរការ និង​មូល​ហេតុដែល​កុមារា​កុមារី និង​យុវជន​វ័យក្មេងៗ​សម្រេច​ជ្រើសរើស​គាំទ្រ​ខ្មែរក្រហម និង​ការដែល​មិនអាច​បក​ត្រឡប់ក្រោយ​បាន​នាពេល​បន្ទាប់​។
​ដោយ​យល់ឃើញថា សាលាក្តី​ខ្មែរក្រហម​បាន​បន្សល់ទុក​នូវ​មន្ទិលសង្ស័យ​មួយចំនួន ព្រមទាំង​សំណួរ​ថ្មីៗ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ឆ្លើយតប​ដើម្បី​អនុវត្ត​ដំណើរការ​ផ្សះផ្សា និង​ចាប់ផ្តើម​ស្តារ​សង្គម​ដ៏​ខ្ទេចខ្ទាំ​នេះ​ឡើងវិញ អ្នកនិពន្ធ​ពិតជា​ចង់​សាកល្បង​រាល់​បញ្ហា​ចោទឡើង​នានា​ក្នុង​ការបង្កើត​រឿង​ទម្លាយ​ភាព​ស្ងៀមស្ងាត់ ក្នុង​ទម្រង់​ថ្មី ដែល​ធ្វើការ​ឆ្លើយតប​ច្បាស់លាស់​ជាង​មុន​ទៅកាន់​សំណួរ​ស្តីពី​កម្មផល និង​សាលាក្តី​ខ្មែរក្រហម​។ នេះ​គឺជា​ដំណាក់កាល​ទី​៣​របស់ខ្លួន ដែល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​
​គម្រោង​នេះ ដូចគ្នា​នឹង​គម្រោង​ជាច្រើន​ទៀត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែរ ដែល​ដើរតួនាទី​ជា​កម្មវិធី​ស្តីពី​ការពិត និង​ការផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ល្ខោននិយាយ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​នានា​ដែល​បានលើកឡើង​អំពី​សាលាក្តី​ខ្មែរក្រហម ក្នុងនោះ​រួមមាន​បញ្ហា​ចម្បង​ស្តីពី​កម្មផល​ផង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានបំណង​ចូលរួម​ជាមួយ​ទស្សនិកជន​ទាំងឡាយ​ក្នុងប្រទេស​កម្ពុជា ក្នុងការ​ស្វែងរក​ចម្លើយ​សម្រាប់​សំណួរ​ដ៏​ពិបាក​ដែល​បានលើកឡើង​អំពី​គុណវិបត្តិ​នៃ​សាលាក្តី​ខ្មែរក្រហម និង​ត្រិះរិះ​ពិចារណា​អំពី​បែបផែន​ផ្សេងៗ​ដែល​សាលាក្តី​ខ្មែរក្រហម​អាច​ចូលរួមចំណែក​ក្នុង​ដំណើរការ​នៃ​ការព្យាបាល​របួស​ផ្លូវចិត្ត និង​ការផ្សះផ្សា​នៅ​កម្ពុជា​៕សរន