ការសម្តែង​ល្ខោន​រឿង “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” រៀបរាប់​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​និង​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា​

232

ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត

ជីវិត​ហាក់បីដូចជា​ទឹកទន្លេ​ដែល​កំពុងតែ​ហូរ​មិនអាច​បញ្ឈប់​បាន​។ ដូច​ច្នេះ គ្មាន​នរណាម្នាក់ ចង់​រំឭក​ពី​អតីតកាល​ដ៏​សែន​គ្រោតគ្រាត ភាពអាម៉ាស់ និង​ទង្វើ​ឃោរឃៅ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ប្រាប់​ដល់​អ្នក​ដ៏​ទៃ​ទេ​ឡើយ​។ អ្នក​ទាំងនោះ បាន​ព្យាយាម​លាក់បាំង​ពី​អារម្មណ៍ និង​បំភ្លេច​នូវ​អ្វីដែល​បានកើត​ឡើង​ពី​អតីតកាល​ដែល​វា​គឺជា​បញ្ហា​ដ៏​ចម្បង​បណ្តាល​ឲ្យ​យើង​ពិបាក​ស្វែងរក​នូវ​ផ្លូវ​ធ្វើដំណើរ​រួមគ្នា​ឲ្យ​បានច្បាស់លាស់​ទៅ​អនាគត​។

​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​ប្រមាណ​៥​លាន​នាក់ ភាគច្រើន​ជា​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា និង​ជនពិការ ដែល​នៅ​រស់រានមានជីវិត បាន​ខិតខំ​តស៊ូ​កសាង​ជីវិត​ថ្មី​របស់ខ្លួន​យ៉ាង​ស្ងប់ស្ងាត់​ក្នុងសង្គម​ដែល​ទទួលរង​នូវ​ភាព​ខ្ទេចខ្ទាំ​យ៉ាងធ្ងន់ធ្ងរ​។ សង្គ្រាម​បាន​បន្សល់ទុក​នូវ​ស្នាមរបួស​យ៉ាងជ្រៅ ដែល​មិនទាន់​សះស្បើយ​នៅឡើយ ហើយ​ភាព​ខ្លាចរអា និង​ការបាត់បង់​ទំនុកចិត្ត បានធ្វើ​ឲ្យ​ទាំង​ជនរងគ្រោះ និង​ជន​ដៃ ព្យាយាម​បន្ត​លាក់បាំង​ប្រវត្តិ​របស់ខ្លួន​។ ប្រជាជន​ខ្លះទៀត ក៏​មិន​ចង់​រំឭក​ពី​ការចងចាំ​ដ៏​អាក្រក់​របស់ខ្លួន​នៅក្នុង​របប​ខ្មែរក្រហម​ដែរ​។ ទាំងនេះ គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​បាន​ញាំញី​ប្រជាជន​កម្ពុជា​ដោយ​ប្រយោល​។

​នៅក្នុង​ប្រទេស​កម្ពុជា ការដោះស្រាយ​វិបត្តិ​អតីតកាល​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​ខណៈពេលដែល​ភាព​ស្ងៀមស្ងាត់​មិនទាន់បាន​ទម្លាយ​។ ការសម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺជា​កា​សម្តែង​ល្ខោន​មួយ​ដែល​ផ្អែកលើ​រឿងរ៉ាវ​ជីវិត​ពិត​រប​ស់ជន​រងគ្រោះ និង​ជនដៃដល់​ដែល​ធ្លាប់បាន​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម និង​កំពុងតែ​ប្រឈមមុខ​ចំពោះ​ការរស់នៅ​ក្នុងសង្គម​នា​ពេលបច្ចុប្បន្ន​។ ល្ខោន​នេះ​សម្តែងឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​ដល់​ការពិភាក្សា​ពី​មនុស្ស​មួយ​ជំនាន់​ទៅកាន់​មួយ​ជំនាន់​ទៀត ការលើកទឹកចិត្ត​ឲ្យ​មានការ​ពិភាក្សា​រវាង​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដែល​បាន​ទទួលរង​ឥទ្ធិពល​នៃ​អំពើ​ប្រល័យពូជសាសន៍​។ បន្ថែម​លើ​ការផ្សះផ្សា និង​ការស្វែងរក​យុត្តិធម៌​តាមរយៈ​ប្រព័ន្ធ​ច្បាប់​នៃ​តុលាការ​ខ្មែរក្រហម ល្ខោននិយាយ​នេះ គឺជា​ការងារ​សិល្បៈ​មួយផ្នែក​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អប់រំ ការស្វែងរក​ការពិត និង​ការផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដោយ​ផ្អែកទៅលើ​ជំនឿ​សាសនា និង​កម្ម​ពៀរ​។

ការកកើតឡើង​នៃ​គម្រោង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺ​បានចាប់ផ្តើម​នៅក្នុង​ខែមករា ឆ្នាំ​២០០៨ នៅពេលដែល​អ្នកនិពន្ធ និង​អ្នកសរសេរ​ទំនុក​ល្ខោន​ឈ្មោះ អាន់​ម៉ា​រី ព្រី​នស៍ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ដំណើរការ​នៃ​ការផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកស្រាវជ្រាវ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​ជួយ​សម្របសម្រួល​ការចុះ​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​ដោយ​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​សក្ខីកម្ម​និង​រៀប​ចំការ​បញ្ចាំង​ខ្សែ​វីដេអូ ក៏ដូចជា​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​នានា​។​

​ព្រឹត្តិការណ៍​នៃ​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ដែលជា​ការសម្តែង​ថ្មី​របស់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែមករា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​សម្តេច ហ៊ុន សែន និង​លោកជំទាវ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​វេលា​ម៉ោង​៣.០០​រសៀល​ដោយ​ផ្តល់​ការអនុញ្ញាត​ឲ្យ​មានការ​ចូលរួម​ទស្សនា​ដោយ​សេរី និង​ឥតគិតថ្លៃ​។ ព្រឹត្តិការណ៍​នេះ មានការ​ការចូលរួម​ពី​ទស្សនិកជន​ចំនួន​ប្រហែល​៥០០​នាក់​ដូចជា​តំណាង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ត្រី​ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គរុ​សិស្ស គរុ​និស្សិត អ្នកស្រាវជ្រាវ និង​ជាពិសេស​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម​។ ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺមាន​ការសម្តែង​នូវ​សាច់រឿង​ចំនួន ៨​ឈុត ដែល​ឈុត​នីមួយៗ​បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​សោកសង្រេង​នៃ​ការបែកបាក់ ការបាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ភាពមិន​ទុកចិត្ត​គ្នា និង​គំនុំ​គំ​គួ​ន​ដែល​ពិបាក​ក្នុងការ​អភ័យទោស ថែមទាំង​មានការ​សម្តែង​ពី​ការពិភាក្សា​វែកញែក​រវាង​មនុស្ស​ពីរ​ជំនាន់​ខុសគ្នា​។ ទន្ទឹមនឹង​ការរៀបរាប់​ពី​ទុក្ខសោក​វេទនា​របស់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម ក៏មាន​ការ​ច្រៀង​បទ​ចម្រៀង​មនោសញ្ចេតនា ការ​រាំ​របាំ និង​រឿងនិទាន​ដែរ​។ ខាងក្រោម​នេះ​គឺជា​អត្ថន័យ​នៃ​ឈុត​នីមួយៗ​៖
​ ​
ឈុត​ទី​១៖ រឿងរ៉ាវ​ពី​ការបែងចែក​ប្រជាជន​

​ ​ស្ត្រី​ម្នាក់​ក្នុង​វ័យ ៦០​ឆ្នាំ ប្រឈមមុខ​នឹង​អ្នកភូមិ​ចំពោះ​ទង្វើ​ដែល​គាត់​បានធ្វើ​ក្នុងកំឡុងពេល​នៃ​របប​ខ្មែរក្រហម​។ គាត់​បានប្រកែក​ថា “​ខ្ញុំ​គឺជា​ប្រធាន​យុវជន​។ ខ្ញុំ​អប់រំ​យុវជន​ឲ្យ​ស្រលាញ់​ប្រទេសជាតិ​”​។ គាត់​និយាយថា ការពិត​ដែល​គាត់​នៅ​រស់រានមានជីវិត បានបង្ហាញ​ពី​ភាព​គ្មាន​កំហុស​របស់គាត់​។ ស្ត្រី​ម្នាក់​ផ្សេងទៀត ដែលមាន​អាយុ​ប្រហាក់ប្រហែល​នឹង​គ្នា ព្យាយាម​បញ្ឈប់​ការសួរដេញដោល​នេះ បើ​មិន​ដូច្នេះ​ទេ “​ឈាម​នៃ​កាប់សម្លាប់​នឹង​បន្ត​មក​ជំនាន់​ក្រោយ​” ។ នៅពេលនោះ​អតីត​ប្រធាន​យុវជន ព្យាយាម​គេច​មុខ​ចេញពី​បុរស​ម្នាក់​ដែល​បាន​ចូលមក​ចំ​ពី​ខាងមុខ​គាត់​ដើម្បី​សួររក​សាកសព​របស់​ឪពុក​ខ្លួន​។ បុរស​ម្នាក់​នោះ​នៅតែ​ឈឺចាប់​ចំពោះ​ការពិត​ដែល​គាត់​មិនបាន​វាយប្រហារ​ឃាតករ​ដែល​សម្លាប់​ឪពុក​របស់គាត់​វិញ​នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​៖ ដោយសារ​ការ​ទប់​កំហឹង​បាន គាត់​ប្រហែលជា​បាន​សង្គ្រោះ​កម្ម​របស់គាត់ ប៉ុន្តែ​គាត់​មិនអាច​កប់​សព​ឪពុក​របស់គាត់​ទេ​។​

មរណភាព​របស់​ភរិយា​

“​បង​ស្លាប់ចោល​អូន ជីវិត​បង​សូន្យ​ទាំង​ឈឺ​ខ្លោចផ្សា ចោល​អូន​ឯកឯង​កណ្តាល​លោក​កា អូន​ពឹង​នរណា នរណា​ពី​ពេលនេះ​ទៅ អូន​ពឹង​នរណា នរណា​ពី​ពេលនេះ​ទៅ​។ ធ្លាប់​រួម​ធ្លា​ប់រស់ ចិត្ត​បង​តែង​ស្មោះស្ម័គ្រ​លើ​អូន​ពៅ ពេលនេះ​បង​ស្ងៀម​ឈាម​បងហូរ​នៅ ដិត​ជាប់សាច់​ពៅ ពៅ​ទុក្ខ​ពៅ​ទុក្ខ​ខ្លោចផ្សា ដិត​ជាប់សាច់​ពៅ ពៅ​ទុក្ខ​ពៅ​ទុក្ខ​ខ្លោចផ្សា​។ ឲ្យ​អូ​នខ​មារ​ទោស អ្វី​អូន​ធ្វើ​ខុស​សុំ​លើកទោស​សា អូន​កប់​បងហើយ​ណា​អ្នក​ស្នេហា សូម​ស្រស់​រៀម​រ៉ា ជីវ៉ា​ទៅកាន់​សុគតិភព សូម​ស្រស់​ជីវ៉ា​រៀម​រ៉ា​ទៅកាន់​សុគតិភព​”​។ (​ចម្រៀង​)

ឈុត​ទី​២) រឿងរ៉ាវ​របស់​ស្ត្រី​២​នាក់​ដែល​កាលពី​ក្មេង​ជីវិត​របស់​នាង​ត្រូវបាន​បំផ្លាញ​

​ ​ស្ត្រី​ម្នាក់​បាន​រំឭក​ពី​ការស្លាប់​របស់​ឪពុក​គាត់​នៅក្នុង​មន្ទីរពេទ្យ​នៅពេលដែល​គាត់​មាន​អាយុ​១០​ឆ្នាំ​។ នៅពេលដែល​ឪពុក​របស់គាត់​ស្រែកថ្ងូរ​ពី​ការឈឺចាប់​បណ្តាលមកពី​ជំងឺ​ហើម ហើយ​ម្តាយ​របស់គាត់​បាន​សុំ​អង្វរ​នារី​ពេទ្យ​ឲ្យ​ជួយ​សម្រាល​ការឈឺចាប់​របស់​ឪពុក​គាត់​។ នារី​ពេទ្យ​បាន​ស្រែក​សម្លុត​ដាក់ និង​ចាក់​ថ្នាំ​ឲ្យ​ឪពុក​របស់គាត់ ហើយ​ឪពុក​របស់គាត់​បាន​ស្លាប់​។ អតីត​នារី​ពេទ្យ ដែលមាន​អាយុ​១៦​ឆ្នាំ ត្រូវបាន​អង្គការ​យកទៅ​ណែនាំ​។ នារី​ពេទ្យ​ប្រាប់​យើង​អំពី​ក្តី​សុបិន​របស់គាត់​កាល​នៅ​កុមារភាព​ដែល​ចង់​ក្លាយជា​គ្រូពេទ្យ ប៉ុន្តែ​ក្តី​សុបិន​នោះ​ត្រូវបាន​ខ្ទេចខ្ទី​នៅពេលដែល​គាត់​ត្រូវបាន​បង្ខំ​ឲ្យ​សម្លាប់​មនុស្ស​ជំនួស​ឲ្យ​ការព្យាបាល​។ គាត់​សុំ​ការ​អភ័យទោស ប៉ុន្តែ​គាត់​មិន​ធ្លាប់​ទទួលបាន​ការលើក​លែង​ទោស​ទេ​។ ថ្វីបើ​យ៉ាងណាក៏ដោយ នារី​ពេទ្យ​នោះ បាន​ធូរស្បើយ ព្រោះ​វា​គឺជា​លើកទីមួយ​ដែល​គាត់​ប្រាប់​រឿងរ៉ាវ​របស់គាត់​ដែល​គាត់​ពិតជា​អាម៉ាស់​បំផុត​។​

ការចងចាំ​
​ការចងចាំ​ជាច្រើន ។​វា​ចេះតែ​វិល​ទៅ​វិល​មក​
​ដូចជា​កាំ​កង់​ដែល​កំពុង​វិល​អញ្ចឹង​។​
​តែងតែមាន​លក្ខណៈ​ដូចគ្នា​ជានិច្ច ។​ដូចជា​កាំ​កង់​…….
​កង់​វិល​នៅក្នុង​ក្បាល​របស់ខ្ញុំ​។ (​ចម្រៀង​)

ឈុត​ទី​៣) រឿងរ៉ាវ​អំពើ​ឧក្រិដ្ឋ និង​ភាពអាម៉ាស់​ដែល​គ្មាន​ថ្ងៃ​បញ្ចប់​

​ ​ម្តាយ​ម្នាក់ និង​កូនប្រុស​របស់គាត់​។ បន្តិច​ម្តងៗ កូនប្រុស​របស់គាត់​បា​ន​ទទួលស្គាល់​ពី​ហេតុផល​នៃ​ជំងឺផ្លូវចិត្ត​របស់ខ្លួន​៖ នៅពេល​គេ​ចាប់គាត់​ដាក់គុក​និង​ធ្វើ​ទារុណកម្ម​កាន់តែខ្លាំង​ឡើងៗ គាត់​ចាប់ផ្តើម​ឲ្យ​ឈ្មោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​។ អ្នកចោទ​ប្រកាន់​៖ “​អ្នក​បាន​ប្រាប់​ឈ្មោះ​ប្រហែលជា​៣០​នាក់​” ។ បើ​ក្នុងចំណោម​នោះ ប្រសិនបើ​មនុស្ស​ម្នាក់ៗ​និយាយ​តែ​ឈ្មោះ​មនុស្ស​៣០​ឬក៏​៤០​នាក់​នោះ ក្នុង​រយៈពេល​តែ​១​ឆ្នាំ​ឬ​២​ឆ្នាំ ប្រាកដជា​គ្មាន​សេសសល់​ជីវិត​មនុស្ស​ទេ​។ បុរស​នោះ ស្នើសុំ​ការ​អភ័យទោស​ពី​មនុស្ស​ស្លាប់​ទាំងអស់ និង​សុំ​ឲ្យ​បណ្តេញ​កម្ម​អាក្រក់​ចេញ​ឲ្យ​អស់​។

អ៊ូ អឿ​-​សម្បថ​
​បើ​ខ្ញុំ​ចោលម្សៀត អ៊ើ​យ​ចោលម្សៀត​
​កុំ​ទុក​រស់​ទៀត​នាំ​ធ្ងន់​ផែនដី នាំ​ធ្ងន់​ផែនដី បំភ្លេច​ខ្ញុំ​ចុះ​
​ឲ្យ​លិច​តាម​ថ្ងៃ បើ​នៅ​ចង្រៃ​ទឹកដី​គោកធ្លក​
​ទឹកដី​គោកធ្លក​។ (​ចម្រៀង​)

​ឈុត​ទី​៤) រឿងរ៉ាវ​របស់​និស្សិត​ម្នាក់ ដែល​ធ្លាប់​ស្រមៃ​ចង់បាន​ពិភពលោក​មួយ​ដែល​ប្រសើរ​ជាង​មុន​។​
​ ​ក្នុងនាម​ជា​និស្សិត​ម្នាក់ បុរស​នេះ ត្រូវបាន​ចាប់ខ្លួន​និង​ធ្វើ​ទារុណកម្ម​នៅក្នុង​របប​លន់ នល់​។ បន្ទាប់ពី​គាត់​ត្រូវបាន​ដោះលែង គាត់​បាន​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​ដើម្បី​រំដោះប្រទេស​ឲ្យ​មាន​សេរីភាព ដោយ​បិតបាំង​ប្រវត្តិ​នៃ​ការរៀនសូត្រ​ដ៏​ខ្ពស់​របស់គាត់ ដើម្បី​ក្លាយជា​កងទ័ព​ដែល​ស្ដាប់បង្គាប់​និង​ឃោរឃៅ​។ បន្ទាប់ពី​បដិវត្តន៍​ចប់ គាត់​ឮថា ឪពុក​របស់គាត់​ដែលជា​កសិករ​ម្នាក់ និង​បាន​ជួយ​គាត់​ឲ្យ​រៀនសូត្រ ត្រូវបាន​សម្លាប់​។​
​ ​រាល់​ពេលដែល​គាត់​ជួប​ម្ដាយ​របស់គាត់​នៅក្នុង​ភូមិ ម្តាយ​របស់គាត់​បាន​ដើរ​ចេញពី​គាត់​។ ឥឡូវនេះ​គឺជា​លើកដំបូង​ដែល​ម្តាយ​របស់គាត់​បាន​បោះបង់ចោល​នូវ​គំនុំ​គំ​គួ​ន ដូច្នេះ​គាត់​ក៏បាន​ដើរ​សំដៅ​ទៅរក​ម្តាយ​ដើម្បី​សុំ​ការ​អភ័យទោស​។ ម្តាយ​របស់គាត់​ព្យាយាម​អភ័យទោស ប៉ុន្តែ​ម្តាយ​របស់គាត់​ដឹងថា​៖ “​វា​នឹងមិន​ដូច​មុន​ទេ​” ។​

សំណោក​ខ្មោច​ទួញ
​ឱ​!​ស្នេហ៍​បង​អើយ​!​អើ​ង​អឺយៗ​អន្ទោកអន្ទោល​
​ឲ្យ​បង​ទុក្ខ​ឥត​ស្រាកស្រាន្ត​អំណឹះតទៅៗ​
​ភព​បង​ផ្សេង​ហើយ ពេលនេះ​ចុងឈើៗ​
​ស្ថាន​បង​រហូត​ហើយ​។​
​ចាំ​ស្តាប់​សំណោក បង​តាម​ខ្យល់​ចុះ​
​មើល​ទុក្ខព្រួយ​បង តាម​មេឃ​ស្រទំ ស្ទាប​ទឹកភ្នែក​បងៗ​
​តាម​ទឹកភ្លៀង​ឱ​ណា​ស្នេហ៍​ណាៗ​
​ស្នេហ៍​សម្លាញ់​ចិត្ត​! (​ចម្រៀង​)

ឈុត​ទី​៥) រឿងរ៉ាវ​របស់​ក្មេងស្រី​ម្នាក់​ដែល​គាត់​ចង់​និយាយ​ពាក្យ​សុំទោស ប៉ុន្តែ​មិនអាច​ទៅរួច​។​
​ពេល​នាង​នៅ​ក្មេង ដោយសារតែ​ភាពអត់ឃ្លាន នាង​បាន​សម្រេចចិត្ត​លួច​អង្ករ​ដែល​នៅ​សេសសល់ ខណៈពេលដែល​សមាជិក​គ្រួសារ​របស់​នាង​កំពុងតែ​ដេក​លង់លក់​។ នៅ​ព្រឹក​ព្រលឹម​ប្អូនស្រី​របស់​នាង​ឃើញ​គម្រប​ពាង​បើក​។ ម្តាយ​របស់​នាង​ឆ្លើយថា ៖ “​ប្រហែលជា​កណ្តុរ​បាន​ចូល​ស៊ី​ហើយ​”​។ នាង​ដឹងថា ម្ដាយ​របស់​នាង​ពិតជា​ដឹងថា នាង​ជា​អ្នក​លួច​អង្ករ​។ ប៉ុន្តែ​នាង​មិន​ហ៊ាន​សារភាព​ទេ ហើយ​នាង​ស្អប់​ម្តាយ​របស់​នាង​ដែល​មិនបាន​ដាក់ទោស​នាង​។ នៅពេល​នាង​ធំ​ឡើង និង​ក្លាយទៅជា​វេជ្ជបណ្ឌិត នាង​នៅតែមាន​អារម្មណ៍​ថា​នាង​មាន​កំហុស​ដោយសារតែ​នាង​បាន​លួច​អង្ករ​សម្រាប់​សមាជិក​ក្រុមគ្រួសារ​របស់​នាង​ទាំងមូល​។​

បទ​បំពេ ទឹកចិត្ត​ម្តាយ​
​ឱ​!​នេះហើយ ឱ​ចិត្ត​ម្តាយ ទោះ​ជិត​ឬ​ឆ្ងាយ​
​គិត​មិន​សោះសូន្យ អាក្រក់​ល្អ​ក៏​នៅតែ​កូន នេះហើយ​
​ជា​ក្បូន ចង​កូន​ហើយនឹង​ម្តាយ​។​
​ហា​អ៊ើ​យ​!​នេះហើយ​ជា​ក្បូន ចង​កូន
​នឹង​ម្តាយ​។ (​ចម្រៀង​)

ឈុត​ទី​៦) រឿងរ៉ាវ​របស់​ក្មេងស្រី​ម្នាក់​ដែល​លែង​និយាយស្តី​អ្វី​ទាំងអស់​។
​អ្នកជិតខាង​បីនាក់ ចងចាំ​ពី​មិត្តភក្តិ​ស្រី​ដ៏​ស្រស់ស្អាត​កាលពី​កុមារភាព​របស់​ពួកគេ​ឈ្មោះ “​ជា​” ។​

ទេពអប្សរ​សម្តែង​របាំ​ស្ថាន​សួ​គ៍​
​កេសា​រំសាយ អណ្តែត​សាយភាយ ចាំង​ពណ៍​សុវណ្ណ​
​សម្ភ័ស្សពណ៍​ភ្លុក ចក្ខុ​ភាំង​ភាន់ រេ​រាំង​ពើត​ព័ន្ធ​
​របាំ​មេអំបៅ​។​
​វាយោ​រំភើប ធម្មជាតិ​ផ្តល់​ឲ្យ បៃតង​វាលស្មៅ​
​ឥតបី​ហ្មងសៅ ទ្រ​បាទ​ទេពកញ្ញា គយគន់​យូ​ទៅ​
​ជាប់​នៅ​នេត្រា​។​


​ ​នៅក្នុង​វ័យ​១៣​ឆ្នាំ ជា ត្រូវបាន​យោធា​ខ្មែរក្រហម​ចាប់យក​ចូលទៅ​ក្នុងព្រៃ​ទោះបី​ជាមាន​ការសុំ​អង្វរ​ពី​ឪពុកម្តាយ​របស់​នាង​ឲ្យ​យក​គាត់​ទៅ​ជំនួស​ក៏ដោយ​។ បន្ទាប់ពី​យោធា​ខ្មែរក្រហម​បញ្ជូន​នាង​ត្រឡប់មកវិញ ជា មិនដែល​និយាយស្តី​ឬ​ញញឹម​ម្តង​ទៀតឡើយ​។ មនុស្សម្នា​នាំគ្នា​គេចវេះ​និយាយ​ជាមួយ ឬ​សូម្បីតែ​សម្លឹងមុខ​របស់​នាង​។ មិត្តភក្តិ​ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​របស់​នាង បាន​ភ្ញាក់ខ្លួន​ថា ពួកគេ​បានធ្វើ​ឲ្យ ជា ក្លាយជា​មនុស្ស​គ្មាន​រូបរាង​។ ដូច្នេះ នាង​បាន​ទៅជិត ជា ប៉ុន្តែ​គ្មាន​លទ្ធផល​អ្វី​ទេ​។ “​ខ្ញុំ​ប្រហែលជា​និយាយ​យឺត​ពេល​បន្តិច​ទៅហើយ ប៉ុន្តែ​ថ្ងៃស្អែក​ខ្ញុំ​នឹង​ព្យាយាម​ម្តងទៀត​”​។​

ឈុត​ទី​៧) រឿង​របស់​ក្មេងប្រុស​និង​ក្មេងស្រី​ដែល​ធ្លាប់ជា​មិត្ត​ជិតស្និត​នឹង​គ្នា​។​
​ ​ស្ត្រី​ម្នាក់ ស្គាល់​ក្មេងប្រុស​ម្នាក់​ដែល​ធ្លាប់​ជិះឡាន​ជាមួយគ្នា​នៅ​អង្គភាព​យុវជន​របស់​ខ្មែរក្រហម​។ នាង​សួរ​ក្មេងប្រុស​នោះ​ថា​នៅ​ចងចាំ​គាត់​ដែរឬទេ ហើយ​ហេតុអ្វី​បានជា​ក្មេងប្រុស​នោះ​បាត់បង់​ស្នាមញញឹម​ដ៏​ស្រស់ស្អាត​របស់គាត់​? បុរស​នោះ​មិន​ចង់​ស្គាល់​នាង​ទេ​។ ដើម្បី​ជួយ​រំឭក​ការចងចាំ​បុរស​នោះ នាង​បាន​និយាយ​ឡើងវិញ​នូវ​បទ​ចម្រៀង និង​ការចូលរួម​ក្នុង​អង្គភាព​យុវជន​របស់ខ្លួន​៖

ចម្រៀង​អង្គការ​
​យើងខ្ញុំ​កុមារ ស្រឡាញ់​អង្គការ​ឥតមាន​ព្រំដែន​
​ដោយសារ​អង្គការ យើងខ្ញុំ​រស់រាន ជីវិត​ថ្កើងថ្កាន​
​រីករាយ​អស្ចារ្យ​។​
​មុន​បដិវត្តន៍ កុមារ​ក្រខ្សត់ រងទុក្ខវេទនា​
​រស់​ដូច​សត្វ​ធាតុ កំព្រា​ខ្លោចផ្សា អា​ក្បត់​មហា​
​គ្មាន​នឹកនា​ដល់​។​
​ស្បែក​ដណ្តប់​ឆ្អឹង ស្គមស្គាំង​កំព្រឹង​
​មហា​សែន​កង្វល់ យប់​ដេក​នឹកនា​
​ថ្ងៃ​ឡើង​ខ្វាយខ្វល់ កាយ​កាកសំណល់​
​ដើរ​សុំទាន​គេ​។​
​ឥឡូវ​យើងខ្ញុំ អង្គការ​ឧ​ត្ថ​ម្ភ ឧបត្ថម្ភ​គ្រប់គ្នា​
​បំប៉ន​សុខភាព កម្លាំង​ខ្លាំងក្លា ឲ្យ​ក្លាយទៅជា​
​សមូហភាព​។ (​ចម្រៀង​)


​ ​បុរស​នោះ​ទទួលស្គាល់ថា គាត់​ពិតជា​សប្បាយរីករាយ​ណាស់​នៅពេលនោះ​។ ប៉ុន្តែ​ឥឡូវនេះ គាត់​ទទួលរង​នូវ​ការឈឺ​ចាប់ពី​សុបិន​ដ៏​អាក្រក់​នេះ​។ ដោយសារតែ​គាត់​ជា​អ្នករបាំ គាត់​វាយ​ក្មេងស្រី​ម្នាក់​រហូតដល់​ស្លាប់​ព្រោះ​ក្មេងស្រី​នោះបាន​ហូប​ផ្លែឈើ​របស់​អង្គការ​និង​រំលោភ​ក្មេងស្រី​ផ្សេងទៀត​។ ស្ត្រី​ម្នាក់​នោះ​ប្រាប់​បុរស​នោះ​ពី​វិធី​ដែល​គាត់​បាន​បំភ្លេច​សុបិន​អាក្រក់​របស់គាត់​។ ស្ត្រី​ម្នាក់​នោះ អញ្ជើញ​គាត់​ឲ្យ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទួលស្លែង​ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ ហើយ​កុំ​លាក់បាំង​ពី​អំពើ​របស់ខ្លួន​។ បុរស​នោះ​ស្ទាក់ស្ទើរ​។​

ឈុត​ទី​៨) ក្មេងប្រុស​ម្នាក់​ក្រោកឈរ​ក្នុងចំណោម​ទស្សនិកជន​។
គាត់​ចង់​បញ្ចប់​រឿងរ៉ាវ​នៃ​មន្ទិលសង្ស័យ ភាពអាម៉ាស់ កំហុសឆ្គង និង​ភាពភ័យខ្លាច​។ គាត់​ចង់​ឆ្លើយថា ៖ ហេតុអ្វី​បានជា​រឿងរ៉ាវ​ទាំងនេះ​កើតឡើង ហើយ​តើ​គាត់​គួរ​ដោះស្រាយ​វា​ដោយ​របៀប​ណា​? ស្ត្រី​ម្នាក់​ត្រូវបាន​រំខាន​ដោយ​ការរំលោភបំពាន​របស់​គាត់​។​

​ប្រសិនបើ​ទឹក​នៅក្នុង​អណ្តូង​នៅតែ​ថ្លា​
​សូមមេត្តា​កុំ​ព្យាយាម​ធ្វើអោយ​ល្អក់​។​
​សូមកុំ​ពង្រាយ​សម្រាម​ទៅក្នុង​ទឹក​
​និង​កុំ​ចុះ​ងូត​នៅក្នុង​ទឹក​។ (​ចម្រៀង​)


​ក្មេងប្រុស​នោះ​ប្រាប់ថា ពេល​គាត់​នៅ​កុមារ ឪពុក​របស់គាត់​ហាមឃាត់​មិន​ឲ្យ​និយាយ លេង ឬក៏​សម្លឹងមើល​មិត្តភក្តិ​ជិតខាង​របស់គាត់​ទេ ព្រោះ​មិត្តភក្តិ​ជិតខាង​នោះ​គឺជា​កូនប្រុស​របស់​ឃាតករ​ម្នាក់ ៖ ឈាម​អាក្រក់​គឺ​នៅតែ​អាក្រក់​។ គាត់​ពិតជា​មិន​យល់​ពី​អត្ថន័យ​ទាំងនេះ​ទេ​។ នៅក្នុង​ការពិភាក្សា​យ៉ាង​ផុសផុល​អំពី​កម្មផល និង​ការខកចិត្ត​ចំពោះ​លទ្ធផល​នៃ​សាលាក្តី​ខ្មែរក្រហម ស្ត្រី​ទាំងនោះ បាន​ប្រាប់​គាត់​អំពី​ការផ្តន្ទាទោស​ថា ការ​អភ័យទោស​គឺជា​រឿង​ដ៏​ប្រសើរ​សម្រាប់​ជនរងគ្រោះ ជាជាង​ការ​ស្អប់ខ្ពើម និង​ការ​សងសឹក​។​

ភាព​ស្អប់ខ្ពើម និង​ការ​សងសឹក មិនដែល​
​ទទួលបាន​អ្វី​មកវិញ​ឡើយ​។​មិន​ស្មើនឹង​ការ​
​ដាក់ពិន្ទុ​ឡើយ​។​ភាព​ស្អប់ខ្ពើម គឺជា​ដង្ហើម​ដ៏​កង្វក់​
​មួយ​ដែល​បំផ្លាញ​អ្នក​ស្អប់​។​
​ភាព​ស្អប់ខ្ពើម​អ្នកដទៃ​មានន័យថា​ស្អប់ខ្ពើម​ខ្លួនឯង​។​
​ប្រសិនបើ​យើងទាំងអស់គ្នា​រស់នៅ​ជាមួយនឹង​ការ​
​សងសឹក ពិភពលោក​ទាំងមូល​នឹង​ក្លាយជា​ខ្មៅ​ងងឹត​។​
​ភាព​ស្អប់ខ្ពើម ត្រូវការ​ព្យាបាល​។​(​ចម្រៀង​)

បុរស​នោះបាន​ធូរស្បើយ ហើយ​រហូតមកដល់​ឥឡូវនេះ គាត់​យល់​ពីអ្វី​ដែល​ឪពុក​របស់គាត់​បាន​និយាយ​៖ “​គាត់​ត្រូវបាន​ជាប់គាំង​នៅក្នុង​ភាពឈឺចាប់ និង​អតីតកាល​របស់គាត់ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​កែប្រែ​ជីវិត​របស់ខ្ញុំ​”​។​

សេចក្តី​បញ្ចប់​
“​ប្តូរ​ពី​ទន្លេ​ឈាម ទៅជា​ទន្លេ​នៃ​ការផ្សះផ្សា​។ ទន្លេ​នៃ​ការទទួលខុសត្រូវ​។​
​ប្តូរ​ពី​ទន្លេ​ឈាម ទៅជា​ទន្លេ​នៃ​ការផ្សះផ្សា​។ ទន្លេ​នៃ​ការទទួលខុសត្រូវ​”​។ (​ចម្រៀង​)
​ស្ត្រី​ទាំងនោះ​ប្រាប់ថា ល្ខោន​ទម្លាយ​ភាព​ស្ងៀមស្ងាត់ គឺជា​រឿងរ៉ាវ​នៃ​សង្គ្រាម ប៉ុន្តែ​ល្ខោន​ទម្លាយ​ភាព​ស្ងៀមស្ងាត់ ក៏​ជា​រឿង​ស្នេហា​ផងដែរ​។​

​លោក ឆាំង យុ នាយ​កម​ជ្ឃ​មណ្ឌល​ឯកសារ​កម្ពុជា បាន​សរសេរ​នៅលើ​ទំព័រ​អារម្ភកថា​នៃ​សៀវភៅ​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ថា ៖ “​ភាព​ស្ងៀមស្ងាត់​រយៈពេល​វែង​មួយ​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ជំនាន់​ខ្មែរក្រហម​។ ទោះបីជា​ដូច្នេះ​ក្តី នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មោះមុត ដើម្បី​បញ្ចប់​ភាព​ស្ងៀមស្ងាត់​នេះ​បាន​ធ្វើឡើង​តាម​ទម្រង់​វប្បធម៌​ផ្លូវច្បាប់ កម្មវិធី​ចុះ​ផ្ទាល់​ទៅកាន់​មូលដ្ឋាន និង​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅតាម​វិទ្យាល័យ​ពូជសាសន៍​នៅតាម​វិទ្យាល័យ​ក្នុងប្រទេស​កម្ពុជា​។ ខណៈពេលដែល​វិធីសាស្ត្រ​នីមួយៗ​ពិតជា​មានតម្លៃ​ចំពោះ​ការព្យាបាល​របួស​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា ក៏​នៅមាន​តម្រូវការ​វិធីសាស្ត្រ​នានា​ខ្លះទៀត ដែល​ផ្តោតលើ​ធាតុ​ផ្សំ​ផ្នែក​អារម្មណ៍​និង​ចិត្តសាស្ត្រ​នៃ​ការផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​។ នេះ​គឺជា​អ្វីដែល​សិល្បៈ​អាច​ចូលរួមចំណែក​យ៉ាងសំខាន់​។ ខ្មែរក្រហម​បានសម្លាប់​សិល្បករ​ជាច្រើន​នាក់ ប៉ុន្តែ​ខ្មែរក្រហម​មិនបាន​លុបបំបាត់​ឈាមជ័រ​សិល្បៈ​របស់​ប្រជាជន​កម្ពុជា​បានឡើយ​។ សិល្បៈ គឺជា​ដួងព្រលឹង​របស់​យើង​។ ល្ខោននិយាយ​ដូចដែល​បានលើកឡើង​តាមរយៈ​ចំណងជើង “​ទ​ម្លា​ភាព​ស្ងៀមស្ងាត់​” គឺមាន​គោលបំណង​ទម្លាយ​ភាព​ស្ងៀមស្ងាត់​នៅក្នុង​ប្រទេស​កម្ពុជា​។ ល្ខោននិយាយ​នេះ ជាការ​សម្តែង​អំពី​ទុក្ខវេទនា កំហឹង និង​ឆន្ទៈ​ក្នុងការ​បន្តទៅ​មុខរប​ស់​ប្រជាជន​កម្ពុជា​ទោះបី​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​។ ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម គឺជា​បុគ្គល​ទាំងឡាយ​ដែល​បន្ត​រស់រានមានជីវិត​ទាំង​ការ​របួស​ផ្លូវចិត្ត​នៅក្នុង​សង្គម​ដ៏​ខ្ទេចខ្ទាំ​មួយ ពោល​គឺជា​មនុស្ស​ដែល​ពុំមាន​ព្រលឹង​ឬ​ស្មារតី​បន្តដំណើរ​ទៅមុខទៀត​។ ខ្ញុំ​បាន​រកឃើញ​ព្រលឹង​របស់​យើង​តាមរយៈ​ការសម្តែង​ល្ខោននិយាយ​រឿង “​ទ​ម្លា​ភាព​ស្ងៀមស្ងាត់​”​។ ល្ខោននិយាយ​នេះ នឹង​ជួយ​ស្តារ​កិត្តិសព្ទ​និង​ភាពជា​មនុស្ស លើកកម្ពស់​សីលធម៌ និង​ជួយ​ដល់​កូនចៅ​របស់​យើង ឲ្យ​យល់​អំពី​ប្រទេសជាតិ​របស់​យើង​កាន់តែ​ប្រសើរ​ជាង​មុន​។ ខ្ញុំ​សង្ឃឹមថា ការសម្តែង​នេះ ក៏ដូចជា​ការសម្តែង​នានា​ក្នុងពេល​អនាគត​ដែរ គឺ​នឹង​ដើ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្តារ​សង្គម​កម្ពុ​ជា​សាជាថ្មី​”៕