ការសម្រេចចិត្ត​ប្រកបដោយ​ផលប្រយោជន៍​

583
ចែករម្លែក

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​លើ​គោលការណ៍​សំខាន់ៗ ចំនួន ប្រាំពីរ​ចំណុច ក្នុង​កំណែទម្រង់​គ្រប់គ្រង​រដ្ឋបាល នៅ​ថ្នាក់ក្រុង​ស្រុក ស្របតាម​សំណើ របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​ក្នុងនោះ​គឺ​រាជរដ្ឋាភិបាល បានសម្រេច​លុបចោល​កា​រិ​យា​ល័យ ជំនាញ​ជាច្រើន​របស់​ក្រសួង​ស្ថាប័ន នៅ​ថ្នាក់ក្រុង​ស្រុក​។ ការសម្រេច​នេះ​ដើម្បី​កំណែទម្រង់ ក្នុង​គោលបំណង​ធានា​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការបំពេញ​តួនាទី និង​ការ​ទទួលខុស ត្រូវ​របស់​រដ្ឋបាល​ក្រុង​ស្រុក​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​នៅក្នុង សំណើ​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ថា ការសម្រេច​រៀបចំឡើង​វិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​នៅ​ថ្នាក់ក្រុង​ស្រុក​ស្របតាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព ដើម្បី​ធានា ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការបំពេញ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ក្រុង​ស្រុក ក្នុងនាម​ជា​រដ្ឋបាល​មូលដ្ឋាន សម្រាប់​ផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​
​ ​
ក្នុង​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ដែល​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ចារ​ផ្ទាល់ ដៃឯក​ភាព​នោះ ក៏បាន​សម្រេច​លើ​គោលការណ៍​ដឹកនាំ​លើ​ចំណុច​សំខាន់ៗ នៃ​ការកែសម្រួល រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​នៅ​ថ្នាក់ក្រុង​ស្រុក ចំនួន​ប្រាំពីរ ចំណុច រួមមាន​៖

ទី​១- លុបចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង​ស្ថាប័ន នៅ​ថ្នាក់ក្រុង ស្រុក ដោយ​ធ្វើ​សមា ហ​រណកម្ម​ការិយាល័យ​ជំនាញ​ទាំងនេះ ទៅក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង​ស្រុក​។

ទី​២-​ក្នុង​ការធ្វើសមាហរណកម្ម​ការិយាល័យ​ជំនាញ​នេះ រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល ក្រុង​ស្រុក ត្រូវ​បង្កើតជា​អង្គភាព​ឬ​ការិយាល័យ​ចង្កោម​វិស័យ សម្រាប់​វិស័យ​មួយចំនួន ដែល​ពាក់ព័ន្ធ​ចង្កោម​វិស័យសេដ្ឋកិច្ច​និង​ចង្កោម​វិស័យ​សង្គមកិច្ច ដើម្បី​ធានា​ដល់​ការកាត់បន្ថយ បន្ទុក​ចំណាយ និង​ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាប័ន លើកលែងតែ​វិស័យ​ជា​អាទិភាព​សំខាន់ៗ មួយចំនួន ដូចជា អប់រំ សុខាភិបាល និង​នគរូបនីយកម្ម ដែល​ចាំបាច់​ត្រូវ​បង្កើតជា​អង្គភាព​ដាច់​ដោយ ឡែកៗ​ពីគ្នា​។​

ទី​៣-​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​នេះ​ត្រូវមាន​ភាពខុសគ្នា​រវាង​រដ្ឋបាល​ក្រុង ដែលជា​តំបន់ ទីប្រជុំជន និង​រដ្ឋបាល​ស្រុក ដែលជា​តំបន់​ជនបទ​។ ដោយឡែក រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់ រដ្ឋបាល​ក្រុង​ស្រុក​នីមួយៗ ក៏​ចាំបាច់ ត្រូវ​រៀបចំ​ផ្អែកលើ​វិសាលភាព​និង​សក្តានុពល​ជាក់ស្តែង របស់​រដ្ឋបាល​នីមួយៗ​។​

ទី​៤-​ផ្ទេរ​មុខងារ​ទាំងស្រុង ដែល​កំពុង​អនុវត្ត​ដោយ​ការិយាល័យ​ជំនាញ​នានា​របស់​ក្រសួង​ស្ថាប័ន នៅ​ថ្នាក់ក្រុង​ស្រុក​នាពេល​បច្ចុប្បន្ន និង​មុខងារ​តាម​វិស័យ​ជាក់លាក់​សមស្រប​ផ្សេងទៀត ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ស្រុក​។​

ទី​៥-​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ដែល​កំពុង​ប្រើប្រាស់ សម្រាប់​ការិយាល័យ​ជំនាញ នៅ​ថ្នាក់ក្រុង ស្រុក និង​ធនធាន​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​ចាំបាច់​ផ្សេងទៀត​របស់​ក្រសួង​ស្ថាប័ន ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក​។​

ទី​៦-​ផ្ទេរ​បុគ្គលិក ដែល​កំពុង​បម្រើ​ការងារ​នៅតាម​ការិយាល័យ​ជំនាញ​នៅ​ថ្នាក់ក្រុង​ស្រុក និង​បុគ្គលិក​ចាំបាច់​ផ្សេងទៀត របស់​ក្រសួង ស្ថាប័ន ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ស្រុក​។​

ទី​៧-​អង្គភាព​មួយចំនួន ដែល​ត្រូវ​រៀបចំ​ថ្មី នៅ​ថ្នាក់ក្រុង​ស្រុក​ត្រូវ​ដំឡើង​ឋានៈ​ឲ្យ​បាន​សមស្រប ទៅនឹង​ទំហំ​ការងារ និង​ការទទួលខុសត្រូវ ក្នុង​ការផ្តល់សេវា​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​ទាក់ទាញ​មន្ត្រី ដែលមាន​សមត្ថភាព​និង​មាន​ជំនាញ​ខ្ពស់​សម ស្រប​ស្ម័គ្រចិត្ត ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ក្រុង​ស្រុក​។​

​សរុបមក ការ​បង្រួម​អង្គភាព​ស្ថាប័ន​មួយចំនួន នៅ​ថ្នាក់ក្រុង​ស្រុក​នេះ នឹង​ធានាបាន​នូវ​ប្រសិទ្ធ ភាព​ការងារ​កាន់តែ​ល្អប្រសើរ​ជាង​មុន ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយក៏​អាច​កាត់បន្ថយ​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ផងដែរ​។ ម្យ៉ាងទៀត នៅតាម​ក្រុង ស្រុក​ខណ្ឌ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ ក៏បាន​បង្កើត​ការិយាល័យ​ច្រកចេញ ចូល​តែមួយ នៅតាម​សាលាក្រុង ខណ្ឌ និង​សាលាស្រុក រហូតដល់​នៅតាម​សាលាខេត្ត និង​សាលា​រាជធានី​ថែមទៀត​។ ការបង្កើត​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅតាម​ខណ្ឌ ក្រុង​ស្រុក រាជធានី​ខេត្ត​ជាច្រើន​កន្លងមកនេះ បាន​ផ្តល់នូវ​ការងាយស្រួល​ដល់​ប្រជាពលរដ្ឋ ហើយ​បើសិនជា​ការិយាល័យ​មួយចំនួន ត្រូវបាន​បង្រួម​មក​នៅក្នុង​សាលាក្រុង​ស្រុក​ខណ្ឌ តាម​កំណែទម្រង់​ថ្មី​នេះ​ក៏​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មួយកម្រិត​ទៀត​។​

​ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​រង់​ចាំមើល​តទៅទៀត​គឺ​ប្រសិទ្ធភាព​ការងារ​ពិសេស​គឺ​”​ឥរិយាបថ​មន្ត្រី ដែល​បំពេញការងារ​ទាំងនេះ​៕ ដោយ​: ម៉េង​ឆៃ

#