ការសម្រេច​ដែល​កំណត់ដោយ​របៀបវារៈ​នយោបាយ​

586
ចែករម្លែក

​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប​បានសម្រេច​ចាប់ផ្តើម​ដំណើរការ​នីតិវិធី ផ្អាក​ការអនុគ្រោះ​ពន្ធ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា ក្រោម​គម្រោង ដែលមាន​ឈ្មោះថា អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (​អ៊ី​ប៊ី​អេ​,EBA)​។ ការសម្រេច​នេះ ត្រូវបាន​សហភាព​អឺរ៉ុប លើកឡើង​ពី​ហេតុផល​មួយចំនួន​។​
​ ​
​ប៉ុន្តែ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​នេះ មិនមែនជា​ការសម្រេច​ចិត្ត​ចុងក្រោយ ហើយក៏​មិន មែន​ជាទី​បញ្ចប់​នៃ​ដំណើរ​នីតិវិធី​ដែរ​។ តែ​សហភាព​អឺរ៉ុប លើកឡើងថា នាឡិកា កំពុងតែ​ដើរទៅ មុខជា​ផ្លូវការ​ហើយ ហើយ​សហភាព​អឺរ៉ុប​ត្រូវការ​ឃើញ​វិធានការ​ពិតប្រាកដ ដែល​រដ្ឋាភិបាល កម្ពុជា អនុវត្ត​នូវ​ការលើក​ក​ម្អ​ស់​លទ្ធិប្រជា ធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការពារ​សិទ្ធិ ការងារ ក្នុងពេល​ឆាប់ៗ​នេះ​។​
​ ​
យ៉ាងណាក៏ដោយ​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ខាងលើនេះ ត្រូវបាន​ការិយាល័យ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​បញ្ជា​ក់នូវ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ប្ដេជ្ញា​តាំងចិត្ត​កសាង​រដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​មួយ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំងអស់ ស្របតាម​គុណ​តម្លៃ និង​ប្រពៃណី​របស់ខ្លួន ប៉ុន្តែ​ក្នុង​ក្របខណ្ឌ​នៃ​នីតិរដ្ឋ ដែល​គ្មាន​នរណាម្នាក់​នៅ​ពីលើ​ច្បាប់​បានឡើយ​ទោះបីជា​សកម្មជន នយោបាយ ឬ​ជា​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិល​ក្ដី​។​

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហ ប្រតិបត្តិការ រវាង​សហគមន៍​អឺរ៉ុប និង​កម្ពុជា អស់​រយៈពេល ពីរ​ទសវត្ស​កន្លងមក ប្រកបដោយ​ផល​វិជ្ជមាន ក៏ប៉ុន្ដែ​សូម​សម្ដែង​នូវ​ការខកចិត្ត​និង​សោកស្ដាយ​បំផុត​ចំពោះ​ការចាប់ផ្ដើម​នៃ​ដំណើរ​ការព្យួរ ជា​បណ្ដោះអាសន្ន​នៃ​ការអនុគ្រោះ​ពន្ធ​ទៅកាន់​ទីផ្សារ​អឺរ៉ុប អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ (EBA)​។

​សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់ថា “​យើង​ជឿ ជាក់​ថា ការសម្រេចចិត្ត​នេះ គឺមាន​ទិដ្ឋភាព​នៃ​ហេតុផល​នយោបាយ​នៅ​ពីក្រោយ ដែល​ចាប់បង្ខំ ឱ្យ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សមរភូមិ នៃ​ភូមិសាស្ដ្រ​នយោបាយ​។ កម្ពុជា ការពារ​ខ្លួន​ជាដាច់ខាត ក្នុង​ជម្រើស​ជា​តួអង្គ បម្រើ​ភូមិសាស្ដ្រ​នយោបាយ​នេះ ទោះបីជា​ស្ថិតនៅក្នុង​សម្ពាធ ជាយថាហេតុ នៃ​រូបភាព​ណាមួយ​ក៏ដោយ​”​។

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បន្ថែមថា រាជរដ្ឋាភិបាល នៅតែ​ប្រកាន់ ខ្ជាប់​យ៉ាង​ម៉ឺង ម៉ាត់​នូវ​ការគោរព​ប្ដូរផ្ដាច់​នូវ​ឆន្ទៈ​មហាជន​ភាគច្រើន លើសលប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន បង្ហាញ​នូវ​ការទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ប្រទេសជាតិ​ដោយ​ខ្លួនឯង តាមរយៈ​ការ បោះឆ្នោត​ជា​សាកល​នៅ​ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ ( ៨៣,០២​ភាគរយ អ្នក​ចេញទៅ បោះឆ្នោត​)​។ នេះ​ជា​សក្ខីភាព​នៃ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ឆ្លើយតប​ចំពោះ​ភាព​ឯករាជ្យ និង​ម្ចាស់ការ​របស់​ប្រជាជាតិ​អធិបតេយ្យ​មួយ​។​

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​មាន​មោទនភាព នៃ​ការពិសោធ​ជា​ប្រវត្តិសាស្ដ្រ ដែលជា​មរតក​ប្រកបដោយ​តម្លៃ​ខ្ពស់​របស់​ប្រជាជាតិ​យើង បាន​ឆ្លងកាត់​ការលំបាក និង​ឧបសគ្គ ដ៏​ធំធេង ចាប់តាំងពី​ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ននេះ ក្រោម​ម​គ្គុ​ទេសភាព​ដ៏​ទន់ភ្លន់ និង​ម៉ឺងម៉ាត់ របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​កម្ពុជា​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាទី គាប់ចិត្ត ស្ដែង​ចេញពី​មូលដ្ឋានគ្រឹះ​នៃ​សាមគ្គីភាព ឯកភាព និង​សន្ដិភាព ក្នុងទិសដៅ​ឯករាជ្យ និង​ម្ចាស់ការ​។

​សេចក្តីថ្លែងការណ៍​ដដែល របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​គូសបញ្ជាក់ថា “​ដំណើរការ​នៃ​បរិបទ EBA គ្រាន់តែ​ស្ថិតនៅក្នុង​ភាព​អន្ដរកាល​នៃ​ការអភិវឌ្ឍ​ប៉ុណ្ណោះ​។ យើង​ជឿជាក់ថា ផលចំណេញ​ប្រកបដោយ​ភាព​វិជ្ជមាន និង​ចីរភាព​ខ្ពស់​ដែលជា​ទំព័រ ប្រវត្តិសាស្ដ្រ ខ្មែរ​ថ្មី​មួយទៀត របស់​ប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ទទួលបាន​ឱកាស ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​សេរីភាព​ពិតប្រាកដ​ពី​ការជ្រៀតជ្រែក និង​រំខាន​ពី​ក្រុម​អ​មិ​ត្ដ ជិត​ឆ្ងាយ​”​។​

​ជាការ​ពិតណាស់ សេចក្តីសម្រេច​របស់​ស​ហ​ភាព​អឺរ៉ុប​ខាងលើនេះ បានធ្វើ​ឡើង​ដោយ​ខ្វះ តម្លាភាព និង​ធ្វើ​សេចក្តីសម្រេចចិត្ត​លម្អៀង ព្រោះថា កម្ពុជា ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ សម្រេចបាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា គ៏​បាន​អនុវត្ត​នូវ​អនុសញ្ញា​អន្តរជាតិ​ជាច្រើន ជាពិសេស​ក្នុង​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី ជាដើម​។​

​ជាងនេះទៅទៀត ចាប់តាំងពី​កម្ពុជា​សម្រេច​សន្តិភាព​ពេញលេញ និង​ការផ្សះផ្សារ​ជាតិ​ឡើង វិញ​មក កម្ពុជា​បាន​អនុវត្ត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត ការស្តារ​ឡើងវិញ​នូវ​ការគោរព​សិទ្ធិ មនុស្ស និង​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន ដូចជា សិទ្ធិ​ទទួលបាន​ម្ហូបអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន និង​ការងារ ដែលជា​លក្ខខណ្ឌ​សំខាន់បំផុត​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​មួយ ដ៏​សមរម្យ​។​

​សហភាព​អឺរ៉ុប ក៏​មិន​ទទួលស្គាល់​នូវ​កិច្ចប្រឹងប្រែង​អភិវឌ្ឍន៍​ដ៏​មានតម្លៃ​អស់​រយៈពេល ២០​ឆ្នាំ កន្លងមក ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​ឲ្យ​ប្រជាជន​រាប់លាន​នាក់ បាន​រួច​ផុតពី ភាពក្រីក្រ ហើយក៏​នឹងធ្វើ​ឲ្យ​បាត់បង់​ទាំងស្រុង​នូវ​លទ្ធផល​ជា​វិជ្ជមាន​ដ៏​ច្រើន​នៃ​គោលនយោបាយ អឺរ៉ុប ដែល​កម្ពុជា​ទទួលបាន​ផលប្រយោជន៍ រហូតមកដល់​ពេលនេះ​។​

​សរុបមក រាជរដ្ឋាភិបាល​កម្ពុជា បាន​តាំងចិត្ត​កាន់តែ​មុតមាំ​ថែមទៀត ក្នុងការ​ការពារ និង​រក្សា សកម្មភាព​ត្រឹមត្រូវ និង​ស្របច្បាប់​របស់ខ្លួន ចំពោះ​អឺរ៉ុប ដែល​សម្រេច​ដំណើរការ​នីតិវិធី ក្នុងការ​ដាក់ទណ្ឌកម្ម មកលើ​កម្ពុជា តាមរយៈ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ ពីព្រោះថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប ក៏បាន​សម្រេច​អនុវត្ត​រួចហើយ នូវ​ការយក ពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប ក្នុង​រយៈពេល​បី​ឆ្នាំ ដោយ​មួយឆ្នាំៗ កម្ពុជា​នឹងត្រូវ​បង់ពន្ធ​ប្រមាណ ៥០​លាន​ដុល្លារ​។​

​ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ជើង​ព្រួល​ទុក​យូរ​ឆ្នាំ​មកហើយ ហើយក៏​បានប្រកាស​ចេញ នូវ​វិធានការ​បន្ធូរ​បន្ថយថ្លៃ​ដើម ក្នុង​ការផលិត និង​នាំចេញ​អង្ករ តាមរយៈ​ការលុបចោល​ពន្ធ បញ្ចុះ​ថ្លៃ​ភ្លើង និង​ថ្លៃ​ដឹកជញ្ជូន ជាដើម ដែល​សរុបទៅ​ប្រហែលជា ៥០ ទៅ ៦០​លាន​ដុល្លារ សម្រាប់​ការនាំចេញ​ស្រូវ​អង្ករ​។​

​មួយវិញទៀត កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​ធ្លា​ប់រង​នូវ​ទណ្ឌកម្ម និង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ចាប់តាំងពី​ផ្តួលរំលំ​របប​ខ្មែរក្រហម​។ តែ​កម្ពុជា បាន​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ពី​បាតដៃ​ទទេ រហូតដល់​មានការ​រៀបចំ​ការបោះឆ្នោត និង​ការអភិវឌ្ឍ មកដល់​សព្វថ្ងៃ​។

​ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​តាំងចិត្ត​កសាង​រដ្ឋ​អធិបតេយ្យ​មួយ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​មតិ​ភាគច្រើន ស្របតាម​គុណ​តម្លៃ និង​ប្រពៃណី​កម្ពុជា ក្នុង​ក្របខណ្ឌ​នៃ​នីតិរដ្ឋ ដែល​គ្មាន នរណាម្នាក់ ស្ថិតនៅលើ​ច្បាប់​បានឡើយ ទោះបីជា​សកម្មជន​នយោបាយ​ក្តី ឬ​ជា​សមាជិក នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្តី​។ ពោលគឺ​កម្ពុជា មិន​អោនក្បាល មិន​ចុះ​ញ៉ម មិន​លក់​អធិប តេ​យ្យ​ជាតិ ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​បរទេស​នោះឡើយ​។ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បន្ត​ប្រើប្រាស់ នូវ​បុព្វសិទ្ធិ​នៃ​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យភាព ក្នុងការ​ចាត់វិធានកា​រ​នានា​តាមផ្លូវ​ច្បាប់​កន្លងមក​។​

​ក្នុង​សំណេរ​មួយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​“​កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ​ហើយ​កម្ពុជា ក៏​មិន​ត្រូវយក​ឯករាជភាព​និង​អធិបតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ​។ ប៉ុន្តែ យើង​ចង់​ធ្វើជា​មិត្ត​ល្អ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​នានា​ដែល​ចង់ឃើញ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ពិតប្រាកដ​ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេសជាតិ​”៕ ដោយ​: ម៉េង​ឆៃ​

#