ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​

1971
ចែករម្លែក
គំនូរព្រាង​នៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ (​រូបថត​ឯកសារ​)

ដោយៈ​ច្រាយ ចំណាន / ភ្នំពេញ​៖ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ បានកំណត់​កាលបរិច្ឆេទ​សាងសង់​ជា​ផ្លូវការ​ហើយ ដោយ​ផ្លូវ​ល្បឿន​លឿន​ជា​លើកដំបូង​នេះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០២៣​។​

​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​១៦ មីនា​នេះ រវាង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន China Road&Bridge Corporation បានកំណត់​ពី​ពេលវេលា​សាងសង់ ផ្លូវ​ប្រវែង​ជាង​១៩០,១៦​គីឡូម៉ែត្រ​នេះ​ជា​ផ្លូវការ​ហើយ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​១.៧៨២​លាន​ដុល្លារ​អាមេរិក​។​

​លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍​ឲ្យ​ដឹងថា ផ្លូវ​នេះ​នឹង​សាងសង់​ជា​ពីរ​គន្លង​ទៅមក និង​មានការ​រៀបចំរ​បងអ​ម​សងខាង​ផ្លូវ ដែល​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​គោ ក្របី​អាច​ឆ្លងកាត់​ផ្លូវ​នេះ​បានឡើយ ហើយ​ចំណុច​ឆ្លងកាត់​ផ្លូវ​នេះ​ក៏​មិនមាន​ច្រើន​ផងដែរ​។ លោក​បន្តថា នៅពេល​ផ្លូវ​នេះ​បញ្ចប់​ការសាងសង់​ផ្លូវ​នេះ​នឹង​សម្រួលការ​ដឹកជញ្ជូន និង​កាត់បន្ថយ​ថ្លៃដើម ដឹកជញ្ជូន​ដោយសារ​វា​ជា​ផ្លូវ​ល្បឿន​លឿន និង​ចំណាយពេល​តិច​ក្នុងការ​ធ្វើដំណើរ​។​

​លោក​បន្តថា “​ផ្លូវ​នេះ​នឹង​សាងសង់​អម​ផ្លូវជាតិ​លេខ​៤​ទាំង​ឆ្វេង និង​ស្តាំ​ស្របតាម​សណ្ឋាន​នៃ​ការរៀបចំ​សម្រាប់​ផ្លូវ​ល្បឿន​លឿន​នេះ​”​។​លោក​បន្តថា “​រដ្ឋាភិបាល​ត្រូវ​វិនិយោគ​កាន់តែច្រើន លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ព្រោះ​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច ត្រូវតែមាន​ការវិនិយោគ​លើ​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​”​។​

​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​សិក្សាការ​អភិវឌ្ឍន៍​លោក​បណ្ឌិត ម៉ី កល្យាណ បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​ថ្លែងថា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ឈានទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ និង​រីកចម្រើន​ជា​បន្តទៀត ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ជា​រឿង​ចាំបាច់​មិនអាច​ខ្វះ​បាន​។ លោក​បន្តថា “​រដ្ឋាភិបាល​កំពុងធ្វើកា​រងារ​នេះ តែ​ខ្ញំ​ចង់​ជម្រុញ​ឲ្យ​រដ្ឋាភិបាល ព​ន្លឿ​ន​ការវិនិយោគ​លើផ្លូវ ព្រោះ​ផ្លូវ​មួយៗ​មិន​ចំណាយពេល​១​ខែ​ឬ​១​ឆ្នាំ​បញ្ចប់​បានទេ​”៕L