ការសាងសង់​ស្ថានីយ៍​បូម​ទឹកលូ​៥ គ្រោង​បញ្ចប់​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​

877
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ សំណង់​អគារ​ស្ថានីយ៍​បូមទឹក​លូ​៥​មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ស្ថាបនា ដោយ​មកដល់ពេលនេះ ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​លូ​៥​នេះ សម្រេចបាន ៥០​ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ការងារ​របស់ខ្លួន​នៅ​ដើមខែ​វិច្ឆិកា​២០១៨​ខាងមុខនេះ​។ ស្ថានីយ៍​បូមទឹក​លូ​៥​នេះ​គឺជា​ស្ថានីយ៍​បូមទឹក​ថ្មី​មួយ​ក្នុង​ចំ​ណោ​យ​ស្ថានីយ៍​ជាច្រើន​ទៀត​។
លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ មក​ពេលនេះ​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​លូ​៥ បានធ្វើ​គ្រឹះ​ហើយ ឡើង​ជញ្ជាំង​បេតុង​ហើយ ឡើង​សសរ​ហើយ នឹង​បាន​កំពុង​ឡើង​ប្លង់​សេ ចំណែក ម៉ូ​ទ័​រ​បូមទឹក​និង​ទុយោ​យើង​ក៏បាន​ទិញ​និង​ដឹក​មកដល់​ភ្នំពេញ​ហើយ​ដែរ ។​បើ​គិត​ជា​លទ្ធផល ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​លូ ៥ មកដល់ពេលនេះ​សម្រេចបាន ៥០​ភាគរយ ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​ការងារ​នៅ​ដើមខែ​វិច្ឆិកា​២០១៨​ខាងមុខនេះ​។​
លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា​៖​ស្ថានីយ​បូមទឹក​លូ​៥ សាងសង់​ឡើងជា​អគារ​ថ្មី មាន​បណ្តោយ​១៨,៩​ម៉ែត្រ ទទឹង ១០,៩​ម៉ែត្រ បំពាក់​បំពង់​បូមទឹក​៤​គ្រឿង ក្នុងនោះ បំពង់​មុខកាត់​៨​តឹក​២​គ្រឿង​និង​បំពង់​មុខកាត់​១​ម៉ែត្រ​ចំនួន​២​គ្រឿង ដែល​អាចមាន​សម​ត្ថិ​ភាព​បូម​ទឹកបាន​៥​ម៉ែត្រគុប ក្នុង​មួយ​វិនាទី​និង​ស្មើ​និង​២៨៨០០​ម៉ែត្រគុប ក្នុង​១​ម៉ោង​។ ស្ថានីយ៍​នេះ មាន​សមត្ថភាព​បូមទឹក ៥​ម៉ែត្រគូប​ក្នុង​១​វិនាទី សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ខាងត្បូង និង​ខាងកើត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពិសេស​រំដោះ​ការលិចលង់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទ្រា សាលាបឋមសិក្សា​ស ឡា​។​
គួរ​បញ្ជាក់ថា​៖ ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​លូ​៥ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាល​ថ្ងៃទី​១៦ មីនាឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិ​បា​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​មុំ​បី ចំណុចប្រសព្វ​៣​ខណ្ឌ គឺ​ខណ្ឌមានជ័យ ពោធិ​សែន​ជ័យ​និង​ខណ្ឌដង្កោ​។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ជាច្រើន​នៅក្នុង​ខណ្ឌ​ទាំង​៣​នេះ​តែម្តង​។​
​មន្ត្រី​ជំនាញ​រូបនេះ​បាន​បញ្ជាក់ដែរថា​៖​ស្ថានីយ៍​បូមទឹក​លូ​៥​នេះ​បាន​សាងសង់​នៅលើ​ទីតាំង​យុទ្ធសាស្ត្រ​មួយ ក្នុងការ​បូមទឹក​ចេញពី​តំបន់​ខាងកើត​ព្រលានយន្តហោះ តំបន់​ចោមចៅ តំបន់​ត្រពាំង​ថ្លឹង ភូមិ​គោក​បញ្ជាន់ តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា តំបន់​ថ្មគោល ផ្លូវ​២០០៤ និង​មួយផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា ខាងត្បូង​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ទំហំ​ផ្ទៃ​រងទឹក​ភ្លៀង​រហូតដល់​១០២៨​ហិកតា​៕