ការសិក្សា​ថ្មី​:​មួយ​ភាគបី​នៃ​ទន្លេ​ដែល​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​នៅ​សេសសល់​ជា​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​

1027
ចែករម្លែក
ទន្លេនៃប្រទេសកម្ពុជាដែលមានប្រភពពីទន្លេមេគង្គ(រូបថតអាជ្ញាធរជាតិទន្លេសាប)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​អង្គការមូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​-​កម្ពុជា​(​អង្គការ​WWF-​កម្ពុជា​) បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩​ខែឧសភា​ថា​ប្រមាណ​ជាមួយ​ភាគបី​(៣៧​ភាគរយ​)​នៃ​ទន្លេ​២៤២​ដែលមាន​ប្រវែង​វែង​ជាងគេ​បំផុត​របស់​ពិភពលោក​នៅ​សេសសល់​ជា​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​នៅឡើយ​ដែល​រូ​ម​មាន​ទាំង​ទន្លេ​មួយចំនួន​ក្នុង​មហា​តំបន់​ទន្លេមេគង្គ​។​នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​ដែល​បោះពុម្ពផ្សាយ​នៅថ្ងៃនេះ​(៩​ខែឧសភា​)​ក្នុង​សៀវភៅ​ស្រាវជ្រាវ ធម្មជាតិ​។ ទំនប់​និង​អាង ស្តុក​ទឹក​នានា​កំពុងតែ​កាត់បន្ថយ​យ៉ាង​សម្បើម​នូវ​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​ដែល​ទន្លេ​នានា​ផ្តល់ឱ្យ​មនុស្ស និង​ធម្មជាតិ​ជុំវិញ​ពិភពលោក​។​

ទន្លេនៃប្រទេសកម្ពុជា(រូបថតអាជ្ញាធរជាតិទន្លេសាប)


​ប្រភព​ដដែល​បន្តថា​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​ចំនួន ៣៤ នាក់ មកពី​សាកលវិទ្យាល័យ McGill, អង្គការ WWF និង​ស្ថាប័ន​ដទៃទៀត​បាន​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ការតភ្ជាប់​របស់​ទន្លេ​ដែលមាន​ប្រវែង​សរុប ១២ លាន​គីឡូម៉ែត្រ​នៅ​ទូទាំង​ពិភពលោក​អាច​ផ្តល់នូវ​ការវាយតម្លៃ​ជាស​កល​លើកដំបូង​បង្អស់​អំពី​ទីតាំង​និង​វិសាលភាព​នៃ​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​ដែល​នៅ​សេសសល់​ក្នុង​ភពផែនដី​។​


​ក្នុងចំណោម​ការរកឃើញ​ដទៃទៀត​ក្នុងការ​សិក្សា “​ការធ្វើ​ផែនទី​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​របស់​ពិភពលោក​” អ្នកស្រាវជ្រាវ​បានកំណត់​ឃើញថា មានតែ​ទន្លេ ២១ ប៉ុណ្ណោះ នៃ​ទន្លេ​សរុប​ចំនួន ៩១ ដែលមាន​ប្រវែង​វែង​ជាង ១.០០០​គីឡូម៉ែត្រ​ក្នុង​ពិភពលោក​ដែល​ហូរ​ចាក់​ទៅ​សមុទ្រ​នៅតែ​រក្សា​ការតភ្ជាប់​ដោយផ្ទាល់​ពី​ប្រភពទឹក​ហូរ​ទៅកាន់​សមុទ្រ​។ ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​ដែល​នៅ​សេសសល់​ក្នុង​ភពផែនដី​គឺ​មួយ​ភាគ​ធំ​ស្ថិតនៅក្នុង​តំបន់​ដាច់ស្រយាល នៃ​តំបន់​អាក់​ទិ​ក (Arctic) អាងទឹក​អា​ម៉ា​ហ្សូ​ន (Amazon Basin) និង​អាងទឹក​ខុង​ហ្គូ (Congo Basin)​។​


​ទន្លេ​ដែល​នៅ​សេសសល់​ទាំងនោះ​ក៏​រួមបញ្ចូល​ទាំង​ទន្លេ​អ៊ី​រ៉ា​វ៉ា​ឌី និង​ទន្លេ​សាល​វីន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែរ ដែលជា​ទន្លេ​ហូរ​តាម​ធម្មជាតិ​ចុងក្រោយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បូករួម​ទាំង​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​នៅ​ភាគខាងត្បូង​ប្រទេស​ឡាវ ថៃ កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ​។​ទន្លេមេគង្គ អ៊ី​រ៉ា​វ៉ា​ឌី និង​សាល​វីន​កំពុង​ត្រូវបាន​គំរាមកំហែង​ដោយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ទន្លេមេគង្គ​ក្រោម កំពុងស្ថិត​នៅក្រោម​ការ​គំរាមកំហែង​ជា​ចម្បង ពី​សំណើរ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សំបូរ និង​ទំនប់​វា​រី​អគ្គិសនី​ស្ទឹងត្រែង​ដែលមាន​ទំហំ​តូច​ជាង​ប៉ុន្តែ​បង្ក​ការព្រួយបារម្ភ​ដូចគ្នា​។​


ទន្លេនៃប្រទេសកម្ពុជា(រូបថតអាជ្ញាធរជាតិទន្លេសាប)


“​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​មាន​សារសំខាន់​ណាស់​ចំពោះ​អនាគត​នៃ​សេដ្ឋកិច្ច​សន្តិសុខ​ស្បៀង ជីវភាព​រស់នៅ និង​ជីវៈចម្រុះ របស់​មហា​តំបន់​ទន្លេមេគង្គ ប៉ុន្តែ​ទន្លេ​ទាំងនេះ​កំពុង​ស្ថិតនៅក្រោម​ការគំរាមកំហែង​ជា​បន្ត​បន្ទាប់ពី​ការអភិវឌ្ឍ​ដែល​គ្មាន​និរន្ត​ភាព ជាពិសេស​ទំនប់​វា​រី​អគ្គិសនី​” ។​នេះ បើតាម​ប្រសាសន៍​លោក ម៉ាក ហ្គ​យ​ឆត (Marc Goichot) ដែលជា​អ្នកនិពន្ធ​រួម​នៃ​ការសិក្សា​នេះ និង​ជា​អ្នកជំនាញ​ផ្នែក​ទឹក នៃ​អង្គការ WWF ប្រចាំ​នៅ​មហា​តំបន់​ទន្លេមេគង្គ​។ “​យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា​តើ​យើង​នឹងធ្វើ​ទំនប់​ទប់​ទន្លេ​ទាំងនោះ បូម​យក​ខ្សាច់ ហើយ​បំផ្លាញ​ពួកវា​ឱ្យ​ខ្ទេច​អស់ ឬក៏​ផ្តល់​តម្លៃ​ឱ្យ​ពួកវា ហើយ​វិនិយោគ​លើ​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ​និង​ខ្យល់ ខណៈដែល​នៅតែ​រក្សា​ទន្លេ​របស់​យើង​ឱ្យនៅតែ​ហូរ​តាម​ធម្មជាតិ​បាន​ដដែល​?”​។​
​អ្នកនិពន្ធ ហ្គា​ន់​ធ័​រ ហ្គ្រី​ល (Günther Grill) នៃ​នាយកដ្ឋាន​ភូមិសាស្ត្រ សាកលវិទ្យាល័យ McGill បាន​និយាយថា “​ទន្លេ​នៅលើ​ពិភពលោក​បង្កើតបានជា​បណ្តាញ​ស្មុគស្មាញ​ដែលមាន​តំណ​ភ្ជាប់​សំខាន់ៗ​ទៅនឹង​ដី ទឹក​ក្រោម​ដី និង​បរិយាកាស​។ ទន្លេ​ដែលមាន​លំហូរ​តាម​ធម្មជាតិ​មាន​សារសំខាន់​សម្រាប់​មនុស្ស និង​បរិស្ថាន ក៏ប៉ុន្តែ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក​កំពុង​ធ្វើឱ្យ​ពួកវា​កាន់តែ​កម្រ​ឡើង​។ តាមរយៈ​ការប្រើប្រាស់​រូបភាព​ផ្កាយរណប និង​ទិន្នន័យ​ផ្សេងទៀត ការសិក្សា​របស់​យើង​ពិនិត្យ​ទៅលើ​វិសាលភាព​នៃ​ទន្លេ​ទាំងនេះ​បាន​កាន់តែ​ច្បាស់លាស់​ជាង​មុន​បំផុត​”​។​


ទន្លេនៃប្រទេសកម្ពុជា(រូបថតអាជ្ញាធរជាតិទន្លេសាប)


​ទំនប់​និង​អាង​ស្តុក​ទឹក​គឺជា​អ្នក​រួមចំណែក​ចម្បង​គេ​ក្នុងការ​ធ្វើឱ្យ​បាត់បង់​ការតភ្ជាប់​ទន្លេ​នានា​ក្នុង​ពិភពលោក​។ ការសិក្សា​នេះ​ប៉ាន់ប្រមាណ​ថា​មាន​ទំនប់​វា​រី​អគ្គិសនី​ធំៗ ប្រមាណ​ជា ៦០.០០០ នៅ​ទូទាំង​ពិភពលោក ហើយ​ទំនប់​វា​រី​អគ្គីសនី​ជាង ៣.៧០០ កំពុង​ត្រៀម​ក្នុងការ​សាងសង់ ឬ​កំពុង​ស្ថិតក្រោម​ការសាងសង់​។ ជារឿយៗ​ពួកវា​ត្រូវបាន​គេ​គ្រោង​សាងសង់ និង​សាងសង់ឡើង​នៅ​កម្រិត​គម្រោង​នីមួយៗ ដែល​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​វាយតម្លៃ​ផលប៉ះពាល់​ពិតប្រាកដ​របស់​ពួកវា នៅ​ទូទាំង​តំបន់​អាងទឹក ឬ​តំបន់​ទាំងមូល​។​


“​ផែនទី​ដំបូងបង្អស់​នេះ​អនុញ្ញាតឱ្យ​យើង​ផ្តល់​អាទិភាព​និង​ការពារ​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​ដែល​នៅ​សេសសល់​ក្នុង​ពិភពលោក ពីព្រោះ​ទន្លេ​ទាំងនេះ​គឺជា​ខ្សែជីវិត​សម្រាប់​សត្វព្រៃ​និង​មនុស្ស​នៅ​ទូទាំង​ពិភពលោក​។ ទន្លេ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សម្បូរបែប ដែលជា​រឿយៗ​ត្រូវបាន​គេ​មើលរំលង​និង​ឱ្យ​តម្លៃ​ទាប​។ អ្នកធ្វើ​សេចក្តីសម្រេចចិត្ត ត្រូវតែ​ពិចារណា​អំពី​គុណ​តម្លៃ​ពេញលេញ​របស់​ទន្លេ នៅពេលដែល​ពួកគេ​គ្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​។​”​។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី មិ​ឆែ​ល ធៀ​ម (Michele Thieme) ដែលជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ទឹកសាប នៃ​អង្គការ WWF និង​ជា​អ្នកនិពន្ធ​រួម​នៃ​ការសិក្សា​នេះ​។​


​ទន្លេ​ដែលមាន​សុខ​ភាពល្អ​គាំទ្រ​ដល់​ផល​ត្រី​ទឹកសាប ដែល​បង្កើន​សុវត្ថិភាព​ស្បៀងអាហារ​សម្រាប់​មនុស្ស​រា​ប់​រយ​លាន​នាក់ ផ្តល់នូវ​ដីល្បាប់​ដែល​រក្សា​តំបន់​ដីសណ្តរ​ឱ្យ​ស្ថិតនៅលើ​កំណើន​កម្ពស់​ទឹកសមុទ្រ កាត់បន្ថយ​ផលប៉ះពាល់​នៃ​ទឹកជំនន់​និង​ភាពរាំងស្ងួត ជួយ​ទប់ស្កាត់​ការបាត់បង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​វាលស្រែ​ដោយសារ​សំណឹក​រេចរឹល ព្រមទាំង​ជួយ​គាំទ្រ​ដល់​ភាពសម្បូរ​បែប​នៃ​ជីវៈចម្រុះ​។ ការរំខាន​ដល់​ការតភ្ជាប់​ទន្លេ​ទាំងនេះ​ជាទូទៅ​បំផ្លាញ ឬ​បំបាត់ចោល​ទាំងស្រុង​នូវ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​ទាំងនេះ​។​


​ការការពារ​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​ដែល​នៅ​សេសសល់​ក៏មាន​សារសំខាន់​ផងដែរ​ក្នុងការ​ជួយសង្គ្រោះ​ជីវៈចម្រុះ​នៅក្នុង​ប្រព័ន្ធ​ទឹកសាប​។ របាយការណ៍ ជីវិត​នៅលើ​ភពផែនដី ឆ្នាំ​២០១៨ (The Living Planet Report 2018) របស់​អង្គការ WWF បាន​បង្ហាញថា​ចំនួន​ប្រភេទ​សត្វ​ទឹកសាប​ជាច្រើន​បានទទួល​រង​នូវ​ការថយចុះ​យ៉ាងខ្លាំងបំផុត​ក្នុងចំណោម​ប្រភេទ​សត្វ​ឆ្អឹង​កង​ទាំងអស់​នាពេល​ជាង​ពាក់កណ្តាល​សតវត្ស​រ៍ក​ន្ល​ង​មកនេះ ដែល​បាន​ធ្លាក់ចុះ​ជា​មធ្យម ៨៣ ភាគរយ ចាប់តាំងពី​ឆ្នាំ ១៩៧០ មក​។ នៅក្នុង​សប្តាហ៍​នេះ របាយការណ៍​វាយតម្លៃ​សកល IPBES ឆ្នាំ​២០១៩ ស្តីពី​ជីវៈចម្រុះ និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី បាន​គូសបញ្ជាក់​ពី​ការគំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​របស់​ពិភពលោក ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការការពារ និង​ស្ដារឡើងវិញ​នូវ​ទន្លេ​ដែល​ហូរ​តាម​ធម្មជាតិ​។​


​ការសិក្សា​នេះ​ក៏​កត់សំគាល់​ផងដែរ​ថា​ការផ្លាស់ប្តូរ​អាកាសធាតុ​នឹង​បន្ត​គំរាមកំហែង​ដល់​សុខភាព​ទន្លេ​នៅ​ទូទាំង​ពិភពលោក​។ ការកើនឡើង​សីតុណ្ហភាព​កំពុង​ជះឥទ្ធិពល​ដល់​លំនាំ​លំហូរ​ទឹក គុណភាព​ទឹក និង​ជីវៈចម្រុះ​។ ទន្ទឹមនឹង​នេះដែរ នៅពេលដែល​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ផ្លាស់ប្តូរ​ទៅកាន់​ទំនោរ​សេដ្ឋកិច្ច​ដែលមាន​កាបូន​តិច ការកសាង​ផែនការ​និង​ការអភិវឌ្ឍ​វា​រី​អគ្គិសនី​កំពុងតែ​បង្កើនល្បឿន ដែល​កត្តា​នេះ​ចាំបាច់​តម្រូវ​ឱ​មានការ​អភិវឌ្ឍ​ប្រព័ន្ធ​ថាមពល​ផ្តល់​ផលប៉ះពាល់​តិចតួច​បំផុត​ទៅលើ​បរិស្ថាន​និង​សង្គម​ទាំងមូល​។​


“​ខណៈដែល​ថាមពល​វា​រី​អគ្គិសនី​មាន​តួនាទី​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ បណ្តា​ប្រទេស​នានា​ក៏​គួរតែ​ពិចារណា​លើ​ជម្រើស​ថាមពល​កកើត​ឡើងវិញ​ផ្សេងទៀត​។ ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់​ដែលមាន​ផែនការ​រៀបចំ​បាន​ត្រឹមត្រូវ អាចមាន​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដល់​ទន្លេ​និង​សហគមន៍ ទីក្រុង និង​ជីវៈចម្រុះ​ដែល​ពឹង​ផ្អែកលើ​ពួកវា​។​” ។​នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី ធៀ​ម (Thieme)​។​


​ប្រភព​ដដែល​បញ្ជាក់ថា​ជាមួយនឹង​ការចូលរួម​ទាំងអស់គ្នា​ជា​ប្រ​វិត្ត​សាស្ត្រ​ក្នុងការ​សម្រេចចិត្ត​សំខាន់ៗ​អំពី​បរិស្ថាន បរិយាកាស និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០២០ ផ្តល់នូវ​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មេដឹកនាំ​ពិភពលោក​ក្នុងការ​ការពារ​និង​ស្ដារឡើងវិញ​នូវ​ទន្លេ​ហូរ​តាម​ធម្មជាតិ ដែលជា​ផ្នែក​មួយ​នៃ “​កិច្ចព្រមព្រៀង​ថ្មី​សម្រាប់​ធម្មជាតិ​និង​មនុស្ស​” – កិច្ចព្រមព្រៀង​មួយ​ដែល​ផ្តោតលើ​ការបញ្ឈប់​និង​កែប្រែ​ការបាត់បង់​ធម្មជាតិ ព្រមទាំង​ការពារ​ភពផែនដី​របស់​យើងទាំងអស់គ្នា​៕សរន