ការសិក្សា​អំពី​ស្ថានភាព​ទន្លេ​ទាំងបី​បានបញ្ចប់​ដំណាក់កាល​ទី​១​និង​ទី​២

727
ចែករម្លែក
មន្ត្រី​ជំនាញ​ក្រសួង​ធនធានទឹក​ត្រៀម​ដំណើរ​តាម​យន្តហោះ​តូច​ដើម្បី​ថតរូប​ភាព​ទន្លេ​(រូបថតក្រសួងធនធានទឹក)

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ការសិក្សា​ពី​ស្ថានភាព​ទន្លេ​ទាំងបី​ជាទូទៅ​ដោយ​អ្នកបច្ចេកទេស​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដំណាក់កាល​ទី​១​និង​ទី​២​បានបញ្ចប់​។​ក្រុមមន្ត្រី​ជំនាញ​កំពុងធ្វើការ​បូកសរុប​យក​លទ្ធផល ដើម្បី​ឈានទៅ​ធ្វើ​(​ដំណាក់កាល​ទី​៣)​ការសិក្សា​ផ្ទៀងផ្ទាត់​ជាក់ស្តែង​នៅតាម​មូលដ្ឋាន​នីមួយៗ បន្ទាប់​ពីនេះ​ឈានទៅ​ធ្វើការ​សិក្សា​អំពី​រូបរាង​ទន្លេ បាតទន្លេ ច្រាំងទន្លេ (​ដំណាក់កាល​ទី​៤)​និង សិក្សា​ពីរ​បប​ជល​សាស្ត្រ​ដែលជា​ដំណាក់កាល​ចុងក្រោយ​។​
​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៩​ថា​ការសិក្សា​អំពី​ស្ថានភាព​ទន្លេ​ទាំងបី​រួមមាន​ទន្លេមេគង្គ​លើ មេគង្គ​ក្រោម និង ទន្លេបាសាក់ បានបញ្ចប់​ពីរ​ដំណាក់កាល​ហើយ​លើ​ផ្នែក​ដែល​មើលឃើញ​តាមរយៈ​ការសិក្សា​ដោយ​ថតរូប​ភាព​ពីលើ​យន្តហោះ និង​រូបភាព​ផ្កាយរណប​ថ្មី​ចុងក្រោយ​បំផុត​ដែល​ទទួលបាន​ពី​កិច្ចសហការ​របស់​ភ្នាក់ងារ​អវកាស​អឺរ៉ុប​។​


​ ​ទិន្នន័យ​នៃ​ស្ថានភាព​ទន្លេ​ទាំងបី ដែល​ទទួលបាន​ពី​កា​សិក្សា​តាមរយៈ​យន្ត​ខ្នាតតូច​របស់​ក្រសួង​និង​ផ្កាយរណប​របស់​អវកាស​អ៊ឺរ៉ុប​នេះ លោក​ចាន់ យុ​ត្ថា និយាយថា​ក្រុមមន្ត្រី​ជំនាញ​កំពុងធ្វើការ​បូកសរុប​លទ្ធផល សម្រាប់​យកទៅ​ធ្វើការ​សិក្សា​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ស្ថានភាព​ទន្លេ​ជាក់ស្តែង​នៅ​មូលដ្ឋាន​នីមួយៗ ជា​ដំណាក់កាល​ទី​បី​។​


​ ​លោក​ចាន់ យុ​ត្ថា​បាន​ឲ្យ​ដឹង​ទៀតថា​ក្រោយពី​បញ្ចប់​ការសិក្សា​លើ​ដំណាក់កាល​ទី​បី គឺ​ឈានទៅ​ធ្វើការ​សិក្សា​លើ​រូបរាង​បាត និង ច្រាំងទន្លេ ដែលជា​ដំណាក់កាល​ទី​បួន និង សិក្សា​អំពី​របប​ជលសា​ស្ត្រ ជា​ដំណាក់កាល​(​ទី​៥)​ចុងក្រោយ​។​


​ ​ការសិក្សា​បែប​ខាងលើនេះ​លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា​ក្រសួង​ធនធានទឹក​បានធ្វើ​ជាប​ន្ត​បន្ទាប់​រៀងរាល់​បី​ទៅ​បួន​ឆ្នាំ​ម្តង ដើម្បី​តាមដាន​ការប្រែប្រួល​របប​ជលសា​ស្ត្រ មិនមែន​ទើបតែ​ធ្វើ​នៅពេលនេះ​ទេ ព្រោះនេះ​ជាការ​ងារ​ជំនាញ​របស់​ក្រសួង​ធនធានទឹក​។​
​ ​លទ្ធផល​ដែល​ទទួលបាន​ពី​ការសិក្សា​បែប​ខាងលើ ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​យក​ទន្លេ​ចិញ្ចឹម​ទន្លេ​ជាច្រើន​ឆ្នាំ​មកហើយ​តែ​មិនបាន​អនុវត្ត​ទើប​ធ្វើ​ឲ្យ​ច្រាំងទន្លេ​នៅ​កន្លែង​ខ្លះ​បាក់ស្រុត និង បាតទន្លេ​នៅ​កន្លែង​ខ្លះ​គោក​រាក់ ដោយសារតែ​ការប្រែប្រួល​របប​ជល​សាស្ត្រ​ហើយ​គ្មាន​វិធានការ​ទប់ទល់ បាន​ទាន់ពេលវេលា ។ ស្ថានភាព​ន្លេ​ត្រូវបាន​គេ​រំពឹងថា​នឹង​ត្រឡប់ មកជា​ល្អប្រសើរ​ឡើងវិញ​នៅពេល​គេ​អនុវត្ត​កម្មវិធី​យក​ទន្លេ​ចិញ្ចឹម​ទន្លេ​បាន​ត្រឹមត្រូវ​តាម​ចប​ច្ចេកទេស​៕សរន