ការសិក្សា​៖ ការឈឺចាប់​ក្នុងពេល​រួមភេទ​កើតជា​ញឹកញាប់​លើ​ស្ត្រី​គ្រប់​វ័យ​

580

តើ​ការគិត​អំពី​ការ​រួមភេទ នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើបស្រាល​ពេញ​រាងកាយ​ដែរ​ទេ ឬក៏​វា​ធ្វើ​ឲ្យ​អ្នក​ព្យាយាម​គេចចេញ​ដោយសារតែ​វា​ធ្វើ​ឲ្យ​ឈឺចាប់​? បើសិនជា​អញ្ចឹង​មែន វា​មិនមែន​កើតឡើង​តែ​ចំពោះ​អ្នក​ម្នាក់ឯង​នោះទេ​។ ការរួម​ភេទ​ដែល​ឈឺចាប់​ខ្លាំង​គឺជា​រឿង​ដែល​សាំ​ចិត្ត​បំផុត ហើយក៏​មានរឿង​ច្រើនជាង​នេះដែរ​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ថា មានការ​ឈឺចាប់​ដោយសារតែ​អាយុ​ច្រើន ប៉ុន្តែ​វា​មិនមែន​អញ្ចឹង​នោះទេ​។ ស្ត្រី​គ្រប់​វ័យ​ទាំងអស់​សុទ្ធតែ​អាចមាន​ការឈឺចាប់​នៅពេល​ពួកគេ​រួមភេទ​។ តាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​ក្នុងប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ក្នុងចំណោម ១០​នាក់​អាយុ​ពី ១៦ ទៅ​៧៤​ឆ្នាំ ធ្លាប់មាន​ការឈឺចាប់​ក្នុងពេល​ពួកគេ​រួមភេទ​។​

​តើ​មកពី​មូលហេតុ​អ្វី​ទៅ​ដែល​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​ក្នុងពេល​រួមភេទ​បែបនេះ​?
​មាន​ហេតុផល​ច្រើនណាស់​ដែល ស្ត្រី​ម្នាក់​អាចមាន​ការឈឺចាប់​ក្នុងពេល​រួមភេទ​តាម​ទ្វារមាស​។ ស្ត្រី​ខ្លះ​អាច​នឹងមាន​ការបង្ក​រោគ ឬ​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​។ ករណីខ្លះ ស្ត្រី​អាច​នឹងខ្វះ​ទំនុកចិត្ត​ក្នុងការ​ប្រាប់​ដៃគូរ​ខ្លួន​នូវ​អ្វីដែល​គេ​ចង់បាន និង​អ្វីដែល​មិន​ចង់បាន​។ ដូច្នេះ វា​ច្រើន​តែមាន​បញ្ហា​ក្នុង​ការប្រើ​សកម្មភាព​ផ្លូវភេទ ដែល​ពួកគេ​មិន​ពេញចិត្ត​។ នៅពេល​រឿងនេះ​កើតឡើង ពួកគេ​នឹងមិន​អាចមាន​ភាព​ស្រើបស្រាល​ពេញលេញ​ទេ ដែលជា​ហេតុ​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​ទៅវិញ​។ ស្ត្រី​ខ្លះទៀត​អាច​នឹងមាន​ភាព​តក់ស្លុត​នៅពេល​រួមភេទ ដែលជា​ហេតុ​នាំ​ឲ្យ​រាងកាយ​តានតឹង​កាន់តែខ្លាំង​ក្នុងពេល​រួមភេទ​។ រឿងនេះ​ក៏​អាចធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង និង​មិន​ចង់​ឲ្យ​វា​កើតឡើង​ទៀត​ដែរ​។​

តើ​គួរ​ធ្វើ​អ្វី​ទៅ​បើសិណ​ជាមាន​អារម្មណ៍​ឈឺចាប់​ក្នុងពេល​រួមភេទ​បែបនេះ​?
​រឿង​ដ៏​សំខាន់បំផុត​ដែល​អ្នក​គួរតែ​ចងចាំ​នោះ​គឺថា អ្នក​មិនគួរ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​សម្ពាធ​លើ​ការប្រព្រឹត្ត​សកម្មភាព​ផ្លូវភេទ​ឡើយ​បើសិនជា​អ្នក​មិន​ចង់បាន​។ ដៃគូរ​ទាំងពីរ​គួរតែ​រួមភេទ​ដោយ​មិនមាន​ការបង្ខិតបង្ខំ​អ្វី​ទាំងអស់​។ ប៉ុន្តែ​បើសិនជា​អ្នក​ព្រមព្រៀងគ្នា​ល្អ​ហើយ បូករួម​នឹងមាន​ផាសុកភាព​ត្រឹមត្រូវ និង​មាន​ទំនុកចិត្ត​លើ​គ្នា​ទៅវិញទៅមក​ទៀត ប៉ុន្តែ​វា​នៅតែមាន​ការឈឺចាប់​ខ្លាំង​ទៀត ចូរ​កុំ​ឲ្យ​ខាត​ពេល​ទៀត និង​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​។​

​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលមាន​បញ្ហា​ឈឺចាប់​ក្នុងពេល​រួមភេទ​គឺមាន​ភាគរយ​តិចតួច​បំផុត​ដែល​រកឃើញថា​មាន​បញ្ហា​។ រឿងនេះ​អាច​ដោយសារតែ​ភាព​អៀនខ្មាស់ ទើប​ធ្វើ​ឲ្យ​ឈឺចាប់ ហើយក៏​ដោយសារតែ​កង្វះ ការស្វែងយល់​អំពី​បញ្ហា​សុខភាព​ផងដែរ​។ ការឈឺចាប់​ក្នុងពេល​រួមភេទ​មិនមែន​មានន័យថា មាន​អ្វី​ខុស​ប្រក្រតី​ក្នុង​រាងកាយ​អ្នក​ឡើយ​។ អ្នក​មិនគួរ​គិតថា នេះ​ដោយសារតែ​សមត្ថភាព​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​មាន​កម្រិត​មួយ​ខុស​នោះទេ​។ អ្នក​គួរតែមាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​យល់ព្រម​ថា អ្នកមាន​បញ្ហា​នេះ ហើយក៏​ត្រូវតែ​យក​វា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី​ផងដែរ​។ ជាមួយគ្នានេះ ចូរ​ប្រាកដថា ដៃគូ​រួមភេទ​ដឹង​អំពី​ស្ថានភាព​របស់​អ្នកផង ទើប​អ្នក​ទាំងពីរ​អាចធ្វើ​ការ​ជាមួយគ្នា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា តាម​ការសិក្សា​បាន​បង្ហាញថា វា​មិនមាន​ទំនាក់ទំនង​គ្នា​រវាង​ការឈឺចាប់​ក្នុងពេល​រួមភេទ និង​សុភមង្គល​ចំពោះ​ទំនាក់ទំនង​ស្នេហា​ឡើយ​៕ ប្រែ​សម្រួល​៖ Mr. Shuriken / http://www.health.com.kh​